អ្នកបង្កើតប្រ៊ែន NIKE ៖ ក្នុងវ័យជាយុវជនគួរតែស្គាល់ពិភពខាងក្រៅឲ្យបានច្រើនបំផុត
Connect with us

បែបផែនជីវិត

អ្នកបង្កើតប្រ៊ែន NIKE ៖ ក្នុងវ័យជាយុវជនគួរតែស្គាល់ពិភពខាងក្រៅឲ្យបានច្រើនបំផុត

លោកPhil Knight កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៣៨ នៅទីក្រុងPortland រដ្ឋ Oregon នៃ​សហរដ្ឋ​អាមេរិក​។ លោកជាស្ថាបនិកក្រុមហ៊ុនស្បែកជើងNike និងជាមហាសេដ្ឋី ដែលមាន​ទ្រព្យ​សម្បត្ដិ​សុទ្ធ​​​ប្រមាណ​ជាង​៣៤.១ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៩នេះ នេះយើង​យោង​តាម​គេហទំព័រ​Forbes​។ លោក​បានចូលនិវត្ដន៍នៅឆ្នាំ២០១៦ បន្ទាប់ពីគ្រប់គ្រង​ក្រុមហ៊ុន​អស់​រយៈ​ពេល​៥២​ឆ្នាំ។

ក្នុងនាមជាអ្នកដឹកនាំមួយរូប លោកបានណែនាំយុវជនដែលមានវ័យខ្ទង់២០ឆ្នាំ​ឲ្យចេះ​ប្រើប្រា​ស់​ពេល​​វេលាក្នុងការស្វែងរកចំណេះដឹងបន្ថែមតាមរយៈការធ្វើដំណើរ។ ជាក់ស្ដែង កាលពីពេលដែល​គាត់បានរៀបចប់ថ្នាក់មហាវិទ្យាល័យ លោកបានចំណាយពេល១ឆ្នាំធ្វើជាទាហានជើងទឹក ហើយ​នៅអាយុ២៤ឆ្នាំ លោកមានបំណងចង់ធ្វើដំណើរជុំវិញពិភពលោក។ ក្រោយមកលោកបានសុំប្រាក់​ពីឪពុកម្ដាយរបស់លោក ដើម្បីធ្វើដំណើរដែលកាលនោះគឺស្ថិតក្នុងអំឡុងឆ្នាំ១៩៦០ ដែលការធ្វើដំ​ណើរ​ឆ្លងប្រទេសវាជារឿងដែលចម្លែក និងត្រូវចំណាយច្រើន។

ដំបូងគាត់បានជិះយន្ដហោះទៅរដ្ឋ​ហាវ៉ៃ​ ហើយ១ខែក្រោយមកគាត់បានធ្វើដំណើរទៅប្រទេសជប៉ុន ហុងកុង វៀតណាម ហ្វីលីពីន ឥណ្ឌា កេនយ៉ា អេហ្ស៊ីប តួកគី បារាំង អាឡឺម៉ង អង់គ្លេស ហើយនឹងប្រទេសជាច្រើនជាបន្ដបន្ទាប់។​ការធ្វើដំណើរនេះហើយដែលធ្វើឲ្យលោកអាចរៀនសូត្របានច្រើនពីប្រវត្ដិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងជីវភាពជាក់ស្ដែងរបស់ប្រជាជន សម្រាប់យកទៅអនុវត្ដន៍ក្នុងជីវិតរបស់លោក ក៏ដូចជាគំនិតក្នុង​ការបង្កើតអាជីវកម្មថ្មីៗជាច្រើន។

ជារួមមក ក្នុងវ័យជាយុវជនដែលជាវ័យមួយពោរពេញទៅដោយថាមពល និងបញ្ញា គួរតែចំណាយ​ពេលវេលាឲ្យបានច្រើនក្នុងការសិក្សារៀនសូត្រ និងស្វែងរករបកគំហើញថ្មីៗសម្រាប់ជីវិត ជាពិ​សេ​ស​​គឺសន្សំបទពិសោជន៍ជីវិតល្អៗឲ្យបានច្រើនសម្រាប់យកទៅអនុវត្ដក្នុងពេលអនាគត៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

 ប្រភពអត្ថបទ៖ www.doctot-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK