រឿង "ក្មេងប្រុសនិងគូល័រ១ប្រអប់" អានហើយផ្តល់មេរៀនជីវិតដ៏មានតម្លៃ
Connect with us

បែបផែនជីវិត

រឿង “ក្មេងប្រុសនិងគូល័រ១ប្រអប់” អានហើយផ្តល់មេរៀនជីវិតដ៏មានតម្លៃ

ក្មេងប្រុសម្នាក់មានគូល័រ១ប្រអប់។ នៅក្នុងប្រអប់នោះ មានគូល័រ១២ដើម។ ក្មេងប្រុសនោះចូលចិត្តផាត់ពណ៌ផ្កាឈូកនិងពណ៌បៃតង រហូតវាក្លាយជាពណ៌ដែលពេញនិយមជាងគេ សូម្បីតែនៅសាលារៀនក៏មិត្តភ័ក្ដិក្មេងប្រុសនោះចូលចិត្តជ្រើសរើសពណ៌ទាំងពីរនេះដែរ។ ពណ៌ផ្សេងៗអាចប្រើប្រាស់ម្ដងម្កាល សម្រាប់ការធ្វើឱ្យគំនូរកាន់តែស្រស់ស្អាត។

ចំណែកឯពណ៌ដែលគេមិនងាយយកទៅប្រើគឺពណ៌ខ្មៅ ព្រោះគេយល់ថាគំនូរមានស្នាមខ្មៅដៃរួចស្រាប់ទៅហើយ។
ពណ៌បៃតង និងពណ៌ផ្កាឈូក មានមោទនភាពលើខ្លួនឯងខ្លាំងណាស់ ព្រោះគេក្លាយជាពណ៌ដែលមនុស្សចូលចិត្ត។ ពណ៌ផ្សេងៗបានសួរទៅពណ៌ខ្មៅថា “ឯងមិនតូចចិត្តទេឬ? កាលដែលឯងមិនត្រូវបានមនុស្សជ្រើសរើសទៅផាត់ពណ៌?”។ ពណ៌ខ្មៅញញឹម មិនតបតអ្វីទាំងអស់!

ថ្ងៃមួយ ជាងគំនូរដ៏ល្បីល្បាញដែលជាឪពុកក្មេងប្រុសនោះ បានយកគូល័រពណ៌ខ្មៅទៅផាត់លើគំនូររបស់គាត់ ហើយគាត់មិនបានយកមកសងកូនប្រុសវិញទេ ព្រោះឃើញថាកូនរបស់គាត់មិនចូលចិត្តប្រើ។ តាំងពីថ្ងៃនោះមក ពណ៌ខ្មៅតែងតែមានវត្តមានក្នុងផ្ទាំងគំនូររបស់វិចិត្រករដ៏ល្បីល្បាញនោះ។

*** ជួនកាលអ្នកដូចជាគូល័រក្នុងប្រអប់អ៊ីចឹង! អ្នកមិនបានកើតមកដើម្បីតែផ្គាប់ចិត្តមនុស្សគ្រប់គ្នានោះទេ តែថ្ងៃណាមួយប្រាកដជាមានមនុស្សអ្នកជ្រើសរើសយកអ្នក ព្រោះពួកគេយល់ថាអ្នកអាចធ្វើឱ្យគំនូររបស់ពួកគេ កាន់តែស្រស់ស្អាត មួយកម្រិតទៀត!
កុំចង់ផ្លាស់ប្ដូរខ្លួនឯងឱ្យត្រូវជាមួយនឹងអ្នកដទៃ ត្រូវចាំថា អ្វីដែលអ្នកមាន គឺលក្ខណៈពិសេសដាច់គេរបស់អ្នក៕

ប្រភពអត្ថបទ៖ Iread Publisher

មតិយោបល់

Trending

Copyright © 2019 ANARCHAK