សាលា 3 លាក់ខ្លួននៅភ្នំពេញតែស្តង់ដារបង្រៀនដូចនៅសិង្ហបុរីថែមទាំងមិនយកលុយសូម្បីមួយសេន!
Connect with us

គួរដឹង

សាលា 3 លាក់ខ្លួននៅភ្នំពេញតែស្តង់ដារបង្រៀនដូចនៅសិង្ហបុរីថែមទាំងមិនយកលុយសូម្បីមួយសេន!

ការពិតនៅក្រុងភ្នំពេញយើង ក្រៅតែពីសាលាឯកជនដែលថ្លៃៗ នៅមានសាលាមិនយកប្រាក់ចំណេញមួយចំនួនទៀតដែលលាក់ខ្លួនបង្រៀនសិស្សខ្មែរតាមបែបទំនើបដូចសិស្សនៅប្រទេសអភិវឌ្ឍន៍ ជាពិសេសកម្មវិធីអប់រំទាំងនេះផ្តោតលើការបណ្តុះធនធានបច្ចេកវិទ្យានិងវិទ្យាសាស្ត្រតាំងពីមូលដ្ឋានតូចៗទៅ ។

១- e2STEM

ជាសាលាដែលយកកម្មវិធីសិក្សាស្រដៀងគ្នានឹងសិង្ហបុរី បានបង្កើតឡើងដោយ ​អតីតរដ្ឋមន្ត្រីក្រសួងអប់រំរបស់សិង្ហបុរី អ្នកស្រីបណ្ឌិត Seet Ai Mee ។ អ្នកស្រីSeet Ai Mee ប្រាប់ Business Cambodia ថា អ្នកស្រីជាអ្នករៀបចំនិងនាំកម្មវិធីសិក្សាបែបទំនើបនេះមកកម្ពុជា ប៉ុន្តែ កម្មវិធីសិក្សាទំនើបនេះជាគម្រោងមេដែលចាប់ផ្តើមដំបូងគេ សម្រាប់គម្រោងពង្រីកកម្មវិធីសិក្សានេះទៅកាន់សាលាទូទៅនៅកម្ពុជា ត្រូវពឹងលើការសម្រេចរបស់ក្រសួងអប់រំកម្ពុជា ។

សាលាទំនើបមួយនេះបើកសម្រាប់សិស្សពីថ្នាក់វិទ្យាល័យ ចូលរៀនតាមរយៈការប្រឡងយកអាហារូបករណ៍ ដោយសិស្សត្រូវឆ្លងកាត់ការធ្វើតេស្តវិញ្ញាសារវិទ្យាសាស្ត្រពិបាកៗមួយចំនួន ។

បើតាមលោក Yuki Sato អ្នកគ្រប់គ្រងសិស្ស e2STEM ឲ្យដឹងថា ដើម្បីចូលរៀននៅសាលានេះសិស្សត្រូវធ្វើតេស្តសំខាន់លើមុខវិទ្យាគណិតវិទ្យា និងតក្កវិទ្យា រួមទាំងមុខវិទ្យា STEM ផ្សេងទៀតដូចជារូបវិទ្យា និងគីមីវិទ្យា ។

សាលាមួយនេះប្រើពីរភាសារួមមាន ខ្មែរនិងអងគ្លេស ប៉ុន្តែ e2STEM ចង់ផ្តោតលើការប្រើប្រាស់អង់គ្លេសឲ្យបានច្រើន ។ មុខវិជ្ជាទូទៅនឹងបង្រៀនជាភាសាខ្មែរ ប៉ុន្តែនៅពេលអនុវត្តន៍លំហាត់សិស្សត្រូវប្រើភាសាអង់គ្លេស ដោយប្រើសៀវភៅលំហាត់អន្តរជាតិ ។

ដោយសារ e2STEM ផ្តោតសំខាន់លើជំនាញ STEM សិស្សនៅទីនេះរៀនដោយប្រើកុំព្យូទ័រ និងកសាងមូលដ្ឋានគ្រឹះទាក់ទងនឹងការសរសេរកូដតាំងពីនៅក្មេងៗ អ្វីដែលពិសេសនោះនៅទីនេះគឺ មានឧបករណ៍និងម៉ាស៊ីនពិសោធន៍ទំនើបៗលើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងរ៉ូបូត ។

ដាក់ពាក្យប្រឡងចូល e2STEM តាមទំព័រ៖ https://bit.ly/31Mo3Xp

រឺ ទាក់ទងតាមលេខទូរស័ព្ទ​៖ ០១៧ ៤៩២ ២១៧ (រៀងរាល់ម៉ោងធ្វើការ) ផុតកំណត់ថ្ងៃ ១៤ កញ្ញាឆ្នាំ២០១៩

២-Computer Academy STEP Cambodia

IT STEP ជាសាលាបង្រៀនផ្តោតលើជំនាញ IT និងការសរសេរកូដដែលបានសហការជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា និងភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍ហៅកាត់ថា USAID បង្កើតកម្មវិធីបង្រៀនកូដឥតគិតថ្លៃសម្រាប់ក្មេងៗស្រីហៅថា Sisters of Code និងកម្មវិធីជំនាញផ្សេងៗទៀតដូចជាជំនាញឌីហ្សាញ អភិវឌ្ឍន៍កម្មវិធី និងវីដេអូក្រាហ្វិក ។

Sisters of code ជាគម្រោងបង្រៀនមូលដ្ឋានគ្រឹះនៃការសរសេរកូដដំបូងគេនៅកម្ពុជាសម្រាប់ក្មេងស្រីដែលមានអាយុ ១០ ដល់ ១៨ ឆ្នាំនៅតាមបណ្តាលសាលារដ្ឋមួយចំនួន និងបានចាប់ផ្តើមគម្រោងដំបូងគេនៅ IT STEP ។

កាលពីខែមិនាកន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញមូលនិធិអភិវឌ្ឍន៍ជំនាញ​ សហការជាមួយ IT STEP ផ្តល់អាហារូបករណ៍ ៦ ខែពេញដល់សិស្សានុសិស្សទូទៅ ចាប់ពីអាយុ ១៨​ឆ្នាំ ដល់ ២៥ ឆ្នាំ លើ ជំនាញក្រាហ្វិកឌីហ្សាញ ជំនាញគ្រប់ពត៌មានវិជ្ជា ជំនាញ គ្រប់គ្រង និង រចនាគេហទំព័រ។

IT STEP នៅតែបន្តមានកម្មវិធីសិក្សាឥតគិតថ្លៃដោយសហការជាមួយដៃគូផ្សេងទៀតជាបន្តបន្ទាប់ ។

សូមតាមដានកម្មវិធីសិក្សាឥតគិតថ្លៃនៅ IT STEP តាមរយៈ Facebook

វេបសាយ ៖ https://cambodia.itstep.org/

៣-Raintree Cambodia

Raintree ទើបតែចេញកម្មវីធីសរសេរកូដពីរសម្រាប់ក្មេងៗដែលយកកម្មវិធីនិងស្តង់ដារបង្រៀនមកពីសិង្ហបុរីឈ្មោះថា Coding Cats ស្ថិតក្រោមគម្រោង Satuday Kids សម្រាប់សិស្សអាយុក្រោម ១៨ ឆ្នាំ ។

Coding Cats ជាកម្មវិធីរយៈពេល ៥ សប្តាហ៍សម្រាប់សិស្សអាយុ ១៥ ដល់ ១៨ ឆ្នាំចាប់ផ្តើមរៀនពីចំណុចសូន្យ ដោយកម្មវិធីសិក្សានេះផ្អែកលើភាសាកូដល្បីៗលើពិភពលោក  ។ កម្មវិធីបង្រៀនកូដឥតគិតថ្លៃមួយនេះជាគម្រោងសហការគ្នារវាង Saturday Kids និង Raintree Cambodia ក្រោមការគាំទ្រពីគម្រោង Development Innovations របស់ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID) ។

វគ្គសិក្សាកូដមួយនេះមិនត្រឹមតែផ្តល់ឲ្យក្មេងៗយល់ពីជំនាញឌីជីថលនិងជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងចេះជំនាញគិតបែបពិចារណា (critical thinking) តាមរយៈការសរសេរកូដ ។ កម្មវិធីមួយនេះនឹងបង្រៀនសិស្សពីគន្លឹះក្នុងការសរសេរកូដ (Key Concept) បង្កើតហ្គេមផ្ទាល់ខ្លួនពីចំណុចសូន្យ អភិវឌ្ឍន៍ការគិតបែបតក្កវិទ្យា ពង្រឹងជំនាញដោះស្រាយបញ្ហាជាដើម ។

ឥឡូវនេះ Raintree បានប្រកាសជ្រើសរើសក្មេងៗ ១០០ នាក់ទៀតហើយអាយុពី ៨ ដល់ ១២ ឆ្នាំចូលរៀនវគ្គ Tiny Coding Cats ដែលមានរយៈពេល ៦ សប្តាហ៍ចាប់ផ្តើមពីថ្ងៃទី ៥ ខែតុលានេះ។

ដាក់ពាក្យចូលរៀនជាមួយ Tiny Coding Cats

(businesscambodia)

មតិយោបល់

Trending

Copyright © 2019 ANARCHAK