រឿងនឹកស្មានមិនដល់នៅពីក្រោយការបង្កើតក្រុមហ៊ុនល្បីឈ្មោះ ADIDAS និងPUMA
Connect with us

គួរដឹង

រឿងនឹកស្មានមិនដល់នៅពីក្រោយការបង្កើតក្រុមហ៊ុនល្បីឈ្មោះ ADIDAS និងPUMA

ស្ថាបនិកក្រុមហ៊ុនAdidas លោក Adolf (Adi) Dasslar កើតនៅថ្ងៃទី៣ ខែវិច្ឆិការ​ ឆ្នាំ១៩០០ នៅទីក្រុង​Herzogenaurach ប្រទេសអាឡឺម៉ង់។ លោកធ្លាប់ទទួលបានការបណ្ដុះបណ្ដាលពីវិធីធ្វើ​ស្បែ​ក​ជើង​ និងក្រោយពីបានត្រឡប់ពីបម្រើទ័ពនៅក្នុងសង្គ្រាមលោកទី១វិញ លោកបានចាប់ផ្ដើម​បង្កើត​​​ស្បែកជើងកីឡាសម្រាប់ផ្គត់ផ្គង់ឲ្យអត្ដពលិក។

នៅឆ្នាំ​១៩២៤ បងប្រុសរបស់លោកគឺ Rodolf Dasslar កើតនៅថ្ងៃទី២៦ ខែមិនា​ ឆ្នាំ១៨៩៨ បាន​ក្លាយ​ជាដៃគូរបស់លោកហើយពួក​គេ​ទាំងពីរបានបង្កើតជារោងចក្រមួយឈ្មោះថា Gebrüder Dassler​ Schufabrik (Dassler Brothers, shoemakers)នៅឆ្នាំ១៩២៤។ ពួកគេ​ទាំង​ពីរបាន​ចាប់​ផ្ដើមសាងភាពល្បីល្បាញ​ឲ្យ​ក្រុ​ម​ហ៊ុនតាមរយៈការផ្ដល់​ស្បែង​ជើងកីឡា​សម្រាប់​រត់​ទៅដល់កី​ឡា​ករ​​​ជនជាតិអាមេរិកលោក Jesse​​ Owens ដែល​កាលនោះ ជាអ្នកឈ្នះមេដាយមាស​ចំនួន៤​ក្នុ​ង​ព្រឹត្ដិ​ការណ៍​កីឡា​​អូឡាំពិចនៅទីក្រុងប៊ែឡាំង។ គួរបញ្ជាក់ថា លោក​ទាំ​ងពីរណគឺជាសមា​ជិកនៃបក្ស​ណា​ស៊ី​​អាឡឺម៉ង់ ហើយ​ក្រោយមកលោក Rodolf ត្រូវបានបញ្ជាឲ្យ​ចូ​ល​បម្រើក្នុ​ងកង​ទ័ព​Wehrmacht ខណៈ​ដែល Adolf គឺនៅដឹកនាំក្រុមហ៊ុន និង​គ្រួសារ​ផលិត​​ស្បែកជើង​សម្រាប់ក​ង​ទ័ព​។

ក្រោយមកក្នុងសង្គ្រាមលោកលើកទី២ Adolf និង Rodolf បានឈ្លោះប្រកែកពាក្យសំដីគ្នាក្នុងពេល​ដែលរត់គេចពីការលួចឆ្មក់ទំលាក់គ្រាប់បែករបស់សត្រូវ ហើយក្រោយពីចប់សង្គ្រាម ពោលគឺនៅឆ្នាំ​១៩៤៨ ពួកគេក៏បានបែកផ្លូវគ្នា និងលែងធ្វើជំនួញជាមួយគ្នាទៀត។ កាលនោះ Adolf ដែល​​មាន​​ឈ្មោះ​ហៅក្រៅថា Adi បានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Adidas ដែលយក​តាម​សូរ​សៀង​នៃ​ឈ្មោះ និងត្រកូលរបស់លោក និង​មាន​ទីតាំង​នៅ​ទី​ក្រុង​​ Herzogenaurach ដែលធ្វើការផ្គត់​ផ្គង់​សម្លៀកបំពាក់ ស្បែកជើង និងសម្ភារកីឡាជា​ច្រើន​ប្រភេទ​​ទៀត ​ដែលអាច​ទាក់ទាញ​កីឡា​ក​រ​ល្បីៗ​ជា​ច្រើន​នាំគ្នាទិញផលិផលរបស់គាត់។

ចំណែកឯ លោក Rodolf ក៏បានបង្កើតក្រុមហ៊ុនស្រដៀងគ្នានេះដែរ ដែលត្រូវបានគេស្គាល់ថា Puma ​និងមានការិយាល័យស្ថិតនៅទល់មុខទន្លេ Aurach។ Pumaបានក្លាយជាម៉ាកល្បី និង​ជាដៃ​គូ​ប្រកួត​ប្រជែងធំមួយជា​​មួ​យនឹងAdidas។ រហូតមកទល់នឹងឆ្នាំ​២០០៩ ​ពោលគឺក្រោយពេ​ល​ដែល​លោក​​ទាំង២​បាន​ស្លាប់( Adolf ស្លាប់នៅឆ្នាំ១៩៧៨ ហើយ Rodolf ស្លាប់នៅឆ្នាំ១៩៧៤) ទើប​ក្រុម​ហ៊ុន​ទាំង​២ បាន​ធ្វើការផ្សះផ្សាគ្នា តាមរយៈការប្រកួតបាល់មិត្ត​ភាពរវាងនិយោជិក​នៃក្រុមហ៊ុន​ទាំង​២៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

ប្រភពអត្ថបទ៖ doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK