សម្តេច ហ៊ុន សែន សម្រេចលុប​សិទ្ធិផ្តាច់មុខចេញពីក្រុមហ៊ុន​ស៊ិន​ទ្រី ក្រោយមានវិបិត្ត​សំរាម​នៅរាជធានី​ភ្នំពេញ
Connect with us

ថ្មីៗ

សម្តេច ហ៊ុន សែន សម្រេចលុប​សិទ្ធិផ្តាច់មុខចេញពីក្រុមហ៊ុន​ស៊ិន​ទ្រី ក្រោយមានវិបិត្ត​សំរាម​នៅរាជធានី​ភ្នំពេញ

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ដំណោះស្រាយ​មួយ​លើ​ការងារ​សំអាត​សំរាម​នៅ​រាជធានី​ភ្នំពេញ​។ នា​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែតុលា នេះ ប្រមុខ​រដ្ឋាភិបាល​លើកឡើង​ពី​គម្រោង​ពិភាក្សា​នៅក្នុង​គណៈរដ្ឋមន្ត្រី ដោយ​រដ្ឋ​ត្រៀម​យក​ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​គ្រប់គ្រង​បណ្តោះអាសន្ន ហើយនឹង​មានការ​បែងចែក​តំបន់​ប្រមូល​សំរាម​ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ច្រើន​ប្រជែង​ដេញថ្លៃ​។​

«​ទុក​ឲ្យ​ស៊ិន​ទ្រី​បន្ត​គឺ​អត់​បានឡើយ​…​ជម្រើស​ត្រូវ​បែង​ចែកជា​តំបន់ ហើយ​ត្រូវមាន​ក្រុមហ៊ុន​យ៉ាងតិច​៣ យក​ល្អ​៤ ដើម្បី​ប្រមូល​សំរាម​នៅ​ភ្នំពេញ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច ហ៊ុន សែន ជាមួយនឹង​ការពន្យល់​បន្ថែមថា រដ្ឋ​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី តាំងពី​ជំនាន់​សំរាម​១​មួយថ្ងៃ​ពី​៣០០ ទៅ​៥០០​តោន​ក្នុង​១​ថ្ងៃ ហើយ​បច្ចុប្បន្ន កើន​ដល់​ប្រមាណ​៣០០០​តោន​ក្នុង​១​ថ្ងៃ រីឯ​ទំហំ​រាជធានី​ភ្នំពេញ​ក៏​កើន​ពី​៣០០ ទៅ​ជាង​៦០០​គីឡូម៉ែត្រ​ការ៉េ​ផងដែរ​។​

​ប្រមុខ​រដ្ឋាភិបាល​វាយ​តម្លៃ​ថា ក្រុមហ៊ុន​ស៊ិន​ទ្រី​តែមួយ​ពិតជា​មិនអាច​ដោះស្រាយ​បញ្ហា​សំរាម​នៅ​រាជធានី​ភ្នំពេញ​បានឡើយ​។ សម្តេច​បានលើកឡើង​ពី​វិធីសាស្ត្រ​ដែល​ទៅមុខ និង​មិនអាច​ស៊ិន​ទ្រី​ខាតបង់​។ សម្តេច​បញ្ជាក់ថា​៖ «​រដ្ឋ​ត្រូវយក​ក្រុមហ៊ុន​នោះ [​ស៊ិន​ទ្រី​] មកវិញ​សិន ទាំង​បុគ្គលិក សម្ភារ រថយន្ត​… ហើយ​រៀបចំ​តំបន់​ឲ្យ​ដាក់​ដេញថ្លៃ​»​។

សម្តេចនាយក​រដ្ឋមន្ត្រី បាន​អះអាងថា ការបែងចែក​តំបន់​ពី​៣​ទៅ​៤​តំបន់ សម្រាប់​ការប្រមូល​សំរាម នឹង​កាត់បន្ថយ​ការ​ថ្ងូរ​របស់​ពលរដ្ឋ ដែល​មួយថ្ងៃៗ ឮ​តែ​ពាក្យ «​ស៊ិន​ទ្រី​»​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ស៊ិន​ទ្រី ក៏​អាចដាក់​ពាក្យ​ដេញថ្លៃ​ប្រជែង​ផងដែរ ប៉ុន្តែ​មិនមែន​ពេញ​មួយ​រាជធានី​ភ្នំពេញ​នោះឡើយ​។​

​សម្តេច​ក៏បាន​កត់សម្គាល់​ផងដែរ លើ​គម្រោង​សាងសង់​ទីលាន​ចាក់សំរាម​ចំនួន​៣​កន្លែង​ដែល​មិនទាន់​ចេញ​ជា​រូបរាង​សូម្បីតែ​បន្តិច ក្នុងនោះ​មាននៅ​កៀនស្វាយ​ជាដើម ដូច្នេះ​បើ​មិនមាន​ការបែងចែក​តំបន់​ទេនោះ បញ្ហា​សំរាម​ពិតជា​មិនអាច​ដោះស្រាយ​ចេញ​បានទេ​។​

​សម្តេច​បាន​អះអាងថា លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ដឹកនាំ​ការពិភាក្សា​លើ​បញ្ហា​នេះ នៅ​គណៈរដ្ឋមន្ត្រី​។ ជាមួយគ្នានេះ សម្តេច​បានស្នើ​ទៅ​លោក​អភិបាល​រាជធានី ឃួ​ង ស្រេង និង​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ផងដែរ​។​


​ទាក់ទង​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែត​ប្រ​ទី​ត នាពេលខាងមុខ ប្រមុខ​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​យុវជន នាំគ្នា​ចូលរួម​ប្រមូល​សំរាម​ដើម្បី​សម្អាត​រាជធានី​ភ្នំពេញ ខណៈ​បុគ្គលិក​ក្រុមហ៊ុន​ស៊ិន​ទ្រី មិន​ធ្វើការ​។​

បច្ចុប្បន្ន ក្រុមយុវជន​ក្រសួងបរិស្ថាន​ប្រមាណ​១០០០​នាក់ បានលើកឡើង​ពី​គម្រោងការ​របស់ខ្លួន​ក្នុង​យុទ្ធនាការ​ប្រមូល​សំរាម​នា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។ សម្តេច ហ៊ុន សែន អំពាវនាវ​ដល់​ក្រុមយុវជន​ផ្សេងទៀត ដូចជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​ក្នុង​បេសកកម្ម​នេះ​ផងដែរ​៕

ប្រភព៖​ themythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK