កម្រឃើញណាស់! «មឈូស​បុរាណ» ក្នុងសម័យ​ព្រះបាទ​សូរ្យ​វរ្ម័នទី២ នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ ត្រូវក្រុមអ្នកជំនាញយកមកជួសជុល
Connect with us

ថ្មីៗ

កម្រឃើញណាស់! «មឈូស​បុរាណ» ក្នុងសម័យ​ព្រះបាទ​សូរ្យ​វរ្ម័នទី២ នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ ត្រូវក្រុមអ្នកជំនាញយកមកជួសជុល

សៀមរាប​៖ មឈូស​បុរាណ​មួយ​ដែល​ស្ថិតនៅក្នុង​ប្រាសាទបន្ទាយ​សំ​រ៉ែ កំពុង​ទទួល​បានការ​ជួសជុល​ពី​ក្រុម​អ្នកជំនាញ​។ នេះ​ជាម​ឈូស​កម្រ​ដែល​គេ​មិនសូវ​ប្រទះឃើញ​មាន​ច្រើន​ទេ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​នៅតាម​បុរាណ​ដ្ឋា​ន​ផ្សេងៗ​។ ការជួសជុល​មឈូស​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ការអភិរក្ស​បេតិកភណ្ឌ​ជាតិ ដើម្បី​រក្សា​ទុកឱ្យ​អ្នកជំនាន់ក្រោយ​បាន​ស្គាល់​។​

ជា​រឿង​ដ៏​កម្រ​និង​ភ្ញាក់ផ្អើល​មួយ​ដែរ​សម្រាប់​មនុស្ស​ទូទៅ​ដែល​មិនសូវ​ដឹង​ពី​វត្តមាន​មឈូស​ក្នុង​ប្រាសាទបុរាណ​។ ការធ្វើ​មឈូស​តម្កល់​នៅតាម​ប្រាសាទ​មិនមាន​ច្រើន​ទេ សម្រាប់​នៅ​ខេត្តសៀមរាប​គេ​ប្រទះឃើញ​៣​ឬ​៤​កន្លែង​ប៉ុណ្ណោះ ចំណែក​នៅតាម​ប្រាសាទ​ដែល​អ្នកជំនាញ​បាន​រកឃើញ​និង​នៅមាន​ទម្រង់​ជាម​ឈូស​នោះ គឺ​ទី​១​នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ និង​មួយទៀត​នៅ​ប្រាសាទបឹងមាលា​។​

​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​ជួសជុល​មឈូស​បុរាណ​មួយ​ដែល​សង់​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ ស្ថិតនៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ​។ បច្ចុប្បន្ន​ការងារ​នេះ​ជិត​រួចរាល់​ហើយ​ដែរ ក្នុងនោះ​អ្នកជំនាញ​សុំឱ្យ​ភ្ញៀវទេសចរ​ដែល​មកដល់​កន្លែង​មឈូស​នេះ ត្រូវ​ថែរក្សា​ដោយ​មិនត្រូវ​ប៉ះពាល់​ឡើយ​។​

​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង ណា​រី បានឱ្យដឹងថា ការជួសជុល​មឈូស​នេះ​ដោយសារ​មឈូស​ជាវ​ត្ថុ​សិល្បៈ​កម្រ ហើយ​បើ​យោងតាម​ការស្រាវជ្រាវ​ក​ន្ល​ង​មក មានតែ​២​ទេ​ក្នុង​តំបន់​ប្រាសាទ គឺ​នៅ​បន្ទាយ​សំ​រ៉ែ​ដែលមាន​ទំហំ​តូច គឺ​ទំហំ​បណ្ដោយ​៩០​សង់ទីម៉ែត្រ កម្ពស់​៧០​សង់ទីម៉ែត្រ និង​ទទឹង​៦០​សង់ទីម៉ែត្រ និង​នៅ​បឹងមាលា​មាន​ទំហំ​ធំ រហូតដល់​២០​ម៉ែត្រ​។ តាម​ការស្រាវជ្រាវ មឈូស​នេះ​ធ្លាប់បាន​ជួសជុល​ម្ដង​រួចមកហើយ​នៅ​សម័យ​បារាំង​ពី​ឆ្នាំ​១៩៣៦ និង​១៩៤០ តាមរយៈ​សាលា​បារាំង​ចុង​បូព៌ា​។​

​យោងតាម​ឯកសារ​រូបភាព​របស់​បារាំង ក្រោយ​ជួសជុល​ហើយ មឈូស​នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ​នេះ​មាន​ភាពរឹងមាំ​ធម្មតា តែ​ទើបនឹង​បែកបាក់​នៅ​សម័យ​សង្គ្រាម​ក្រោយមក​។ លោក ឡុង ណា​រី បាន​ទាញ​សេចក្ដី​សន្និដ្ឋានថា មកពី​កត្តា​មនុស្ស​ដែល​លួច​គាស់កកាយ​រក​កំណប់​ដែល​ល្បី​តៗ​គ្នា ទើប​ធ្វើឱ្យ​មឈូស​នេះ​ពុកផុយ​និង​បែកបាក់​ច្រើន​បំណែក និង​បំណែក​ខ្លះ​បាន​បាត់​រក​មិនឃើញ​។ អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​មឈូស​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« យើង​មិនដឹងថា ការ​ខូ​ត​ខា​តនៃ​មឈូស​ដោយសារ​អ្វី​ទេ តែ​តាម​ការយល់ឃើញ​ផ្អែកលើ​ភស្ដុតាង​នៃ​ប្រាសាទ​មួយចំនួន​សម័យ​នោះ​សម្បូរ​គេ​រក​កំណប់ ដូច្នេះ​មឈូស​ក៏​អាចមាន​ការគាស់កកាយ​ដែរ យើង​ក៏​សម្រេច​មក​ជួសជុល​ដើម្បី​រក្សា​ទុកឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ដឹងបាន​ស្គាល់​…»​។​

​សម្រាប់​ការជួសជុល ក្រុម​អ្នកជំនាញ​វ័យក្មេង​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្តោតជាសំខាន់​លើ​គុណភាព​ថ្ម ព្រោះថា​អាយុកាល​ធ្វើឱ្យ​សាច់​ថ្ម​មាន​ភាព​ពុកផុយ ងាយ​របេះ​។ អ្នកជំនាញ​បាន​ដកយក​ជាតិ​អំបិល​ចេញ និង​ព្យាបាល​ថ្ម​ឡើងវិញ និង​យក​ថ្ម​ថ្មី​ជំនួស​បំណែក​ដែល​រក​មិនឃើញ​។ ជាមួយគ្នានេះដែរ បើតាម​ការសន្និដ្ឋានរ​ប​ស់លោក ឡុង ណា​រី មឈូស​ដែល​សង់​នៅតាម​ប្រាសាទ​នេះ គឺ​សម្រាប់​តម្កល់សព​ក្មេង​ដែលជា​ញាតិវង្សានុវង្ស​របស់​សេ្ដច ហើយ​ការអះអាង​មួយទៀត​យល់ថា សង់​សម្រាប់​ដាក់​មនុស្ស​ធំ​ទៅវិញ​។

​ប្រាសាទបន្ទាយ​សំ​រ៉ែ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ឬ​នៅតាម​ផ្លូវ​ទៅ​ភ្នំ​បូក​។ ប្រាសាទ​នេះ​សង់​ឡើង​ពី​ថ្មបាយក្រៀម​និង​ថ្មភក់ ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ និង​បញ្ចប់​ក្នុង​រាជ្យ​ក្សត្រ​យ​សោ​វរ្ម័ន​។ សង់​លើដី​រាប បែរមុខ​ទៅខាង​កើត ប្រាសាទ​នេះ​នៅមាន​ចម្លាក់​ផុស​ស្អាត​នៅឡើយ​។ ក្រៅពី​ជួសជុល​មឈូស អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ជួសជុល​បង្កាន់ដៃ​នាគ ក៏ដូចជា​គម្រោង​អភិរក្ស​តាម​ផ្នឹ​ម​ដែក​ដែល​ច្រេះៗ​ឆ្លង​ពី​សម័យ​ដែល​បារាំង​ជួសជុល​ជាដើម​។​

ក្នុង​បុព្វហេតុ​ដើម្បី​រក្សា​តម្លៃ​បេតិកភណ្ឌ​ឱ្យ​អ្នកជំនាន់ក្រោយ​បានឃើញ​និង​ស្គាល់ លោក ឡុង ណា​រី បានស្នើ​ដល់​ទេសចរ​ជាតិ​និង​អន្ដរជាតិ ជួយ​ការពារ​សម្បត្តិ​ទាំងនេះ​តាមរយៈ​កុំ​ប៉ះពាល់​ឬ​អង្រួន​បុរាណ​ដ្ឋា​ន​នានា បង្ការ​កុំឱ្យ​មាន​ហានិភ័យ​ផ្សេងៗ​ជាយថាហេតុ​៕

ប្រភពអត្ថបទ៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK