មេរៀន​ជីវិត ​ដែល​អ្នក​​ត្រូវ​ចង​ចាំ​ពេល​ឈាន​ដល់​វ័យ ៣៥ឆ្នាំ បើមិនចង់ស្តាយក្រោយ​
Connect with us

បែបផែនជីវិត

មេរៀន​ជីវិត ​ដែល​អ្នក​​ត្រូវ​ចង​ចាំ​ពេល​ឈាន​ដល់​វ័យ ៣៥ឆ្នាំ បើមិនចង់ស្តាយក្រោយ​

ពេល​ខ្លះ​អ្នក​ប្រហែល​ជា​ធ្លាប់​ខ្សឹប​ក្នុង​ចិត្ត​ថា ប្រសិន​បើ​ជីវិត​​កាន់តែ​ស្មុគស្មាញ​បែប​នេះ គួរ​តែ​នៅ​ក្មេង​រហូត​ប្រសើរ​ជាង។ ត្រឹមត្រូវ​ហើយ អ្នក​មាន​អាយុ​កាន់តែ ច្រើន ជីវិត​អ្នក​កាន់តែ​ស្មុគស្មាញ​ដោយសារតែ​អ្នក​មាន​ទំនួល​ខុសត្រូវ​កាន់តែ​ធំ ជា​ពិសេស​គឺ​​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​​ឲ្យ​ជីវិត​ជោគជ័យ​?

មាន​មេរៀន​ជីវិត​ជា​ច្រើន​ដែល​អ្នក​នឹង​ជួបប្រទះ បើ​ទោះបី​ជា​អ្នក​មិន​ចង់​ជួប ក៏​អ្នក​​គ្មាន​ជម្រើស​ដែរ​​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង​​ជោគជ័យ​ក្នុង​ជីវិត​។ ខាងក្រោម​នេះ​នឹង​បង្ហាញ​​អ្នក​ថា មាន​មេរៀន​ជីវិត​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ស្វែង​យល់៖

១. រៀន​​ស្នើសុំ​​​​ដំបូន្មាន

ជួនកាល​​អ្នក​បាន​ទុក​ឲ្យ​ភាព​​ភ័យខ្លាច ឬ​បញ្ហា​​របស់​​អ្នក​​​​នៅ​ឈឺ​រ៉ាំរ៉ៃ​​​​ក្នុង​ខ្លួន​មិន​ស្នើ​សុំ​​មតិយោបល់​​ពី​​មនុស្ស​ជុំវិញ​ខ្លួន​។ ប៉ុន្តែ​​ដំណោះស្រាយ​ដ៏​ល្អ​គឺ​អ្នក​ត្រូវ​បណ្តេញ​វា​ចេញ​ពី​ក្នុង​ខ្លួន ឬ​និយាយ​វា​ចេញ​មក​ ពី​ព្រោះ​ថា ពេល​ខ្លះ​អ្នក​ដែល​ផ្តល់​ដំបូន្មាន​ឲ្យ​អ្នក​ក៏​ជួប​បញ្ហា​ដូចគ្នា​ដែរ។ ហេតុដូច្នេះ ការ​ស្វែង​រក​ជំនួយ​សុំ​យោបល់​ វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​​ខ្មាសអៀន​នោះ​​ឡើយ​។ អ្នក​​គួរ​ជ្រើសរើស​អ្នកណា​ម្នាក់​ដែល​អ្នក​​ស្និទ្ធស្នាល​បំផុត និង​គួរ​ឲ្យ​ទុកចិត្ត​ ដើម្បី​​សុំ​ជំនួយ​​ដំបូន្មាន​​ពី​អ្នក​ទាំង​នោះ​។

២. ចំណាយពេល​ដើម្បី​ធ្វើ​រឿង​ផ្គាប់ចិត្ត​​បេះដូង​ខ្លួនឯង

នៅ​វ័យ​នេះ​ អ្នក​អាច​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​ផ្គាប់ចិត្ត​គ្រួសារ មនុស្ស​ដែល​អ្នក​ស្រលាញ់ បងប្អូន មនុស្ស​ផ្សេងៗ​ទៀត​ដែល​សំខាន់​សម្រាប់​អ្នក។ យ៉ាងណាមិញ អ្នក​​ត្រូវ​​ដឹង​ថា អ្នក​ក៏​ត្រូវ​ការ​ពេលវេលា​មួយ​ដើម្បី​ធ្វើ​រឿង​មួយ​ចំនួន​ដែល​អ្នក​ចង់​ធ្វើ​និង​ស្រលាញ់​បំផុត​ ដើម្បី​ផ្គាប់ចិត្ត​ខ្លួន​​ឯង​ផង​ដែរ។ ដូច្នេះ អ្នក​អាច​ចំណាយ​ពេល​ថ្ងៃ​ណាមួយ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ធ្វើ​រឿង​នោះ​។ ដើរ​លេង​ម្នាក់​ឯង សមាធិ លេង​តន្ត្រី  រាំ​កម្សាន្ត ជុំ​មិត្តភក្ដិ ជាដើម ទាំង​នេះ អ្នក​គួរ​តែ​ធ្វើ​ទៅ​ដើម្បី​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត។

៣. ប្រើ​ថាមពល​​របស់​អ្នក​ឲ្យ​ចំ​ទិសដៅ
នៅ​ក្នុង​វ័យ​ ៣០ ជាង​ ទំនួល​ខុសត្រូវ​របស់​អ្នក​គឺ​កាន់តែ​ធំ ​ទាំង​ការ​រក​លុយ ធ្វើ​ការ បង្កើត​គ្រួសារ ជា​ពិសេស​គឺ​នាំ​ភាព​ជោគជ័យ​សម្រាប់​​​ខ្លួន​ឯង។ អ្វីៗ​ទាំង​នេះ គឺ​ទាមទារ​ឲ្យ អ្នក​​ប្រើប្រាស់​ថាមពល​ច្រើន​ណាស់ ​ព្រម​ទាំង​ត្រូវ​មាន​ការ​ប្ដេជ្ញាចិត្ត អត់ធ្មត់ និង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព។ ដោយសារតែ​បែប​នេះ​ហើយ អ្នក​ត្រូវ​ប្រាកដ​ថា រាល់​ថាមពល​ដែល​អ្នក​បាន​ចំណាយ​លើ គឺ​ចាំបាច់​ត្រូវ​តែ​ជា​​កិច្ចការ​ដែល​មាន​ប្រយោជន៍​បំផុត ជៀសវាង​ប្រើ​ថាមពល​ដោយ​គ្មាន​​លទ្ធផល​អ្វី​ត្រឡប់​មក​វិញ។

៤. រៀន​គ្មាន​ថ្ងៃ​ឈប់
បើ​ទោះបី​ជា​អ្នក​ខ្លះ​ឈាន​ដល់​វ័យ​​នេះ ​បាន​សល់​លុយ មាន​ឡាន មាន​ផ្ទះ មាន​ការងារ​ល្អ ឬ​មុខ​ជំនួញ​ជោគជ័យ​ក៏ដោយ អ្នក​មិន​គួរ​យក​សមិទ្ធផល​ទាំង​នេះ​មក​ដាក់​កំហិត បញ្ចប់​ការ​រៀនសូត្រ​របស់​អ្នក។ សូម​ចាំ​ថា ពិភពលោក​មាន​ការ​ប្រែប្រួល​រហូត ដូច្នេះ​អ្នក​​ក៏​ត្រូវ​រៀន​អ្វីៗ​ដែល​ថ្មី​​ ហើយ​ក៏​មិន​ចាំបាច់​ទាល់តែ​អង្គុយ​ក្នុង​ថ្នាក់ ទើប​ចាត់​ទុក​ថា ជា​ការ​រៀនសូត្រ​នោះ​ឡើយ។ ​អ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ រៀន​ពី​សង្គម​ខាងក្រៅ វគ្គសិក្សា​ខ្លី សិក្ខាសាលា  រៀន​ចែករំលែក​ផ្លាស់ប្ដូរ​យោបល់ ​។ល។ គឺ​​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​មាគ៌ា​ជីវិត​របស់​អ្នក​ត​ទៅ​មុខ​ទៀត។

៥.​ ដើរ​ចេញ​ពី​តំបន់​សុវត្ថិភាព​របស់​អ្នក
នៅ​ពេល​ដែល​អ្នក​កំពុង​ផ្ដេកផ្ដួល​លើ​ព្រេង​វាសនា​ ហើយ​មាន​អារម្មណ៍​ធុញថប់​ទៅ​នឹង​​ទម្លាប់​មិន​ល្អ​របស់​អ្នក វា​គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​ការ​ដើរចេញ​ពី​វា​នោះ​ឡើយ។ មនុស្ស​​ភាគច្រើន​យល់​ថា វា​មិន​ល្អ ប៉ុន្តែ​នៅ​តែ​បណ្តោយ​ខ្លួន​ត្រាំត្រែង ជាមួយ​នឹង​វា​អស់​មួយ​ជីវិត។ មធ្យោបាយ​ដ៏​ល្អ​បំផុត​នៅ​​ពេល​នេះ គឺ​​​អ្នក​ត្រូវ​ហ៊ាន​សម្រេចចិត្ត​​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ដើម្បី​​ធ្វើ​អ្វីៗ​​​ដែល​ថ្មី។ មុន​ដំបូង​ វា​អាច​លំបាក​សម្រាប់​អ្នក​ដើម្បី​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ ក៏ប៉ុន្តែ​យូរៗ​ទៅ​វា​ជា​រឿង​មួយ​គួរ​ឲ្យ​ពេញចិត្ត។ មាន​តែ​ការ​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​អភិវឌ្ឍ។

៦.​ បរាជ័យ​មិនមែន​មានន័យ​ថា ជីវិត​បរាជ័យ
តើ​អ្នក​​អាច​ប្រាប់​បាន​ទេ​ថា តាំង​ពី​ដឹង​ក្តី​មក​អ្នក​បាន​​ជួប​រឿង​បរាជ័យ​ប៉ុន្មាន​ដង​មក​ហើយ​? អ្នក​អាច​បរាជ័យ​ក្នុង​​ការងារ ស្នេហា ការ​សិក្សា ​គ្រួសារ ជាដើម​ដែល​​បញ្ហា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ខកបំណង អស់​សង្ឃឹម ហើយ​ពេល​ខ្លះ​ចង់​បញ្ឈប់​វា​ទាំង​ពាក់​កណ្តាល​ទី។ យ៉ាងណាមិញ សូម​ចាំ​ថា វ័យ​ជាង ៣០​ នេះ​ បើ​ទោះបី​ជា​អ្នក​មាន​អ្វីៗ​គ្រប់យ៉ាង​​ក៏ មិនមែន​មានន័យ​ថា ពេញ​មួយ​ជីវិត​របស់​អ្នក​ជោគជ័យ​ដែរ។ ទន្ទឹម​នឹង​នេះ​បើ​អ្នក​បរាជ័យ ក៏​មិនមែន​មានន័យ​ថា ​ជីវិត​​របស់​អ្នក​បរាជ័យ​ដែរ។ ពេល​ជួប​បរាជ័យ អ្នក​ត្រូវ​ទទួល​ស្គាល់ ហើយ​ចេះ​កែប្រែ​វា​ទៅ​ជា​​បទពិសោធន៍ រៀនសូត្រ ពី​វា ហើយ​ចាប់​ផ្តើម​វា​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន។

៧. មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា
វា​ជា​រឿង​មួយ​គួរឲ្យ​អស់​សំណើច ប្រសិន​បើ​អ្នក​​បណ្តែតបណ្តោយ​ឲ្យ​ខ្លួន​ឯង​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា។ សូម​ចាំ​ថា គ្មាន​អ្នកណា​ម្នាក់​កើត​មក​ល្អ​ឥតខ្ចោះ​នោះ​ឡើយ ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់​មិន​ធ្លាប់​ធ្វើ​ខុស​នោះ​ដែរ។ មនុស្ស​ម្នាក់ៗ​តែង​ជួប​ការ​ឲ្យ​តម្លៃ ក្តី​ស្រលាញ់ និង​ភាព​ស្អប់​ខ្ពើម​មិន​ពេញ​ចិត្ត​ពី​​មនុស្ស​ជុំវិញ​ខ្លួន។ នេះ​គឺ​ជា​រឿង​​ធម្មតា​​របស់​មនុស្ស។​ ហេតុដូច្នេះ នៅ​ក្នុង​វ័យ​នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា ការ​ធ្វើ​រឿង​ជាច្រើន​ដើម្បី​ផ្គាប់ចិត្ត​ខ្លួន​ឯង និង​មនុស្ស​ដែល​ស្រលាញ់​អ្នក​ ហើយ​មិន​ប៉ះពាល់​ដល់​អ្នកដទៃ គឺ​ជា​រឿង​ត្រឹមត្រូវ​បំផុត៕

ប្រភព៖ Businessinsider ​

ដកស្រង់ដោយwww.bizkhmer.com

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK