កុំច្រឡំខ្លួនជាអ្នកមាន បើអ្នកនៅមានចំនុចទាំងនេះ
Connect with us

បែបផែនជីវិត

កុំច្រឡំខ្លួនជាអ្នកមាន បើអ្នកនៅមានចំនុចទាំងនេះ

អ្នកណា​ក៏​ចង់​មាន​ដែរ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ក្លាយ​ជា​អ្នកមាន​បាន​ទេ។  វា​មាន​ចំណុច​ខុសគ្នា​រវាង​អ្នកមាន និង​អ្នកក្រ​ដែល​មនុស្ស​មួយ​ចំនួន​នៅតែ​មាន​ការ​យល់​ច្រឡំ។ដូច​មាន​នៅ​ក្នុង​ចំណុច​ទាំងប៉ុន្មាន​ខាងក្រោម​នេះ​ស្រាប់ គឺ​ជា​​សញ្ញាណ​​បញ្ជាក់​ថា​អ្នកណា​ម្នាក់​គឺ​ជា​អ្នកក្រ​នៅ​ឡើយ​។ ក៏​ប៉ុន្តែ​​​អ្នក​ទាំងនោះ​បែរជា​​យល់​ច្រឡំ​ថា ​ខ្លួនឯង​មាន​ទៅវិញ។ ​​

១.ប្រសិន​បើ​អ្នក​បាត់បង់​ប្រភព​ចំណូល​ ហើយ​អ្នក​មិន​អាច​​រស់​បាន​ដោយ​គ្មាន​ប្រាក់ខែ ៣​ខែ

ឧទាហរណ៍​ថា អ្នក​ពឹង​លើ​តែ​ប្រាក់ខែ​មួយ​មុខ​ប៉ុណ្ណោះ​​ ប៉ុន្តែ​គ្មាន​ការងារ​ធ្វើ​ដូច្នេះ​អ្នក​ក៏​បាត់បង់​ប្រភព​ចំណូល​ពី​ការងារ​របស់​អ្នក។ នៅ​ក្នុង​ស្ថានភាព​នេះ អ្នក​មិន​អាច​រក​ចំណូល​ផ្សេង​ក្រៅ​ពី​ប្រាក់ខែ​របស់​អ្នក​ឡើយ ហើយ​អ្នក​ក៏​មិន​មាន​​លុយ​សល់​មួយ​ចំនួន​សម្រាប់​ចាយវាយ​ឲ្យ​បាន​រយៈពេល ៣​ខែ​​ដោយ​គ្មាន​ការងារ​ធ្វើ​ទេ​នោះ នេះ​បញ្ជាក់​ថា អ្នក​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​តោកយ៉ាក​ដែរ។

២.អ្នក​មិន​អាច​ទប់ទល់​ការ​ចំណាយ​ប្រចាំខែ​បាន

អ្នក​ប្រហែល​ជា​ត្រូវ​ជ្រួញ​ចិញ្ចើម​នៅ​ពេល​ដល់​ខែ​ម្តងៗ ​ដោយសារតែ​បញ្ជី​ចំណាយ​របស់​អ្នក​​មាន​ច្រើន​​​លើស​​ពី​សមត្ថភាព​ចំណូល​​​ដែល​អ្នក​រក​បាន​។ ក្រោយ​ពី​ចាត់ចែង​​លើ​ការ​​ចាំ​ចំណាយ​ជាចាំបាច់​ប្រចាំ​ថ្ងៃ​ដូចជា ហូបចុក ដោះ​បំណុល បង់​រំលោះ ស្លៀកពាក់ ឬ​កម្មវិធី​ជាដើម​​ ប៉ុន្តែ​​មិន​បាន​សល់​ប្រាក់កាស​មួយ​ចំនួន​សម្រាប់​ចំណាយ​ពេញ​មួយ​ខែ នោះ ហើយ​ផ្ទុយទៅវិញ​​ខ្ទង់ចំណាយ​នៅ​តែ​ខ្ពស់​ជាង​ចំណូល​​ នោះ​​បង្ហាញ​ថា ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​​កំពុង​មាន​បញ្ហា។

៣.ឧស្សាហ៍​ខ្ចីប្រាក់​​អ្នក​ផ្សេង​មក​ចាយវាយ​ប្រចាំ​ថ្ងៃ

តើ​អ្នក​មាន​ធ្លាប់​ឭ​គេ​និយាយ​ថា រក​បាន​តិច​ចាយ​តិច រក​បាន​ច្រើន​ចាយ​ច្រើន។ មិន​សំខាន់​ថា អ្នក​​រក​ចំណូល​បាន​​ច្រើន​ប៉ុន្មាន​ទេ ប្រសិន​បើ​អ្នក​មិន​បាន​សន្សំ ឬ​លៃលក​ឲ្យ​​ការ​ចំណាយ​តិច​ជាង​ចំណូល អ្នក​នឹង​មិន​ងាយ​គេច​ផុត​ពី​កណ្តាប់​ដៃ​ភាព​ក្រីក្រ​ឡើយ។ ស្ថានភាព​នេះ​ ​នឹង​រុញ​ច្រាន​ឲ្យ​អ្នក​ត្រូវ​សម្រេច​ចិត្ត​ខ្ចីប្រាក់​អ្នក​ផ្សេង​ជា​រឿយៗ​ ហើយ​ពេល​ខ្លះ​វា​បាន​ក្លាយ​ជា​ទម្លាប់​របស់​អ្នក​។ អ្នក​ប្រហែល​មិន​សូវ​ខ្វល់​ពី​វា​ប៉ុន្មាន​ឡើយ ដោយ​អាង​ថា អ្នក​នឹង​​សង​បំណុល​គេ​វិញ នៅ​ពេល​បើក​ប្រាក់ខែ។ នេះ​ហើយ​ជា​រូបភាព​ដែល​អ្នកក្រ​ជា​ច្រើន​ចូលចិត្ត​ធ្វើ។

៤.មិន​សូវ​ហ៊ាន​ទិញ​របស់​ថ្លៃៗ ឬ​ប្រេនៗ

អ្នក​មាន​​​ភាគច្រើន​​ចូលចិត្ត​​ប្រើប្រាស់​របស់​ទំនើបៗ ពេញនិយម និង​មាន​គុណភាព​ខ្ពស់​។ ក៏ប៉ុន្តែ​ទាំង​នេះ​​វា​គ្រាន់តែ​ជា​​ក្តី​សុបិន្ដ​របស់​អ្នក​ប៉ុណ្ណោះ​។ ហេតុ​អ្វី​អ្នក​មិន​អាច​ធ្វើ​ដូច​អ្នក​មាន​បាន? តាមពិត​អ្នក​ក៏​ចង់​បាន​ដូច អ្នកមាន​ដែរ ក៏ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា អ្នក​មិន​មាន​លទ្ធភាព​ទិញ​វា។ មូលហេតុ​សំខាន់​តែ​ម្យ៉ាង​គត់ គឺ​អ្នក​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​អ្វីៗ ដែល​អ្នក​ចង់​បាន។

៥.ចូលចិត្ត​ពឹង​ជំនួញ​ពី​អ្នកដទៃ

ប្រសិនបើ​ដំណើរ​ជីវិត​របស់​អ្នក​​ភាគច្រើន​បាន​ពឹងផ្អែក​​ទៅ​លើ​អ្នកដទៃ ដូច​ជា គ្រួសារ សាច់ញាតិ បងប្អូន ឬ​រដ្ឋាភិបាល​ជាដើម​ហើយ​អ្នក​យល់​ថា អ្នក​ទាំង​នោះ​នឹង​​អាច​ជួយ​​ឲ្យ​ជីវិត​​របស់​អ្នក​មាន​ការ​​​ផ្លាស់ប្ដូរ បន្ទាប់​មក​​អ្វី​ដែល​អ្នក​​ទទួល​បាន​គឺ​​នោះ​គឺ​បញ្ជាក់​ថា អ្នក​ជា​​​មនុស្ស​មាន​គំនិត​​បែប​អ្នកក្រ។ បុគ្គលិកលក្ខណៈ​មួយទៀត​របស់​អ្នក​ក្រ គឺ​ចូលចិត្ត​ស្ដីបន្ទោស​ ឬ​ទម្លាក់​កំហុស​លើ​អ្នកដទៃ​តែម្តង។ ​អ្វី​ដែល​អ្នក​ត្រូវ​យល់​​គឺ​ថា​ គ្មាន​​នរណា​ម្នាក់​មក​ជួយ ឬ​យកចិត្ត​ទុកដាក់​លើ​​សុខទុក្ខ​របស់​អ្នក​ជាង​​ខ្លួន​អ្នក​ទេ​។មាន​តែ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ជួយ​​ផ្លាស់ប្ដូរ​ឆាកជីវិត​របស់​អ្នក​បាន។

៦.​អ្នក​ពឹង​លើ​ការ​អប់រំ​តែមួយមុខ​ប៉ុណ្ណោះ​ដើម្បី​ជា​មធ្យោបាយ​រកលុយ

តាមពិត​ទៅ​ការ​អប់រំ​គឺ​ជា​អាវុធ​​ដ៏​​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​ត្បិតអី​ចំណេះដឹង​ដែល​អ្នក​ទទួល​បាន​នឹង​អាច​យក​ទៅ​ប្រើប្រាស់​ជា​មធ្យោបាយ​​សម្រាប់​ធ្វើ​ជា​អាជីព​រក​ប្រាក់​ចំណូល។ ក៏ប៉ុន្តែ​វា​មិនមែន​ជា​កូនសោ​តែមួយ​គត់​ដែល​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​គ្រប់គ្នា​ជោគជ័យ​នោះ​ទេ ជា​ពិសេស​ហិរញ្ញវត្ថុ។ មាន​និស្សិត​ច្រើនណាស់​ដែល​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ ប៉ុន្តែ​មិន​មាន​ការងារ​ធ្វើ ធ្វើ​ការ​បាន​ប្រាក់ខែ​តិច ឬ​មិន​ចំ​ជំនាញ​ជាដើម។

អ្វី​ដែល​គួរឲ្យ​យកចិត្ត​ទុកដាក់​ទៀត​នោះ​ថា ទោះបី​ជា​និស្សិត​ទាំងនោះ​ចំណាយ​ប្រាក់​ច្រើន​ប៉ុណ្ណា​នោះ​ទេ ​ពួកគេ​រៀនចប់​មក​ធ្វើ​ការ​ឲ្យ​អ្នក​ដែល​មិន​បាន​រៀន​ចប់​សាលា​ទៀត​ផង។ នេះ​មិនមែន​លើកទឹកចិត្ត​ឲ្យ​អ្នក​បោះបង់​ការ​រៀនសូត្រ​នោះ​ទេ ក៏ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា ការ​រៀនសូត្រ​មួយ​មុខ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ សូម​ចាំ​ថា ដើម្បី​ក្លាយ​ជា​អ្នកមាន​ ការ​ធ្វើ​ជំនួញ ឬ​ប្រកប​របរ​ផ្សេងៗ​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​បញ្ជាក់​ថា អ្នក​អាច​​កសាង​ភាព​មាន​បាន នៅ​ពេល​អនាគត​បាន៕

ប្រភព៖ CNBC ​​​

ប្រភពអត្ថបទ  www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK