មានអ្នកស្គាល់តិចណាស់! ប្រវត្តិលោកបណ្ឌិត កេង វ៉ាន់សាក់គឺជាស្ថាបនិកម៉ាស៊ីនអង្គុលីលេខមុនគេបង្អស់ 
Connect with us

គួរដឹង

មានអ្នកស្គាល់តិចណាស់! ប្រវត្តិលោកបណ្ឌិត កេង វ៉ាន់សាក់គឺជាស្ថាបនិកម៉ាស៊ីនអង្គុលីលេខមុនគេបង្អស់ 

លោកបណ្ឌិត កេង វ៉ាន់សាក់ ជាសាស្តាចារ្យអក្សរសាស្ត្រខ្មែរ និងជាស្ថាបនិកម៉ាស៊ីនអង្គុលីលេខមុនគេបង្អស់។ លោកបណ្ឌិត កេង វ៉ាន់សាក់ បានកើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ និងស្លាប់នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៨ ដោយសារជំងឺទឹកចូលសួត។ លោកបណ្ឌិត កើតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានឪពុកឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមា្តយឈ្មោះ ហម អ្នក ជាអ្នកខេត្តពោធិ៍សាត់ ជាប់សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ។

គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយ និងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់ដល់ក្រុមគ្រួសារ និងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ ៣០ ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំ និងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។

នៅអាយុ ៣៧ ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈមហាវិទ្យាល័យព្រះសីហនុរាជ។លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជា បុគ្គលិកសិក្សាលេខរៀងទី ១ ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។

ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។

ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យ និងភាពដែលអាចធ្វើទៅបានតាមការគួរ។

ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។ស្នាដៃរបស់លោក ដូចជារឿង សាច់មិនបានស៊ីយកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាមកិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ខ្មែររស់ និងការនិពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ ហ្គ្វលកេ អាស់ស្ពេក ឌឺឡា លីតឈើរែតឈើខ្មែរ រឿង រៀមកេរ ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ វប្បធម៌ខ្មែរដ៏ល្អ និងកំរកបាន និងកំណាព្យជាភាសាបារាំង ឈ្មោះ ត្រេនឌីដេ ដាន់ផាប់ផូល គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខ និងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។កាលនៅមានជីវិតលោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ធ្លាប់មានប្រសាសន៍ថា ៖

«កាលហ្នឹង ខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដយើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។

ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅមិនទាន់ទេ…»។ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។

តាមប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំង បណ្ដាលដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុម រាជវង្សក្នុងព្រះរាជវាំងបណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ ៤០ ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។ អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ ចោល។

សូមបញ្ជាក់ថា ពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ ឬបដិសេធនូវប្រវត្តិដែល បានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ម្នាក់ នោះធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំងដើម្បីរស់នៅនិង ថែទាំលោកជារៀងរហូតមក។ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់ តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពីការជាប់ចិត្តដឹងគុណ គ្មានថ្ងៃភ្លេចបាន និងពុំមានអ្វីប្រៀបអំពីគុណូបការៈដ៏ធំធេងរបស់ មាតាលោក។

សូម្បីលោកមានជន្មាយុក្នុងវ័យ ៨០ ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោកតែងនឹកឃើញនឹងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួល រហូតពេញមួយថ្ងៃក៏មាន ព្រោះនឹកឃើញសម្ដីដ៏ពីរោះប្រកបដោយក្ដីមេត្តា ភាពថ្នាក់ថ្នមលួងលោមឥតឃ្នើសរបស់មាតាលោកជានិច្ច និងជាដរាប។លោកបណ្ឌិតសាស្រ្តាចារ្យ កេង វ៉ាន់សាក់ បានទទួលមរណភាពនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៨ ដោយសារជំងឺទឹកចូលសួត ។

សពកវីនិពន្ធអក្សរសាស្រ្ដខ្មែរដ៏ល្បីល្បាញត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីប៉ាឆាមួយកន្លែងនៅ ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអង្គារ ដើម្បីបូជាយកអដ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជាដោយ មានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បការណាភិធម្មបង្សុកូលឧទ្ទិសកុសលបច្ឆាមរណៈផង៕

ប្រភព៖ khmer-edu

ដកស្រង់ដោយ៖ www.iknowblog.info

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK