តែងតែលឺគេនិយាយពីវារីអគ្គិសនី! តើអ្នកដឹងទេ "វារីអគ្គិសនី" មានប្រវត្តិដូចម្តេច?
Connect with us

គួរដឹង

តែងតែលឺគេនិយាយពីវារីអគ្គិសនី! តើអ្នកដឹងទេ “វារីអគ្គិសនី” មានប្រវត្តិដូចម្តេច?

វារីអគ្គិសនី គឺជា​ប្រភព​នៃ​ការផលិត​ថាមពល​អគ្គិសនី​ដែល​សព្វថ្ងៃ​កំពុង​តែមាន​តម្រូវការ​ខ្ពស់​នៅតាម​ទីប្រជុំជន និង​ទីជនបទ​នានា​ពាសពេញ​ផ្ទៃ​ប្រទេស​។ ការទាញយក​ថាមពល​ចេញពី​ចលនា​ទឹក​ទាមទារ​ការវិនិយោគ បច្ចេកវិទ្យា និង​ផ្ទៃ​ទឹក​ដែលមាន​លក្ខណៈ​សមស្រប​ក្នុងការ​សាងសង់​។ ចុះ​ការផលិត​ថាមពល​អគ្គិសនី​ចេញពី​ចលនា​ទឹក​នេះ​មាន​ប្រវត្តិ​ដូចម្តេច​?

នៅក្នុង​សតវត្សរ៍​ទី​២១​នេះ ទំនប់​វា​រី​អគ្គិសនី​មាន​វត្តមាន​សឹងតែ​នៅ​គ្រប់​ទន្លេ ឬ​ស្ទឹង​នានា​ជុំវិញ​ពិភពលោក​។ តែ​បច្ចេកវិទ្យា​មួយ​នេះ មិនមែនជា​បច្ចេកវិទ្យា​ដែល​ទើបនឹង​កកើត​នោះទេ​។ ដោយឡែក វា​គឺជា​បច្ចេកវិទ្យា​មួយ​ដ៏​បុរាណ តាំងពី​សម័យមុន​គ្រិស្តសករាជ​មកម្ល៉េះ​។ 

​បើតាម​ការសិក្សា​បែប​បុរាណវិទ្យា​បាន​ឲ្យ​យើង​ដឹងថា ការប្រើប្រាស់​កម្លាំង​ទឹក​ជាមួយនឹង​ឧបករណ៍​ដូចជា​រហាត់ទឹក​ដំបូងៗ​គេ​មួយចំនួន ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​រជ្ជកាល Han នៃ​ប្រទេស​ចិន ក្នុងអំឡុង​ឆ្នាំ​២០២​មុន​គ្រិស្តសករាជ រហូត​ទៅដល់​ឆ្នាំ​ទី​៩​ក្រោយ​គ្រិស្តសករាជ​។ គេ​បាន​ប្រើប្រាស់​វា​ក្នុង​គោលបំណង កិន​ម្សៅ បំបែក​ថ្ម ឬ​ក្នុង​ការផលិត​ក្រដាស​សរសេរ​ជាដើម​។ នេះ​គឺជា​ការលើកឡើង​ពី​គេហទំព័រ International Hydropower Association ។ 

​នៅពេលដែល​លោក Richard Arkwright បាន​ទាញយក​ថាមពលទឹក​ក្នុងការ​ត្បាញ​ផលិត​ក្រណាត់​កប្បាស​របស់លោក​ក្នុង​ឆ្នាំ​១៧៧១ នៅឯ​ប្រទេស​អង់គ្លេស វា​គឺជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុងការ​ប្រើប្រាស់​ថាមពលទឹក​សម្រាប់​បំពេញការងារ​ធ្ងន់ៗ​នៅក្នុង​រោងចក្រ​។ បច្ចេកវិទ្យា​ទំនើបៗ និង​សំខាន់​នៃ​វា​រី​អគ្គិសនី​កើត​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៩​។ នៅក្នុង​ឆ្នាំ​១៨២៧ វិស្វករ​បារាំង​ម្នាក់​មាន​ឈ្មោះថា Benoit Fourneyron បាន​បង្កើត​តួប៊ីន​មួយ​ប្រភេទ​ដែល​អាច​ផលិត​អគ្គិសនី​បា​នទី​ដល់​៦​សេះ ដែល​តួប៊ីន​គឺជា​កង់រ​ង្វិ​ល​សំខាន់​ក្នុង​ការផលិត​ថាមពល​អគ្គិសនី​តាម​លំនាំ​នៃ​ការបង្កើត​ដែន​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​។ 

នៅក្នុង​ឆ្នាំ​១៨៤៩ វិស្វករ​ជនជាតិ​អង់គ្លេស​អាមេរិក លោក James Francis បាន​បង្កើត​តួប៊ីន​មួយ​ប្រភេទ​ទៀត​ដែលមាន​លក្ខណៈ​ទំនើប​ជាមុន ហើយក៏​ជា​តួប៊ីន​ដែល​គេ​ប្រើប្រាស់​ច្រើនជាងគេ​នៅតាម​ទំ​ន​ប់​វា​រី​អគ្គិសនី​សព្វថ្ងៃ​ដែរ​។ ក្នុង​ឆ្នាំ​១៩១៣ លោក Viktor Kaplan ដែលជា​ជនជាតិ​អូទ្រីស​បាន​បង្កើត​តួប៊ីន​ទំនើប​មួយ​ប្រភេទ​ទៀត​ដែល​អាច​ផ្លាស់ប្តូរ​មុំ​នៃ​ស្លាប​ចាក់​របស់​វា​បាន ដើម្បី​តម្រូវ​ទៅតាម​ល្បឿន​នៃ​កម្លាំង​ទឹក​ហូរ​។ 

ទំ​នប់​វា​រី​អគ្គិសនី​ដែលមាន​ទម្រង់​ស្រដៀង​គ្នា​ទៅនឹង​សព្វថ្ងៃ នឹង​បង្កើតឡើង​ក្នុងការ​ទាញយក​អគ្គិសនី​តែម្តង គឺ​ត្រូវបាន​គេ​បង្កើតឡើង​នៅក្នុង​ទីជនបទ​មួយ​មាន​ឈ្មោះថា Northumberland ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ​១៨៧៨ ដែល​ក្នុងពេលនោះ វា​រី​អគ្គិសនី​នេះ​ត្រូវបាន​គេ​ត​ភ្ជាប់​ដើម្បី​បំ​ភ្លើ​ចង្កៀង​តូច​មួយ​នៅក្នុង​គេហដ្ឋាន​តែប៉ុណ្ណោះ​។ បួន​ឆ្នាំ​ក្រោយមក វា​រី​អគ្គិសនី​បែប​ពា​ណិ​ជ្ជក​ម្ម​ដំបូង​គេ​ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​នៅឯ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​។ មួយ​ទសវត្សរ៍​ក្រោយមក វា​រីអគ្គិសនី​ជាច្រើន​រយ​កន្លែង​ទៀត​ត្រូវបាន​ចាប់កំណើត​ឡើង​ពាសពេញ​ផ្ទៃ​ប្រទេស​។ 

ចាប់តាំងពី​ពេលនេះ​មក វា​រី​អគ្គិសនី​បាន​រីកដុះដាល​សឹងតែ​ពាសពេញ​ទ្វីប​នានា​។ នៅក្នុង​សតវត្ស​រ៍ទី​២០ ការប្រើប្រាស់​ទំ​នប់​វា​រី​អគ្គិសនី​មាន​សន្ទុះ​កើនឡើង​យ៉ាង​រហ័ស​។ អតីត​ប្រធានាធិបតី​អាមេរិក លោក Franklin Roosevelt បាន​បង្កើត​ផែនការ New Deal នៅក្នុង​ឆ្នាំ​១៩៣០ ក្នុងការ​សាងសង់ ទំ​បន់ធំៗ​ដូចជា ទំ​បន់ Hoover និង​ទំ​បន់ Coulee ដែល​បាន​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រទេស​ប្រមាណ​ជា​៤០​ភាគរយ​នៅក្នុង​ឆ្នាំ​១៩៤០​។ តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​មក ចលនា​នៃ​ការអភិវឌ្ឍ​ប្រទេស​ដែល​បាន​ខូ​ត​ខាត ទាមទារ​ការបង្កើត​វា​រី​អគ្គិសនី​កាន់តែច្រើន ជាពិសេស​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប សូ​វៀត ជប៉ុន ជាដើម​។ នៅក្នុងពេល​ប៉ុន្មាន​ទសវត្សរ៍​ចុះ​ក្រោយនេះ ប្រេ​ស៊ី​ល និង​ចិន ក៏​កំពុង​ដែល​ផ្តោត​សំខាន់​ក្នុងការ​សាងសង់​ទំ​បន់​វា​រី​អគ្គិសនី​ដែរ​។ 

នៅក្នុង​ឆ្នាំ​១៩៨៤ ប្រេ​ស៊ី​ស និង​ប៉ា​រ៉ា​ហ្គា​យ បាន​សាងសង់​ទំ​បន់ Itaipu ដែល​អាច​ផលិត​អគ្គិសនី​រហូត​ទៅដល់ ១៤០០០​មេ​ហ្គា​វ៉ា​ត់ និង​ទំនប់ Three Gorges របស់​ចិន ដែល​អាច​ផលិត​អគ្គិសនី​រហូត​ទៅដល់​២២៥០០​មេ​ហ្គា​វ៉ា​ត់​។ ជាមួយនឹង​ការរីកដុះដាល​នេះ អង្ក​ការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ត្រូវបាន​គេ​បង្កើតឡើង​ក្នុងការ​ពិនិត្យ និង​គ្រប់​គ្រង់​ការសាងសង់​នៃ​ទំ​បន់​វា​រី​អគ្គិសនី ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​សាងសង់​។ នៅក្នុង​ថ្ងៃ​ខាងមុខ គេ​​សង្ឃឹមថា ទំ​បន់​វា​រី​អគ្គិសនី​នឹង​ក្លាយជា​មធ្យោបាយ​ក្នុងការ​ទាញយក​ថាមពល​បៃតង​ដ៏​សំខាន់​ជាង​គេ ហើយក៏​ដើម្បី​សម្រេច​គោលដៅអភិវឌ្ឍន៍ដោយចីរភាព (Sustainable Development Goals) និង​ក៏​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​សីតុណ្ហភាពពិភពលោក​​ឲ្យនៅ​ក្រោម​២​អង្សា​សេ ដែល​មានចែងក្នុង​កិច្ចព្រមព្រៀងអាកាសធាតុក្រុង​ប៉ារីស​៕

​ដោយ៖ គី ចំណា

ប្រភពអត្ថបទ៖ thmeythmey.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK