ចូរកុំអស់សង្ឃឹម! លោក Theodor Geisel៖ ពីស្នាដៃដែលគេចាត់ទុកអន់ដូចសំរាម ក្លាយជាអ្នកនិពន្ធលក់សៀវភៅបាន៦០០ លានក្បាល
Connect with us

បែបផែនជីវិត

 ចូរកុំអស់សង្ឃឹម! លោក Theodor Geisel៖ ពីស្នាដៃដែលគេចាត់ទុកអន់ដូចសំរាម ក្លាយជាអ្នកនិពន្ធលក់សៀវភៅបាន៦០០ លានក្បាល

លោក Theodor Geisel គឺជាអ្នកនិពន្ធរបស់ជនជាតិអាមេរិកាំងមួយរូបដ៏ល្បីផ្នែកគំនូរជីវចល តែងកំណាព្យ និពន្ធរឿង និងផលិតខ្សែភាពយន្ត។ លោកកើត និងធំធាត់នៅ Springfield, រដ្ឋ Massachusetts ដែលឪពុករបស់លោកជាអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរមួយកន្លែង ហើយក្រោយមកត្រូវបានតែងតាំងឱ្យគ្រប់គ្រងប្រព័ន្ធសួនសាធារណៈរបស់ Springfield ដោយលោកអភិបាលក្រុង John A. Denison បន្ទាប់មករោងចក្រស្រាបៀរនោះត្រូវបានបិទដោយសារតែរឿងចម្រូងចម្រាស និងការហាមឃាត់។

ស្ថិតក្នុងវ័យសិក្សាលោក Geisel បានចាកចេញពីមហាវិទ្យាល័យ Oxford ដោយមិនមានសញ្ញាប័ត្រហើយក៏ត្រលប់មកសហរដ្ឋអាមេរិកវិញ បន្ទាប់ពីនោះមកលោកក៏បានចាប់ផ្តើមសរសេរ និងគូរគំនូរអោយទស្សនាវដ្តីអ្នកបោះពុម្ពផ្សាយសៀវភៅ និងភ្នាក់ងារផ្សាយពាណិជ្ជកម្ម។ ស្នាដៃរបស់លោកធ្លាប់ត្រូវបានគេបដិសេដហើយចាត់ទុកជាស្នាដៃដែលមានគុណភាពអន់បំផុត អន់ជាងសំរាមទៅទៀត។ ប៉ុន្ដែរូបលោកមិនអស់សង្ឃឹមឡើយក៏នៅតែបន្តព្យាយាមទៅលើការនិពន្ធ និងគូររូប ក្រោយមកទៀតលោកក៏បានសុំជំនួយពីមិត្តភក្ដិរបស់លោកអោយជួយបោះពុម្ពផ្សាយស្នាដៃរបស់លោក ។ រឿងដែលមិននឹកស្មានដល់ស្នាដៃរបស់លោកក៏មានភាពល្បីល្បាញ និងទទួលស្គាល់ពីមហាជនជាច្រើនក្រោយពីបានបោះពុម្ពផ្សាយរួច។ លោកបានបោះពុម្ពសៀវភៅចំនួន ៦០ ក្បាលក្នុងអាជីពរបស់លោក ហើយសៀវភៅខ្លះក៏ត្រូវបានបង្កើតទៅជារឿងតុក្កតា និងខ្សែភាពយន្ដ ។

ដោយសារការខិតខំប្រឹងប្រែងលោកក៏បានឈ្នះពានរង្វាន់ Lewis Carroll Shelf ក្នុងឆ្នាំ ១៩៥៨ សម្រាប់ស្នាដៃ Horton Hatches the Egg ហើយគាត់បានឈ្នះពានរង្វាន់ម្តងទៀតនៅក្នុងឆ្នាំ ១៩៦១ សម្រាប់ស្នាដៃរបស់លោកដែលមានចំណងជើងថា And to Think That I Saw It on Mulberry Street។ ថ្ងៃខួបកំណើតរបស់លោកនៅថ្ងៃទី ២ ខែមីនា ត្រូវបានអនុម័តជាកាលបរិច្ឆេទប្រចាំឆ្នាំសម្រាប់ទិវាជាតិអំណានទូទាំងប្រទេសអាមេរិកដែលជាគំនិតផ្តួចផ្តើមលើការអានដែលបង្កើតដោយសមាគមអប់រំជាតិ។ មិនតែប៉ុណ្ណោះស្នាដៃរបស់លោក រួមមានសៀវភៅកុមារដែលពេញនិយមបំផុតបានលក់ដាច់អស់ជាង ៦០០ លានក្បាល ហើយត្រូវបានបកប្រែទៅជា ២០ ភាសាផ្សេងគ្នា៕

អត្ថបទដោយ៖ ស្រីពេជ្រ

ប្រភពអត្ថបទ៖ www.doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK