អ្នកនឹងសល់លុយទាំងវ័យក្មេង បើអនុវត្តន៍បានគន្លឹះទាំងនេះ
Connect with us

បែបផែនជីវិត

អ្នកនឹងសល់លុយទាំងវ័យក្មេង បើអនុវត្តន៍បានគន្លឹះទាំងនេះ

មាន​មនុស្ស​ជា​ច្រើន បាន​យល់​ដឹង​ពី​គោល​ដៅ​នៃ​ការ​ប្រើ​ជីវិត​រស់​នៅ រួម​ទាំង​ការ​ចេះ​សន្សំ​ដើម្បី​សល់​លុយ​ក្នុង​ខ្លួន​។ ផ្ទុយ​ពី​មនុស្ស​មួយ​ចំនួន ខំ​ធ្វើការ​រកស៊ី​ស្ទើរ​ពេញ​មួយ​ជីវិត​ តែ​រក​លុយ​សល់​មិន​ឃើញ ជួន​កាល​អាច​ជំពាក់​គេ​ថែម​ទៀត​។ មូល​ហេតុ​​ដែល​នាំ​ឲ្យ​ ជួប​បញ្ហា​បែប​នេះ មក​ពី​​អ្នក​ចំណាយ​ស្មើ​ឬ​លើស​ពី​ចំណូល​ប្រចាំ​ថ្ងៃ ដូច្នេះ​ហើយ​គួរ​ដឹង​ពី​គន្លឹះ​ខ្លី​ៗ ដើម្បី​ជួយ​ឲ្យ​លុយ​សល់​ទាំង​វ័យ​ក្មេង។

  • ចំណាយ​ពេល​រស់​​នៅ​ក្បែរ​មនុស្ស​ដែល​មិន​ចាយ​វាយ​ខ្ជះខ្ជាយ នោះ​ទើប​អ្នក​មិន​ពិបាក​​និង​គ្មាន​សម្ពាធ​ក្នុង​ការ​សន្សំ​។
  • ប្រើ​ប្រាស់​ប្រព័ន្ធ​តាម​ដាន​គ្រប់គ្រង​ថវិកា​នៅ​លើ​ទូរសព្ទ​ដៃ ដើម្បី​ការពារ​មិន​ឲ្យ​អ្នក​ចំណាយ​លើស​ពី​ចំនួន​កំណត់។
  • ​ចាយ​ជា​សាច់​ប្រាក់ ប្រសើរ​ជាង​ការ​ចាយ​វាយ​តាម​រយៈ​កាត​ធនាគារ​។​
  • ​ឈប់​​ទិញ​របស់​របរ​​ផ្សេងៗ​ត​ទៅ​​ទៀត​ បើ​ទឹក​លុយ​មិន​ដល់​ ដាច់​ខាត​កុំ​បណ្តោយ​តាម​ចិត្ត​ចង់​។
  • ប្រើប្រាស់​ឡាន​ស៊េរិ​ចាស់ ដែល​ធ្លាប់​បើក​ពី​មុន​មក ព្រោះ​គ្មាន​អ្វី​ខ្ជះខ្ជាយ​ជាង​ការ​យក​លុយ​ទៅ​ទិញ​ឡាន​ថ្មី​ទំនើប​ឡើយ​។
  • កន្លែង​ណា​ជិតៗ មិន​ចាំ​បាច់​ប្រើ​ឡាន​ឬ​ម៉ូតូ​​នាំ​តែ​​ស្ទះ​​ខាត​ពេល​ខាត​សាំង គួរ​​ដើរ​ខ្លះ​​ បាន​ទាំង​សន្សំ​បាន​ទាំង​សុខភាព​ល្អ​ទៀត។

  • កាត់​បន្ថយ​ការ​ញ៉ាំ​នៅ​ខាង​ក្រៅ ហើយ​ងាក​មក​​ធ្វើ​ម្ហូប​ញ៉ាំ​នៅ​ក្នុង​ផ្ទះ​ឲ្យ​បាន​ច្រើន​។
  • មុន​ពេល​ចេញ​​ទៅ​ធ្វើ​ការ គូរ​រៀប​ចំ​ចាត់​ចែង​ម្ហូប​ទុក​ញ៉ាំ​ដោយ​ខ្លួន​ឯង ព្រោះ​វា​មាន​អនាម័យ ​មិន​សូវ​ប៉ះពាល់​ដល់​សុខភាព​ បណ្តាល​ទៅ​ជា​ឈឺ​ថ្កាត់​នា​ថ្ងៃ​មុខ​ ដូច​ម្ហូប​ដែល​​ទិញ​ស្រាប់​។
  • ទិញ​ទំនិញ​ដែល​អ្នក​អាច​ប្រើ​​កាត​បញ្ចុះ​តម្លៃ ឬ​នៅ​ពេល​ដែល​មាន​​​ការ​លក់​ប្រូម៉ូសិន​។
  • បែង​ចែក​ឲ្យ​ច្បាស់​រវាង​អ្វី​​ដែល​ត្រូវការ​ និង​អ្វី​ដែល​ចង់​បាន​។ ពេល​ខ្លះ​ទោះ​បី​ជា​របស់​នោះ​បញ្ចុះ​ដល់​តម្លៃ​ទាប​កម្រិត​ណា​ក៏​ដោយ បើ​មិន​វា​មិន​ចាំ​បាច់​ទេ កុំ​ទិញ​មក​គរ​លើ​គ្នា​អត់​ប្រយោជន៍។

  • សន្សំ​តែ​ម្នាក់​​ឯង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ត្រូវ​សហការ​​ជាមួយ​ក្រុម​គ្រួសារ​ ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​ជាមួយ​គ្នា។
  • ត្រូវ​ចេះ​​ប្រៀប​ធៀប​ពី​តម្លៃ​​រវាង​ហាង​មួយ​ទៅ​​ហាង​មួយ​ផ្សេងៗ​ទៀត​ មុន​ពេល​ហូត​លុយ​ចំណាយ​​លើ​របស់​អ្វី​មួយ។
  • ​ចង់​អួត​អាង​ធ្វើ​ជា​អ្នក​មាន​តែ​សំបក​ក្រៅ មាន​ទ្រព្យ​ធំ​ដុំ​អាច​រក​​ដោយ​សមត្ថភាព​ខ្លួន​ឯង​ទើប​ជា​តម្លៃ​ពិត​ប្រាកដ​។
  • មិន​ទន់​ទេរ​​ចង់​ធ្វើ​​តាម​ ពេល​ឃើញ​អ្នក​ដទៃ​ប្រើ​របស់​ថ្មី ថ្លៃ​ ល្បី​ឈ្មោះ​ពេញ​និយម​​យ៉ាង​ណា​ក៏​ដោយ ព្រោះ​វា​ជា​សិទ្ធ​របស់​គេ ហើយ​អ្នក​ក៏​មាន​សិទ្ធ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ថា​ទិញ​ឬ​មិន​ទិញ ដោយ​មិន​​រង​ឥទ្ធិពល​ពី​សង្គម​ទំនើប​មួយ​នេះ​។

ការ​ចំណាយ​លុយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ពិត​ជា​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ជីវិត ដូច្នេះ​ហើយ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ចាប់ផ្តើមមានគំនិតចេះសន្សំតាំងពីក្មេង ដើម្បីអាច​ឈាន​ទៅ​ដល់​គោល​ដៅ​ដែល​បាន​គ្រោង​ទុក​៕

ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

ដកស្រង់ដោយ៖ kanha.sabay.com.kh  

មតិយោបល់

Trending

Copyright © 2019 ANARCHAK