គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង "​ដូណាល់ត្រាំ" ពី​ប្រធានាធិបតីអាមេរិក
Connect with us

អន្តរជាតិ

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

សភា​អាមេរិក​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​ឈាន​ទៅ​ដក​តំណែង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ ដំណើរការ​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​ប្រធាន​រដ្ឋសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ប្រកាស​ធ្វើ​តាំង​ពីថ្ងៃ​ទី២៤​កញ្ញា រួចហើយ​បោះឆ្នោត​ក្នុង​សភាពេញអង្គ​នៅថ្ងៃ​ទី៣១តុលា ដើម្បី​អនុម័ត​ជាផ្លូវការ​លើ​ដំណើរការ​ស៊ើបអង្កេត​នេះ។

ចំណែក​ការ​​​សួរចម្លើយ​សាក្សី​ជា​សាធារណៈ​នឹង​ត្រូវ​ចាប់ផ្តើម​បើក​ធ្វើ​ជា​លើកទីមួយ នៅថ្ងៃ​ពុធ ១៣វិច្ឆិកា​។ ខាងក្រោម​នេះ​ គឺ​ជា​ចំណុច​សំខាន់ៗ ដែល​គួរ​ដឹង ជុំវិញ​ដំណើរការ​ដក​តំណែង​ប្រធានាធិបតី​​ នៅ​សហរដ្ឋ​អាមេរិក។

តើ​ក្នុងករណីណាខ្លះ​ដែល​ប្រធានាធិបតី​អាច​ត្រូវ​ដក​តំណែង?

យោងតាម​រដ្ឋធម្មនុញ្ញ​អាមេរិក ប្រធានាធិបតី​អាច​ត្រូវ​ដក​តំណែង​នៅ​ក្នុង​ករណីប្រព្រឹត្តបទល្មើស “ក្បត់ជាតិ ស៊ីសំណូក ឬ​បទល្មើសតូចធំផ្សេងទៀត (Treason, Bribery, or other high Crimes and Misdemeanors)។ ពាក្យថា “បទល្មើសតូចធំផ្សេងទៀត” (other high Crimes and Misdemeanors) នេះហើយ ដែល​មាន​អត្ថន័យ​ទូលំទូលាយខ្លាំង ហើយ​ដែល​នាំ​ឲ្យ​មាន​ការ​បកស្រាយ​ផ្សេងៗគ្នា ក៏ប៉ុន្តែ ជាទូទៅ គេ​កំណត់​ថា ការ​ដកតំណែង​ប្រធានាធិបតី​​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​ទាមទារ​ចាំបាច់​ថា​​ត្រូវ​តែ​មាន​បទល្មើស​ព្រហ្មទណ្ឌ​នោះទេ។

តើ​ការដកតំណែង​ប្រធានាធិបតី​មាន​ដំណើរការ​យ៉ាងដូចម្តេចខ្លះ?

ការដកតំណែង​ប្រធានាធិបតី​ត្រូវ​ឆ្លងកាត់​នូវ​ដំណាក់​កាលសំខាន់ៗ​ពីរ​ គឺ រដ្ឋសភា​ជា​អ្នក​ចោទប្រកាន់ (Impeachment) ចំណែក​ព្រឹទ្ធសភា​ជា​អ្នក​ជំនុំជម្រះ (Trial) ដើម្បី​សម្រេច​ដកតំណែងប្រធានាធិបតី។

នៅ​ក្នុង​រដ្ឋសភា ការ​សម្រេច​ចោទប្រកាន់​ប្រធានាធិបតី​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ដោយ​សំឡេង​ភាគច្រើន។ រដ្ឋសភា​អាច​ស្នើ​នូវ​ការ​ចោទប្រកាន់​លើ​ច្រើន​បទល្មើស ហើយ​​ក្នុង​ចំណោម​ការចោទប្រកាន់​អស់ទាំងនេះ ឲ្យ​តែ​មាន​ការចោទប្រកាន់​ណាមួយ​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន សំណុំរឿង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ព្រឹទ្ធសភា​ជំនុំជម្រះ។ នៅ​ក្នុង​អំឡុង​ពេល​ដែល​ព្រឹទ្ធសភា​កំពុង​ជំនុំជម្រះ ប្រធានាធិបតី​នៅតែ​បន្ត​កាន់​តំណែង​ជា​ធម្មតា។

ដំណើរការ​ជំនុំជម្រះ​ប្រធានាធិបតី​នៅ​ក្នុង​ព្រឹទ្ធសភា​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​រូបភាព​ប្រហាក់ប្រហែល​គ្នា​នឹង​ដំណើរការ​ជំនុំជម្រះ​របស់​តុលាការ​ព្រហ្មទណ្ឌ​ដែរ ដោយ​ប្រធានតុលាការ​កំពូល​ដើរតួនាទី​ជា​ប្រធាន​អង្គជំនុំជម្រះ តំណាង​រដ្ឋសភា​ដើរតួនាទី​ជា​រដ្ឋអាជ្ញា ចំណែក​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​​គឺ​ជាគណៈវិនិច្ឆ័យ។ ដើម្បី​អាច​សម្រេច​ដក​តំណែង​ប្រធានាធិបតី​បាន ព្រឹទ្ធសភា​ត្រូវការ​សំឡេង​ភាគច្រើន​រហូត​ដល់​ទៅ ៦៧សំឡេង ក្នុង​ចំណោម​សមាជិក​ទាំង១០០រូប។

នីតិវិធី​នេះ​មានន័យ​ថា ការ​ដក​តំណែង​ប្រធានាធិបតី​​ទាមទារ​ជា​ចាំបាច់​ឲ្យ​មាន​ការ​ឯកភាពគ្នា​​ពី​សំណាក់​សភា​ទាំងពីរ ពីព្រោះ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ថា មាន​តែ​រដ្ឋសភាមួយគត់​ដែល​មាន​សិទ្ធិ​ផ្តួចផ្តើម​គំនិត​បើ​កនីតិវិធី​ស៊ើបអង្កេត និង​​​អនុម័ត​លើ​ការ​ចោទប្រកាន់​ប្រធានាធិបតី​បាន។ បើ​គ្មាន​ការ​អនុម័ត​ពី​សំណាក់​រដ្ឋសភា​ទេនោះ ព្រឹទ្ធសភា​មិន​អាច​ផ្តួចផ្តើម​គំនិត​ដោយ​ខ្លួនឯង ដើម្បី​យក​ប្រធានាធិបតី​មក​ជំនុំជម្រះ ដើម្បី​ដក​តំណែង​បាន​នោះទេ។ ដូចគ្នា ប្រសិនបើ​រដ្ឋសភា​អនុម័ត​ចោទប្រកាន់​លើ​ប្រធានាធិបតី​រួចហើយ ក៏ប៉ុន្តែ ព្រឹទ្ធសភា​មិន​អនុម័ត​ដក​តំណែង​ប្រធានាធិបតី​ទេនោះ ប្រធានាធិបតី​នឹង​នៅតែ​បន្ត​កាន់​តំណែង​ដូចពីមុន​ដដែល។

តើ​កន្លងមក​ធ្លាប់​មាន​ការដកតំណែងប្រធានាធិបតី​អាមេរិក​ដែរ​ឬទេ?

នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក ចាប់តាំង​ពី​បង្កើតឡើងមក មិនធ្លាប់​ដែល​មាន​ប្រធានាធិបតី​រូបណា​ត្រូវ​បាន​ដកតំណែង​​ដោយ​សភា​នោះទេ។

ដំណើរការ​ដក​តំណែង​ប្រធានាធិបតី​ធ្លាប់​ត្រូវ​បាន​បើក​ធ្វើ​ទៅលើ​​ប្រធានាធិបតី​​ចំនួន ៣រូប គឺ​លោក​ប៊ីល គ្លីនតុន កាល​ពី​ឆ្នាំ១៩៩៨ លោក​រីឆាត និចសុន កាល​ពី​ឆ្នាំ​១៩៧៣ និង​លោក​អ៊ែនឌ្រូ ចនសុន កាល​ពី​ឆ្នាំ១៨៦៨។

លោក​ប៊ីល គ្លីនតុន និង​លោក​អ៊ែនឌ្រូ ចនសុន ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ចោទប្រកាន់ (Impeach) ក៏ប៉ុន្តែ សុទ្ធតែ​មិន​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ដកតំណែង។ ចំណែក​ឯ​លោក​រីឆាត និចសុន​វិញ​បាន​លាឈប់​ពីមុខ​តំណែង នៅ​ឆ្នាំ១៩៧៤ តាំង​ពី​មុន​ពេល​ដែល​ព្រឹទ្ធសភា​ចាប់ផ្តើម​បើក​ការ​ជំនុំជម្រះលើ​រូបលោក​ទៅទៀត។

តើមាន​ដំណើរហេតុអ្វី​បាន​ជា​លោក​ដូណាល់​ត្រាំ​ត្រូវ​ប្រឈម​នឹង​ការ​ដកតំណែងនៅ​ពេលនេះ? តើហេតុអ្វីបាន​ជា​ត្រូវ​ទៅ​ជាប់ពាក់ព័ន្ធ​ដល់​ប្រទេស​អ៊ុយក្រែន?

​ការ​ទាមទារ​ឲ្យ​រដ្ឋសភា​បើក​ការស៊ើបអង្កេត​ដក​តំណែង​លោក​ដូណាល់​ ត្រាំ បាន​កើតមានឡើង​តាំង​ពី​ក្នុង​សំណុំរឿង​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស ទៅលើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី ទៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦។ ក៏ប៉ុន្តែ រឿង​អាស្រូវ​ដែល​នាំ​ទៅ​ដល់​ការ​ស៊ើបអង្កេត​ដកតំណែង​លោក​នៅ​ពេលនេះ គឺ​ទាក់ទង​នឹង​អ៊ុយក្រែន។ 

រឿងអាស្រូវ​ទាក់ទង​នឹង​អ៊ុយក្រែន​នេះ​បាន​ចាប់ផ្តើម​ផ្ទុះឡើង កាល​ពី​ខែកញ្ញា​ឆ្នាំ២០១៩ នៅ​ក្រោយ​ពី​មាន​ការ​លេចធ្លាយ​ព័ត៌មាន​ថា មន្រ្តី​ចារកិច្ច​អាមេរិក​មួយរូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ដាក់ពាក្យ​បណ្តឹង (តាមភាសា​អង់គ្លេស​ថា wistleblower complaint) ទៅកាន់​អគ្គាធិការ​នៃ​ក្រសួង​ចារកិច្ច ដើម្បី​លើកឡើង​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​លោក​ដូណាល់ ត្រាំ នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ុយក្រែន ជាពិសេស ទាក់ទង​នឹង​កិច្ចសន្ទនា​​តាម​ទូរស័ព្ទ កាល​ពីថ្ងៃ​ទី២៥ កក្កដា ២០១៩ រវាង​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី។

រដ្ឋសភា​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​បណ្តឹង​របស់​ទីភ្នាក់ងារចារកិច្ច​ទៅ​ឲ្យ​គណៈកម្មការ​សភា​ទទួល​បន្ទុក​ចារកិច្ច ក៏ប៉ុន្តែ រដ្ឋាភិបាល​បដិសេធ។ នៅថ្ងៃ​ទី២៤​ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី ណានស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភា​ក៏​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត ដើម្បី​ឈាន​ទៅ​ដក​តំណែង​លោក​ដូណាល់ ត្រាំ។

នៅ​ក្នុង​កំណត់ហេតុ​​សង្ខេបនៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ថ្ងៃទី២៥កក្កដា ដែល​លោក​ដូណាល់ ត្រាំ​បាន​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ជាសាធារណៈ គេ​ឃើញ​ថា នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​ដូណាល់ ត្រាំ បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​បើក​ការ​ស៊ើបអង្កេត​ទៅលើ​លោក​ចូ បាយដិន ដែល​ជា​អតីត​អនុប្រធានាធិបតី និង​ជា​បេក្ខជន​ប្រធានាធិបតី ប្រជែង​ជាមួយ​លោក​ដូណាល់ ត្រាំ នៅ​ឆ្នាំ២០២០​ខាងមុខ។ លោក​ដូណាល់ ត្រាំ តែងតែ​បាន​អះអាង​ថា កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នេះ គឺ “ល្អឥតខ្ចោះ”។

តាមរយៈព័ត៌មាន​ដែល​លេចធ្លាយ​តាម​បណ្តាញ​សារព័ត៌មាន ហើយ​ក្រោយ​មក​ទៀត ត្រូវ​បាន​បញ្ជាក់​ដោយ​ឯកសារ និង​សក្ខីកម្ម​នៃ​មន្រ្តី​ការទូត គេ​ក៏​អាច​ដឹង​ផងដែរ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ដូណាល់ ត្រាំ ជំរុញ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន​ស៊ើបអង្កេត​លើ​លោក​បាយដិន​នោះ លោក​ដូណាល់ ត្រាំបាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​គម្រោង​បញ្ជូន​ជំនួយ​ផ្នែក​យោធា​ទៅ​ឲ្យ​អ៊ុយក្រែន។

ហេតុដូច្នេះហើយ​បាន​ជា​លោក​ដូណាល់ ត្រាំ ត្រូវ​រង​នូវការ​ចោទប្រកាន់​ថា បាន​រំលោភ​អំណាច​ ដោយ​យក​​តំណែង​​ជា​ប្រធានាធិបតី​​ទៅ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​បរទេស ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​គូប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ពោលគឺ ប្រើ​អំណាច​ប្រធានាធិបតី ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន។

តើ​ដំណើរការ​ដកតំណែង​អាច​នឹង​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន?

រដ្ឋធម្មនុញ្ញ​មិន​បាន​កំណត់​ពេល​វេលា​ជាក់លាក់​នោះទេ ដោយ​អ្វីៗ​អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​សភា។ តាមរយៈបទពិសោធន៍​កន្លង គេ​សង្កេតឃើញ​ថា ដំណើរការ​ដកតំណែង​ប្រធានាធិបតី​​​អាច​អូសបន្លាយពេល​រហូត​ដល់​ទៅ​រាប់ខែ។ ដំណើរការ​ដក​តំណែង​លោក​អ៊ែនឌ្រូ ចនសុន នៅ​ឆ្នាំ​១៨៦៨ មាន​រយៈពេល​ជាង​៣ខែ (៩៤ថ្ងៃ) ករណី​លោក​រីឆាត និចសុន នៅ​ឆ្នាំ១៩៧៣ មាន​រយៈពេល​ជាង ៦ខែ (១៨៤​ថ្ងៃ ចាប់​ពី​ពេល​សភា​បើក​ការ​ស៊ើបអង្កេត រហូត​ដល់​ថ្ងៃ​ដែល​លោក​និចសុន​លាឈប់​ពី​តំណែង) ចំណែក​ករណី​លោក​ប៊ីល គ្លីនតុន​ នៅ​ឆ្នាំ១៩៩៨​វិញ មាន​រយៈពេល​ជាង ៤ខែ (១២៧ថ្ងៃ)។

នៅ​ក្នុងករណី​លោក​ដូណាល់ ត្រាំ នៅ​ពេលនេះ​ លោក​ស្រី ណានស៊ី ប៉េឡូស៊ី ធ្លាប់​បាន​លើកឡើង​ថា ដំណើរការ​ស៊ើបអង្កេត​ដក​តំណែង​លោក​ដូណាល់ ត្រាំ នៅ​ក្នុង​កម្រិត​រដ្ឋសភា នឹង​ត្រូវ​ធ្វើ​ឡើង​​យ៉ាង​ឆាប់​រហ័ស ក៏ប៉ុន្តែ ទោះជា​យ៉ាងណា លោកស្រី​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នោះទេ។ ថ្នាក់ដឹកនាំ​រដ្ឋសភា​ដែល​កាន់កាប់​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ធ្លាប់​បាន​បង្ហើប​ឲ្យដឹង​ថា គេ​គ្រោង​នឹង​បិទបញ្ចប់​ការ​ស៊ើបអង្កេត និង​បោះឆ្នោត​អនុម័ត​លើ​បទចោទប្រកាន់​លោក​ដូណាល់ ត្រាំ នៅ​អំឡុង​បុណ្យ​ណូអែល​ឆ្នាំ២០១៩។

តើ​លោក​ដូណាល់​ត្រាំ​ពិត​ជា​នឹង​អាច​ត្រូវ​សភា​ដកតំណែង​ដែរ​ឬទេ?

បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា ដោយ​កាន់កាប់​អាសនៈ​រហូត​ដល់​ទៅ ២៣៥ ក្នុងពេល​ដែល​គណបក្ស​សាធារណរដ្ឋ​មាន​អាសនៈ​តែ ១៩៨។ ដូច្នេះ​គេ​គិត​ថា វា​មិនមែន​ជា​រឿង​ពិបាក​នោះទេ សម្រាប់​រដ្ឋសភា នៅ​ក្នុងការ​អនុម័ត​លើ​បទ​ចោទប្រកាន់​លើ​លោក​ដូណាល់ ត្រាំ (Impeachment)។ ក៏ប៉ុន្តែ ការ​ជំនុំជម្រះ (Trial) នៅ​ព្រឹទ្ធសភា វា​គឺ​ជា​រឿង​ផ្សេង។ ដើម្បី​អាច​ដក​តំណែង​លោក​ដូណាល់ ត្រាំ គេ​ត្រូវការ​ជាចាំបាច់​នូវ​សំឡេង​គាំទ្រ​​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​យ៉ាងតិច ៦៧​រូប។ ក៏ប៉ុន្តែ ព្រឹទ្ធសភា​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការកាន់កាប់​របស់​គណបក្ស​សាធារណរដ្ឋ ដែល​មាន​សមាជិក​ចំនួន ៥៣ ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សមាជិក​ ៤៥ ចំណែក​សមាជិក​ ២រូបផ្សេងទៀត ជា​អ្នក​នយោបាយ​ឯករាជ្យ​គ្មាន​គណបក្ស។

ដូច្នេះ បើ​ទោះបីជា​សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិក​​ឯករាជ្យ បូក​បញ្ចូល​គ្នា​ក៏​នៅតែ​មិនមាន​សំឡេង​គ្រប់គ្រាន់​នោះដែរ ដោយ​គេ​ត្រូវការ​ជាចាំបាច់​នូវ​ការគាំទ្រ​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​យ៉ាងតិច ២០​រូប ទើប​អាច​ អនុម័ត​ដក​តំណែង​លោក​ដូណាល់ ត្រាំ បាន។

ហេតុដូច្នេះហើយ​បាន​ជា​សេណារីយ៉ូ ដែល​គេមើល​ឃើញ​ច្រើន​ជាងគេ គឺ​លោក​ដូណាល់ ត្រាំ ត្រូវ​រដ្ឋសភា​ចោទប្រកាន់ ក៏ប៉ុន្តែ ព្រឹទ្ធសភា​មិន​សម្រេច​ដកតំណែង ពោលគឺ ដូច​គ្នា​ទៅនឹង​ករណី​លោក​ប៊ីល គ្លីនតុន ឬ​ក៏​លោក​អ៊ែនឌ្រូ ចនសុន កាល​ពី​ពេល​កន្លងមក។

ប្រសិនបើ​លោក​ដូណាល់​ត្រាំ​ត្រូវ​ដក​តំណែង តើ​នឹង​មាន​អ្វីកើតឡើង?

ប្រសិនបើ​លោក​ដូណាល់ ត្រាំ ពិត​ជា​ត្រូវ​សភា​ដក​តំណែង​មែន (រដ្ឋសភា​ចោទប្រកាន់ ហើយ​ព្រឹទ្ធសភាដកតំណែង) លោក​អនុប្រធានាធិបតី ម៉ៃខ៍ ផិនស៍ ត្រូវ​ឡើង​មក​កាន់តំណែង​ជំនួស។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​ម៉ៃខ៍ ផិនស៍ ខ្លួនឯង​ផ្ទាល់ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អ៊ុយក្រែន​ជាមួយ​នឹង​លោក​ដូណាល់ ត្រាំដែរ។

ប្រសិនបើ​លោក​ដូណាល់ ត្រាំ និង​លោក​ម៉ៃខ៍ ផិនស៍ ត្រូវ​សភា​ដក​តំណែង​ទាំងពីរ​រូប តំណែង​ប្រធានាធិបតី​នឹង​ត្រូវ​ធ្លាក់​ទៅលើ​ប្រធាន​រដ្ឋសភា គឺ​លោកស្រី ណានស៊ី ប៉េឡូស៊ី ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ៕

ប្រភព៖ km.rfi.fr

មតិយោបល់

ពីនេះពីនោះ1 hour ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ1 hour ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK