ទូតអាមេរិកថ្មីប្រចាំកម្ពុជា ប្តេជ្ញានឹងធ្វើឲ្យចំណងមិត្តភាពអាមេរិក-កម្ពុជាកាន់តែរឹងមាំ
Connect with us

ថ្មីៗ

ទូតអាមេរិកថ្មីប្រចាំកម្ពុជា ប្តេជ្ញានឹងធ្វើឲ្យចំណងមិត្តភាពអាមេរិក-កម្ពុជាកាន់តែរឹងមាំ

មុនមករស់នៅកម្ពុជា លោក W. Patrick Murphy ដែលជាទូតអាមេរិកថ្មីប្រចាំកម្ពុជា និងភរិយារបស់លោក គឺអ្នកស្រី Kathleen បានណែនាំខ្លួនមកកាន់ប្រជាពលរដ្ឋកម្ពុជា តាមរយៈវីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

លោក Patrick Murphy និយាយថា លោក មានកិត្តិយស ដែលបានធ្វើជាទូតអាមេរិកប្រចាំកម្ពុជា។ លោក ថ្លែងដូច្នេះថា៖«ខ្ញុំ ប្តេជ្ញាចិត្ត ថានឹងពង្រឹងទំនាក់ទំនងរវាងអាមេរិក-កម្ពុជា លើវិស័យនានា និងគាំទ្រកម្ពុជា ដើម្បីឲ្យមានភាពរឹងមាំ រុងរឿង និង មានលទ្ធិប្រជាធិបតេយ្យ….»។

លោក ពុំបានបញ្ជាក់ឡើយថា លោក នឹងមកកម្ពុជានៅពេលណា ដោយលោក គ្រាន់តែប្រាប់ថា លោកនិងក្រុមគ្រួសារ នឹងមកកម្ពុជា «ក្នុងពេលឆាប់ៗនេះ»។ លោក រម្លឹកថា លោក ក៏ធ្លាប់មកម្ពុជាច្រើនដងដែរ ក្នុងនាមជាអ្នកការទូត និងធ្លាប់មកជាមួយក្រុមគ្រួសារ ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្រ្តនិងវប្បធម៌របស់កម្ពុជា។

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ព្រឹទ្ធសភាអាមេរិក បានអនុម័តយល់ព្រមលើសំណើឲ្យលោក Patrick Murphy ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់លោក ជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងបញ្ជូនសំណើ ទៅកាន់ព្រឹទ្ធសភា កាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដើម្បីសុំការអនុម័ត។ 

Patrick Murphy គឺជាឧបការរីរងនៃក្រសួងការបរទេសអាមេរិក ដែលទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ លោក Patrick Murphy ត្រូវបានស្នើជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ជំនួសលោក William Heidt ដែលត្រូវចប់អាណត្តិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។

ជិតមួយឆ្នាំហើយ ដែលស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ គ្មានឯកអគ្គរដ្ឋទូត។ បច្ចុប្បន្ន ស្ថានទូតអាមេរិក ស្ថិតក្រោមការគ្រង់គ្រងរបស់លោកភារធារី Michael Newbill ដែលត្រូវបានចាត់តាំងជាឯកអគ្គរដ្ឋទូតស្តីទី៕

ប្រភពអត្ថបទ៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK