គួរដឹង! តើអ្វីទៅជា “ហ្សេរ៉ូកាបោន” ឬ “អព្យាក្រឹតកាបោន”?
Connect with us

គួរដឹង

គួរដឹង! តើអ្វីទៅជា “ហ្សេរ៉ូកាបោន” ឬ “អព្យាក្រឹតកាបោន”?

នៅ​ក្នុង​ពេល​ដែល​ពិភពលោក​ទាំងមូល​កំពុងនាំគ្នា​ផ្តោត​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ គេតែងតែ​ឮ​ការទាមទារ​ឲ្យ​កាត់បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យ​បាន​ដល់​កម្រិត​មួយ ដែល​គេ​ហៅថា “ហ្សេរ៉ូកាបោន” ឬ “អព្យាក្រឹតកាបោន”។ ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ទើប​នឹង​បាន​ព្រមព្រៀងគ្នា កាល​ពី​សប្តាហ៍​កន្លងទៅនេះ​ថា ពួកគេ​នឹង​សម្រេច​​គោលដៅ “ហ្សេរ៉ូកាបោន”​ នេះ ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ២០៥០​ខាងមុខ។ តើ​ “ហ្សេរ៉ូកាបោន” នេះ គឺ​ជា​អ្វី? ហេតុអ្វី​បាន​ជា​វា​គោលដៅ​ចាំបាច់​នៅ​ក្នុងការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ?

គិត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ អ្នក​វិទ្យាសាស្ត្រ​អាច​កំណត់​បាន​យ៉ាងច្បាស់ ដោយ​គ្មាន​មន្ទិល​សង្ស័យ​ថា មូលហេតុដ៏​ចម្បង​បំផុត ដែល​នាំ​ឲ្យ​ភពផែនដី​ឡើង​កម្តៅ គឺ​ការ​កើនឡើង​នៃ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​នៅ​ក្នុង​បរិយាកាស ហើយ​​ចំណុច​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​ដោយ​​សមាមាត្រ​នឹងគ្នា ដែល​មានន័យ​ថា បើ​បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស​កើនឡើង សីតុណ្ហភាព​នឹង​កើនឡើង បើ​បរិមាណ​ឧស្ម័ន​នៅ​ថេរ សីតុណ្ហភាព​នៅ​ថេរ ហើយ​បើ​បរិមាណ​ឧស្ម័ន​ថយចុះ សីតុណ្ហភាព​ក៏​នឹង​ថយ​ចុះ​ទៅតាម​នោះ​ដែរ។

ដូច្នេះ ដើម្បី​ទប់ទល់​នឹង​ការ​ឡើងកម្តៅ​នៃ​ភពផែនដី គេ​ចាំបាច់​ត្រូវ​តែ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​អស់ទាំងនេះ​ទៅ​ក្នុង​បរិយាកាស។ ក៏ប៉ុន្តែ ត្រឹមតែ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​នេះ​ក៏​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះដែរ ពីព្រោះ​ថា ដរាបណា​មនុស្ស​យើង​នៅតែ​បន្ត​បញ្ចេញ​ឧស្ម័ន បើ​ទោះបីជា​ការ​បញ្ចេញ​ឧស្ម័ន​នេះ​ត្រូវ​កាត់បន្ថយ​​​មក​នៅ​តិចជាង​មុន​ក៏ដោយ ក៏​ឧស្ម័ន​ដែល​យើង​បញ្ចេញ​ថ្មី​នេះ​​ត្រូវ​ទៅ​បន្ថែម​ពីលើ​ឧស្ម័ន​ដែល​ស្ថិត​នៅ​ក្នុង​បរិយាកាស​ស្រាប់ ដែល​ជា​រួម​ទៅ​វា​ធ្វើ​ឲ្យ​បរិមាណ​ឧស្ម័ន​នៅ​ក្នុង​បរិយាកាស​នៅ​តែ​​ត្រូវកើនឡើង ហើយ​សីតុណ្ហភាព​ក៏​​នៅតែ​ត្រូវកើនឡើង។

ដើម្បី​ទប់​សីតុណ្ហភាព​ឲ្យ​នៅ​ថេរ​លែង​កើនឡើងសោះ មនុស្ស​យើង​ចាំបាច់​ត្រូវ​តែ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​បញ្ចេញ​ឧស្ម័ន​ទៅក្នុង​បរិយាកាស ដោយ​រាប់​ទាំង​ការ​បញ្ចេញ​​ឧស្ម័ន​កាបូនិច ចំហាយទឹក មេតាន ព្រមទាំង​ឧស្ម័ន​មួយ​ចំនួន​ផ្សេងទៀត​ ដែល​មាន​ឥទ្ធិពល​ជា​ឧស្ម័ន​ផ្ទះកញ្ចក់ ហើយ​ដែល​ជា​ដើមហេតុ​​នាំ​ឲ្យសីតុណ្ហភាព​មធ្យម​នៅលើ​ភពផែនដី​របស់​យើង​ត្រូវ​កើនឡើង។

តាម​​រយៈបច្ចេកវិទ្យា​ដែល​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​វិស័យ​ជាច្រើន រួមមាន​​វិស័យ​ដឹកជញ្ជូន​ និង​វិស័យ​ឧស្សាហកម្ម គេ​អាច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​តាមរយៈ​ការ​​ផ្លាស់ប្តូរ​ពី​ការប្រើ​គ្រឿងម៉ាស៊ីន​ដើរ​ដោយ​ថាមពល​ផូស៊ីល ទៅ​ប្រើ​​ថាមពល​អគ្គិសនីវិញ ហើយ​ការ​ផលិត​ថាមពល​អគ្គិសនី​នេះ​ទៀតសោត គេ​អាច​ផ្លាស់ប្តូរ​ពី​ការ​​​ប្រើរោងចក្រ​ដើរ​ដោយ​ប្រេង ឬ​​ធ្យូងថ្ម ទៅ​ប្រើ​ថាមពល​នុយក្លេអ៊ែរ និង​ប្រភេទ​ថាមពល​កើតឡើងវិញ។ ចំណែក​ក្នុង​​វិស័យ​សំណង់ គេ​អាច​សាងសង់​អគារ ដែល​មាន​ប្រសិទ្ធភាព​ក្នុងការ​សន្សំសំចៃ​ថាមពល ហើយ​ក្នុងវិស័យផលិតកម្ម ក៏គេ​​អាច​កែលម្អ​ដំណើរការ​ផលិត ដែល​ប្រើ​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់… ទាំងអស់​នេះ អាច​ឲ្យ​គេ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ឲ្យ​មក​នៅ​ត្រឹម​កម្រិត​សូន្យ ពោលគឺ លែង​បញ្ចេញ​ឧស្ម័ន​ទៅ​ក្នុង​បរិយាកាស​ទាំងស្រុង។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា មាន​វិស័យ​ខ្លះ​ទៀត រួមមាន​ដូចជា វិស័យអាកាសចរណ៍ និង​វិស័យ​កសិកម្ម​ ជាដើម បច្ចេកវិទ្យា​បច្ចុប្បន្ន​​​នៅមាន​កម្រិត​នៅឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​គេ​ពិបាក​នឹង​​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ឲ្យ​បាន​ទាំងស្រុង។ ដើម្បី​​ធានា​ឲ្យ​បាន​ថា បរិមាណ​ឧស្ម័ន​នៅ​ក្នុង​បរិយាកាស​លែង​កើនឡើង យើង​​ចាំបាច់​ត្រូវ​តែ​​រកវិធី​ស្រូបយក​ឧស្ម័ន​មួយផ្នែក​ចេញ​ពី​បរិយាកាស​មកវិញឲ្យ​បាន​យ៉ាងតិច​ប្រហាក់ប្រហែល​នឹង​បរិមាណ​ឧស្ម័ន ដែល​​យើង​មិន​អាច​កាត់បន្ថយបាន។

ប្រភេទ​ឧស្ម័ន ដែល​យើង​អាច​ស្រូប​យក​ពី​ក្នុង​បរិយាកាស​មកវិញ​ដោយ​ងាយស្រួល​បាន គឺ​ឧស្ម័ន​កាបូនិច ហើយ​ការស្រូបយក​ឧស្ម័ន​កាបូ​និច​​ពី​ក្នុង​បរិយាកាស​នេះ​អាច​ត្រូវ​ធ្វើឡើង ទៅតាម​វិធី​សំខាន់ៗ​ពីរ៖ ទីមួយ តាមរយៈ​ការ​ប្រើបច្ចេកវិទ្យា ដើម្បី​ស្រូបយក និង​ស្តុក​ទុក​ឧស្ម័ន​កាបូនិច និង​ទីពីរ តាមរយៈ​វិធី​ធម្មជាតិ គឺ​ព្រៃឈើ។

យើងដឹង​ថា ដើម​ឈើ​ស្រូប​យក​ឧស្ម័ន​កាបូនិច​ពី​ក្នុង​បរិយាកាស​តាមរយៈយន្តការ​មួយ ដែល​គេ​ឲ្យឈ្មោះ​ថា “រស្មីសំយោគ”។ ដូច្នេះ យើង​អាច​បង្កើន​សមត្ថភាព​ក្នុងការ​ស្រូប​យក​ឧស្ម័ន​កាបូនិច​​ពី​ក្នុង​បរិយាកាស តាមរយៈ​ការ​បង្កើន​ព្រៃឈើ ហើយ​​យើង​អាច​​បង្កើន​ព្រៃឈើ​​បាន​​តាមរយៈ​​វិធានការ​ចម្បងៗ​ចំនួន៣ គឺ ទីមួយ ​​​កាត់បន្ថយ​ការ​កាប់ព្រៃឈើ ទីពីរ ដាំដើមឈើ​​ជំនួស​ដើម​ឈើ​​​ដែល​បាត់បង់ និង​ទីបី ដាំដើម​ឈើ​ថ្មីៗ​បន្ថែម​ ដើម្បី​ពង្រីក​ដីព្រៃ​ឲ្យ​កាន់តែ​ធំ​ជាងមុន។

និយាយ​ជារួម​មកវិញ ប្រសិន​បើ​យើង​អាច​កាត់បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ហើយ​ក្នុង​ពេល​ជាមួយ​គ្នា បង្កើន​សមត្ថភាព​ក្នុង​ការ​ស្រូប​យក​ឧស្ម័ន​ពីបរិយាកាស នៅ​ក្នុង​បរិមាណ​ស្មើ​នឹង​ឧស្ម័ន ដែល​យើង​មិន​អាច​កាត់បន្ថយ​បាន ការទូទាត់​ចុងក្រោយ គឺ​ការបញ្ចេញ​ឧស្ម័ន​ទៅក្នុង​បរិយាកាស​នឹង​ត្រូវ​ធ្លាក់​មក​នៅ​ត្រឹម​កម្រិត​សូន្យ។

យន្តការ​នេះហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ហ្សេរ៉ូកាបោន” ឬ “អព្យាក្រឹតកាបោន”។ ហើយដើម្បី​អាច​ទប់ស្កាត់​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​កុំ​ឲ្យ​កើនឡើង​លើស​ពី ២អង្សា ដូច​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ២០១៥ “ហ្សេរ៉ូកាបោន” គឺ​ជា​លក្ខខណ្ឌ​ដ៏​ចាំបាច់​បំផុត ដែល​យើង​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ២០៥០​ខាងមុខ៕

ប្រភព៖ www.rfi.fr 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK