សូមស្វែងយល់! អំពីប្រវត្តិកកើតឡើងរបស់ «ជនជាតិចាម»
Connect with us

ពួកគេជានរណា

សូមស្វែងយល់! អំពីប្រវត្តិកកើតឡើងរបស់ «ជនជាតិចាម»

ចាម ជាជនជាតិភាគតិចដែលកំពុងរស់នៅប្រទេសកម្ពុជា វៀតណាម និង ថៃ។ ពួកគេនិយាយភាសាផ្ទាល់ខ្លួនរបស់គេគឺ ភាសាចាម។ ពួកគេជាកូនចៅជំនាន់ក្រោយនៃ ព្រះរាជាណាចក្រចំប៉ា។ ជនជាតិចាមមានច្រើនជាងគេនៅកម្ពុជា ដែលគេប្រមាណថាប្រហែលជាមានដល់ទៅកន្លះលាន ទៅមួយលាននាក់។ នៅវៀតណាមមានជនជាតិចាមប្រមាណ មួយសែននាក់ និងប្រហែលបួនពាន់នាក់នៅប្រទេសថៃ។ ជនជាតិចាមបង្កើតជាសហគមន៍ឥស្លាម (មូស្លីម) នៅក្នុងប្រទេសកម្ពុជានិងវៀតណាម។ ជនជាតិចាមស្ថិតក្នុងអំបូរជនជាតិម៉ាឡេ។ ភាសាចាមស្ថិតក្នុងក្រុមភាសាម៉ាឡាយូប៉ូលីនេស៊ី ក្នុងអំបូរភាសាអូស្ត្រូនេស៊ី។

ប្រវត្តិជនជាតិចាម

ប្រទេសចំប៉ាកើតឡើងនៅទសវត្សរ៍ទី២ នៃគ.ស និងរីកចំរើនដល់កំពូលនៅសតវត្សរ៍ទី៩ ដែលនៅពេលនោះ ចំប៉ាគ្រប់គ្រងដែនដីពីតំបន់វ៉េ (ភាគកណ្តាលខ្ពង់រាបអណ្ណាម) ដល់តំបន់ដីសណ្តរទន្លេមេគង្គ នៅកូសាំងស៊ីន។ វិបុលភាពរបស់ចំប៉ាបានមកពី ពាណិជ្ជកម្មឈើក្រអូប និងទាសករ តាមសមុទ្រ និងប្រហែលជាការប្លន់តាមសមុទ្រផងដែរ។

នៅសតវត្សរ៍ទី១២ ចាមចាប់ធ្វើសង្គ្រាមជាបន្តបន្ទាប់ជាមួយអាណាចក្រខ្មែរដែលនៅខាងលិចខ្លួន។ នៅឆ្នាំ១១៧៧ កងទ័ពចាមនិងសំព័ន្ឋមិត្តបានវាយលុកពីបឹងទន្លេសាបហើយកាន់កាប់ទីក្រុងអង្គរ។ នៅឆ្នាំ១១៨១ ពួកគេត្រូវបានវាយអោយដកថយវិញដោយព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧។

សាសនាដំបូងរបស់ចំប៉ាគឺសាសនាហិណ្ឌូដែលទទួលឥទ្ឋិពលពីឥណ្ឌា។ តែក្រោយមកដោយសារ ពាណិជ្ជករអារ៉ាប់តែងតែមកឈប់សំចតតាមឆ្នេរសមុទ្រចំប៉ាមុននឹងទៅប្រទេសចិន ជាហេតុធ្វើអោយឥទ្ឋិពលសាសនាឥស្លាមសាយភាយចូលទៅក្នុងស្រទាប់ប្រជាជនចំប៉ា។ គេមិនដឹងច្បាស់ទេពីការបរិច្ឆេទនៃការមកដល់នៃសាសនាឥស្លាម។

នៅរវាងឆ្នាំ៨០០ពេលដែលអាណាចក្រខ្មែរឆាប់ផ្ដើមរីកចំរើន និង ពេលដែលវៀតណាមចាប់ពង្វាត ទឹកដីមកទិសខាងត្បូង រាជាណាចក្រចំប៉ាចាប់ផ្តើមចុះទន់ខ្សោយ។ នៅឆ្នាំ ១៤៧១ ចំប៉ាបានចាញ់សង្គ្រាមនឹងវៀតណាមយ៉ាងធ្ងន់ធ្ងរ ដែលនៅពេលនោះមនុស្សជាង ១សែន២ម៉ឺននាក់ត្រូវបានវៀតណាមសំលាប់ ហើយរាជាណាចក្រនេះបានរួមតូចមកត្រឹមកញ្ចិបដីនៅក្បែរញ៉ាត្រាង សព្វថ្ងៃ។ នៅរវាងឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។

ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចំប៉ាទាំងស្រុង។ នៅពេលនោះស្តេចចំប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។ មានប្រជាជនចាមមួយចំនួនតូចបានគេចទៅកោះហៃណានប្រទេសចិន ដែលសព្វថ្ងៃពួកគេត្រូវបានគេស្គាល់ថាជា អ៊ុតស៊ុល។ កន្លែងដែលស្តេចចាមនិងមនុស្សរបស់ខ្លួនបាននិរទេសទៅគឺនៅត្រង់ខេត្តកំពង់ចាម ដែលនៅទីនោះ ពួកគេបានពង្រាយគ្នាជាសហគមន៍រស់នៅតាមដងទន្លេមេគង្គ។ នៅមានអ្នកខ្លះនៅក្រាញននៀលរស់នៅភាគកណ្តាលវៀតណាមរហូតដល់សព្វថ្ងៃ ដូចជានៅខេត្តញ៉ាត្រាង ខេត្តផាន់រ៉ាង ខេត្តផាន់រី ខេត្តផាន់ថៀត ជាដើម។

ភាសាចាមក៏ត្រូវបានគេនិយាយផងដែរនៅតំបន់ភ្នំនៃអាណាចក្រចម្ប៉ា គឺនៅតំបន់ខ្ពង់រាប ដែលសព្វថ្ងៃគេហៅថាជួរភ្នំអណ្ណាម ឬប្រជុំភ្នំទ្រឿងសឺន ដែលខណ្ឌចែកតំបន់ឆ្នេរសមុទ្រវៀតណាមពីតំបន់ទំនាបទន្លេកម្ពុជា។ ក្រុមជនជាតិភាគតិចដូចជា ជ្រុ (Churu) ហ្រូយ (Hroy) ចារ៉ាយ (Joray) រដែ (Rhade) រ៉ៃ (Rai) និង រឡៃ (Rolai) ក៏និយាយភាសាដែលមានទាក់ទងយ៉ាងជិតស្និទ្ធនឹង ភាសាចាមផងដែរ។

ជនជាតិចាមវៀតណាមភាគច្រើនរស់នៅតាមខេត្តជាប់សមុទ្រនិងតំបន់ដីសណ្តរទន្លេមេគង្គ។ ពួកគេមានសហគមន៍សាសនា២ដាច់ដោយឡែកពីគ្នា។ មួយឈ្មោះថា ចាមបានី (មានពី ៨០% ទៅ ៨៥%)ដែលកាន់សាសនាឥស្លាម និង បាឡាមន (មានពី ១៥% ទៅ ២០%)ដែលកាន់សាសនាហិណ្ឌូ។ ទោះជាពួកគេមានភាសានិងប្រវត្តិសាស្ត្ររួមគ្នាក៏ដោយ ក៏ពួកគេមិនអាចរៀបការនឹងគ្នាដែរ។ មានជនជាតិចាមមួយចំនួនតូចប្តូរមកកាន់ពុទ្ឋសាសនាមហាយានដែរដោយសារពួកនេះត្រូវបានផ្តាច់ចេញពីសហគមន៍ឥស្លាមដទៃទៀត៕

ប្រភពអត្ថបទ៖ sombokrean

ដកស្រង់ដោយ៖ Kromanews

មតិយោបល់

Trending

Copyright © 2019 ANARCHAK