អបអរសាទ! គម្រប់ខួប ១៤ ឆ្នាំនៃការដាក់ល្ខោនស្រមោលស្បែកធំក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
Connect with us

គួរដឹង

អបអរសាទ! គម្រប់ខួប ១៤ ឆ្នាំនៃការដាក់ល្ខោនស្រមោលស្បែកធំក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ល្ខោន​​ស្បែក ឬ​ល្ខោន​អាយ៉ង ​គឺ​ជា​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​ដែល​គេ​និយម​សម្ដែង​ក្នុង​ក្នុង​ពិធីបុណ្យ​ធំៗ ជា​ច្រើន​ដូច​ជា​ការ​បួងសួង​សុំ​សេចក្ដី​ ប្រាថ្នា​អ្វីមួយ ពិធី​បុណ្យ​សព​ព្រះ​ចៅអធិការ​វត្ត​ដែល​សុគត ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ និង​តាម​ពិធី​បុណ្យ​ទាន​នានា​។

១ ដើម​កំណើត

កន្លង​មក​ធ្លាប់​មាន​ការ​ជជែក​វែកញែក​​ជា​ហូរ​ហែ​ ​ទាក់​ទង​នឹង​ទម្រង់​ល្ខោន​ខាង​លើ ដោយ​កាល​ពី​ក្រោយ​សតវត្ស​ទី​១៣ជន​ជាតិ​ខ្លះ ​បាន​គិត​ថា​វា​មាន​ដើម​កំណើត​ពី​ប្រទេស​ថៃ​ ព្រោះ​នៅ​​ជំនាន់​នោះ​ប្រជាជន​ខ្មែរ​ខេត្ត​បាត់​ដំបង​និយម​ហៅ​ថា “ណាំ​ស្បែក”។ ​​

ការ​ពិត​ សិល្បៈ​ស្បែក​ខ្មែរ​ប្រភេទ​នេះ កើត​ឡើង​តាំង​ពី​មុន​សម័យ​អង្គរ ឬ​អាច​និយាយ​បាន​ថា វា​មាន​អាយុ​កាល​ជាង​២០០០​ឆ្នាំ​មក​ហើយ នេះ​បើ​តាម​ភស្តុតាង​ លើ​សិលាចារឹក​នានា​ លើ​ផ្ទាំង​ប្រាសាទ​អង្គរ​វត្ត​។

ស្រដៀង​នេះ​គ្នា​នេះ​ដែរ ​​ឯកសារ​របស់​ មជ្ឈមណ្ឌល​វប្បធម៌​បារាំង កម្មវិធី​លេខ​៧ ឆ្នាំ​១៩៩៩ របស់​អង្គការ​យូនីស្កូ បាន​បញ្ជាក់​ថា សិល្បៈ​ស្បែក​ប្រភេទ​នេះ​ ត្រូវ​បាន​នាំចូល​ពី​ឥណ្ឌា ​នៅ​ដើម​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ដោយ​​​​​​​​សិល្បៈ​ស្បែក​នេះ​ ដំបូង​ឡើយ​មាន​ដើម​កំណើត​ពី​​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ត្បូង និង​ជា​​សិល្បៈ​ធ្វើឡើង​សម្រាប់​ជា​តង្វាយ ​ដល់​ព្រះអាទិទេព ​បួងសួង​សុំ​សេចក្ដី​សុខ​ចម្រើន និង​សិរី​មង្គល​សម្រាប់​ប្រជាជន​ឥណ្ឌា។​

២ ប្រភេទ

បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​ ម៉ាន់ កុសល អ្នក​ដឹក​នាំ​ក្រុម​សម្ដែង​របស់​ “​សមាគម​សិល្បៈ​សុវណ្ណភូមិ​” បាន​ឲ្យ​ដឹង​ថា សិល្បៈ​ស្បែក​ខ្មែរ​នេះ ​មាន​៣​​ប្រភេទ និង​ត្រូវ​បាន​គេ​បែង​ចែក​ទៅ​តាម​ឲ្យ​សម្ដែង​តាម​ប្រភេទ​រឿង ប្រធាន​បទ និង​ទី​កន្លែង​ដូច​ជា៖ ​​

  • ១ “ស្បែក​ធំ” លេង​សម្រាប់​តែ​រឿង “រាម​កេរ្តិ៍ ” ប៉ុណ្ណោះ
  • ២ “ស្បែក​តូច” ជា​ល្ខោន​ដែល​លេង​ចេញ​ពី​​តថភាព​របស់​សង្គម​ និង​ជីវភាព​ប្រជាជន​នៅ​តាម​ភូមិ​ស្រុក។
  • ៣ “ស្បែក​ពណ៌” ​គឺ​សម្រាប់​តែ​សម្ដែង​ក្នុង​ព្រះ​រាជ​វាំង​ប៉ុណ្ណោះ​ និង​​មិន​ត្រូវ​ការ​ប្រើ​ភ្លើង​ឡើយ។

៣ បច្ចេកទេស​សម្ដែង

តាំង​ពី​ដើម​រៀង​មក​ ល្ខោន​នេះ​ត្រូវ​​គេ​ប្រើ​បច្ចេកទេស​​ដុត​ភ្លើង​ត្រឡោក ពី​ក្រោយ​ផ្ទាំង​សំពត់​ស និង​​ប្រើ​ផ្ទាំង​រូប​ផលិត​ពី​ស្បែក​គោ មក​​គ្រវី​ពត់​ពែន​ថ្លែង​តាម​ដំណើរ​រឿង​។ បច្ចុប្បន្ន​ ដើម្បី​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ក្នុង​ការ​សម្ដែង​តាម​រោង​ល្ខោន និង​មហោស្រព​នានា​ គេ​និយម​ប្រើ​ភ្លើង​អគ្គិសនី​ជំនួស​ភ្លើង​ត្រឡោក​វិញ។ ​​

៤ ពិធី​បើក​

ខុស​ពី​ “យីកេ​ហោម​រោង” ឬ ” ពិធី​បើក​របស់​ល្ខោន​បាសាក់” ឈុត​បើក​នៃ​ល្ខោន​ស្បែក​ តែ​ង​មាន​ការ​​សំពះ​គ្រូ​ ដោយ​ស្វា​ស និង​ស្វា​ខ្មៅ ដែល​តំណាង​ឲ្យ​សភាវៈ​ល្អ និង​អាក្រក់ ក្រោយ​មក​ភ្លើង​ត្រូវ​បាន​បញ្ឆេះ​​ហើយ​ស្វា​ប្រយុទ្ធ​គ្នា បន្ទាប់​មក​ក៏​​មាន​តា​ឥសី​មក​សម្រប​សម្រួល​ ហើយ​ការ​សម្ដែង​នឹង​ត្រូវ​ចាប់​ផ្ដើម​តែ​ម្ដង​។

៥ ការ​កំណត់​ត្រា​ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក​

អ្វី​ដែល​នាំ​មក​នូវ​មោទនភាព​យ៉ាង​ក្រៃលែង​ដល់​ប្រជាជន​ខ្មែរ គឺ​ល្ខោន​ “ស្បែក​ធំ” ​ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​​ពិភព​លោក​អរូបី​នៃ​អង្គការ​យូណេស្កូ​ កាល​ពី​ថ្ងៃ​ ២៤ វិច្ឆិកា ឆ្នាំ​២០០៤។

៦ លក្ខណៈ​ពិសេស

ល្ខោន​ស្បែក​ គឺ​ជា​សិល្បៈ​សក្ការ​ ឬ សិល្បៈ​ទេវ របស់​ខ្មែរ១​​ក្នុង​ចំណោម២​ផ្សេង​ទៀត​គឺ​​ “របាំ​ព្រះរាជទ្រព្យ​” និង “ល្ខោន​ខោល” ហើយ​ល្ខោន​​ខាង​លើ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ “មាតា​នៃ​ភាពយន្ត” ដោយ​​វា​ជា​សិល្បៈ​​ដែល​ប្រមូល​ផ្ដុំ​នូវ​សិល្បៈ​ទាំង៧ចូល​គ្នា៕

អត្ថបទ៖ សុខណា

ប្រភព៖ news.sabay.com.kh

មតិយោបល់

ពីនេះពីនោះ8 hours ago

ពិតជាប្ដីល្អមែន! លោក ខេមរៈ សេរីមន្ត ធ្វើការផងជូនប្រពន្ធដើរលេងផង ឥឡូវទៅដល់ប៉ារីសបាត់….(មានរូបច្រើន)

ពីនេះពីនោះ9 hours ago

រៀបការរួចមិនបានប៉ុន្មានថ្ងៃផង លោក ប៉ែន ចំរ៉ុង បើកមុខជំនួញថ្មី នៅលើដីជាង៤០ហិតាស្ថិតនៅ…(មានវីដេអូ)

គួរដឹង11 hours ago

យុទ្ធសាស្ដ្រទាំង ៤៣ ចំណុច ដែលបុគ្គលខ្លាំងៗមានអំណាចបំផុតលើលោកប្រកាន់ខ្ជាប់ខ្លួន!

គួរដឹង14 hours ago

មិនចាញ់អ្នកជិតខាង!!! កម្ពុជានឹងមានរោងចក្រផលិត Play Stations និង Nintendo ដែលមានសមត្ថភាពមិននឹកស្មានដល់!

ពីនេះពីនោះ18 hours ago

គួរអោយច្រណែនដល់ហើយ! លោក​ ព្រាប​ សុវត្ថិ បាន​ Surprise ខួប​កំណើត​​ភរិយា​ជាទី​ស្រលាញ់​ និងបានភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ថា…

Trending

Copyright © 2019 ANARCHAK