កំហុសលោកខាងលិច? ៥​ឆ្នាំក្រោយបដិវត្តន៍ ប្រជាជន​លី​ប៊ី​នឹករលឹកជីវិតក្រោមរបប​ផ្តាច់ការ​!
Connect with us

គួរដឹង

កំហុសលោកខាងលិច? ៥​ឆ្នាំក្រោយបដិវត្តន៍ ប្រជាជន​លី​ប៊ី​នឹករលឹកជីវិតក្រោមរបប​ផ្តាច់ការ​!

១.​លោក ហ្កា​ដា​ហ្វី ស្ថាបនិក​រដ្ឋ​លី​ប៊ី​និង​ដឹកនាំ​ឲ្យ​ប្រទេស​នេះ​រីកចម្រើន​

​លី​ប៊ី​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​ស្តុកស្តម្ភ និង​អភិវឌ្ឍ​រហ័ស​បំផុត​មួយ​នៅ​អាហ្វ្រិក​ខាងជើង​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ផ្តាច់ការ ម៉ូ​អា​ម៉ា ហ្កា​ហ្វី​ប៉ុន្មាន​ទសវត្ស​ន៍​។ យោងតាម​គេហទំព័រ Global Research លោក ហ្កា​ដា​ហ្វី បាន​ឡើងកាន់​អំណាច​នៅក្នុង​ឆ្នាំ ១៩៦៧ ដោយ​ការធ្វើ​រដ្ឋប្រហារ ហើយ​លី​ប៊ី​នៅពេលនោះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រដ្ឋ​ក្រីក្រ​បំផុត​មួយ​នៅ​អាហ្វ្រិក​។

នៅពេល​ឡើងកាន់​អំណាច ជន​ផ្តាច់ការ​នេះ​បាន​ដឹកនាំ​និង​ជំរុញ​ឲ្យ​រដ្ឋ​ក្រីក្រ​មួយ​នេះ​អភិវឌ្ឍ​ទៅមុខ​យ៉ាង​រហ័ស​ផងដែរ​។ នៅពេលនោះ លី​ប៊ី​ស្គាល់​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ ដោយ​ប្រជាជនមាន​ចំណូល​ប្រចាំឆ្នាំ​ខ្ពស់ ជីវភាព​រស់នៅ​ខ្ពស់ និង​មាន​អាយុ​រំពឹងរ​ស់វែង​។ មាន​របាយការណ៍​ខ្លះ អះអាងថា ជីវភាព​ប្រជាជន​ធូរធារ​ខ្លាំង ហើយ​ប្រជាជន​ក្រីក្រ​តិចជាង​ចំនួន​ប្រជាជន​ក្រីក្រ​នៅ​ហូ​ឡង់​ដែល​ស្ថិតនៅ​ទ្វីបអឺរ៉ុប​ទៅទៀត​។ ចំណែក​សេវាសាធារណ​ដែល​ផ្គត់ផ្គង់​ដោយ​រដ្ឋាភិបាល​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ប្រជាជន​ទទួលបាន​សេវា​គ្រប់ៗ​គ្នា និង​ទទួលបាន​ការឧបត្ថម្ភ​ធន​និង​ទ្រទ្រង់​ពីរ​ដ្ឋ​ច្រើន​ដែរ​។​

​បើ​ក្រឡេកមើល​ស្ថាប័ន​នយោបាយ​វិញ ការក្តោបក្តាប់​អំណាច​ស្ថិតនៅលើ​បុរស់​ម្នាក់​ពិតជា​កើតមានឡើង​នៅ​លី​ប៊ី​មែន តែ​វា​ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹង​អំណាច​ស្ថាប័ន​នយោបាយ​និង​ការដឹកនាំ​ដែល​អាច​រក្សា​ស្ថិរភាព សន្តិភាព និង​សន្តិសុខ​ប៉ុណ្ណោះ​។ សូម​បើក​វង់ក្រចក​បន្តិច​ដែរ លី​ប៊ី​ជា​រដ្ឋ​មិនសូវមាន​វប្បធម៌ និង​អរិយធម៌​ទំនើប​ទេ ហើយ​ប្រជាជន​ភាគច្រើន​រស់នៅ​បែប​កុលសម្ព័ន្ធ​នៅឡើយ​។​វា​ច្បាស់​ណាស់​ថា ពួកគេ​ត្រូវ​ស្ថិតក្រោម​ការដឹកនាំ​ដែល​រឹងមាំ ខ្លាំង​និង​មាន​វិន័យ​ខ្ពស់​។ ការ​រឹតត្បិត​សិទ្ធិសេរីភាព​ជា​រឿង​សំខាន់​ព្រោះ​វា​អាច​ធានាបាន​នូវ​ស្ថិរភាព​និង​សន្តិភាព​ជារួម​។ ដូច្នេះហើយ​ទើបបានជា​មានការ​ចោទប្រកាន់​ថា មេដឹកនាំ​រូបនេះ​រំលោភសិទ្ធិ​មនុស្ស​និង​កៀបសង្កត់​ប្រជាជន​ខ្លួន​នោះ​។​

២.​លោក ហ្កា​ដា​ហ្វី ស្លាប់ លី​ប៊ី រលំរលាយ​តាម​លោក​ដែរ​? 

​ចូលដល់​ចំណុច​សំខាន់ ប្រជាជន​លី​ប៊ី​ប្រាកដជា​នៅ​ចងចាំ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​មេដឹកនាំ​ផ្តាច់ការ​របស់ខ្លួន ម៉ូ​អា​ម៉ា ហ្កា​ដា​ហ្វី​ត្រូវបាន​ក្រុម​ឧទ្ទាម​សម្លាប់​នៅ​ក្រុង Sirte មុននឹង​បញ្ជូន​សាកសព​ទៅកាន់​ទីក្រុង Misrata​នោះ​។ ចាប់ពី​ឆ្នាំ ២០១០ ចលនា​«​និទាឃៈ​រដូវ​អារ៉ាប់​» ជា​មូលហេតុ​ចម្បង​ដែល​រុញ​ច្រាន​ឲ្យ​របប​ដឹកនាំ​ផ្តាច់ការ​ជាច្រើន​នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើងដួលរលំម្តងមួយៗ​​។  វរៈសេនីយ៍ឯក ហ្កា​ដា​ហ្វី ម៉ូ​អា​ម៉ា ហ្កា​ដា​ហ្វី ដែល​បាន​ឡើងកាន់​អំណាច​ដោយ​រដ្ឋប្រហា​រ​យោធា​នោះ ក៏​ជា​ជនរងគ្រោះ​មួយរូប​ដោយសារ​ចលនា​នេះដែរ ព្រោះ​ប្រជាជន​ភាគច្រើន​ចង់បាន​អ្វីដែល​គេ​ហៅថា «​ប្រជាធិបតេយ្យ​បែប​បស្ចិមប្រទេស​»​។​

​តែ​រយៈពេល​ប្រាំ​ឆ្នាំ ទៅហើយ​ក្តី ប្រទេស​លី​ប៊ី​ដែល​ត្រូវ​លោក ហ្កា​ដា​ហ្វី ធ្លាប់ កាន់កាប់​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​នោះ ទៅមុខ​មិន​រួច​បក​ក្រោយ​មិនកើត តែ​នៅ​បន្ត​ស្ថិតនៅ​ក្នុងស្ថានភាព​អស្ថិរភាព​និង​អសន្តិសុខ​ដដែល​។ លី​ប៊ី បាន​ក្លាយជា​ទឹកដី​សម្រាប់​គេ​ប្រយុទ្ធ​គ្នា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទឹកដី​នេះ​បាន​ក្លាយជា​ជម្រក​ដ៏​សុខសាន្ត​របស់​ក្រុម​ភេរវជន​និង​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត​ផងដែរ​។ ប្រជាជន រស់នៅ​ដោយ​លំបាក​វេទនា ទំនិញ​គ្រប់យ៉ាង​ឡើងថ្លៃ​កប់​ពពក​ដោយសារ​ការ​ផលិត​ត្រូវបាន​កាត់ផ្តាច់ ហើយ​ប្រជាជន​ក៏​គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​គ្មាន​លុយកាក់​គ្រប់គ្រាន់​ថែមទៀត ។ អ្វីដែល​គួរ​ឲ្យ​ខ្លាច​នោះ​ពួកគេ​រស់នៅ​ក្នុងប្រទេស​មួយ​ដែល​អស្ថិរភាព និង​អសន្តិសុខ​ដោយសារ​ការបន្ត​ប្រយុទ្ធ​គ្នា​ទូទាំងប្រទេស​នោះ​។ ប្រជាជន​លី​ប៊ី​ប្រហែលជា​នឹកឃើញ​ជីវិត​សុខសាន្ត​ពេល​ស្ថិតក្រោម​របប​ដឹកនាំ​ផ្តាច់ការ​របស់លោក ហ្កា​ដា​ហ្វី ហើយ​ពួកគេ​ប្រហែលជា​ស្រមៃ​ចង់​ឲ្យ​លោក ហ្កា​ដា​ហ្វី ត្រឡប់មកវិញ​ដែរ​។

៣.​ប្រជាជន​លី​ប៊ី​សោកស្តាយ​ដែល​ជ្រើសរើស​យកបដិវត្តន៍​?
 «​ខ្ញុំ​មិន​ចង់​និយាយ​ទេ​ប៉ុន្តែ​ជីវិត​របស់​យើង​វា​ពិតជា​ប្រសើរ​មែន​នៅ​ក្រុម​របប​ដឹកនាំ​លោក ហា្ក​ដា​ហ្វី​។​យើង​ត្រូវ​រង់ចាំ​រាប់​ម៉ោង​និង​សុំ​ដក​លុយ​របស់​យើង​ក្នុង​ធនាគារ​ប្រៀបដូចជា​សុំទាន​គេ​អ៊ីចឹង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Fayza al-Naas ដែលជា​ប្រជាជន​លី​ប៊ី​រស់នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​ដែល​ស្រង​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​ចំណែក​បុរស​ម្នាក់ទៀត​ឈ្មោះ Mahommed វ័យ ៣១​ឆ្នាំ ដែល​ធ្លាប់​ចូលរួម​ចលនា​បដិវត្តន៍​ទម្លាក់​លោក​ហ្កា​ដា​ហ្វី នោះបាន​លើកឡើងថា ប្រជាជន​ទូទៅ​សុទ្ធតែ​ស្រងេះស្រងោច​និង​មាន​អារម្មណ៍​ថា​សោកស្តាយ​ចំពោះ​អ្វីៗ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​នេះ​។ លោក​បាន​លើកឡើងថា ៖«​ខ្ញុំ​បាន​ចូលរួម​ក្នុង​ចលនា​បដិវត្តន៍​តាំងពី​ថ្ងៃ​ដំបូង ហើយ​ខ្ញុំ​បាន​ប្រយុទ្ធប្រឆាំង​របប​ដឹកនាំ ហ្កា​ដា​ហ្វី​។ មុន​ឆ្នាំ ២០១១ ខ្ញុំ​ស្អប់​លោក ហ្កា​ដា​ហ្វី ជាង​អ្នកណា​ទាំងអស់​។ ប៉ុន្តែ​ឥឡូវនេះ ជីវិត​យើង​លំបាក​វេទនា​ខ្លាំងណាស់​។ ហើយ​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ទៅជា​អ្នក​ដែល​គាំទ្រ​លោក ហ្កា​ដា​ហ្វី​ទៅវិញ​។ 

​បុរស​នេះ​បាន​រៀបរាប់​ពី​ទុក្ខលំបាក​របស់លោក​ក៏ដូចជា​ប្រជាជន​លី​ប៊ី​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​ដែរ ក្រោយ​របប​ដឹកនាំ​លោក ហ្កា​ដា​ហ្វី រលំរលាយ​ទៅនោះ​។ ទំនិញ​គ្រប់យ៉ាង​ឡើង​ថៃ្ល ៥​ដង​, ប្រាក់បៀវត្សរ៍​មន្ត្រី​មិនត្រូវ​បាន​គេ​បើក​ឲ្យ​ទៀងទាត់​ឡើយ ហើយ​អគ្គិសនី​តែងតែ​ដាច់​ជា​ញឹកញាប់​បំផុត​។

Mahommed បាន​បន្តថា​៖« ចាប់ពី​តាំងពី​ឆ្នាំ ២០១១​មក គ្មាន​ការវិវត្ត​ទៅមុខ​អ្វី​ឡើយ​នៅក្នុង​ប្រទេស​លី​ប៊ី វា​មានតែ​រឿងរ៉ាវ​អាក្រក់​កើតឡើង​ប៉ុណ្ណោះ ហើយ​គ្រប់យ៉ាង​វា​អាក្រក់​ជាង​មុន​ឆ្ងាយ​។ យើង​មាន​រដ្ឋាភិបាល ៧​ហើយ​ក្នុង​រយៈពេល ៦​ឆ្នាំនេះ​។ តែ​យើង​ព្យាយាម​ចោទសួរ​ថា តើ​រដ្ឋាភិបាល​ទាំងនោះ​បានសម្រេច​អ្វីខ្លះ​ហើយ​។ សមិទ្ធផល​តែមួយគត់​ដែល​យើង​មើលឃើញ​ផ្ទាល់​ភ្នែក ក្នុងការ​ដឹកនាំ​ក្រោយ​របប​ហ្កា​ដា​ហ្វី គឺ​ធុងសម្រាម​ថ្មីៗ​ដែល​រដ្ឋាភិបាល​ដំឡើង​នៅ​ពេញ​ក្រុង​ទ្រី​ប៉ូ​លី​នោះ​»​។

សរុបមក បដិវត្តន៍​មិនបាន​នាំមក​នូវ​ការរីកចម្រើន​អ្វី​ដល់​ប្រទេស​ដូច​ជាលី​ប៊ី​នេះ​ទេ​។ វា​មាន​ត្រឹមតែ​ទុក្ខសោក​, សោកនាដកម្ម  និង​ការបំផ្លិចបំផ្លាញ​តែប៉ុណ្ណោះ​។ ការជ្រើសរើសការផ្លាស់ប្តូរតាមការបោះ​ឆ្នោត​ និងផ្ទេរអំណាចដោយសន្តិវិធី​ទើបជាជម្រើសល្អ។

៤. លោកខាងលិច​ព្យាយាម​បំភ្លេច​ប្រទេស​លី​ប៊ី​ចោល​?
​ដូច​បាន​រៀបរាប់​ខាងដើម​ស្រាប់ លី​ប៊ី​បាន​បែកខ្ញែក​ជា​បំណែក​តូច​ដោយមាន​ក្រុម​ប្រដាប់​អា​វុ​ជាច្រើន​បន្ត​ដណ្តើម​កាន់កាប់​ក្រោយ​ការដួលរលំ​នៃ​របប​ដឹកនាំ​លោក ហ្កា​ដា​ហ្វី​។ រដ្ឋាភិបាល​ពីរបាន​ប​ន្ត​ហែកហួរ​គ្នា​នៅ​លី​ប៊ី ដោយ​រដ្ឋាភិបាល​ដែល​ស្ថិតក្រោម​ការដឹកនាំ​ដោយ​ក្រុម​ឧទ្ទាម​ត្រូវ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​នោះ​ត្រូវ​និរទេស​ទៅកាន់​ទីក្រុង Tobruk តាំងពី​ឆ្នាំ ២០១៤​។  ចំណែក​ក្រុម​យោធា​វិញ​បាន​បង្កើត​សភា​នៅ​រដ្ឋធានី​ទ្រី​ប៉ូ​លី និង​ទាមទារ​ភាពស្របច្បាប់​ដើម្បី​ក្តោប​ក្តាប់​ទឹកដី​លី​ប៊ី​ផងដែរ​។  សហគមន៍​អន្តរ​ជា​ជំរុញ​ឲ្យ​មានការ​ស្វះ​ស្វែងរក​សន្តិភាព​និង​ផ្សះផ្សា​ជាតិ​ផងដែរ ប៉ុ​ន្ត​គ្រប់យ៉ាង​នៅតែ​ស្រពេចស្រពិល​នៅឡើយ​។ បច្ចុប្បន្ន​ប្រជាជន​លី​ប៊ី​ត្រូវ​ជ្រើសរើស​រវាង រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​ឧទ្ទាម និង​មួយក្រុម​ទៀត​របប​ដឹកនាំ​ដោយ​ក្រុម​យោធា​។

​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ លោកខាងលិច​ដែល​ជួយ​ជ្រោមជ្រែង​ចលនា​បដិវត្តន៍​នោះ ហាក់បីដូចជា​ស្ងៀមស្ងាត់ និង​មិនសូវ​ប្រឹងប្រែង​ជួយ​ស្រោចស្រង់​ប្រជាជន​លី​ប៊ី​សោះ​។ មកដល់​ត្រឹមនេះ យើង​សូម​ស្លេះ​បន្តិច​ដើម្បី​ត្រឡប់​ទៅ​មើល​ការគាំទ្រ​របស់លោក​ខាងលិច​ចំពោះ​បដិវត្តន៍​លី​ប៊ី​និង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​បេកាហ្ស៊ី​ក្រោយ​បដិវត្តន៍​ជោគជ័យ។​

 នា​ខែកញ្ញា​ឆ្នាំ ២០១១ នាទី​ក្រុង បេន​កា​ហ្ស៊ី ប្រទេស​លី​ប៊ី មេដឹកនាំ​លោកខាងលិច​មួយចំនួន​ឈរលើ​វេទិកា​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជន​លី​ប៊ី​ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​នោះ​។ ក្នុងចំណោម​មេដឹកនាំ​ទាំងនោះ​មាន​លោក ដេវីដ ខេ​មេ​រ៉ូ​ន អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស និង​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង​ផង ដែល​គេ​ដឹង​ច្បាស់​ថា​អ្នក​ទាំងពីរ​ចូលរួម​អបអរសាទរ​ការបញ្ចប់​របប​ដឹកនាំ​ផ្តាច់ការ​របស់លោក ហ្កា​ដា​ហ្វី ក្រោយ​មាន​ចលនា​បដិវត្តន៍​ប្រជាជន ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល និង​ការអន្តរាគមន៍​របស់​លោកខាងលិច​។​

​មេដឹកនាំ​ទាំងពីរ​នាក់​ដើរ​តូ​នាទី​សំខាន់​ក្នុងការ​បញ្ចប់​របប​ដឹកនាំ​ដែល​លោកខាងលិច​លាប​ពណ៌​ថា​ផ្តាច់​ការរំលោភ​សិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ខ្លួន ហើយ​អ្វីដែល​លោក​ទាំងពីរ​ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​លី​ប៊ី​នៅពេលនោះ​គឺ បង្ហាញ​ការ​សាទរ​របស់​រដ្ឋាភិបាល​បារាំង​និង​អង់គ្លេស​ចំពោះ​ការជ្រើសរើស​ចលនា​បដិវត្តន៍​បញ្ចប់​របប​ផ្តាច់ការ មក​យក​សេរីភាព និង​ប្រជាធិបតេយ្យ​។​

 ពាក្យ​មួយ​ឃ្លា​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដែល​ប្រជាជន​លី​ប៊ី​ចាំ​មិន​ភ្លេច និង​ផ្តល់​ក្តី​សង្ឃឹមថា​មេដឹកនាំ​លោកខាងលិច​មក​ស្រោចស្រង់​ប្រទេសជាតិ​ខ្លួន​នោះ​គឺ​៖ « មិត្ត​របស់​អ្នក​នៅ​បារាំង​និង​អង់គ្លេស​នឹង​ឈរជើង​នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​ដើម្បី​កសាង​ប្រជាធិបតេយ្យ​»​។ ពាក្យ​មួយ​ឃ្លា​នេះ​ផ្តល់​ភាពកក់ក្តៅ​ខ្លាំង​មែន ផ្តល់​ក្តីសង្ឃឹម​សម្បើម​ណាស់ សម្រាប់​ប្រជាជន​លី​ប៊ី​ដែល​ទោរទន់​ចង់បាន​សេរីភាព ប្រជាធិបតេយ្យ និង​សន្តិភាព​។

​ប៉ុន្តែ​ផ្ទុយស្រឡះ ប្រជាជន​លី​ប៊ី​មិនទាន់​ស្គាល់​អ្វី​ហៅថា​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​, សេរីភាព​, ការគោរព​សិទ្ធិមនុស្ស និង​សុខសន្តិភាព ដែល​សាបព្រោះ​ដោយ​ប្រទេស​លោកខាងលិច​ឡើយ  ប្រជាជន​លី​ប៊ី​ទើប​ដឹងថា ពួកគេ​ត្រូវ​លោកខាងលិច​ទាំងនោះ​បោះបង់ចោល ទុកអោយ​ពួកគេ​ស្វែងរក​សន្តិភាព​ដោយ​ខ្លួនឯង​។

​មេដឹកនាំ​លោកខាងលិច​ដែល​ចាត់តាំង​ខ្លួនឯង​ជា​អ្នក​រំដោះប្រជាជន​លី​ប៊ី​នោះ ប​ច្ច​ប្បន្ន​បែរជា​ស្ងៀមស្ងាត់ មិន​ហ៊ាន​អើពើ ទុកអោយ​ប្រជាជន​លី​ប៊ី​សម្រេច​ជោគវាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង​ទៅវិញ​។

​តើ​នេះ​ឬ​ជាការ​ទទួលខុសត្រូវ ជាការ​សន្យា​ជួយ​ទំនុកបម្រុង​ជួយ​ប្រជាជន​លី​ប៊ី​អោយដល់​ត្រើយ​របស់លោក​ខាងលិច​ឬ​យ៉ាងណា​?

៥. លោកខាងលិច​ផ្តួល​រលំ​របប​ដឹកនាំ​ហា្ក​ដា​ហ្វី​ជា​កំហុសឆ្គង​មួយ ហើយការមិនជួយរៀបចំ​ប្រទេស​ក្រោយបដិវត្តន៍ជាកំហុស​ធំ​

​ការផ្តួលរំលំ​របប​ដឹកនាំ​ក្រុង​ទ្រី​ប៉ូ​លី​ដោយ​រដ្ឋាភិបាល​លោកខាងលិច បារាំង អង់គ្លេស អាមេរិក ក្រោម​ស្លាក​បក្សសម្ព័ន្ធ​យោធា​ណា​តូ ត្រូវបាន​អ្នកវិភាគ​មួយចំនួន​ចាត់ទុកថា​ជា​កំហុសឆ្គង​ធំ​មួយ​។ ក្រោយ​ទម្លាក់​មេដឹកនាំ​ម្នាក់​ចេញពី​តំណែង លោកខាងលិច​ទាំងនោះ​គ្មាន​លទ្ធភាព​គាំទ្រ ឬ​បង្កើត​មេដឹកនាំ​ម្នាក់​ផ្សេងទៀត​ដែល​ខ្លាំង​អាច​គ្រប់គ្រង​លី​ប៊ី បាន​ដូច​ហ្កា​ដា​ហ្វី នោះឡើយ ដែល​វា​ជា​មូលហេតុ​មួយ​ដែល​ធ្វើអោយ​របប​គ្រប់គ្រង​ថ្មី​ដើរទៅ​មុខ​មិន​រួច​។

​ម្យ៉ាងវិញទៀត​របាយការណ៍​សិទ្ធិមនុស្ស​មួយចំនួន បានបង្ហាញ​បង្ហាញ​យ៉ាងច្បាស់​ថា លោកខាងលិច ត្រចៀកស ជឿ​ក្រុម​ឧទ្ទាម​ដែល​ពេលខ្លះ​ពួកគេ​បង្កាច់បង្ខូច​កងទ័ពរ​ដ្ឋា​ភិ​បាល​លី​ប៊ី​ថា​រំលោភសិទ្ធិ​មនុស្ស ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្លួនឯង​ជាដើម​។​

 នៅក្នុង​អត្ថបទ​របស់​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​លី​ប៊ី ចុះផ្សាយ​ក្នុង​សារព័ត៌មាន Independence  បាន​បញ្ជាក់ថា គ្មាន​ភស្តុតាង​រឹងមាំ​ណាមួយ​បញ្ជាក់​ពី​ទង្វើ​ព្រៃផ្សៃ​និង​អមនុស្សធម៌​របស់រប​ប​ដឹកនាំ​ហ្កា​ដា​ហ្វី រួមទាំង​ករណី​រំលោភ​សេពសន្ថវៈ​ដែល​បង្កឡើង​ដោយ​កងទ័ព​ហ្កា​ដា​ហ្វី ដូច​ការចោទប្រកាន់រ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​និង​របប​ដឹកនាំ​លោកខាងលិច​ឡើយ​។ អង្គការ​លើកលែងទោស​អន្តរជាតិ​បានអោយដឹងថា ព័ត៌មាន​ដែល​ទម្លាយ​ចេញ​ស្តីពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​បង្កដោយ​របប​ដឹកនាំ​ក្រុង​ទ្រី​ប៉ូ​លី ផ្តល់អោយ​ដោយ​មេដឹកនាំ​ក្រុម​ឧទ្ទាម ដូចជា​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល​ដូច្នេះ​ដែរ​។ 

​ដោយឡែក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​បន្ទោស​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីដ ខេ​មេ​រ៉ូ​ន រួមទាំង​បារាំង និង​បណ្តា​រដ្ឋ​ឈូង​សមុទ្រ​កន្លងមក​ដែរ ពាក់ព័ន្ធ​ការអន្តរាគមន៍ និង​វិបត្តិ​លី​ប៊ី​ដែល​បន្ត​កើត​ដល់​បច្ចុប្បន្ន​។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី Atlantic លោក អូ​បា​ម៉ា បាន​បញ្ជាក់ថា អង់គ្លេស បារាំង និង​សម្ព័ន្ធមិត្ត​អាមេរិក​រដ្ឋ​ឈូង​សមុទ្រ​មិនបាន​ផ្ចង់អារម្មណ៍​ដោះស្រាយ​បញ្ហា​កើតឡើង​ក្រោយ​ការអន្តរាគមន៍​ឡើយ​។ លោក​បន្ថែម គ្រប់គ្នា​ជិះសេះ​លែងដៃ​ពឹង​ផ្អែកលើ​សហរដ្ឋអាមេរិក​ខ្លាំងពេក ហើយ​គ្មាន​អ្នកណា​រៀបចំ​ផែនការ​ល្អប្រសើរ​ដើម្បី​ជួយ​លី​ប៊ី ក្រោយ​គាស់​រំលើង​របប​ផ្តាច់ការ​ឡើយ​។​

​ប៉ុន្តែ ទោះជា​លោក​ទទួលស្គាល់​ពី​កំហុសឆ្គង​របស់​សម្ព័ន្ធ​មិត្ត​លោក​ដែល​មិនបាន​ជួយ​លី​ប៊ី​ឲ្យ​ផុតពី​ស្ថានភាព​ចលាចល​ក៏ដោយ លោក អូ​បា​ម៉ា នៅតែ​ជឿជាក់ថា អន្តរាគមន៍​នៅ​លី​ប៊ី​ជា​រឿង​មិនអាច​ខ្វះ​បាន​។ លោក​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ពិតជា​បានធ្វើ​រឿង​ត្រឹមត្រូវ ពោលគឺ​ទប់ស្កាត់​ការសម្លាប់​រង្គាល​ប្រជាជន​ស៊ីវិល​នៅ​លី​ប៊ី​តែម្តង​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​ទទួលស្គាល់​ផងដែរ​ថា ទាំង​អាមេរិក​និង​សម្ព័ន្ធមិត្ត​សុទ្ធតែ​ថ្លោះធ្លោយ​ក្នុងការ​បង្កើត​ស្ថាប័ន​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​និង​មាន​ប្រសិទ្ធភាព​សម្រាប់​ដឹកនាំ​និង​រក្សា​សន្តិសុខ​ដែលជា​រឿង​ចាំបាច់​សម្រាប់​លី​ប៊ី​៕

(thmeythmey)

មតិយោបល់

Trending

Copyright © 2019 ANARCHAK