ចូរចាំថា៖ ការអត់ធ្មត់អាចធ្វើឱ្យយើងឈឺចាប់ ប៉ុន្តែការឈឺចាប់នេះនឹងធ្វើឱ្យយើងរឹងមាំ
Connect with us

បែបផែនជីវិត

ចូរចាំថា៖ ការអត់ធ្មត់អាចធ្វើឱ្យយើងឈឺចាប់ ប៉ុន្តែការឈឺចាប់នេះនឹងធ្វើឱ្យយើងរឹងមាំ

ការអត់ធ្មត់នឹងធ្វើឱ្យយើងឈឺចាប់ ប៉ុន្តែការឈឺចាប់នេះនឹងធ្វើឱ្យយើងរឹងមាំ។ គ្មាននរណាស្លាប់ដោយសារតែការអត់ធ្មត់ទេ ប៉ុន្តែមនុស្សតែងតែស្លាប់ដោយសារតែមិនចេះអត់ធ្មត់ មិនចេះទ្រាំ ឆេវឆាវ។ នៅក្នុងស្ថានភាពខ្លះ កាលទេសខ្លះ យើងត្រូវខាំមាត់សម្រក់ទឹកភ្នែកម្នាក់ឯង។ ហេតុអីក៏៏បែបនេះ? ព្រោះថានៅពេលខ្លះវាគ្មានជម្រើស ហើយគ្មានជម្រើសគឺជាជម្រើសតែមួយគត់ដែលយើងមាន។ អ្នកខ្លះឈរមើលយើង ប៉ុន្តែមិនមែនឈរមើលដើម្បីចាំជួយជ្រោមជ្រែងពេលយើងដួលទេ គឺឈរមើលដើម្បីចាំរកឱកាសច្រានយើងឱ្យដួលថែម។

មនុស្សដែលប្រាប់ថាស្គាល់យើងអាចមានច្រើន ប៉ុន្តែមនុស្សដែលយល់ពីយើងគឺខ្សត់ ហើយមនុស្សដែលពិតជាស្គាល់ពីយើងច្បាស់គឺមានតែម្នាក់ប៉ុណ្ណោះ នោះគឺយើងខ្លួនឯង។ គ្មាននរណាមកជូតទឹកភ្នែកឱ្យយើងទេ អ៊ីចឹងហើយយើងត្រូវជូតទឹកភ្នែកខ្លួនឯង។ អ្នកខ្លះនិយាយថាចង់ឃើញអ្នកទទួលបានជោគជ័យ ប៉ុន្តែចុងក្រោយអ្នកត្រូវប្រឹងដោយខ្លួនឯង។ បើដួលអ្នកត្រូវប្រឹងក្រោកឡើង ហើយបន្តដើរទៅមុខទៀត។ មានមនុស្សមិនតិចទេដែលស្គាល់ពីនិយមន័យនៃភាពជោគជ័យ ប៉ុន្តែវាមានអ្វីលើសពីការយល់ពីនិយមន័យរាប់សិបដង នោះគឺការលះបង់។ លះបង់ពេលវេលា កម្លាំងចិត្ត កម្លាំងកាយ។ គ្មានអ្វីដែលបានមកដោយស្រួលលៗ ងាយៗឡើយ ព្រោះទាល់តែលះបង់ទើបយើងឱ្យតម្លៃ។ ថ្មខ្លះនៅតែជាថ្មប្រសិនបើវាមិនដែលឈឺចាប់ដោយត្រូវគេដំ គេបំបែក គេដាប់ ឆ្លាក់ តែថ្មដែលឆ្លងកាត់ការឈឺចាប់ចុងក្រោយនឹងក្លាយទៅជាថ្មដែលមានតម្លៃលើសពីថ្មធម្មតា៕

ប្រភពអត្ថបទ៖ សៀវភៅជីវិត

មតិយោបល់

Trending

Copyright © 2019 ANARCHAK