ឆ្ងល់ទេ! ហេតុអ្វីម្ជុលមេដែកដ៏តូចអាចធ្វើជាឧបករណ៍ចង្អុលបង្ហាញទិសរបស់មនុស្សសម័យកាលបាន ?​
Connect with us

គួរដឹង

ឆ្ងល់ទេ! ហេតុអ្វីម្ជុលមេដែកដ៏តូចអាចធ្វើជាឧបករណ៍ចង្អុលបង្ហាញទិសរបស់មនុស្សសម័យកាលបាន ?​

មុន​នឹង​មាន​ឧបករណ៍​ទំនើប​សម្រាប់​ចង្អុល​ប្រាប់​ទិស ដូចជា​GPS មនុស្ស​ជំនាន់​ដើម​តែង​អង្កេត​មើល​ផ្កាយ​ដើម្បី​ផ្ដល់​ជា​តម្រុយ​ពី​ទិសដៅ​ដល់​ពួកគេ។ ប៉ុន្តែ​វិធី​មួយ​នេះ​មិន​អាច​ប្រើ​ការ​បាន​នៅ​ក្នុង​ស្ថានភាព​ដែល​អាកាសធាតុ​ប្រែប្រួល​ជា​ចុះ​អ័ព្ទ និង​មាន​ពពក​បាំង​ជិត​ពន្លឺ​ព្រះអាទិត្យ​នោះ​ឡើយ។ ហេតុនេះ វត្ថុ​ច្នៃប្រឌិត​ត្រីវិស័យ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​បង្អស់​ដោយ​ចិន​បុរាណ​នៅ​អំឡុង​រាជវង្ស​ឈីង (២២១ដល់២០៧​មុន​គ.ស) ដើម្បី​នាំ​ផ្លូវ​ពួកគេ​ក្នុង​ពេល​ធ្វើ​ដំណើរ និង​ប្រើប្រាស់​សូម្បី​តែ​ជា​ឧបករណ៍​សម្រាប់​ទស្សន៍ទាយ​ពី​រាសី​របស់​ជនជាតិ​ចិន​ផង​ដែរ។

ប៉ុន្តែ ហេតុអ្វី​ក៏​ជា​ត្រីវិស័យ ? ហេតុអ្វី​ក៏​ឧបករណ៍​ដ៏​តូចតាច ដែល​គ្រាន់តែ​មាន​សមាសធាតុ​ផ្សំ​ពី​ម្ជុល​ដែក​ល្អិត​តូច​មួយ​នៅ​ខាង​ក្នុង​ត្រីវិស័យ​នេះ អាច​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​តាំង​ពី​បុរាណកាល​មក​ទល់​សម័យ​ឌីជីថល​បច្ចុប្បន្ន​នេះ ? តើ​ត្រីវិស័យ​ដំណើរការណ៍​យ៉ាង​ដូចម្ដេច ? ម្យ៉ាងទៀត​តើ​វា​មាន​ទំនាក់ទំនង​ដូចម្ដេច​ជាមួយ​ដែន​ម៉ាញេទិច​ផែនដី ? ដើម្បី​អាច​ឈាន​ដល់​មូលហេតុ​ដែល​ត្រីវិស័យ​អាច​ធ្វើ​ជា​ឧបករណ៍​ចង្អុល​ទិស​បាន ការ​យល់​ដឹង​ពី​លក្ខណៈ​របស់​ផែនដី​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចម្បង​បំផុត។ នៅ​ចំ​កណ្ដាល​ផែនដី​គឺជា​ស្នូល​របស់​ផែនដី ដែល​មាន​ស្នូល​ខាងក្នុង​និង​ស្នូល​ខាងក្រៅ និង​ក្រៅ​បង្អស់​គឺជា​ស្រទាប់​ផែនដី។ ប៉ុន្តែ​ស្នូល​ខាងក្នុង​របស់​ផែនដី​មាន​មេដែក​ធម្មជាតិ ឬ​ជា Fe3O4 ដែល​មាន​ទម្រង់​ជា​រូបធាតុ​រឹង។ រីឯ​ស្នូល​ខាងក្រៅ​ផែនដី​មាន​មេដែក​ធម្មជាតិ​ដូចជា ដែក និង​នីកែល តែ​ក្នុង​ទម្រង់​ជា​រូបធាតុ​រាវ។

ផែនដី​ធ្វើ​ចលនា​វិល​ជុំវិញ​អ័ក្ស​របស់​ខ្លួនឯង ដែល​ចលនា​នេះ​នាំ​ឲ្យ​ភាគល្អិត​ដែល​ជា​មេដែក​ធម្មជាតិ​ក្នុង​ទម្រង់​ជា​រូបធាតុ​រាវ​នោះ​មាន​ចលនា ហើយ​ក៏​បង្កើត​បាន​ជា​ដែន​ម៉ាញេទិច ដែល​មាន​ប៉ូល​ខាងជើង និង​ប៉ូល​ខាងត្បូង។ លក្ខណៈ​ដែន​ម៉ាញេទិច​គឺ នៅ​ពេល​មេដែក​ពីរ​ដែល​មាន​ប៉ូល​ដូច​គ្នា វា​ទាញ​គ្នា​ចេញ ផ្ទុយទៅវិញ បើ​មេដែក​ពីរ​មាន​ប៉ូល​ផ្ទុយ​គ្នា វា​ទាញ​គ្នា​ចូល។ លក្ខណៈ​សំខាន់ៗ​ទាំងនេះ​ហើយ​គឺជា​អ្វី​ដែល​បកស្រាយ​ទៅលើ​ថា​តើ​ត្រីវិស័យ​ដំណើរការណ៍​យ៉ាង​ដូចម្ដេច។ ម្ជុល​មេដែក​នៅ​ក្នុង​ត្រីវិស័យ​ដែល​អាច​ចង្អុល​ទិស​បាន ក៏​ដោយសារ​តែ​វា​ត្រូវ​បាន​ឆក់​ទាញ​ដោយ​ដែន​ម៉ាញេទិច​ដែល​បង្កើត​ឡើង​ដោយ​ផែនដី​នេះ​ឯង។

ប៉ុន្តែ ចលនា​របស់​ដែន​ម៉ាញេទិច​ដែល​កើត​ឡើង​តាម​លក្ខណៈ​ពិត​របស់​វា មិន​ដូច​ទៅ​នឹង​អ្វី​ដែល​មនុស្ស​ទូទៅ​តែងតែ​គិត​នោះ​ទេ។ យើង​ដឹង​រួច​មក​ហើយ​ថា ប៉ូល​ខុស​គ្នា​នឹង​ទាញ​គ្នា​ចូល ឬ​ប៉ូល​ខាងជើង​ឆក់​ទាញ​ប៉ូល​ខាងត្បូង​ចូល។ នៅ​ពេល​ម្ជុល​មេដែក​របស់​ត្រីវិស័យ​ចង្អុល​ទិស​ខាងជើង វា​គឺជា​ប៉ូល​ខាងត្បូង​ដែល​បង្កើត​ឡើង​ដោយ​ដែន​ម៉ាញេទិច​ផែនដី​ទៅវិញ​ទេ។ ការ​ពិត​មួយ​ទៀត​នឹង​បង្ហាញ​ថា​តាម​ពិត​ទៅ​ត្រីវិស័យ​ពុំ​អាច​ជា​ឧបករណ៍​សម្រាប់​ចង្អុល​ទិស​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ថា​បើ​វា​ចង្អុល​ទិស​ខាងជើង នោះ​ភូមិសាស្ត្រ​ផែនដី​ពិត​ជា​ស្ថិត​នៅ​ទិស​ខាងជើង​មែន​នោះ​ទេ។ ដែន​ម៉ាញេទិច​ផែនដី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ចលនា​របស់​មេដែក​ធម្មជាតិ​នៅ​ស្នូល​ខាងក្រៅ​ផែនដី អាច​មាន​ចលនា​បាន​ក៏​ដោយសារ​ចលនា​រង្វិល​ជុំវិញ​អ័ក្ស​ខ្លួនឯង​របស់​ផែនដី​ដែរ។ ប៉ុន្តែ​ដែន​ម៉ាញេទិច​មិន​បន្ស៊ី​គ្នា​ជាមួយ​នឹង​អ័ក្ស​រង្វិល​របស់​ផែនដី​នោះ​ឡើយ។ គេ​ហៅ​លក្ខណៈ​បែប​នេះ​ថា​ជា “ភាព​លម្អៀង”។ ភាព​ខុស​គ្នា​រវាង​ប៉ូល​ខាងជើង​ចង្អុល​ដោយ​ត្រីវិស័យ និង​ប៉ូល​ខាងជើង​នៅ​ក្នុង​ភូមិសាស្ត្រ​ផែនដី​ពិត​ប្រាកដ អាច​បង្ហាញ​ឲ្យ​ឃើញ​ជា​ដឺក្រេ​មុំ​លម្អៀង​គ្នា​បន្តិចបន្តួច ហើយ​ភាព​លម្អៀង​នេះ​កើត​ឡើង​ដោយ​អាស្រ័យ​ពី​ទី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយ នេះ​ក៏​ព្រោះ​តែ​ដែន​ម៉ាញេទិច​ផែនដី​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​ជានិច្ច។

ម្យ៉ាងទៀត បើ​សិន​ជា​អ្នក​កំពុង​តែ​ជិះ​នៅ​ក្នុង​រថយន្ត​ឬ​នាវា​ដែល​ធ្វើ​ពី​ដែក ឬ​អ្វី​ក៏​ដោយ​ដែល​ជា​ដែក ឬ​ជា​មេដែក​នៅ​ក្បែរ​អ្នក ឬ​នៅ​ទីតាំង​ជាក់លាក់​ណាមួយ​ដូចជា​តំបន់​ដែល​ស្ថិត​នៅ​រយៈទទឹង​ខាងជើង​ខ្ពស់ ឬ​ក៏​មាន​ការ​បម្រែបម្រួល​ចរន្ត​អគ្គិសនី​ដែល​បង្កើត​ឡើង​ដោយ​ដែន​ម៉ាញេទិច នោះ​ភាព​ជាក់លាក់​របស់​ត្រីវិស័យ​ក្នុង​ការ​ចង្អុល​ទិស នឹង​បង្កើត​ជា​ភាព​ខុស​គ្នា​ធំធេង​ជាមួយ​ទិស​ពិត​ប្រាកដ​របស់​ភូមិសាស្ត្រ​ផែនដី។ បើ​យោង​តាម United States Geological Survey នៅ​តំបន់​ដែល​ស្ថិត​នៅ​រយៈ​ទទឹង​ខាងជើង​ខ្ពស់​ដូចជា​តំបន់​ប៉ូល​ខាងជើង​មាន​ឥទ្ធិពល​ទៅលើ​ត្រីវិស័យ​ឲ្យ​ងាក​ចេញ​ពី​ប៉ូល​ដែន​ម៉ាញេទិច​ខាងជើង ហើយ​ងាក​មក​ចង្អុល​ទិស​ខាងត្បូង​វិញ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅ​ពី​អាច​ចង្អុល​ប្រាប់​ទិស​បាន ប្រយោជន៍​ដែល​ដែន​ម៉ាញេទិច​ផែនដី​បាន​ផ្ដល់​ឲ្យ​ជីវិត​មនុស្ស​សត្វ​នោះ​គឺ ភាគល្អិត​ទាំងឡាយ​ដែល​សាយភាយ​ចេញ​ពី​ព្រះអាទិត្យ​មក តែងតែ​រត់​ទៅ​រក​ប៉ូល​ខាងជើង​និង​ខាងត្បូង ដែល​ជា​តំបន់​ដែល​ដែន​ម៉ាញេទិច​មាន​កម្លាំង​ខ្លាំង ដូច្នេះ​ហើយ​បាន​ជា​មាន​សត្វ​តិចតួច​បំផុត​ដែល​មាន​ជីវិត​រស់នៅ​ក្នុង​តំបន់​ប៉ូល​ខាងជើង​និង​ប៉ូល​ខាងត្បូង​បាន៕

ប្រែសម្រួល៖​ ស្រីពៅ

ប្រភព៖ learnchinesehistory & livescience & explainthatstuff & ck12

ដកស្រង់ដោយ៖ www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK