អ្នកចូលចិត្តដើរលេងកុំរំលងឲ្យសោះ! ទឹកជ្រោះអាថ៌កំបាំងដ៏ស្រស់ស្អាតកំពុងបង្កប់ខ្លួនកណ្តាលធម្មជាតិក្នុងខេត្តពោធិ៍សាត់
Connect with us

ទាក់ទាញ

អ្នកចូលចិត្តដើរលេងកុំរំលងឲ្យសោះ! ទឹកជ្រោះអាថ៌កំបាំងដ៏ស្រស់ស្អាតកំពុងបង្កប់ខ្លួនកណ្តាលធម្មជាតិក្នុងខេត្តពោធិ៍សាត់

ប្រទេសកម្ពុជា សម្បូរដោយទឹកជ្រោះដ៏ស្រស់បំព្រងគួរជាទីគយគន់ ដែលតំបន់ទេសចរណ៍ទាំងនោះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងទៅទស្សនាយ៉ាងច្រើនភ្ញៀវទេសចរ អភ័ព្វអីតែទឹកជ្រោះឆាយប្រុយនេះ បើទោះបីខំប្រឹងរចនាសម្រស់របស់ខ្លួនជាមួយសោភណភាពទេសភាពធម្មជាតិយ៉ាងល្អគយគន់យ៉ាងណាក្តី បែរជាមិនសូវមានអ្នកទេសចរទៅទស្សនាច្រើនដូចគេនោះឡើយ។

ទឹកធ្លាក់​ឆាយ​ប្រុយ មានទឹកថ្លាឆ្លុះហូរកាត់ផែនថ្មជាថ្នាក់ៗ ធ្លាក់ទង្គិចទៅនឹងថ្មថ្នាក់ក្រោមជម្រៅប្រហែល ៣០ម៉ែត្រ បែកផ្កាត្រែងត្រជាក់ចិត្ត លាន់ឮសំឡេងរំពងពេញព្រៃ លាយលំជាមួយសំនៀងបក្សាបក្សីលើមែកប្រឹក្សាប្រៀបបានតន្ត្រីធម្មជាតិប្រគំកណ្តាលជ្រលងភ្នំ ធ្វើឲ្យអ្នកទៅកម្សាន្តនៅនោះរសាយអស់ក្តីកង្វល់ ។

ទឹកជ្រោះឆាយប្រុយនេះ មានភ្ញៀវជាតិ-អន្តរជាតិបានមកទស្សនាម្ដងម្កាលនៅក្នុងពេលមានបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំ តែមិនសូវជាច្រើនប៉ុន្មានឡើយ ។​ ទឹក​ធ្លាក់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កំណប់​ពិសេស​ ព្រោះ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​ភ្ញៀវ​អាច​ហែល​ទឹក​ក៏​បាន ស្ទូច​ត្រី​ លេង​កម្សាន្ត​សប្បាយ និង​មាន​ខ្យល់​អាកាស​ល្អ អម​ដោយ​ព្រៃ​ឈើ​ជាច្រើន​ផង​ដែរ ។

រមណីយដ្ឋាន​ «ទឹកធ្លាក់​ឆាយ​ប្រុយ» ដែល​មាន​កម្ពស់​ ៦០ម៉ែត្រ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​មនុស្ស​គ្រប់​គ្នា​មិន​សូវ​ស្គាល់ ស្ថិត​នៅ​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។ ទឹកជ្រោះឆាយប្រុយមានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ពីទីប្រជុំជនឃុំអូរសោម ស្ថិតតាមផ្លូវឆ្ពោះទៅខេត្តកោះកុង ហើយអ្នកដែលធ្វើដំណើរទៅខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ដែលឆ្លងកាត់ទីនេះ ក៏អាចចូលមកលេងកម្សាន្តនៅទីបានផងដែរ ៕

ប្រភពអត្ថបទ៖ screenpost

ដកស្រង់ដោយ៖ news-life22.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK