ទស្សនវិទូឥណ្ឌា ចាន់ណាខ្យា៖ ហេតុផល ៤យ៉ាង ​នាំឱ្យ​វិនាស​ទាន់ហន់​បំផុត
Connect with us

បែបផែនជីវិត

ទស្សនវិទូឥណ្ឌា ចាន់ណាខ្យា៖ ហេតុផល ៤យ៉ាង ​នាំឱ្យ​វិនាស​ទាន់ហន់​បំផុត

ទស្សនវិទូ ចាន់ណាខ្យា ដែល​មាន​ឈ្មោះ​ដើម​ ឬវិណ្ណុហ្គុបតា ឬកោទីយ៉ា​ លោក​កើត​នៅឆ្នាំ​ ៣៥០ មុនគ.ស. មាន​សញ្ជាតិ​ឥណ្ឌា​​។ លោក​មាន​ឪពុក​ឈ្មោះ​ ចាណាក់។ លោក​ ​ជា​អ្នក​កាន់​សាសនា​ ព្រាហ្មណ៍ ហើយ​គោរ​ម​ងារ​​​របស់​គាត់​នោះ​ គឺទស្សនវិទូ​​អ្នក​បង្កើត​ស្ដេច​ និង​ទី​ប្រឹក្សាជាដើម​។​

ចំណុច​ពូកែ និង​ភាព​ល្បី​ល្បាញ​របស់​គាត់​ ខាង​យុទ្ធសាស្ដ្រ​នយោបាយ​។ គាត់​បាន​បង្កើត​យុទ្ធ​សាស្ដ្រ​ផ្ដួល​ស្ដេច​មគធៈបាន​ដោយ​ជោគជ័យ​ និង​ជួយ”​ចាន់​ត្រាហ្គុប​តា​រហូត​ក្លាយ​ជា​ស្ដេច​ដ៏ល្បីល្បាញ​ ថែម​ទាំង​អាច​ពង្រីក​ទឹក​ដី​ឥណ្ឌាឱ្យ​ធំ​ល្វឹងល្វើយ​ជាង​សម័យ​ណា​ទាំង​អស់​។​

លោក​បាន​លើក​ហេតុ​ផល​បួន​​យ៉ាង ​ដែល​នាំ​ឱ្យ​វិនាសទាន់ហន់​ ហើយហេតុ​ផល​ទាំង​នោះ​រួម​មាន​៖

ហេតុផលទី​១៖ ការ​សេព​គប់​បាបមិត្ត​​

ការ​សេព​គប់​មិត្តភក្ដិ​ គឺ​ជា​រឿង​ល្អ​ ប៉ុន្ដែ​មិន​មែន​មាន​ន័យ​ថា​ឱ្យ​តែ​មិត្ត​ត្រូវ​តែ​សេព​គប់​ទាំង​អស់​នោះ​ទេ​។ បើ​សិន​ជា​អ្នក​សេព​គប់​ចំ​មិត្ត​ដែល​គិត​តែ​ពី​ផល​ប្រយោជន៍​ខ្លួន​​នោះ​ អ្វី​ដែល​អ្នក​ទទួល​បាន​ពី​គេ​វិញ​​ គឺ​ខាត​បង់​។ ព្រោះថា​ បុគ្គល​បែប​នេះ​ គេ​ពុំ​ដែល​គិត​ពី​យើង​ឡើយ​ ហើយ​អ្វី​ដែល​ចង់​បាន​នោះ​ គឺ​ផល​ចំណេញ​ពី​យើង​។​

ហេតុផលទី២៖ ភរិយា​កំណាច

ប្រពន្ធ​កំណាច​កាច​ខុស​បែប​ប​ទ នាំ​តែ​រឿង​ឈ្លោះ​ប្រកែក​ចូល​គ្រួសារ​ ដែល​គេ​ហៅ​ថា​អប្បមង្គល​។​ នៅ​ក្នុង​គ្រួសារ​កាល​ណា​គ្មាន​សុភមង្គល​ហើយ​ បើ​ទោះបី​ខំ​ស្រែក​ហៅ​ភាព​រីក​ចម្រើន​យ៉ាង​ណា​ក៏ហៅ​មិន​ឮ​ដែរ​។​

ហេតុផលទី៣៖ អ្នកធ្វើការ​ផ្ទះ​មាត់ឥត​គម្រប

នៅ​ក្នុង​គេហដ្ឋាន​ កាល​បើ​រឿង​រាវ​តូច​ធំ​របស់​យើង​បាន​ហិចហើរ​ ចូល​ត្រចៀក​អ្នក​ដទៃ​ហើយ​នោះ​ ភាព​ថ្លៃថ្នូរ​ កិត្តិយស​ និង​កេរ្ដិ៍ឈ្មោះ​របស់​យើង​ក៏​ហិចហើរ​ដូច​គ្នា​។ ដូច្នេះ​ហើយ​មុន​ទទួល​​អ្នក​ណា​ម្នាក់​មកធ្វើការ​ក្នុង​ផ្ទះ​នោះ​ ត្រូវ​ស្វែង​យល​់​ពី​គេ​ជា​មុន​សិន​។​​

ហេតុផលទី៤៖ មនុស្សច្រើន​ ច្របូក​ច្របល់រស់​នៅ​ក្នុង​ផ្ទះ​តែ​មួយ

ចំណុច​នេះ​មាន​ន័យ​ថា​ មនុស្ស​ម្នាក់ៗ​គ្មាន​ចិត្ត​ដូច​នោះ​ទេ។​ កាល​ណា​មាន​មនុស្ស​ច្រើន​រស់​នៅ​ក្នុង​ផ្ទះតែ​​មួយ​ ច្បាស់​ជា​មាន​ការ​ប្រកាន់​បក្ស​ពួក​ចៀស​មិន​ផុត​។ យ៉ាង​នេះ​​ហើយ​នៅ​ក្នុង​ផ្ទះ​ ច្បាស់​ជា​ដូច​ពួក​អ្នក​នយោបាយ​ប្រឆាំង​គ្នា​អ៊ីចឹង។​

ដូច្នេះ​ហើយ​មុន​នឹង​ជ្រើស​រើស​មនុស្ស​ម្នាក់​ដើម្បី​ធ្វើ​ឱ្យ​យើង​មាន​ភាព​រីក​ចម្រើន​នោះ​ យើង​គួរ​ស្គាល់​ម្នាក់​នោះ​ឱ្យ​បាន​ច្រើន​ ទោះបី​ជា​​មិត្ត​ភក្ដី​ ប្ដី​ប្រពន្ធ​ក្ដី​ ឬ​មនុស្ស​ដែល​នៅ​ក្បែរ​យើង​ក្ដី​។​ គួរបញ្ជាក់ឱ្យដឹង​ថា លោកចាន់ណាខ្យា​បាន​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ​ ២៧៥ មុន​ គ.ស.៕

 អត្ថបទ​ដោយ៖ ចន្ថា កក្កដា

សម្រួល​អត្ថបទ៖ លោក មនោ វិជ្ជា​

ឯកសារយោង៖ ប្រជុំ​ទ្រឹស្ដី​ទស្សនវិទូល្បីៗ

ប្រភពអត្ថបទ៖ knowledgecambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK