កូនខ្មែរត្រូវដឹង! នេះជាប្រវត្តិ និងអត្ថន័យនៃការសំពះរបស់ជនជាតិខ្មែរ
Connect with us

គួរដឹង

កូនខ្មែរត្រូវដឹង! នេះជាប្រវត្តិ និងអត្ថន័យនៃការសំពះរបស់ជនជាតិខ្មែរ

ការសំពះ​របស់​ខ្មែរ​មាន​ប្រវត្តិ​ប្រមាណ​៥០០ឆ្នាំ​មុនគ្រឹះ​សករាជ​មក​ម្ល៉េះ​ គ្រាន់​តែមិនទាន់​មានការ​ប្រមូលចងក្រង​ធ្វើ​ឯកសារ​ដូចសព្វថ្ងៃ។​ នេះ​បើតាម​លោកបណ្ឌិត​ ចិន្ត​ ច័ន្ទ​រតនា ​ប្រធាន​មូល​និធិកេរ​ដំណែលខ្មែរនិង​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន។

លោកបណ្ឌិត ​ចិន្ត​ ច័ន្ទរតនា​ មាន​ប្រសាសន៍​បន្តថា​ នៅតាម​ជញ្ជាំង​ប្រាសាទ​នានា​បាន​បង្ហាញយ៉ាងច្បាស់ពីរបៀប​នៃ​ការគោរព​ឬការសំពះ​ ទៅតាម​ឋានានុក្រម​ទាំងអស់​ តាំងពី​ការសំពះ​ព្រះពុទ្ធ​ អាទិទេព និងព្រះមហាក្សត្រ​ជាដើម។

លោក បណ្ឌិត ​ចិន្ត​ ច័ន្ទរតនា៖​ «យើងអត់​មាន​ឯកសារ​ជាលាយ​ល័ក្ខ​អក្សរ​នោះទេ?​ ក៏ប៉ុន្តែ​យើងឃើញថា​ សកម្មភាព​ឬក៏​ភស្តុតាង​ដែលនៅ​សល់ហ្នឹង​គឺរហូត​មកដល់​សព្វថ្ងៃ​យើងគិតថា បើសិន​ជាមាន​បុណ្យ​សព​ហើយ​ដាច់​ខាត​ត្រូវតែ​មានការ​សំពះ​ហើយ ​ជាការគោរព​ប្រតិបត្តិ​ជាលើកចុងក្រោយ​របស់កូ​នចៅ​។ ទី២ ​យើង​ឃើញ​ហើយនៅ​តាមចម្លាក់​ជាពិសេស​នៅ​សម័យមុន​អង្គរ ​សម័យហ្វូណន ​សម័យ​ចេនឡា ​រហូត​មកដល់​សម័យ​អង្គរ​យើងឃើញ​ថា ​ចម្លាក់​ជាច្រើន​ដែលនិយាយ​អំពីការគោរព ​ការលើក​ដៃ​ប្រណម​ ហើយ​មានការក​គោរព​មួយទៀតគឺយកដៃ​ស្តាំដាក់​លើទ្រូង​ខាងឆ្វេង​នៅចំបេះដូង​តែម្តង ​ហ្នឹងក៏​ជាការគោរព​ដែរ។ ​យើងឃើញ​ច្រើន​តាំងពី​សម័យមុន​អង្គរ​រហូតមកដល់​សម័យអង្គរ​ជាពិសេស​នៅ​ក្នុងសតវត្សទី​១០ ​ទី១១​គឺ​យើង​ឃើញច្រើន​ រហូតដល់​សតវត្សទី១២»​។

សំពះ​ នៅ​ពេល​ដែល​យើង​ឈរ​ត្រូវចេះ​បន្ទន់ជើង​ម្ខាង​ឬបន្ទន់​ជង្គង់ទាំងពីរឱនក្បាល​បន្តិច ​ទឹក​មុខញញឹម​ជានិច្ច។​ ឥរិយាបថ​នៃ​ការសំពះនេះ​មិនត្រូវ​ធ្វើដោយ​កាយ​វិការ​រហ័សរហួន ​ឬប្រញាប់​ពេកទេ ​ត្រូវមាន​ភាព​ទន់ភ្លន់​សមរម្យ​តាមកាល​វេលា។

អ្វី​ដែល​គួរចៀសវាង​ក្នុងពេល​សំពះនោះ គឺសំពះ​ដោយមិន​បានតម្រឹម​បាតដៃ​និងម្រាមដៃ​ឱ្យ​ជាប់​ស្មើគ្នា ​ដោយ​បើ​កម្រាមដៃ​ចំហ​ឃ្លាតពីគ្នា។​ ការសំពះ​របៀបនេះ​មិនមាន​ន័យថា​ ជាការ​គោរព​ប្រតិបត្តិ​ដោយមិនយកចិត្ត​ទុកដាក់។​ នេះបើ​តាមការ​តាក់តែង​ក្នុងសៀវភៅ​ អត្ថប្រយោជន៍​និងតម្លៃនៃ​សិល្បៈ ​ដែលរៀប​រៀង​ដោយ​អ្នកគ្រូ​ កែវ​ ណារុំ​ និង​អ្នកគ្រូ​ ព្រំ ​ស៊ីសាផាន្ធា។

លោកបណ្ឌិត ​ចិន្ត​ ច័ន្ទរតនា​ បានពន្យល់​អំពីរ​បៀប​និងអត្ថន័យ​នីមួយៗ​នៃការ​សំពះ​របស់ខ្មែរ​យ៉ាងដូច្នេះថា៖​

សំពះទី១-​ ដៃ​ផ្គុំ​ដាក់​ត្រឹម​ដើមទ្រូង​ ៖ ជាការ​សំពះ​ចំពោះ​អ្នកមានវ័យ​ឬឋានៈ​ស្មើគ្នា​ ដូចជា​មិត្តភក្តិ។

សំពះទី២- ​ចុងម្រាម​ដៃ​ផ្គុំ​ដាក់ត្រឹមមាត់ ​៖ ជាការ​សំពះ​ចំពោះ​អ្នក​មាន​វ័យចាស់​ជាង ​ឋានៈធំ​ជាងឬចៅ​ហ្វាយនាយ​។

សំពះទី៣-​ ចុង​ម្រាមដៃ​ផ្គុំ​ដាក់​ត្រឹម​ចុងច្រមុះ ​៖ ជាការ​សំពះ​ចំពោះ​ឪពុកម្តាយ​ អាណាព្យាបាល​ ជីដូនជីតា​ និង​គ្រូបាធ្យាយ​ជាដើម។

សំពះទី៤-​ ចុង​ម្រាមដៃ​ដាក់​ចំ​ប្រជុំចិញ្ចើម ៖​ ជាការ​សំពះ​ចំពោះ​ព្រះសង្ឃ ​ព្រះមហាក្សត្រឬ​វត្ថុស័ក្តិសិទ្ធជាដើម​។

សំពះទី៥)​ ផ្គុំ​ម្រាម​មេដៃ​ដាក់​ត្រឹម​ប្រជុំ​ចិញ្ចើម​ឡើងលើ​ ៖ សំពះ​ព្រះរតនត្រ័យ ​ព្រះព្រហ្ម ​ទេវតានិងការ​បួង​សួង​ផ្សេងៗ៕

ប្រភពអត្ថបទ៖ lotus-radio.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK