គន្លឹះ ៣​​​​ សំខាន់ៗក្នុងក្បួនសឹកសង្គ្រាមពីសម័យបុរាណ ដែលមនុស្សភាគតិចណាស់បានដឹង
Connect with us

បែបផែនជីវិត

គន្លឹះ ៣​​​​ សំខាន់ៗក្នុងក្បួនសឹកសង្គ្រាមពីសម័យបុរាណ ដែលមនុស្សភាគតិចណាស់បានដឹង

ក្នុងអតីតសម័យ “តម្រាពិជ័យសង្គ្រាម” របស់ ស៊ុន-ជឺ (មុនគ.ស. ៥៥១-៤៩៧) ត្រូវបានគេយកមកប្រើប្រាស់ ដោយមានទ្រឹស្ដីទុកដូចទៅនឹងត្រីវិស័យ សម្រាប់ដាក់ចេញនូវការអនុវត្ដជាក់ស្ដែង និងមានការអនុវត្ដនេះជាគ្រឿង​ដុសខាត់ ហើយទីបំផុតទៅ គេឃើញមានការទទួលបានលទ្ធផលជោគជ័យ យ៉ាងអស្ចារ្យបំផុត។

“តម្រាពិជ័យសង្គ្រាម” ស៊ុន-ជឺ រហូតមកដល់ពេលនេះ មិនត្រឹមតែគេយកទៅប្រើប្រាស់ ក្នុងវិស័យសង្គ្រាម តែមួយមុខប៉ុណ្ណោះទេ គេក៏បានយកទៅប្រើប្រាស់ ក្នុងវិស័យជាច្រើនផ្សេងទៀត ដែលអាចបម្រើដល់មនុស្សជាតិបាន ក្នុងនោះដូចជា៖ វិស័យសេដ្ឋកិច្ច, នយោបាយ, ការទូត, ការគ្រប់គ្រងមុខជំនួញ និងផ្នែកកីឡា។ល។

ក្នុងនោះ គេឃើញមានការរំលេចឡើងជាបីចំណុចតូចក្នុងចំណោមក្បួនសឹកទាំងនោះ ដែលគួរឲ្យចាប់អារម្មណ៍ និងគប្បីសិក្សាដើម្បីបានជាពុទ្ធិ និងជាគតិត្រិះរិះពិចារណា ដល់មិត្ដសិក្សាដែលក្នុងនោះមានដូចជា សង្គ្រាម យុទ្ធសាស្ដ្រ និងយុទ្ធវិធីជាដើម។

  • អំពីសង្គ្រាម

    អំពីសង្គ្រាម ស៊ុន-ជឺ បានពន្យល់ថា “នយោបាយស្អាតស្អំ យុត្ដិធម៌ គឺជាកត្ដាសំខាន់បំផុត ដែលនាំទៅរកភាពឈ្នះ ឬចាញ់នៃសង្គ្រាម។ គប្បីមានសិល្បៈ នៃការដោះស្រាយបញ្ហាសង្គ្រាម ដោយវិធីទន់ភ្លន់ មិនធ្វើសង្គ្រាមបែប ងងឹតងងល់ ទទឹងទិស។ រក្សាស្ថេរភាពនយោបាយ និងត្រូវត្រៀមកម្លាំងទ័ព គ្រប់ពេលវេលាដើម្បីការពារ គ្រោះ​វិបត្ដិ​ចៃដន្យណាមួយកើតមានឡើងដោយឥតបានព្រាងទុក”។

  • អំពីយុទ្ធសាស្ដ្រ

    អំពីយុទ្ធសាស្ដ្រ គាត់បានបន្ដពន្យល់ទៀតថា “ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រឲ្យខ្ពស់ជាងសត្រូវមួយថ្នាក់។ មុនប្រយុទ្ធ គប្បីត្រៀមផែនការយ៉ាងល្អិតល្អន់បំផុត រក្សាឲ្យបានចំពោះ ភាពមានប្រៀបលើគូបដិបក្ខ និងផ្ដល់កម្មវត្ថុសំខាន់លើការ យកជ័យជម្នះលើសត្រូវ។ គន្លឹះផែ្នកក្នុងយុទ្ធសាស្ដ្រនេះ គឺយកជ័យជំម្នះយ៉ាងដាច់ខាត ដោយមិនបាច់ប្រយុទ្ធ”។

  • អំពីយុទ្ធវិធី

    ក្នុងចំណុចយុទ្ធវិធី កំពូលមេទ័ពរូបនេះ បានយល់ឃើញថា “ត្រូវផ្ដោតសំខាន់លើការវាយប្រហារ បែបផ្លេក​បន្ទោរ បង្កើនល្បឿនក្នុងការសម្រេចក្ដីជ័យជម្នះ ដោយមិនត្រូវបង្អែបង្អង់។ ដឹងអំពីកម្លាំងសត្រូវ ដឹងពីកម្លាំង​ខ្លួនឯង។ ប្រយុទ្ធទាំងផ្នែកកងកម្លាំង និងទាំងផ្នែកចិត្ដសាស្ដ្រ ។ គេចឲ្យផុតពីចំណុចខ្លាំង វាយឲ្យចំចំណុចខ្សោយ និងត្រូវធ្វើជាអ្នកគ្រប់គ្រងលើការប្រយុទ្ធ វាយលុកទៅតាមយុទ្ធវិធី ដែលគេមិនអាចនឹកស្មានបាន”។

មានឃ្លាប្រយោគដ៏សំខាន់ៗមួយចំនួនទៀត ដែលជាគន្លឹះនិងជាគតិដ៏ប្រកបដោយតម្លៃមហាសាលសម្រាប់យកមកពិចារណា បង្កើនពុទ្ធិដល់សិក្សា និងស្រាវជ្រាវទាក់ទងនឹងការដឹកនាំ ក្បួនសឹក…។

«ដឹងពីខ្លួនឯង ដឹងពីសត្រូវ ច្បាំង១០០ដងឈ្នះ១០០ដង»«ដឹងពីខ្លួនឯង មិនដឹងពីសត្រូវ ដឹងពីសត្រូវ មិនដឹងពីខ្លួនឯងអាចឈ្នះ១ ចាញ់១» «មិនដឹងពីខ្លួនឯង មិនដឹងពីសត្រូវ ច្បាំងចាញ់គ្រប់ពេល» «អ្នកបម្រុងឈ្នះ គេដឹងថាឈ្នះមុនរួចទៅហើយ អ្នកបម្រុងចាញ់ ចូលប្រយុទ្ធហើយ ទើបដណ្ដើមយកឈ្នះ» «កំពូលអ្នកប្រើកលយុទ្ធ នឹងមិនឲ្យនរណាមើលដឹងពីកលយុទ្ធ សូម្បីតែចារបុរស ក៏មិនអាចស៊ើបដឹងបាន ហោចទៅសូម្បីតែទីប្រឹក្សាដ៏ឈ្លាសវៃ ក៏មិនស្ទាបស្ទង់ដឹងបាន៕

អត្ថបទដោយ៖ ហ៊ុត ពុទ្ធា

សម្រួលដោយ៖ មនោ វិជ្ជា

ប្រភពអត្ថបទ៖ knowledgecambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK