«តេង ស៊ាងពីង» ប្រើកំណែទំរង់ ២ ចំនុចដឹកនាំចិនរហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក
Connect with us

គួរដឹង

«តេង ស៊ាងពីង» ប្រើកំណែទំរង់ ២ ចំនុចដឹកនាំចិនរហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក

ក្រោយពី​លោកម៉ៅសេ ទុង បានទទួលមរណភាពទៅ ពោលគឺនៅឆ្នាំ១៩៧៦ លោកតេង ស៊ាវពីង ត្រូវបាន​មកទទួលតំណែងបន្ដ ហើយបដិវត្ដន៍វប្បធម៌ដែលបានសម្លាប់អ្នកចេះដឹងជាច្រើននាក់ត្រូវ​បានបិទ​បញ្ចប់។ នៅក្នុងការគ្រប់គ្រងប្រទេសរបស់លោកម៉ៅសេ ទុង សេដ្ឋកិច្ចប្រទេសចិន​ទទួលរង​នូវវិបត្ដិ​យ៉ាងធ្ងន់ធ្ងរ ដោយមានប្រជាជនជាច្រើនត្រូវរស់ដោយអត់ឃ្លាន។

ដោយមើលឃើញពីបញ្ហា​នេះ​ទើ​បបានជា តេង ស៊ា​វ​ពីង បានកែប្រែ និងស្ដារ​ប្រទេស​ពីរ​បប​គ្រប់គ្រង​បែប​សង្គមនិយម ដែល​មាន​​​គំ​និត​ចង់​​​ឲ្យ​ប្រជាជន​ធ្វើ​បដិវត្តន៍​ដោយ​មិន​ឲ្យ​ហូប​គ្រប់គ្រាន់ និង​មិនឲ្យមាន​ជីវភាព​សមរម្យនោះ​ចេញ​​វិញ។ ដោយលោកយល់ឃើញថាមានតែ​ធ្វើ​ឲ្យ​ប្រជា​ជន​​បាន​​ហូប​​ឆ្អែត ជីវភាព​សមរម្យ​ទេ ទើប​អាច​ធ្វើ​ឲ្យ​ជាតិ​រឹងមាំ​បាន​។​ នៅក្នុងនោះដែរ គេសង្កេតឃើញកំណែទម្រង់ពីរ​សំខាន់ៗ​របស់​លោក​តេង​​ ស៊ាង​​​​ពីងមានដូចជា៖

១) កំណែទម្រង់ខាងផ្នែក​សេដ្ឋកិច្ច

តេង ស៊ាវពីងបានបង្កើតឲ្យមានរបបកម្មសិទ្ធិឯកជន​​យ៉ាងពេញលេញ ដោយលែងមានទៀត​ហើយ​របប​​កម្មសិទ្ធិ​សមូហភាព។ ប្រជាកសិករមានសិទ្ធិធ្វើកសិកម្មជាលក្ខណៈឯកជន និងដោះដូរទំនិញ​តាម​យន្ដ​ការទីផ្សារសេរី។​ លើសពីនេះ​ទៅទៀត មានការអនុញ្ញាតឲ្យមានការបង្កើតសហគ្រាស​ឯក​ជន និងមានការបណ្ដាក់ទុករកស៊ីដោយសេរីទៀតផង។ ជាងនេះទៅទៀត ការបើក​ចំហ​យ៉ាង​ទូលំ​ទូលា​យ​​ទៅដ​ល់​វិនិយោគិន​បរទេសឲ្យមកវិនិយោគក្នុងប្រទេសដែលពេលនោះហើយតំបន់​សេដ្ឋកិច្ច​ពិសេស​​​​ជា​ច្រើន​ត្រូវ​បាន​បង្កើតឡើងជាពិសេសនៅ​តាម​តំបន់​ជាប់​នឹង​ឆ្នេរ​សមុទ្រ។

២) កំណែទម្រង់ក្នុងវិស័យអប់រំ

ដោយយល់ច្បាស់ពីសារសំខាន់នៃការអប់រំ តេង ស៊ាងពីងបានរៀបចំឡើងវិញនូវគ្រឹះស្ថានអប់រំ​តាំង​ពីកម្រិតទាបរហូតដល់ថ្នាក់មហាវិទ្យាល័យនៅ​ទូទាំង​ប្រទេស រួមទាំងបញ្ជូននិស្សិតចិនរាប់​ម៉ឺន​នាក់​ឲ្យ​ទៅ​សិក្សា​នៅប្រទេសលោកខាងលិចទៀតផង​​ ដែលនេះ​ជាអ្វីដែលមេដឹក​នាំប្រទេស​កុម្មុយ​​និស្ដ​ភាគ​​ច្រើន និងការធ្វើបដិវត្ដន៍សុទ្ធសាធតែងលុបបំបាត់។​ បន្ថែមពីនេះ ការ​ពង្រីក​កម្មវិធី​សិក្សាដោយ​ផ្ដោត​​សំខា​ន់​លើ​​​វិស័យបច្ចេកទេស និងបច្ចេកវិទ្យា រួមទាំងការជ្រើស​រើសនិស្សិត​ដោយ​ផ្អែកលើ         ស​មត្ថភាព​​​​​​​ជៀសជាង​ផ្អែក​​តាម​ខ្សែ​ស្រ​​ឡាយ ​បានធ្វើឲ្យគុណភាព​និស្សិតចិនកាន់តែល្អប្រសើរថែម​ទៀត​។

​ជាលទ្ធផល ដោយមានការធ្វើកំណែទម្រង់ស៊ីជម្រៅទាំងផ្នែកសេដ្ឋកិច្ច និងការអប់រំ បានធ្វើឲ្យប្រទេ​ស​ចិនអាចទាក់ទាញវិនិយោគិនបរទេសបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងទសវត្សឆ្នាំ៨០ និង​បន្ដ​អភិវឌ្ឍប្រទេសនេះកាន់តែរីកចម្រើនជាលំដាប់រហូតដល់ពេលបច្ចុប្បន្ននេះ។ ដោយ​ហេតុនេះ​ហើយ​​​បានជាគេចាត់ទុកលោកតេង ស៊ាងពីងជាបិតានៃកំណែទម្រ​ង់សេដ្ឋកិច្ចប្រ​ទេស​ចិន​ដ៏អ​ស្ចារ្យ​បំផុត​​​​​​​៕​

អត្ថបទដោយ៖ ឡាយ ឧត្ដម

ប្រភពអត្ថបទ៖ www.doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK