ផ្ទុះករណីឆ្លង «វីរុសចម្លែកថ្មី» ក្នុងទីក្រុងមួយរបស់ចិន ខណៈអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញចម្លើយ
Connect with us

ថ្មីៗ

ផ្ទុះករណីឆ្លង «វីរុសចម្លែកថ្មី» ក្នុងទីក្រុងមួយរបស់ចិន ខណៈអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញចម្លើយ

(ទីក្រុងប៉េកាំង)៖ មេរោគដ៏អាថ៌កំបាំងមួយ ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់ស្គាល់ពីមុនមក បាននិងកំពុងបង្កជំងឺរលាកសួតធ្ងន់ធ្ងរនៅក្នុងទីក្រុង វូហាន (Wuhan) ប្រទេសចិន ដោយគិតមកទល់នឹងពេលនេះមានមនុស្សច្រើនជាង ៥០នាក់បានឆ្លងមេរោគនេះ ហើយក្នុងនោះមាន ០៧នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកជំងឺដែលគេរកឃើញថា ឆ្លងមេរោគនេះមានអាការៈផ្ដាសាយ កណ្ដាស ក្ដៅខ្លួន ក្អក និងអស់កម្លាំង ដែលធ្វើឱ្យអ្នកជំងឺមិនសូវចាប់អារម្មណ៍ នឹងរោគសញ្ញាធម្មតាទាំងនេះ។ ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត នៅពេលដែលមេរោគបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស តាមរយៈជំងឺរលាកសួតធ្ងន់ធ្ងរ។

* តើមេរោគនេះគឺជាអ្វីឲ្យប្រាកដ?

សំណាកនៃមេរោគថ្មីត្រួវបានយកចេញពីអ្នកជំងឺ និងកំពុងត្រូវបានគេវិភាគនៅក្នុងមន្ទីរពិសោធន៍។ ចំណែកឯក្រុមមន្ត្រីសុខាភិបាល នៅក្នុងប្រទេសចិន និងអង្គការសុខភាពពិភពលោក (WHO) បានសន្មត់ថា មេរោគថ្មីនេះគឺជាអម្បូរមេរោគ ខូរ៉ូណាវីរុស (Corona Viruses) ដែលជាអម្បូរគ្រួសារនៃមេរោគ ដោយបច្ចុប្បន្នមានអំម្បូរចំនួន ០៦តែប៉ុណ្ណោះ ត្រូវបានគេទទួលស្គាល់ថា ចម្លងទៅមនុស្សហើយមេរោគថ្មីនេះអាចនឹងធ្វើឱ្យ Coronaviruses កើនដល់ 0៧។ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬគេស្គាល់ថា Sars ដែលបង្ក ឡើងដោយ Coronavirus ម្យ៉ាងបានសម្លាប់មនុស្ស ៧៧៤នាក់ ក្នុងចំណោមមនុស្ស ៨,០៩៨នាក់ ដែលបានឆ្លងមេរោគនេះដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិនកាលពីឆ្នាំ២០០២។

* តើវីរុសនេះពិតជាធ្ងន់ធ្ងរណាស់មែនទេ?

Coronaviruses អាចបង្កឱ្យរោគសញ្ញានៃអាការៈចាប់ពីផ្ដាសាយធម្មតា រហូតដល់បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ តែវីរុសថ្មីនេះ ត្រូវបានគេមើលឃើញថា ស្ថិតក្នុងអាត្រា ៥០-៥០។ លោក ម៉ាក វូលហោស (Mark Woolhouse) ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ អេឌីនប៊ឺក (University of Edinburgh) បានបញ្ជាក់ដូច្នេះថា «នៅពេលដែលយើងឃើញ Coronavirus ថ្មីនេះយើងចង់ដឹងថា តើវាមានធ្ងន់ធ្ងរដល់កម្រិតណា? មេរោគថ្មីនេះមានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយ ហើយគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែវាមិនធ្ងន់ធ្ងរដូចជំងឺ Sars នោះទេ។

* តើមេរោគនេះមានប្រភពដើមមកពីណា?

មេរោគថ្មីនេះអាចឆ្លងពីសត្វម្យ៉ាងទៅកាន់មនុស្ស។ «បើសិនជាយើងគិតពីការផ្ទុះរាលដាលកាលពីអតីតកាល មេរោគថ្មីនេះអាចមានប្រភពមកពីសត្វ ដែលមានផ្ទុកមេរោគ» ។ នេះបើតាមលោកសាស្ត្រាចារ្យ ចូណាថាន់ បល (Jonathan Ball) ជាអ្នកឯកទេសរោគសាស្រ្តមកពីសាកលវិទ្យាល័យ ណូតធីងហាម (Nottingham)។ ជាឧទាហរណ៍ជំងឺ Sars គឺឆ្លងពីសត្វសំពោច (civet cat) ទៅមនុស្ស ហើយជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬ MERS ដែលបានសម្លាប់មនុស្ស ៨៥៨នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគនេះ ២,៤៩៤នាក់ ចាប់តាំងពីវាផ្ទុះឡើងដំបូងនៅឆ្នាំ២០១២ គឺឆ្លងពីសត្វអូដ្ឋ (Dromedary) ទៅមនុស្ស។

* តើមេរោគថ្មីនេះឆ្លងពីសត្វអ្វី?

ការផ្ទុះឡើងនូវមេរោគថ្មីត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងផ្សារលក់បោះដុំគ្រឿងសមុទ្រភាគខាងត្បូងប្រទេសចិន (South China Seafood Wholesale Market) ស្ថិតនៅក្នុងទីក្រុងវូហាន (Wuhan)។ ប៉ុន្តែ ខណៈថនិកសត្វសមុទ្រមួយចំនួន ដែលអាចផ្ទុកមេរោគ Coronaviruses ដូចជាត្រីបាឡែន បែលូកា (Beluga) ផ្សារនេះក៏មានដាក់លក់សត្វរស់ដូចជា មាន់ ទន្សាយ ពស់ និងប្រចៀវ ដែលទំនងជាប្រភពចម្លងមេរោគនេះ។

* ហេតុអ្វីបានជាមេរោគប្រភេទនេះ កកើតឡើងនៅប្រទេសចិន?

បើតាមលោកសាស្ត្រាចារ្យ Mark Woolhouse មេរោគនេះកើតនៅប្រទេសចិន ដោយសារតែទំហំ និងដង់សីតេរបស់ប្រជាជន និងការទាក់ទងស្និទ្ធស្នាលជាមួយសត្វដែល មានផ្ទុកមេរោគ។

* តើមេរោគថ្មីឆ្លងទៅមនុស្សដោយរបៀបណាខ្លះ?

អាជ្ញាធរចិនបានបញ្ជាក់ថា មេរោគថ្មីនេះហាក់ដូចជាមិនឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់នោះទេ ដោយសំអាងថា បើសិនជាមានករណីនេះមែន នោះបុគ្គលិកសុខាភិបាល ដែលមានទំនាក់ទំនងជាមួយនាក់ជំងឺ ប្រហែលជាឆ្លងមេរោគនេះមិនខាន។ តែយ៉ាងណាក៏ដោយ អ្នកជំនាញសុខាភិបាលមួយចំនួនបានព្រមានថា វាដូចជាលឿនពេក ហើយក្នុងការស្វែងយល់ ឬដើម្បីដឹងថា តើមេរោគនេះឆ្លងពីមនុស្សទៅមនុស្សដែរឬទេ?
«ខ្ញុំសុខចិត្តប្រយ័ត្នប្រយែងជាជាងសង្ស័យ… ម្យ៉ាងទៀតវាដូចជាលឿនពេកហើយ ក្នុងការសន្និដ្ឋាន ឬនិយាយពីលទ្ធភាពពីមនុស្សទៅមនុស្សនៃមេរោគនេះ ព្រោះភាគច្រើននៃ Coronaviruses គឺអាចចម្លងពីមនុស្សទៅមនុស្សបាន ហើយដែលនេះ គឺជាការព្រួយបារម្ភរបស់ខ្ញុំ»។ នេះបើតាមសម្តីលោក Woolhouse។

* តើវារីករាលដាលលឿនដល់កម្រិតណា?

មកទល់ពេលនេះ វាមិនមានការរីករាលដាលលឿននោះទេ ដោយអ្នកជំងឺទាំង៥៩នាក់ មានផ្ទុកមេរោគថ្មីនេះចាប់ផ្ដើមនៅចន្លោះពីថ្ងៃទី១២ ខែធ្នូ និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ហើយវាមិនមានករណីឆ្លងថ្មីត្រូវបានរាយការណ៍នោះទេ។ ប៉ុន្តែ ការព្រួយបារម្ភនៅកើតមានដដែលថាមេរោគនេះ អាចនឹងឆ្លងដល់មនុស្សរាប់លាននាក់ ដែល ធ្វើដំណើរទៅស្រុកកំណើតកំឡុងបុណ្យចូលឆ្នាំចិន នៅចុងខែមករានេះ។

* តើអាជ្ញាធរចិនឆ្លើយតបដូចម្ដេច?

អ្នកជំងឺទាំង ៥៩នាក់ត្រូវបានដាក់តាមដាន និងព្យាបាលដាច់ឆ្ងាយពីគេឯង ដើម្បីកាត់បន្ថយហានិភ័យរីករាលដាល ហើយបើតាមអាជ្ញាធរចិនមនុស្សច្រើនជាង ១៥០នាក់ ដែលបានទាក់ទងដោយផ្ទាល់ ជាអ្នកជំងឺកំពុងត្រូវបានតាមដាន។ មិនតែប៉ុណ្ណោះអាជ្ញាធរចិន ក៏បានដំឡើងឧបករណ៍វាស់កម្ដៅ ដើម្បីត្រួតពិនិត្យលើអ្នកដំណើរផងដែរ ខណៈផ្សារលក់គ្រឿងសមុទ្រ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដើម្បីសម្អាតកម្ចាត់មេរោគ។

* ការព្រួយបារម្ភរបស់អ្នកជំនាញ ចំពោះវីរុសនេះ

ក្រុមអ្នកជំនាញសុខាភិបាលមួយចំនួនយល់ថា នៅខណៈនេះ គេមិនអាចបញ្ជាក់ពីការព្រួយបារម្ភ ដល់កម្រិតណាឡើយ ដោយនៅរង់ចាំព័ត៌មានបន្ថែមសិន។ រីឯអ្នកជំនាញខ្លះដូចជា លោក Woolhouse បានសង្កត់ធ្ងន់ដូច្នេះថា «យើងគួរតែព្រួយបារម្ភពីមេរោគថ្មីទាំងឡាយណា ដែលមនុស្សបានរកឃើញជាលើកដំបូង។ បើសិនជាមេរោគមួយចូលទៅក្នុងកោសិកា ហើយចម្លងនោះវាអាចនឹងចាប់ផ្ដើមធ្វើឱ្យមានការផ្លាស់ប្ដូរ ដែលអាចនឹងអនុញ្ញាតឱ្យវារីករាលដាល យ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងកាន់តែមានគ្រោះថ្នាក់។ ដូច្នេះយើងមិនត្រូវទុកឱកាសបែបនេះ ឱ្យមេរោគជាដាច់ខាត»

ប្រភព៖ BBC (ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០)

ដកស្រង់ដោយ freshnewsasia.com

Trending

Copyright © 2019 ANARCHAK