យល់គោលគំនិតនេះ ធានាថាអ្នកនឹងមិនធ្វើការឲ្យគេទៀតទេ
Connect with us

គួរដឹង

យល់គោលគំនិតនេះ ធានាថាអ្នកនឹងមិនធ្វើការឲ្យគេទៀតទេ

យើងតែធ្លាប់លឺគេនិយាយថា៖ “អនាគតទៅ ខ្ញុំចង់មានមុខរបរមួយផ្ទាល់ខ្លួន”, “ខ្ញុំមិនចង់ធ្វើការឲ្យគេទៀតទេ”, “បើសិនមានអាជីវកម្មមួយ ខ្ញុំនឹងមិនចាំបាច់រងសម្ពាធពីកន្លែងធ្វើការនោះទេ” ឬ “ខ្ញុំចង់ចាកចេញពីជីវិតជាអ្នកធ្វើការឲ្យគេ” ជាដើម។ ពាក្យទាំងនេះ ប្រសិនបើអ្នកសង្កេតមើល អ្នកពិតជាធ្លាប់លឺចេញពីមាត់មនុស្សជុំវិញខ្លួនរបស់អ្នក។

ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលអាចចេញផុតពីការធ្វើការឲ្យអ្នកដទៃ មកធ្វើជាម្ចាស់នៃអាជីវកម្មផ្ទាល់ខ្លួនបាននោះទេ។ មូលហេតុដែលមនុស្សភាគច្រើនមិនអាចគេចរួចពីជីវិតជាអ្នកធ្វើការឲ្យគេ គឺដោយសារតែពួកគេភ័យខ្លាចការបរាជ័យនៃអាជីវកម្មរបស់ពួកគេ ហើយគេនឹងបាត់បង់ទាំងប្រាក់ដើម ការងារ ពេលវេលា និងកម្លាំងកាយចិត្តជាដើម។ អ្វីទាំងអស់នោះ សុទ្ធតែធ្លាប់កើតឡើងរួចមកហើយ។

ជាទូទៅ ក្រោយពីបញ្ចប់ការសិក្សា មនុស្ស ត្រូវតែសម្រេចចិត្តធ្វើការដើម្បីយកបទពិសោធន៍។ ការយកបទពីសោធន៍នេះ គឺដើម្បីឈានទៅយកប្រាក់ខែខ្ពស់នៅក្នុងថ្ងៃអនាគត។ ប៉ុន្តែអ្វីដែលពួកគេមិនបានគិតពិចារណានោះគឺ ពួកគេនឹងនៅជាប់នៅក្នុងអន្ទាក់នៃការងារអស់មួយជីវិតប្រសិនបើគេមិនគិតរកផ្លូវចេញ។ សម្រាប់អ្នកនិពន្ធដ៏ល្បីមួយរូប ដែលមានឈ្មោះ រ៉ូបឺត គីយ៉ូសាគី បានលើកឡើងនៅក្នុងសៀវភៅរបស់គាត់ថា អ្នកមិនគួរធ្វើការដើម្បីប្រាក់ទេ ប៉ុន្តែអ្នកត្រូវរៀនប្រើប្រាស់ឲ្យធ្វើការឲ្យអ្នក។

ចំពោះយុវជន និងមនុស្សជាច្រើន គេច្រើនតែធ្វើការដោយរំពឹងចង់បានប្រាក់ខែ រួចពួកគេត្អូញត្អែរថាគ្មានពេលសម្រាប់ខ្លួនឯងជាដើម។ ដូច្នេះ ដើម្បីរំដោះខ្លួនឲ្យផុតពីការធ្វើការឲ្យគេ អ្នកត្រូវបង្កើតអាជីវកម្មដោយខ្លួនឯង ដើម្បីបង្កើតចំណូលអកម្មសម្រាប់ខ្លួនឯង។ អ្នកត្រូវរៀនរកឳកាសសម្រាប់អាជីវកម្មរបស់ខ្លួនឯង បើទោះបីជាអ្នកកំពុងតែធ្វើការក៏ដោយ។ ប៉ុន្តែការប្រកបអាជីវកម្ម ពិតជាមានហានិភ័យប្រសិនបើអ្នកដោះខ្លួនទាំងស្រុងចេញពីការងារ ដែលតម្រូវឲ្យមានការកសាងគ្រឹះយ៉ាងរឺងមាំមុននឹងអ្នកអាចដោះខ្លួនទាំងស្រុងចេញពីការងារ។

វិធីខាងក្រោមនេះ គឺជាគំនិតគួរពិចារណា៖

១. ប្រកបមុខរបរក្រៅម៉ោងធ្វើការ

លោករ៉ូបឺត គីយ៉ូសាគី បានលើកឡើងថា “ប្រាក់១លានដុល្លារដំបូងគឺជាប្រាក់ដែលពិបាករកបំផុត”។ ជាការពិតណាស់ អ្វីៗទាំងអស់ដែលកំពុងតែចាប់ផ្តើម គឺជាដំណាក់កាលលំបាកបំផុត។ ការប្រកបមុខរបរផ្ទាល់ខ្លួនក៏ដូចគ្នាដែរ។ ដូច្នេះ​ វាមានគ្រោះថ្នាក់ខ្លាំង ប្រសិនបើអ្នកមិនទាន់មានជំនឿ ឬភាពនឹងនរផ្នែកហិរញ្ញវត្ថុ ព្រមទាំងបទពិសោធន៍ប្រកបអាជីវកម្មទេនោះ ហើយអ្នកសម្រេចចិត្តចាកចេញពីកន្លែងធ្វើការ។ អ្នកគួរតែស្ថិតនៅធ្វើការដដែល ហើយប្រកបមុខរបររបស់អ្នកបន្ទាប់ពីម៉ោងធ្វើការវិញ រៀបចំផែនការ និងអ្វីៗដែលត្រូវការដើម្បីដំណើរអាជីវកម្មមួយនោះ។ ការធ្វើបែបនេះ អាជីវកម្មអាចនឹងមានភាពនឹងនរ និងអាចដើរទៅមុខយ៉ាងសន្សឹមៗបាន។

២. កសាងក្រុម

ពាក្យចាស់ខ្មែរយើងតែងនិយាយថា៖ “ចង់ដើរបានលឿន ដើរម្នាក់ឯង។ ចង់ដើរបានឆ្ងាយ ដើរជាក្រុម។” ពាក្យមួយឃ្លានេះ មានន័យអប់រំយ៉ាងច្បាស់ថា ការធ្វើអ្វីមួយ ក៏ត្រូវការក្រុមដែរ។ លើសពីនេះទៅទៀត ការស្វែងរកមនុស្សដាក់ក្នុងក្រុមនេះ ក៏ជារឿងមួយផ្សេងទៀត ដែលយើងត្រូវពិចារណាផងដែរ។ អ្នកគួរតែជ្រើសរើសមនុស្ស ដែលមានចំណេះ ជំនាញខុសគ្នា ហើយអាចធ្វើការជាមួយគ្នាយ៉ាងចុះសម្រុងបាន។ មនុស្សបែបនេះ ទើបអាចបំពេញចន្លោះខ្វះខាតឲ្យគ្នាបាន។ មិនតែប៉ុណ្ណោះ ការស្វែងរកមនុស្ស ដែលមានធនធាន (ប្រាក់) ដើម្បីដំណើរការអាជីវកម្មយើង ក៏ជារឿងមួយល្អផងដែរ ប៉ុន្តែវាមិនមែនមានន័យថា មានប្រាក់តែមួយមុខគ្រប់គ្រាន់នោះទេ។

ការមានក្រុមបែបនេះ អាចជួយសម្រាលការងាររបស់អ្នកច្រើន ដោយសារតែអ្នកនៅជាប់ធ្វើការផង និងអាជីវកម្មរបស់អ្នកផង។ អ្នកអាចព្យាយាមធ្វើការជាមួយក្រុម ដើម្បីដំណើរការអាជីវកម្មឲ្យបានល្អសិន មុននឹងអ្នកសម្រេចចិត្តចាកចេញពីកន្លែងធ្វើការ។

៣. កុំព្យាយាមនិយាយអាក្រក់ពីកន្លែង ដែលយើងធ្លាប់ធ្វើការ

ជាទូទៅ មនុស្សភាគច្រើន មិនសូវនិយាយល្អពីកន្លែងការងារចាស់ដែលពួកគេធ្លាប់ធ្វើការនោះទេ ប្រហែលមកពីពួកគេពិតជាមិនសូវចូលចិត្តកន្លែងការងារចាស់មែន។ ប៉ុន្តែការធ្វើបែបនេះ ហាក់ដូចជាពួកគេដុតចោលផ្លូវក្រោយរបស់ខ្លួនអញ្ចឹង ដោយសារតែពួកគេប្រហែលជាអាចត្រូវការការងារនេះវិញនៅថ្ងៃណាមួយ ឬអ្នកអាចនឹងក្លាយជាដៃគូសហការជាមួយនឹងក្រុមហ៊ុនចាស់របស់អ្នកជាដើម។ ដូច្នេះ ទោះបីជាអ្នកចាកចេញពីកន្លែងចាស់ក៏ដោយ អ្នកមិនគួរនិយាយអាក្រក់ពីកន្លែងនោះជាដាច់ខាត៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK