ជួយចែករំលែក! ឲ្យខ្មែរជំនាន់ក្រោយបានស្គាល់ឧបករណ៍ភ្លេង តាខេ មាន​រូបរាង​ដូច​សត្វក្រពើ​សុទ្ធសាធ​កាល​ពី​សម័យ​ដើម
Connect with us

គួរដឹង

ជួយចែករំលែក! ឲ្យខ្មែរជំនាន់ក្រោយបានស្គាល់ឧបករណ៍ភ្លេង តាខេ មាន​រូបរាង​ដូច​សត្វក្រពើ​សុទ្ធសាធ​កាល​ពី​សម័យ​ដើម

លោក មីស្ហែល ឫទ្ធី មានប្រសាសន៍ថា អ្នកដេញតាខេនេះ ឈ្មោះ យាយប៉ិន នៅស្រុក (ភូមិ) កំចាយចាន (ឬ កំសៃចារ? ) ខែត្រសុរិន្ទ ឈ្មោះ​​ជាផ្លូវការ ថា กำไสจาน។ លោកគ្រូ ជ័យមង្គល ទំនងជាស្គាល់ ហើយអាចប្រាប់ព័ត៌មានបន្ថែមទៀតបាន។ នៅជំនាន់នោះ យាយប៉ិន មាន​ឈ្មោះល្បីល្បាញណាស់ នៅខេត្តសុរិន្ទ។ គាត់ធ្លាប់បានទៅលេងតន្ត្រីនេះ នៅចំពោះមុខព្រះមហាក្សត្រ ហើយក៏ធ្លាប់បានសម្តែងតាម​ប៉ុស្តិ៍​ទូរទស្សន៍លេខ៣ និងលេខ៩ នៃប្រទេសថៃ។

គាត់ថាមានខ្មែរក្រោមមកពីស្រុកបារាំង មកបបួលគាត់ទៅសម្តែងនៅស្រុកខ្មែរដែរ តែគាត់ថាមិនហ៊ានទៅទេ ខ្លាចមានគ្រោះថ្នាក់។ លោក មីស្ហែល ឫទ្ធី បានផ្តល់ប្រសាសន៍ថែមទៀតថា កាលពីសម័យដើម តៈខេ ឬ តាខេ មានរូបរាងដូចសត្វក្រពើសុទ្ធសាធ។ ខ្មែរយើងចូលចិត្ត ឆ្លាក់​ក្បាលតាខេជារូបរាងក្រពើហារមាត់ មានធ្មេញ និងភ្នែក។ ប៉ុន្តែដល់រយៈកាលក្រោយៗតមក កាលៈទេសៈបានបង្ខំអោយកូនខ្មែរ បោះបង់​ចោលការច្នៃប្រឌិតក្បាច់ចំលាក់រូបភាពផ្សេងៗនៅលើឧបករណ៍ប្រើប្រាស់ ហើយក៏បានធ្វើឧបករណ៍ជាតាខេធម្មតាៗ ដូច​យើង​បាន​ឃើញសព្វថ្ងៃនេះ។

ពេលនោះលោក មីស្ហែល ឫទ្ធី ពុំបានចាប់អារម្មណ៍នឹងគ្រឿងភ្លេងបុរាណប៉ុន្មានទេ ព្រោះលោកទៅស្រុកថៃដើម្បីរៀនអានសាស្ត្រាស្លឹករឹតខ្មែរ នៅឈៀងហ្មៃ ហើយចង់ធ្វើការស្រាវជ្រាវអំពីចម្រៀងបរ៉ឺន (ប្រឺន) របស់ខ្មែរសុរិន្ទ ទើបមិនសូវបានសាកសួរយាយប៉ិនប៉ុន្មានអំពីប្រវត្តិតាខេ។ លោកមានប្រសាសន៍ថាមានខ្មែរសុរិន្ទម្នាក់បាននាំលោកទៅជួបយាយប៉ិន បាននិយាយគ្នាក្រោមផ្ទះ ៤-១០ នាទី សួរពីចម្រៀងប្រឺន តែ​យាយ​ប៉ិន ប្រាប់ថា

នៅក្នុងភូមិរបស់គាត់នោះមិនមាននរណាច្រៀងប្រឺនទេ មានតែកន្ទ្រឹម។ បន្ទាប់មក គេក៏នាំគ្នាឡើងទៅលើផ្ទះ ដើម្បីស្តាប់​យាយប៉ិន​លេង​តេខេ​មួយភ្លែត។ នៅមុនពេលចាប់ផ្តើមដេញតាខេឲ្យញាតិស្តាប់លេង យាយប៉ិនបានអុជធូបដោតនៅលើក្បានតាខេនោះជាមុនសិន។ បែរមក​អត្ថន័យពាក្យថា តាខេ នេះវិញម្តង។ តាខេ មានន័យថា ក្រពើ ព្រោះតាមពាក្យសៀមថា จระเข้ (ចរះខេ้) អានថា /ច-រ៉ៈ-ខេ/ ភាសា​និយាយថា ตะเข้ (តះខេ้) /តៈ-ខេ/ ។

ឯគ្រឿងភ្លេង ហៅ จะเข้ (ចះខេ้) អានថា /ចៈ-ខេ/ តាមវចនានុក្រមសៀម ចៈខេ ក៏​សំដៅ​ទៅលើ​សត្វ​ក្រពើដែរ តែជាពាក្យបុរាណ។ គ្រូ​ភាសា​សៀមមួយរូប មានប្រសាសន៍ថា តាខេ ទំនងជាពាក្យមន–ខ្មែរ ឬ ពាក្យខ្ចីពី ភាសាមន ព្រោះ​ជា​ពាក្យ​ដែលមាន ២ ឬ ៣ ព្យាង្គ តែ​ពាក្យ​សៀម​សុទ្ធសាធមានតែមួយព្យាង្គ។ ប៉ុន្តែគួរអោយឆ្ងល់ដែរ ព្រោះមនហៅ ក្រពើ ថា ကျာံ (ក្យាំ) ម៉្លោះហើយ លោក មីសែល ក៏ផ្ញើអ៊ីមែលទៅសួរ លោក ម៉ាធីយ៉ាស យ៉េន្នី (​ជា​ជនជាតិ​ស្វ៊ិស) ដែលបង្រៀនភាសាមន (ភាសាសៀម និងភូមា ក៏ចេះស្ទាត់ដូចគ្នា)។

លោកបានឆ្លើយតបវិញថា ជនជាតិមន ប្រើពាក្យថា ក្យាំ សម្រាប់ហៅទាំងសត្វក្រពើ ហើយគ្រឿងខ្សែតាខេនោះ ក៏មានរូបសណ្ឋាន ដូច​ជា​សត្វ​ក្រពើដែរ ដូច្នេះ លោកប្រាប់ថា យើង​ត្រូវ​ពិនិត្យ​រក​មើល​ពាក្យ ដែលមានន័យថា ក្រពើ ក្នុងអម្បូរភាសាថៃវិញ។ ភាសាលាវ និងភាសាថៃធំ (ថៃយ៉ៃ) ហៅសត្វក្រពើ ថា ແຂ້ (េេខ้) អានថា /ខែ/ គឺជាពាក្យមួយព្យាង្គ។ ម្យ៉ាងទៀត ស្រៈក៏ខុសពីពាក្យនេះ ក្នុងភាសាសៀមដែរ។

លោកក៏មានយោបល់បន្ថែមថា សៀមបានផ្លាស់ស្រៈ ដើម្បីតមពាក្យមិនអោយប្រើពាក្យសាហាវ ព្រោះ​ក្រពើ​ជា​សត្វ​សាហាវ។ ចំណែក​ព្យាង្គ​ទី​១ ពោលគឺ ចៈ ឬ តៈ (តាមគំនិតរបស់លោក ម៉ាធីយ៉ាស យ៉េន្នី វិញ) ចៈ ក្លាយមកពី ចៅ ឬ ចាវ មានន័យថា « អម្ចាស់, លោក » (​ជា​ពាក្យ​គោរព ហៅសត្វធំ និងសាហាវ) ហើយ តៈ អាចក្លាយមកពីពាក្យ « តួ » មានន័យថា ខ្លួន ដែលជាលក្ខណនាម សម្រាប់​សំដៅ​ទៅលើ​សត្វ​ធំៗ

(សំខ្យានុគ្រោះ ឬ ពាក្យរនាប់ ដូចខ្មែរយើងនិយាយថា គោ ១ ក្បាល ជាដើម) ពោលគឺ គេបានយកពាក្យ តួ មកដាក់មុនឈ្មោះ​សត្វធំៗ​ទាំង​នោះ រួមទាំងក្រពើផង មានសេចក្តីថា ចៈខេ ឬ តៈខេ គឺជា សមាសនាម។ ឯពាក្យ ចរៈខេ តាមមតិរបស់លោក ម៉ាធីយ៉ាស យ៉េន្នី គឺ​ជា​ឥទ្ធិពល​របស់ភាសាខ្មែរ ព្រោះភាសាខ្មែរសម្បូរពាក្យ ដែលចាប់ផ្តើមនឹងក្រុមព្យញ្ជនៈ ច្រ ។ រូបតាខេ ខាងក្រោម​នេះ ថតដោយ លោក មីស្ហែល ឫទ្ធី ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ១៩៩២៕

ប្រភពអត្ថបទ៖ Keo Chanbo

ដកស្រង់ដោយ៖​ pressnews.tody

មតិយោបល់

Trending

Copyright © 2019 ANARCHAK