គួរចាប់ផ្តើមរៀនវិនិយោគខ្លះទៅ បើមិនចង់នៅក្រធ្វើការឲ្យគេមួយជីវិត
Connect with us

បែបផែនជីវិត

គួរចាប់ផ្តើមរៀនវិនិយោគខ្លះទៅ បើមិនចង់នៅក្រធ្វើការឲ្យគេមួយជីវិត

នរណាខ្លះសប្បាយចិត្តចង់ធ្វើការងារឱ្យគេអស់មួយជីវិត មានលុយចាយជាប្រាក់ខែនោះ? បើមាន អ្នកមិនបាច់អានអត្ថបទនេះទេ ប៉ុន្តែមិនចង់ទេ ចឹងអត្ថបទនេះអាចនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា។​

របៀបទៅជាអ្នកមាន មិនធ្វើការឱ្យគេអស់មួយជីវិតមានពីរជម្រើស។ ទី១ អ្នកត្រូវទៅជាអ្នករកស៊ី ហើយជម្រើសទី២អ្នកត្រូវទៅជាអ្នកវិនិយោគជាដាច់ខាត ព្រោះមានតែផ្លូវពីរនេះទេដែលអាចឱ្យអ្នករួចផុតពីភាពក្រីក្រ និងមិនធ្លាក់ខ្លួនធ្វើការងារឱ្យគេមួយជីវិតឡើយ។​

ទៅជាអ្នកវិនិយោគ ខុសឆ្ងាយពីការក្លាយខ្លួនទៅជាអ្នករកស៊ី ព្រោះជាអ្នករកស៊ី ជាសហគ្រិនម្នាក់ ត្រូវការឱ្យអ្នកមានការយល់ដឹងច្រើន ចេះច្រើនជំនាញ មានពេលវេលាច្រើនសម្រាប់អាជីវកម្មដែលកើតថ្មីថ្មោងរបស់អ្នក ពិសេសអ្នកត្រូវប្រឈរមុខនឹងទំនួលខុសត្រូវច្រើន និងហានិភ័យក្នុងការបរាជ័យក៏ខ្ពស់ណាស់ដែរ។​

ផ្ទុយពីអ្នករកស៊ី ទៅជាអ្នកវិនិយោគ លោកអ្នកក៏នៅតែអាចធ្វើការងារបានដដែល លោកអ្នកនៅតែមានពេលវេលាសម្រាប់ខ្លួនឯង ចំណាយពេលវេលាតិចជាមួយនឹងការងារវិនិយោគ ហើយលោកអ្នកក៏មិនទាមទារឱ្យចេះច្រើនពេកដែរ ប្រសិនបើលោកអ្នកចេះផ្តោត។​

លោកអ្នកអាចចាប់ផ្តើមវិនិយោគបាន ទោះជាប្រាក់ចំណូលរបស់លោកអ្នកតិចតួចនៅឡើយក្តី សំខាន់តើលោកអ្នកបានដាក់ចិត្តដាក់កាយព្យាយាមសិក្សាស្វែងយល់ និងរៀនសូត្រពីការវិនិយោគបានច្រើនកម្រិតណា អាចគ្រប់គ្រងហានិភ័យនៃការវិនិយោគរបស់ខ្លួនបានច្រើនប៉ុណ្ណា។ 

អ្នកវិនិយោគគឺជាអ្នកដែលវ័យឆ្លាតក្នុងការប្រើប្រាស់លុយ ទៅធ្វើការបង្កើតលុយផ្សេងទៀតបានត្រឹមត្រូវ ចំគោលដៅ និងមានហានិភ័យទាប ផ្តល់ឱកាសចំណេញខ្ពស់ និងមានរយៈកាលកំណត់ជាក់លាក់នៅគ្រប់ការវិនិយោគរបស់អ្នក។​

ហេតុនេះ រឿងដំបូងបំផុតលោកអ្នកត្រូវតែជាមនុស្សដែលមានប្រភពចំណូលជាក់លាក់ រៀនចាប់ផ្តើមបង្កើតទម្លាប់សន្សំ ដើម្បីប្រើកញ្ចប់លុយសន្សំទៅវិនិយោគ ហើយការវិនិយោគដែលសំខាន់ជាងគេ និងមុនគេបង្អស់គឺការវិនិយោគលើចំណេះដឹង និងសមត្ថភាពខ្លួន​ឯងនេះហើយ។ 

កុំសំចៃដៃ ហើយក៏កុំសំចៃកម្លាំងក្នុងការផ្លាស់ប្តូរដ៏ធំមួយនេះ សម្រាប់ជីវិតតទៅមុខនាពេលអនាគតរបស់អ្នក។ ចាប់ផ្តើមពីឥឡូវនេះ ចៀសវាងមានការសោកស្តាយនៅវ័យចំណាស់ ខឹងខ្លួនឯងដែលនៅតែលំបាក នៅតែក្រ នៅតែគ្មានឱកាសក្លាយជាអ្នកមាននឹងគេ៕

អត្ថបទដោយ៖ ម៉េង សុងហោរ 

ប្រធាននិពន្ធផ្នែកវិនិយោគ

ជាសហគ្រិន ជាវិនិយោគិន និងអ្នកប្រឹក្សាត្រៀមចេញរកស៊ីឱ្យចំគោលដៅ

ប្រភពអត្ថបទ៖ www.business-cambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK