ត្រូវដឹង! យុវជនយើងគួររៀនប្រើប្រាស់ពាក្យខ្មែរឱ្យបានត្រឹមត្រូវ រវាងពាក្យ "សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់"
Connect with us

គួរដឹង

ត្រូវដឹង! យុវជនយើងគួររៀនប្រើប្រាស់ពាក្យខ្មែរឱ្យបានត្រឹមត្រូវ រវាងពាក្យ “សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ឱ្យបានច្បាស់”

ក្នុងពេល​បច្ចុប្បន្ន​គេ​កត់សម្គាល់ឃើញ​មានការ​យល់ច្រឡំ​ចំពោះ​អត្ថន័យ​ពាក្យ សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ យ៉ាងខ្លាំង ដោយ​កូន​ខ្មែរ​មួយចំនួន​មិនទាន់​យល់ច្បាស់ និង ចែកឱ្យដាច់​រវាង​ពាក្យ​ទាំងនេះ​នៅឡើយ ។ មាន​អ្នកខ្លះ​គ្រាន់តែ​ឮ​គេ​ថា និង កាត់​ន័យ​តាម​ការយល់​ដោយ​ខ្លួនឯង ហើយ​យកទៅ​ប្រើ​ដោយ​មិនបាន​យល់​ន័យ​ច្បាស់លាស់​ទៀតផង ។​

​អ្វី​ទៅ​ដែល​ហៅថា​សុភាវធម៌ ?
​សុភាវធម៌ = សុ (​ល្អ ប្រពៃ ប្រសើរ​) + ភាវ (​ភាព​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ពាក្យ​ទូន្មាន​ណែនាំ ច្បាប់ វិន័យ​) ។ សុភាវធម៌ មានន័យថា ជា​ក្រឹត្យក្រម ច្បាប់​វិន័យ​អប់រំ ដើម្បីឱ្យ​មនុស្ស​មានដំណើរ​ក្នុង​ភាពជា​មនុស្ស​ល្អ​ប្រពៃ​ប្រសើរ ។ សុភាវធម៌​ចែកចេញជា​បី​គឺ សុជីវធម៌ សីលធម៌ និង គុណធម៌ ។​

​អ្វី​ទៅ​សុជីវធម៌ ?
​សុជីវធម៌ = សុ (​ល្អ ប្រពៃ ប្រសើរ​) + ជីវ (​ជីវិត​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ។ សុជីវធម៌ សំដៅ​ទៅលើ​ច្បាប់​អប់រំ​ខ្លួន ដើម្បី​រក្សា​ដំណើរ​ជីវិត​ឱ្យ​ប្រពៃ​សមសួន ។ សុជីវធម៌ មាន​រួមបញ្ចូល​នូវ​ការអប់រំ​ផ្សេងៗ ដូចជា ៖
-​ការប្រើ​ពាក្យពេចន៍ និង ការប្រព្រឹត្ត​កិរិយា​ឱ្យ​សមសួន​តាម​វ័យ ឋានៈ និង ទីកន្លែង ជាដើម ។​
-​ការរៀន​ទទួលខុសត្រូវ​ចំពោះមុខ​នាទី​របស់ខ្លួន ។​
-​ការទទួលស្គាល់​ដឹងថា​ខ្លួន​ជា​ផ្នែក​មួយ​នៃ​សង្គម ត្រូវ​ស្គាល់​ច្បាប់ទម្លាប់ និង វិន័យ​ដែលមាន​ចែង​សម្រាប់​រក្សា​សណ្ដាប់ធ្នាប់ វិន័យ និង របៀបរៀបរយ​ក្នុង​គ្រួសារ ឬ ក្នុងសង្គម

​តើ​អ្វី​ទៅ​សីលធម៌ ?
​កន្លងមក​ខ្មែរ​យើង​ខ្លះ ចំណាំ​នាំគ្នា​ប្រើពាក្យ​នេះ​តាម​សម័យ​ប៉ុលពត ដែល​គេ​ប្រើពាក្យ​នេះ​សំដៅ​ទៅលើ​ចំណង​រវាង​បុរស និង ស្ត្រី ។ តែ​ពេលនេះ យើង​សិក្សា​អំពី​អត្ថន័យ​ពិតប្រាកដរ​បស់ពាក្យ​សីលធម៌ ។​
​សីលធម៌ = សីល (​ដំណើរ​ប្រព្រឹត្ត វៀរចាក​អំពើ​បាប ឬ​អំពើអាក្រក់​) + ធម៌ (​ឧិ​វាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ។ សីលធម៌ សំដៅ​ទៅលើ​វិន័យ​ក្រឹត្យក្រម​សម្រាប់​អប់រំ​ខ្លួន​ឱ្យ​ប្រព្រឹត្ត កាយ វាចា ចិត្ត វៀរចាក​នូវ​អំពើ​បាប ឬ អំពើអាក្រក់ ។ តើ​សីលធម៌​មាន​អ្វីខ្លះ ?
​នៅក្នុង​ព្រះពុទ្ធសាសនា ជន​សាមញ្ញ​ទូទៅ​ហោចណាស់​ត្រូវ​រៀនកាន់​ក្រឹត្យ​វិន័យ​ឱ្យបាន​ប្រាំ​សាខា ធំៗ គឺ ៖
-​មិន​គិត មិន​ប្រព្រឹត្ត​អំពើ​ពាលា យាយី រំខាន ជីវិត ឬ សេចក្ដីសុខ​របស់ខ្លួន ឬ របស់​អ្នកដទៃ ដោយ កាយ វាចា ចិត្ត និង គំនិត ។​
-​មិន​លួច​កេងប្រវ័ញ្ច​លើ​អ្នកដទៃ​ដើម្បី​ប្រយោជន៍​របស់ខ្លួន ដោយ​ការប្រព្រឹត្ត​ទាំង កាយ វាចា ចិត្ត និង គំនិត ។​
-​មិន​ភូតភរ​កុហក​បោកប្រាស់ មិន​បំផ្លើសការពិត​ឱ្យ​កើតមាន​សៅហ្មង ឬ អន្តរាយ ។​
-​មិន​សេព​គ្រឿង​ស្រវឹង​ដែល​ធ្វើឱ្យ​បាត់​សតិ​ស្មារតី លែង​ស្គាល់ ខុសត្រូវ ល្អ​អាក្រក់ សុចរិត ទុច្ចរិត ។​
-​មិន​ប្រព្រឹត្ត​ខុស​នៅក្នុង​វិន័យ​ផ្លូវភេទ មិន​ក្បត់​ភក្ដីភាព​ចំពោះ​ស្វាមី​-​ភរិយា មិន​បង្ក​អនាធិបតេយ្យ​ផ្លូវភេទ​ដោយ​ប្រការ​ណាមួយ​ឡើយ ជាពិសេស​ត្រូវ​ចេះ​រំលត់ លោភៈ ទោសៈ មោហៈ របស់ខ្លួន ។​

​តើ​គុណធម៌​ជា​អ្វី ?
​គុណធម៌ = គុណ (​ដំណើរ​ធ្វើឱ្យ​ចម្រើន​ឡើង ដោយ​លក្ខណៈ​ដែល​អ្នកដទៃ​គួរ​គោរព​) + ធម៌ (​ឧិ​វាទ ក្រិ​ត្យ​ក្រម ច្បាប់ វិន័យ ពាក្យ​ទូន្មាន​ណែនាំ​) ។ គុណធម៌​មានន័យថា​ជាការ​ប្រព្រឹត្ត​អំពើ​ល្អប្រសើរ​ចំពោះ​អ្នកដទៃ ជា​អំពើ​ដែល​នាំមក​នូវ​ភាព​ចម្រុងចម្រើន​កាន់តែច្រើន ដែល​គេ​ផង​រាល់គ្នា​គោរព​កោតសរសើរ ហើយក៏​មាន ទឹកចិត្ត​កតញ្ញូ ចង់​តបស្នង ធ្វើ​នូវ​អំពើ​ល្អ​នោះ​ត្រឡប់​ទៅវិញ បន្ថែម​បន្តទៀត ដោយ​ទឹកចិត្ត​ជ្រះថ្លា​ពី​ក្នុង​ចិត្ត​ក្នុង​បេះដូង​របស់គេ ។ គុណធម៌​គឺជា​ដំណើរ​ប្រព្រឹត្ត អំពើ​ល្អ​របស់​មនុស្ស​ចំពោះ​ពលរដ្ឋ​ដទៃទៀត​ក្នុងសង្គម ដូចជា​សង្គម​គ្រួសារ សង្គម​ការងារ សង្គមជាតិ ជាដើម ។​

តើ​ដំណើរ​ប្រព្រឹត្ត​អំពើ​គុណធម៌ មាន​អ្វី​ខ្លះទៅ ជា​ឧទាហរណ៍ ?
-​ការ​មាន​ទឹកចិត្ត​ជួយ​ឈឺឆ្អាល សុខទុក្ខ​គ្នា ជួយ​ហុចដៃ ហុច​គំនិត យិ​ត​យោងគ្នា ពេល​មាន​គ្រោះអាសន្ន ឬ មានការ​ខ្វះខាត ជាដើម ។​
-​ការមិន​ឈរ​មើលបំណាំ​គ្នា ចាប់កំហុស​គ្នា ទៅវិញទៅមក ។​
-​ការនិយាយស្ដី​លើក​កម្លាំងចិត្ត ។​
-​ការជួយ​ដាស់តឿន បង្រៀន រំលឹក ណែនាំ​គ្នា ។​
-​ការដឹក​ដៃ ប្រាប់​នូវ​ប្រភព​ល្អៗ សម្រាប់​ពលរដ្ឋ ក្នុងសង្គម​គ្រួសារ​ខ្លួន ឬ សង្គមជាតិ​ឱ្យ​ចេះ​ជួយ​ខ្លួនឯង ឱ្យ​រៀន​ស្វែងរក​ផ្លូវ​ប្រសើរ​ក្នុង​ជីវិត ។​
-​ការ​មាន​សេចក្ដី​សណ្តោស​មេត្តា និង មាន​សប្បុរសធម៌ ដល់​ពិការ​ជន ទុរគតជន កុមារកំព្រា ជន​ដែលមាន​ជំងឺ​សតិ ចាស់ជរា ឬ មនុស្ស​ដែល​មិន​អាចជួយ​ខ្លួនឯងបាន ។​
-​ការផ្ដល់​វិជ្ជា ការថែទាំ​អប់រំ ការរក្សា​មនុស្ស ឱ្យ​ចាក​ផុតពី​ការប្រព្រឹត្ត​អំពើអាក្រក់ ជាដើម ។​

​ហេតុ​ដូច្នេះហើយ ក្នុងនាម​ជា​កូន​ខ្មែរ យើង​ត្រូវតែ​ស្វែងយល់​ឱ្យ​ច្បាស់​ពី​អត្ថន័យរ​បស់ពាក្យ​ទាំងអស់នេះ ជាពិសេស​ត្រូវ​រៀន​ពី​សុភាវធម៌​ខ្មែរ ដើម្បី​ខ្លួនឯង គ្រួសារ និង សង្គមជាតិ​ផងដែរ ។ ជា​ចុងបញ្ចប់​សូម​អរគុណ​ដល់​អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែល​បាន​ចងក្រង​ឯកសារ​អំពី​សុភាវធម៌​ខ្មែរ​នេះ​ឡើង ដើម្បី​ជា​ប្រយោជន៍​ទៅដល់​កូន​ខ្មែរ​ក្នុង​សិក្សា​ស្វែងយល់ ៕

(​សម្រួល​ពី Everyday.com)​ អត្ថបទដោយ​៖ សាកល

ប្រភពអត្ថបទ៖ www.popular.com.kh

គួរដឹង20 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ21 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង21 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ21 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ21 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK