តើអ្វីជាន័យរបស់ឃ្លា «អតិថិជនគឺជាស្តេច» ឱ្យប្រាកដ?
Connect with us

គួរដឹង

តើអ្វីជាន័យរបស់ឃ្លា «អតិថិជនគឺជាស្តេច» ឱ្យប្រាកដ?

នៅពេលដែលអ្នកឮពាក្យថា អតិថិជនគឺជាស្តេច អ្នកក៏ចាប់ផ្តើមយល់ថាពាក្យមួយឃ្លានេះងាយស្រួលយល់ខ្លាំងណាស់។ ហើយអ្នកក៏គិតថាឃ្លានេះគឺផ្តោតសំខាន់ទៅលើចំណុចដែលធ្វើយ៉ាងណាត្រូវតែបំពេញតម្រូវការដល់អតិថិជនឱ្យរឹតតែមានភាពងាយស្រួល។ ហើយចំពោះន័យដែលមនុស្សជាទូទៅតែងតែយល់បែបនេះនោះ វាមិនខុសនោះទេ ប៉ុន្តែវាមិនទាន់ពេញលេញគ្រប់អត្ថន័យនៃឃ្លាមួយនេះ។

ពាក្យមួយឃ្លានេះគឺផ្តោតសំខាន់ទៅលើទង្វើររបស់អតិថិជន ប្រសិនបើអតិថិជនរបស់អ្នកល្អនោះ វាមិនថ្វីទេ។ ប៉ុន្តែប្រសិនបើអ្នកជួបប្រទះជាមួយនឹងអតិថិជនពិបាក ឬក៏អតិថិជនមិនល្អ (ខូច) នោះហើយគឺជារឿងឈឺក្បាលដែលអ្នកត្រូវដោះស្រាយ។ ដូច្នេះហើយទើបគេបានបង្កើតពាក្យមួយឃ្លានេះឡើងដើម្បីឱ្យអ្នកប្រកាន់ភ្ជាប់ថា អតិថិជនគឺជាស្តេច។

មកដល់ត្រង់នេះអ្នកប្រាកដជាឆ្ងល់ហើយថា ចុះបើអតិថិជនពិបាក ឬអតិថិជនមិនល្អ (ខូច) តើពួកគេនៅតែជាស្តេចដែរមែនអត់?? ចម្លើយនោះគឺ ពួកគេនៅតែជាស្តេច… ហេតុអ្វី? ព្រោះថាសម្រាប់អតិថិជនមិនល្អ (ខូច) គោលបំណងសំខាន់របស់ពួកគេមិនមែនចង់ទិញផលិតផលរបស់អ្នកនោះទេ គឺគោលបំណងរបស់ពួកគេមកដើម្បីបង្កាច់បង្ខូច ឬបន្លំនូវផលិតផល ឬសេវាកម្មរបស់អ្នកទេតើ។ អ៊ីចឹងហើយទើបគេរៀបចំធ្វើយ៉ាងណាដើម្បីធ្វើឱ្យខូចនូវមុខមាត់ផលិតផល ឬសេវាកម្មរបស់អ្នក ឬក៏ដើម្បីបញ្ឆេះកំហឹងរបស់អ្នកឱ្យឆេះដើម្បីតបតទៅគេវិញក្នុងសកម្មភាពអវិជ្ជមានណាមួយ។ អ្នកអាចសាកគិតទៅមើល ថាតើនៅពេលដែលអ្នកតបតទៅគេវិញដោយកំហឹង នោះវានឹងមានរឿងអ្វីកើតឡើង? ច្បាស់ណាស់វានឹងធ្វើឱ្យអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហើយក៏ប្រព្រឹត្តនូវទង្វើតាមតែកំហឹងរបស់ខ្លួន នេះហើយជាហេតុធ្វើឱ្យមានរូបភាពមិនល្អចំពោះអាជីវកម្មរបស់អ្នកបាន។

អ៊ីចឹងហើយទើបបានជាចម្លើយ អ្នកត្រូវតែទុកពួកគេជាស្តេចដដែល បើទោះដឹងថាពួកគេធ្វើនេះក្នុងចេតនាមិនល្អក៏ដោយ។ ព្រោះថាប្រសិនបើអ្នកនៅប្រកាន់ជំហរអតិថិជនជាស្តេច នោះអ្នកនឹងមិនប្រើកំហឹងទៅដោះស្រាយបញ្ហាជាមួយពួកគេនោះទេ គឺប្រើយុទ្ធសាស្រ្ត និងធម៌ត្រជាក់ទៅបង្ក្រាបពួកគេវិញ ព្រោះថាទង្វើរនេះគឺបញ្ជាក់ថាអ្នកគោរពអតិថិជនរបស់អ្នកគ្រប់ស្ថានភាពទាំងអស់ បើទោះអតិថិជននោះមានកំហុសឆ្គងដោយខ្លួនឯង ឬក៏គេចង់មកធ្វើបាបអ្នកក៏ដោយ។ អ្នកត្រូវដឹងថាការដែលអ្នកនៅប្រកាន់ភ្ជាប់នូវការដោះស្រាយដោយសន្តិវិធីនេះហើយដែលអាចធ្វើឱ្យអតិថិជនដែលមានកំហុសខ្លួនឯងគេនឹងដឹងកំហុសគេវិញ ហើយមនុស្សដែលខួចចង់ធ្វើបាបអ្នក គេក៏មិនសមដូចបំណងរបស់គេដែរ។

អ្នកត្រូវចាំថាឃ្លា អតិថិជនគឺជាស្តេច នេះគឺតម្រូវឱ្យអ្នកប្រើក្នុងកាលៈទេសៈដែលអ្នកជួបនឹងអតិថិជនពិបាក ឬអតិថិជនខូច ដែលអ្នកត្រូវតែប្រកាន់ភ្ជាប់នូវឥរិយាបទវិជ្ជមានដែលនៅតែចាត់ទុកពួកគាត់ជាស្តេចដដែល។ ព្រោះថាទង្វើបែបនេះមិនមែនអ្នកបង្ហាញភាពល្អ ឬទំនួលខុសត្រូវរបស់អ្នកក្នុងនាមជាម្ចាស់នៃអាជីវកម្មទៅតែពួកគេប៉ុណ្ណោះទេ តែទង្វើនេះក៏បានបង្ហាញទៅដល់សាធារណៈជនផងដែរថាអ្នកតែងតែគោរពអតិថិជនរបស់អ្នកជានិច្ច ហើយឥរិយាបទបែបនេះនឹងរឹតតែធ្វើឱ្យអាជីវមក្មរបស់អ្នក មានកេរ្តិ៍ឈ្មោះរឹតតែល្អថែមមួយកម្រិតទៀត៕

អត្ថបទដោយ៖ ប៊ុនហ៊ាង

ប្រភពអត្ថបទ៖ business-record.com 

មតិយោបល់

Trending

Copyright © 2019 ANARCHAK