ពេលខ្លះការបាត់បង់ គ្រាន់តែជាការផ្លាស់ប្ដូរ!
Connect with us

បែបផែនជីវិត

ពេលខ្លះការបាត់បង់ គ្រាន់តែជាការផ្លាស់ប្ដូរ!

មានពេលខ្លះ យើងអាចនឹងបាត់បង់របស់ម្យ៉ាង ហើយយើងក៏ខូចចិត្ត ប៉ុន្ដែរាល់ការណ៍បាត់បង់ទាំងអស់ គឺជាការក្រើនរម្លឹកប្រាប់យើងថា ដំណើរជីវិតគឺជាការផ្លាស់ប្ដូរ ។ របស់ដែលយើងមានអាចបាត់បង់ដោយប្រការណាមួយ ក្ដីសង្ឃឹមដែលធ្លាប់រំពឹងអាចនឹងរលាយបាត់ដោយការបរាជ័យណាមួយ ។

វាពិតជាឈឺខ្លាំង ខណៈពេលដែលជីវិតរុញយើងទៅឈរនៅកន្លែងដែលពិបាកនឹងដកដង្ហើម ឬកន្លែងបរាជ័យដ៏ឈឺចាប់ ។ ក៏ប៉ុន្ដែការឈឺចាប់នេះ គឺជាការក្រើនរម្លឹកប្រាប់យើងថា យើងសក្កសមនឹងទទួលយកបទពិសោធដ៏មានតម្លៃមួយនេះបំផុត ។

ពេលខ្លះការបាត់បង់របស់ម្យ៉ាង វាគឺជាការផ្លាស់វេនឲ្យរបស់ថ្មីចូលមកជំនួសប៉ុណ្ណោះ ។ ពេលខ្លះបើមិនប្ដូររបស់ចាស់ចេញទេ ក៏មិនអាចទទួលបានរបស់ថ្មីដែរ បើមិនឈឺចាប់ខកបំណងខ្លះទេ យើងក៏មិនអាចស្អាល់នូវអ្វីដែលហៅថាជីវិតនោះដែរ ។ បាត់បង់អ្វីក៏បាត់ចុះ ដ្បិតវាបានបាត់បង់រួចទៅហើយ អ្វីដែលសំខាន់ គឺកុំតែបាត់ក្ដីសង្ឃឹម ។ ព្រះអាទិត្យនៅតែរះ តែការយល់ព្រមបើកភ្នែកមើលធម្មជាតិឬអត់ វាអាស្រ័យលើយើងខ្លួនឯង ។ ជីវិតគឺជាជម្រើស តើយើងនឹងជ្រើសយកការទួញសោកក្នុងពេលបរាជ័យ ឬជ្រើសយកការតាំងចិត្តដើរទៅមុខ ?

មិនមែនដួលហើយត្រូវត្អូញត្អែទេ យើងត្រូវចេះប្រើការឈឹចាប់មួយនេះឲ្យមានតម្លៃ ។ មនុស្សរាល់គ្នាដែលអាចញញឹមនឹងភាពវិជ្ជមានរបស់គេបានក្នុងពេលនេះ គឺសុទ្ធតែធ្លាប់ត្រូវរបួសរួចមកហើយ ហើយក៏ប្រហែលជាធ្លាប់បាត់បង់ច្រើនជាងយើងទៅទៀត ។ ត្រូវសម្លឹងមើលចំណុចខ្វះខាតរបស់ខ្លួនឯងឲ្យឃើញ ហើយបំពេញវាឲ្យពេញ នោះយើងនឹងរកឃើញសមត្ថភាពខ្លួនឯងពិតប្រាកដ ឃើញសម្រស់ជីវិតកាន់តែច្បាស់ ។ សំខាន់ពេលនេះត្រូវអត់ធ្មត់ រៀនផ្លាស់ប្ដូរខ្លួនឯង ៕

ប្រភពអត្ថបទដើម៖ Sun Veasna

មតិយោបល់

Trending

Copyright © 2019 ANARCHAK