សូមស្វែងយល់អំពីអត្ថន័យ និងប្រវត្តិនៃ «ពានរង្វាន់ណូបែលពិភពលោក»
Connect with us

គួរដឹង

សូមស្វែងយល់អំពីអត្ថន័យ និងប្រវត្តិនៃ «ពានរង្វាន់ណូបែលពិភពលោក»

#ណូបែល៖ ពានរង្វាន់​ដែល​មនុស្ស​គ្រប់​រូប​ ជាពិសេសអ្នកសិក្សា តែង​តែស្រមៃ​ចង់​បាន

ណូបែល ឬ Nobel Prize ​ជា​ពាន​រង្វាន់​មហា​កិត្តិយស​អន្តរជាតិ​មួយ ដែល​​មិន​ងាយ​នឹង​ធ្លាក់​ដល់​ដៃ​ជន​សាមញ្ញ​គ្មាន​ការ​តស៊ូ​ឡើយ។ អ្នក​ទទួល​បាន​ជយលាភី​នេះ ចាត់​ទុក​ថា​ជា​បុគ្គល​ឆ្នើម​បំផុត ដែល​មាន​ស្នាដៃ​ធំធេង​រួម​ចំណែក​ជួយ​ជាតិ និង​នាំ​សន្តិភាព​ជូន​ដល់​ពិភពលោក​ទាំង​មូល។

សម្រាប់ឆ្នាំ ២០១៩ លទ្ធផលនឹងប្រកាសនៅថ្ងៃទី៖

វេជ្ជសាស្ត្រ៖ ៧ តុលា, ម៉ោង ៤:៣០ ល្ងាច (ម៉ោងនៅខ្មែរ)
រូបវិទ្យា៖ ៨​ តុលា, ម៉ោង ៤:៤៥ ល្ងាច (ម៉ោងនៅខ្មែរ)
គីមីវិទ្យា៖ ៩ តុលា, ម៉ោង ៤:៤៥ ល្ងាច (ម៉ោងនៅខ្មែរ)
អក្សរសាស្ត្រ៖ ១០ តុលា, ម៉ោង ៦:០០ ល្ងាច (ម៉ោងនៅខ្មែរ)
សន្តិភាព៖ ១១ តុលា, ម៉ោង ៤:០០ ល្ងាច (ម៉ោងនៅខ្មែរ)
វិទ្យាសាស្ត្រ​សេដ្ឋកិច្ច៖ ១៤ តុលា, ៤:៤៥ ល្ងាច (ម៉ោងនៅខ្មែរ)

….
#ប្រវត្តិពាន​រង្វាន់​ណូបែល

#អ្វី​ជា​ពាន​រង្វាន់​ណូបែល?

ណូបែល ​គឺ​ជា​ពាន​រង្វាន់​កិត្តិយស​លំដាប់​ខ្ពស់​មួយ​របស់​ពិភពលោក ដែល​ត្រូវ​ប្រគល់​ជូន​ដល់​បុគ្គល​មាន​ស្នាដៃ​រាល់​ឆ្នាំ។ ពាន​រង្វាន់​អន្តរជាតិ​នេះ មាន​ទាំង​អស់​​ ៦ ​គឺ ពាន​រង្វាន់​ណូបែល​រូបវិទ្យា ពាន​រង្វាន់​ណូបែល​គីមីវិទ្យា ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ ពាន​រង្វាន់​ណូបែលវិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ពាន​រង្វាន់​ណូបែល​សន្តិភាព។ ពានរង្វាន់​ទាំង​អស់​នេះ បង្កើត​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​បុគ្គល​ទាំង​ឡាយ​ដែល​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង ជា​ប្រយោជន៍​ដល់​ជាតិ និង​អន្តរជាតិ។ គោល​បំណង​នៃ​ការ​ផ្ដល់​ជយលាភី ក៏​ដើម្បី​លើក​កម្ពស់​ការ​ស្រាវជ្រាវ ការ​បង្កើត​ថ្មី ការ​​ជួយ​សង្គម អភិវឌ្ឍ​វិស័យ​អប់រំ ផ្សព្វផ្សាយ​សន្តិភាព និង​កាត់​បន្ថយ​ជម្លោះ​នៅ​លើ​ពិភពលោក​ផង​ដែរ។

​#ពាន​រង្វាន់​ណូបែល​បង្កើត​​ឡើង​តាំង​ពី​ពេល​ណា?

ពាន​រង្វាន់​ណូបែល បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​១៨៩៥ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក Alfred Nobel ដែល​ជា​អ្នក​គីមីវិទ្យា និង​វិស្វករ​ជន​ជាតិ​ស៊ុយអែត។ ពាន​រង្វាន់ ​៥​ ផ្នែក ត្រូវ​បាន​ប្រគល់​ជូន​​ដំបូង​ក្នុង​ឆ្នាំ​១៩០១ លើក​លែង​តែ​ពាន​រង្វាន់​ណូបែល​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​គេ​ក្នុង​ឆ្នាំ​ ១៩៦៨។ ពិធី​ប្រគល់​ពាន​រង្វាន់​ណូបែល​សន្តិភាព ត្រូវ​ប្រារព្ធ​ឡើង​នៅ​រាជធានី Oslo ប្រទេស​ន័រវែស ចំណែក​ឯ​ពាន​រង្វាន់ ៥​ ផ្នែក​ទៀត ធ្វើ​ឡើង​នៅ​រាជធានី Stockholm ប្រទេស​ស៊ុយអែត។

​​​​​#គេ​ជ្រើស​រើស​បេក្ខភាព​ដោយ​វិធី​ណា?

​លោក​អ្នក​មិន​អាច​ស្នើ​ដាក់​បេក្ខភាព​ឲ្យ​គេ​វាយ​តម្លៃ​ជ្រើស​រើស​បាន​ដោយ​ខ្លួន​ឯង​ទេ។ ការ​ស្នើ​ដាក់​បេក្ខភាព ត្រូវ​ធ្វើ​ឡើង​ដោយ​សមាជិក​នៃ​ស្ថាប័ន​នីមួយ​ៗ​ដែល​ជា​អ្នក​សម្រេច​ចិត្ត​ប្រគល់​ពានរង្វាន់ សមាជិក​នៃ​គណៈកម្មការ​ណូបែល​ផ្នែក​នីមួយៗ សាស្ត្រាចារ្យ​ក្នុង​ផ្នែក​នីមួយៗ និង​បុគ្គល​នានា​ដែល​ធ្លាប់​ទទួល​ពាន​រង្វាន់​ណូបែល​ពី​មុន​មក។ ទោះ​យ៉ាង​ណា ពាន​រង្វាន់​ណូបែល​សន្តិភាព ដែល​ជា​ជ័យលាភី​កិត្តិយស​បំផុត មាន​លក្ខណៈ​ខុស​ប្លែក​បន្តិច ដោយ​គេ​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ស្នើ​បេក្ខភាព​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ សមាជិក​សភា សមាជិក​ចៅក្រម​នៃ​តុលាការ​អន្តរជាតិ និង​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិវិទ្យា ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សង្គម​ជាដើម។ ​​​​​

#នរណា​ជា​អ្នក​សម្រេច​ផ្ដល់​ជយលាភី​ពាន​រង្វាន់​ណូបែល​ទាំង​៦​?

ជ័យលាភី​​ពាន​រង្វាន់​ណូបែល​រូបវិទ្យា ពាន​រង្វាន់​ណូបែល​គីមីវិទ្យា និង​ពាន​រង្វាន់​ណូបែល​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ត្រូវ​សម្រេច​ផ្ដល់​ដោយ រាជបណ្ឌិត​សភា​វិទ្យាសាស្ត្រ​ស៊ុយអែត។ ចំពោះ​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ សភា​ណូបែល​នៅ​វិទ្យាស្ថាន Karolinska នៃ​ប្រទេស​ស៊ុយអែត។ ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ បណ្ឌិត​សភា​ស៊ុយអែត។ ចំណែក​ឯ​ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្តិភាព ត្រូវ​សម្រេច​ដោយ គណៈកម្មការ​ណូបែល​ប្រទេស​ន័រវែស។

​#តាំង​ពី​បង្កើត​មក​ ពាន​រង្វាន់​ណូបែល​ប៉ុន្មាន​ដែល​បាន​ប្រគល់​ជូន​បុគ្គល និង​ស្ថាប័ន​នានា?

គិត​ចាប់​ពី​ឆ្នាំ​ ១៩០១ រហូត​ដល់​ឆ្នាំ​ ២០១៨ នេះ ពាន​រង្វាន់​ណូបែល ​៥៩០ ហើយ ​ដែល​ប្រគល់​ជូន​បុគ្គល និង​ស្ថាប័ន​ឆ្នើម​ក្នុង​ផ្នែក​ទាំង ​៦។ ក្នុង​នោះ​មាន​ ពាន​រង្វាន់​ណូបែល​រូបវិទ្យា​ ១១២ ពាន​រង្វាន់​ណូបែល​គីមីវិទ្យា​ ១១០ ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ​១០៩ ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ​ ១១០ ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ​ ៥០ និង​ពាន​រង្វាន់​ណូបែល​សន្តិភាព​ ៩៩។ អ្នក​ទទួល​បាន​ពាន​រង្វាន់​ជា​លក្ខណៈ​បុគ្គល​មាន ៩០៨ ​នាក់ និង​ ២៧ ​ស្ថាប័ន។ មូល​ហេតុ​ដែល​អ្នក​ទទួល និង​ចំនួន​ពាន​រង្វាន់​ខុស​គ្នា ដោយសារ​ឆ្នាំ​ខ្លះ​មាន​អ្នក​ទទួល​រួម​គ្នា ២ ឬ ៣​ នាក់​ទៅ​តាម​ការ​ជ្រើស​រើស​របស់​គណៈកម្មការ។ ដូច​ជា​ឆ្នាំ ២០១៨ កន្លងទៅ​នេះ អ្នក​ទទួល​បាន​ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ គឺ​ជា​អ្នកវិទ្យាសាស្ត្រពីរអ្នកដែលបានរកឃើញវិធីព្យាបាល​ជម្ងឺមហារីក។

#ម្ចាស់​ពាន​រង្វាន់​ណូបែល​ទទួល​បាន​ទឹក​ប្រាក់​ប៉ុន្មាន?

​​​ទឹក​ប្រាក់ នឹង​ប្រគល់​ជូន​ម្ចាស់​ជយលាភី​អម​ជា​មួយ​ពាន​រង្វាន់ ដែល​ត្រូវ​សម្រេច​ឡើង​រាល់​ឆ្នាំ​ទៅ​តាម​ទំហំ​ថវិកា​ដែល​មូលនិធិ​​ណូបែល​មាន​ក្នុង​ឆ្នាំ​នីមួយ​ៗ។ នៅ​ឆ្នាំ ២០១៩ ​នេះ ម្ចាស់​ពាន​រង្វាន់​ណូបែល​នឹងទទួល​បាន​ទឹក​ប្រាក់​រង្វាន់ ៩ លានសែក (SEK) ឬ ប្រហែល ៩១ ម៉ឺន​ដុល្លារអាមេរិក (អត្រាប្តូវប្រាក់នៅថ្ងៃទី ៣ តុលា ២០១៩) ហើយ​ប្រសិន​បើ​ម្ចាស់​ជយលាភី​មាន​លើស​ពី​ម្នាក់ គេ​ត្រូវ​ចែក​រំលែក​គ្នា​ទៅ​តាម​នោះ។ ជា​ធម្មតា អ្នក​ទទួល​បាន​ប្រាក់​រង្វាន់ តែង​បរិច្ចាគ​ប្រាក់​ទាំង​នោះ ជា​ប្រយោជន៍​ដល់​សង្គម និង​ការងារ​មនុស្ស​ធម៌​នានា៕

ប្រភពហ្វេសប៊ុក៖ Y Phoura – អ៊ី ភូរ៉ា

មតិយោបល់

Trending

Copyright © 2019 ANARCHAK