គួរដឹង! តើ​អ្វី​ទៅជា​អាករ​លើ​តម្លៃបន្ថែម (Value-Added Tax ឬ VAT)?​
Connect with us

គួរដឹង

គួរដឹង! តើ​អ្វី​ទៅជា​អាករ​លើ​តម្លៃបន្ថែម (Value-Added Tax ឬ VAT)?​

អាករ​លើ​តម្លៃបន្ថែម (Value-Added Tax VAT) គឺជា​អាករ​ដែល​កំណត់​ទៅលើ​ការចំណាយ​ទិញ​របស់ អ្នកប្រើប្រាស់ ហើយ​អាករ​នេះ​ត្រូវ​ប្រមូល​ពី​ការប្រកប​អាជីវកម្ម និង ការនាំ​ចូល​។ ការប្រកប​អាជីវកម្ម​ភាគច្រើន ទាក់ទិន​ទៅនឹង​ការផ្គត់ផ្គង់​ទំនិញ ឬ សេវា​។ ការប្រកប​អាជីវកម្ម​ទាំងនោះ ត្រូវ​ជាប់​អាករ​លើ​តម្លៃបន្ថែម​ប្រសិនបើ ការផ្គត់ផ្គង់​៖

-ធ្វើឡើង​នៅ​ក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

-ធ្វើឡើង​ដោយ​បុគ្គល​ជាប់​អាករ (taxable person)​

-​ធ្វើឡើង​ក្នុងដំណាក់កាល​ប្រកប​អាជីវកម្ម ឬ ដំណាក់កាល​ពង្រីក​អាជីវកម្ម​

-​គ្មាន​ការបញ្ជាក់​ច្បាស់លាស់​ថា មិន​ជាប់​អាករ ឬ ជាប់​អាករ​តាម​អត្រា ០%​

បន្ថែម​លើ​ទៅទៀត សកម្មភាព​ពាណិជ្ជកម្ម​ខាងក្រោម​នេះ ក៏ត្រូវ​ជាប់​អាករ​លើ​តម្លៃបន្ថែម​ផង ដូចជាៈ​

-ការផ្គត់ផ្គង់​ម្ហូបអាហារ ឬ​ទំនិញ​ផ្សេងទៀត ឱ្យដល់​បុគ្គលិក​របស់លោក​អ្នក ទោះបីជា​ក្នុង​រូប ភាព​លក់​ដោយ បញ្ចុះ​ថ្លៃ ឬ​ឥតគិតថ្លៃ​ក្តី ឬ​ការលក់​ចេញពី​ម៉ាស៊ីន​លក់​ស្វ័យប្រវត្តិ​

-ការលក់​ទ្រព្យសកម្ម​ដែល​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ដូចជា គ្រឿង​សម្ភារៈ​បរិក្ខារ គ្រឿង​សង្ហា​រឹម យានយន្ត សម្រាប់ធ្វើ​អាជីវកម្ម ។​ល​។

-ការឱ្យ​ជួល ឬ ឱ្យ​ខ្ចី​ទំនិញ​ទៅ​បុគ្គល​ម្នាក់ទៀត​

-ការជូន​អំណោយ​ទៅ​មិត្តភក្តិ៍ ឬ អ្នកតំណាង​អាជីវកម្ម​

-ការ​ដកយក​ទំនិញ​ទៅប្រើ​ប្រាស់​សម្រាប់​ជា​ផលប្រយោជន៍​ផ្ទាល់​របស់លោក​អ្នក និង​គ្រួសារ​។​

-កម្រៃ​ដែល​បានមកពី​ការលក់​អ្វីមួយ​ក្នុងនាម​បុគ្គល​ផ្សេងទៀត​។​ ​

-ការផ្គត់ផ្គង់ ដែល​បាន​ធ្វើឡើង​ដោយ​បុគ្គល​ជាប់​អាករ (taxable person) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មិនមែនជា​ការផ្គត់ផ្គង់​មិន​ជាប់​អាករ​ហៅថា ការផ្គត់ផ្គង់​ជាប់​អាករ (taxable supplies)​។​ ​បុគ្គល​ជាប់​អាករ ((Taxable Person) គឺជា​រូបវ័ន្ត​បុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុន​មហាជន ឬ បុគ្គល​ណាមួយ ដែលមាន​ផលរបរ​បានមកពី​ការផ្គត់ផ្គង់​ជាប់​អាករ​លើសពី​កម្រិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី ត្រូវ​ទៅ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​។​ ​

ការផ្គត់ផ្គង់​ត្រូវ​នៅក្រៅ​ដែន​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ប្រសិនបើ​ការផ្គត់ផ្គង់​នោះ​៖

-ធ្វើឡើង​ដោយ​បុគ្គល​ដែល​មិនមែនជា​បុគ្គល​ជាប់​អាករ ឬ​ ​មិន​ធ្វើឡើង​ក្នុងដំណាក់កាល​ប្រកប​អាជីវកម្ម ឬ​ដំណាក់កាល​ពង្រីក​អាជីវកម្ម​ ​អត្រា​នៃ​អាករ​លើ​តម្លៃបន្ថែម​មាន​ពីរ​គឺ អត្រា​ស្តង់ដា​(១០%) និង អត្រា​សូន្យ​(០%)​។ ចំពោះ​ការនាំ​ទំនិញ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ការផ្គត់ផ្គង់​សេវា​ជាប់​អាករ​ដែល​បានធ្វើ​នៅក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា និង ការ ដឹកជញ្ជូន​ទំនិញ ឬ អ្នកដំណើរ​ជា​អន្តរជាតិ ព្រមទាំង​ទំនិញ និង សេវា​ដែល​ទាក់ទិន​នឹង​ការនាំចេញ និង ការដឹក ជញ្ជូន​អ្នកដំណើរ​ជា​អន្តរជាតិ​ត្រូវ​ជាប់​អាករ​តាម​អត្រា​សូន្យ (០%)​៕ ​

ប្រភព​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ

ដោយ​៖ ប៉ុ​ម ទូច​ ​

ដកស្រង់ដោយ៖ www.bizkhmer.com

Trending

Copyright © 2019 ANARCHAK