តើហេតុអ្វី សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក បែរជាហេតុនាំអោយ​វិស័យ​ទេសចរណ៍នៅ​អាស៊ីអាគ្នេយ៍រងគ្រោះ?
Connect with us

អន្តរជាតិ

តើហេតុអ្វី សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក បែរជាហេតុនាំអោយ​វិស័យ​ទេសចរណ៍នៅ​អាស៊ីអាគ្នេយ៍រងគ្រោះ?

ថៃ ដែល​ជា​ទិសដៅទេសចរណ៍​ដ៏​សំខាន់​បំផុតមួយ​នៅ​ក្នុង​តំបន់​អាស៊ី ​បាន​ចេញផ្សាយ​តួលេខ​ផ្លូវការ​មួយ​ដែល​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​ ៩ខែ គឺ​ចាប់​ពីខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ២០១៩​នេះ ចំនួន​ទេសចរ​ចិនទៅលេង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​រហូតដល់​ទៅ​ប្រមាណ​ជា ២៥% បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៨​កន្លងទៅ។

តាមការពិត​ទៅ ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​ចិន​នេះ​មិនមែន​កើតមាន​តែ​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​នោះទេ ក៏ប៉ុន្តែ កំពុងតែ​កើតមាន​ជា​លក្ខណៈ​ទូទៅ នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត ហើយ​មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​នេះ គឺ​សង្រ្គាម​ពាណិជ្ជកម្ម​ រវាង​ចិន និង​អាមេរិក។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​ថា ទេសចរចិន​​គឺ​ជា​ចលករ​ដ៏​ចម្បងមួយ​នៃ​ទីផ្សារ​ទេសចរណ៍​ពិភពលោក ដោយ​គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ មាន​ទេសចរ​ចិន​រហូត​ដល់​ទៅ​ប្រមាណ​ជា ១៥០លាន​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ក្រៅប្រទេស ហើយ​ការចំណាយ​របស់​អ្នកទេសចរ​ចិន​ មាន​ទំហំ​រហូត​ដល់​ទៅ​ប្រមាណ​ជា ២៥% នៃ​ការ​ចំណាយ​ទេសចរសរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល។ នេះ​បើ​យោងតាម​តួលេខ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (World Tourism Organization)។

ក៏ប៉ុន្តែ នៅ​​ឆ្នាំ២០១៩​នេះ គេ​សង្កេតឃើញ​ថា ចំនួន​ទេសចរ​ចិន​ទៅ​ក្រៅ​ប្រទេស​មាន​ការ​ធ្លាក់ចុះ​ច្រើន ហើយ​គ្រាន់តែ​នៅ​ត្រីមាស​ទី១​ឆ្នាំ​នេះ ការ​ចំណាយ​របស់​ទេសចរចិន​នៅ​ក្រៅ​ប្រទេស​បាន​ធ្លាក់ចុះ​​រហូត​ដល់​ទៅ ១០% បើ​ធៀប​នឹង​​ត្រីមាស​​ទី១​​ឆ្នាំ២០១៨​កន្លង​ទៅ។

​ការ​ធ្លាក់ចុះ​នៃ​ចំនួន និង​ទំហំ​នៃ​ការ​ចំណាយ​របស់​អ្នកទេសចរ​ចិន​នេះ​អាច​បណ្តាល​មក​ពី​កត្តា​ច្រើន​ផ្សេងគ្នា ដោយ​នៅ​ក្នុងនោះ បញ្ហា​សុវត្ថិភាព អនាម័យ និង​គោលនយោបាយ​របស់​ប្រទេស​ជា​ទិសដៅ​ទេសចរនីមួយៗ ក៏​ជា​កត្តា​ដ៏​សំខាន់​ផងដែរ ក៏ប៉ុន្តែ មូលហេតុ​ដ៏​ចម្បង​ជាងគេ​បំផុត គឺ​សង្រ្គាម​ពាណិជ្ជកម្ម រវាង​ចិន និង​អាមេរិក ដែល​កំពុងតែ​បង្កើត​នូវ​បញ្ហា​ពីរ​ដល់​វិស័យទេសចរណ៍​អន្តរជាតិ គឺ​​សេដ្ឋកិច្ច​ចិន​ត្រូវ​មាន​កំណើន​យឺតជាងមុន ហើយ​ក្នុងពេល​ជាមួយគ្នា តម្លៃ​លុយយ័ន​របស់​ចិន​ក៏​ត្រូវ​ធ្លាក់ចុះ។

នៅ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ វា​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាជន​មួយ​ចំនួន​ក៏​ត្រូវ​ធ្លាក់ចុះ ហើយ​ក្នុងពេល​ជាមួយគ្នា តម្លៃ​លុយយ័ន​​ក៏​ត្រូវ​ធ្លាក់ចុះ ដែល​មានន័យ​ថា លុយ​ដែល​ទេសចរ​ចិនរក​បាន​ជា​យ័ន​​ នៅ​ពេល​ដូរ​ទៅ​ជា​លុយ​បរទេស​ក៏​ត្រូវ​បាន​តិច​ជាងមុន។ ជាលទ្ធផល កញ្ចប់​ថវិកា​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​ក៏​ត្រូវ​ធ្លាក់ចុះ​ខ្លាំង ដោយ​ខ្លះ​លែងមាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ក្រៅប្រទេស រីឯ​ខ្លះ​ទៀត បើ​ទោះបីជា​នៅមាន​លទ្ធភាព ក៏ប៉ុន្តែ សុខចិត្ត​ផ្អាកគម្រោងសិន ដោយ​សារ​តែ​បារម្ភ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​មិន​ច្បាស់លាស់ ឬ​ក៏​​ចង់​រង់ចាំ​មើល​ក្រែង​ស្ថានភាព​សេដ្ឋកិច្ច​បាន​ប្រសើរ​មកវិញ។

ជាលទ្ធផល ចំនួន​ទេសចរ​ចិន​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ក៏​ត្រូវ​ធ្លាក់ចុះ ចំណែក​ឯ​អ្នកដែល​​នៅ​បន្ត​ធ្វើ​ដំណើរ​ទៅលេង​ក្រៅប្រទេស​ក៏​ចំណាយ​តិច​ជាងមុន នៅ​តាម​បណ្តា​ប្រទេស​ដែល​ខ្លួន​ទៅលេង។ មែនទែន​ទៅ ការ​ធ្លាក់ចុះ​នៃ​ទេសចរ​ចិន​នេះ កំពុងតែ​កើតមាន​ឡើង​ជា​លក្ខណៈ​ទូទៅ នៅ​ទូទាំង​ពិភពលោក​ទាំងមូល ក៏ប៉ុន្តែ សម្រាប់​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ការធ្លាក់ចុះ​នេះ​អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​ខ្លាំង​ ម្យ៉ាង គឺ​ដោយសារ​តែ​បណ្តា​ប្រទេស​ទាំងនេះ រួម​មាន​ដូចជា​ប្រទេស​ថៃ ឥណ្ឌូណេស៊ី និង​កម្ពុជា ជាដើម សុទ្ធតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែកច្រើន​លើ​វិស័យ​ទេសចរណ៍ ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំងនេះ​ក៏​មាន​ការ​ពឹងផ្អែក​យ៉ាង​​ខ្លាំង​ផងដែរ​​លើ​ទេសចរ​ចិន។

ត្រង់​ចំណុច​នេះ គេ​អាច​យល់​បាន​ថា បណ្តា​ប្រទេស​ទាំង​នេះ​ចង់​ឆ្លៀតឱកាស​ទាញ​យក​ផលប្រយោជន៍​ពី​​កំណើន​ទេសចរ​ចិន ដែល​មាន​សន្ទុះ​​យ៉ាងលឿន នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ។ ក៏ប៉ុន្តែ  វិស័យ​ទេសចរណ៍​ក៏​មិន​ខុស​ពី​​​វិស័យ​ផ្សេងទៀត​ប៉ុន្មាន​ដែរ នៅ​ពេល​ដែល​គេ​ពឹងផ្អែក​​កាន់តែ​ខ្លាំង​ទៅលើ​តែ​ទីផ្សារ​ណាមួយ ហានិភ័យ​ក៏​មាន​កាន់តែ​ច្រើន​ទៅតាម​នោះ​ផងដែរ។

ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា បណ្តា​ប្រទេស​មួយ​ចំនួន​កំពុងតែ​ព្យាយាម ​ទាក់ទាញ​ទេសចរ​មក​ពី​ប្រទេស​ផ្សេង ដើម្បី​ជំនួស​ទេសចរ​ចិន ដែល​ធ្លាក់ចុះ ហើយ​ទីផ្សារ​​ដ៏​មាន​សក្តានុពល​មួយ ដែល​គេ​កំពុង​តែ​សំឡឹង​ឃើញ​​នៅក្នុងពេល​បច្ចុប្បន្ន​នេះ គឺ​ឥណ្ឌា។ឥណ្ឌា​ជា​ទីផ្សារ​មួយ​ប្រកប​ដោយ​សក្តានុពល នៅ​ក្នុង​វិស័យ​ទេសចរណ៍​ ពីព្រោះ​ថា ឥណ្ឌា​គឺ​ជា​ប្រទេស​​​មាន​​ប្រជាជន​ច្រើន រហូត​ដល់​ទៅ​ជាង ១ពាន់៣រយលាននាក់ ហើយ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជា​រៀងរាល់​ឆ្នាំ ប្រជាជន​ឥណ្ឌា​ដែល​មាន​ចំណូល​ពី​មធ្យម​ទៅ​ខ្ពស់ ដែល​មាន​លទ្ធភាព​​​​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​បរទេស​ក៏​មាន​​ចំនួន​ច្រើន។

ហេតុដូច្នេះហើយ​បាន​ជា​គេ​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ២០១៩​នេះ នៅ​ពេល​ដែល​ទេសចរ​ចិន​ធ្លាក់​ចុះ​ខ្លាំង ប្រទេស​មួយ​ចំនួន​បាន​ងាក​ទៅ​ផ្តោត​លើ​ការ​ទាក់ទាញ​ទេសចរ​ឥណ្ឌា​វិញ​ម្តង ដូចជា​ប្រទេស​វៀតណាម​ជាដើម ​ទើប​នឹង​បាន​អនុញ្ញាត​ឲ្យ​មាន​ជើង​ហោះហើរ​ដោយ​ត្រង់​ ​ជាមួយ​​​ឥណ្ឌា​ចាប់ពី​ខែ​តុលា​នេះ​តទៅ ចំណែក​ថៃ​វិញ ដែល​មាន​ជើង​ហោះហើរ​ដោយ​ត្រង់​ជាមួយ​ឥណ្ឌា​ស្រាប់ ទើប​នឹង​បាន​សម្រេច​ឈប់​យក​ថ្លៃ​ទិដ្ឋាការ​ពី​ទេសចរ​ឥណ្ឌា ចាប់​ពី​ខែ​មេសា​ ដើមឆ្នាំ២០១៩​កន្លងទៅនេះ៕

ប្រភព៖ km.rfi.fr

គួរដឹង19 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ19 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង19 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ19 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ20 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK