​ទីក្រុងបា​ប៊ី​ឡូនជា​និមិត្តរូប​នៃ​រតនសម្បត្តិ​ ​ដែលធ្វើ​ឱ្យ​ពិភព​លោ​កស្ងប់​ស្ងែង​ក្នុង​ប្រវត្តិសាស្ត្រ​
Connect with us

អន្តរជាតិ

​ទីក្រុងបា​ប៊ី​ឡូនជា​និមិត្តរូប​នៃ​រតនសម្បត្តិ​ ​ដែលធ្វើ​ឱ្យ​ពិភព​លោ​កស្ងប់​ស្ងែង​ក្នុង​ប្រវត្តិសាស្ត្រ​

សៀវភៅ​ “កំពូល​អ្នកមាន​នៅ​ទីក្រុង​បា​ប៊ី​ឡូន​” បាន​អធិប្បាយ​ថា​ បា​ប៊ី​ឡូន​ (Babylon​) គឺជា​ទីក្រុង​ដ៏​ឧត្ដុង្គ​ឧត្ដម្ភបំផុត​ ដែល​គ្មាន​ទីក្រុង​ណា​អាច​ប្រៀប​បាន​ឡើយ​ នៅក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​មនុស្សជាតិ​។ បា​ប៊ី​ឡូន​ គឺជា​និមិត្តរូប​នៃ​រតនសម្បត្តិ​ និង​ភាព​រុងរឿង​ ដោយសារតែ​ទីក្រុង​នោះ​សម្បូរ​ដោយ​ ត្បូង​ មាសប្រាក់​ កែវកង​ ច្រើន​រាប់មិនអស់​។

ប្រភព​ដដែល​ថា​ បា​ប៊ី​ឡូន​ ប្រាកដជា​ស្ថិតនៅ​លើ​ទីតាំង​ល្អ​បំផុត​ណាមួយ​នៃ​តំបន់​ត្រូពិច​ដែល​សម្បូរទៅដោយ​ព្រៃឈើ​ និង​រ៉ែ​ជាក់ជា​មិនខាន​។ តាមពិត​ បា​ប៊ី​ឡូន​ ជាទី​ក្រុង​មួយ​ស្ថិតនៅ​តាម​ដងទន្លេ​ អឺ​ហ្វា្រត​ (Euphrates​) ដែល​ជា​តំបន់​វាលរាប​ ជ្រលងភ្នំ​គ្មាន​ជីវជាតិ​ គ្មាន​ព្រៃឈើ​ គ្មាន​រ៉ែ​ គ្មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​សម្រាប់​ដាំដំណាំ​ សូម្បី​ថ្ម​សម្រាប់​ធ្វើ​សំណង់​ក៏​គ្មាន​ ហើយ​ថែមទាំង​ស្ថិតនៅ​មិន​ចំ​ផ្លូវ​ពាណិជ្ជកម្ម​ទៀតផង​។

បា​ប៊ី​ឡូ​នស្ថិតនៅ​តំបន់​ខ្សត់​យ៉ាងនេះ​ តើ​កិត្យានុភាព​កើត​ចេញពី​អ្វី​?

ទីក្រុង​បា​ប៊ី​ឡូន​ កើត​ចេញពី​សមត្ថភាព​ និង​ទេពកោសល្យ​របស់​មនុស្ស​សុទ្ធសាធ​។ កម្លាំង​មនុស្ស​បាន​កសាង​ក្រុង​បា​ប៊ី​ឡូន​ ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​កសិកម្ម​ ជាទី​ក្រុង​ជំនួញ​ដ៏​ធំ​សម្បើម​ និង​ជាទី​ក្រុង​ដែល​សម្បូរ​ដោយ​ពួក​វណ្ណៈអភិជន​រស់នៅ​ បាន​រយៈពេល​រហូតដល់​រាប់ពាន់​ឆ្នាំ​។ បា​ប៊ី​ឡូន​ សម្បូរ​ដោយ​ពួក​អ្នក​សិក្សា​រៀនសូត្រ​ជ្រៅជ្រះ​ មានចំណេះ​ដឹង​ខ្ពង់ខ្ពស់​ សម្បូរ​ដោយ​អ្នកប្រាជ្ញ​ មាន​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ពូកែ​ធ្វើ​ពាណិជ្ជកម្ម​។

ក្រៅពី​នេះ​ បា​ប៊ី​ឡូន​ ដី​គ្មាន​ជីវជាតិ​ តែ​ប្រជាពលរដ្ឋ​បា​ប៊ី​ឡូន​ បាន​កែច្នៃ​តំបន់​ទាំងនោះ​ឱ្យ​ក្លាយជា​តំបន់​ដ៏​មាន​សារៈសំខាន់​បំផុត​ ពោល​គឺ​ប្រជាជន​បា​ប៊ី​ឡូន​ បាន​ទប់ទំនប់​ធ្វើជា​ប្រឡាយ​ទឹក​ ដើម្បី​បង្ហូរទឹក​ពី​ជ្រលងភ្នំ​មក​ផ្គត់ផ្គង់​ភោគផល​ដំណាំ​។ ភាព​ប៉ិនប្រសប់​ និង​សមិទ្ធផល​ដែល​បា​ប៊ី​ឡូ​នទទួល​បាន​ គឺ​ធ្វើ​ឱ្យ​ពិភពលោក​ក្នុង​សម័យ​នោះ​មានការ​ភ្ញាក់ផ្អើល​ និង​ស្ញប់ស្ញែង​ជាទីបំផុត​។

ក្រៅតែ​ពី​សមិទ្ធផល​ខាងលើ​ បា​ប៊ី​ឡូន​ ក៏​នៅ​មាន​សមិទ្ធផល​ចំនួន២ទៀត​រួមមាន​ទី១​. បា​ប៊ី​ឡូន​ មាន​ប្រព័ន្ធ​លូ​បង្ហូរទឹក​ដ៏​ធំអស្ចារ្យ​មួយ​ ដែល​អាច​កែប្រែ​តំបន់​វាលភក់​ដ៏​ធំ​សម្បើម​មួយ​នៅ​មាត់ទន្លេ​ អឺ​ហ្រ្វា​ត និង​ ទី​ហ្រ្គីស​ ឱ្យ​ក្លាយជា​តំបន់កសិកម្ម​។

ទី២​. បា​ប៊ី​ឡូន​ មាន​ជញ្ជាំង​ព័ទ្ធជុំវិញ​ក្រុង​ដ៏​ធំ​មហិមា​ រហូតដល់​បុរាណ​វិទូ​បាន​ដាក់​ចំណាត់ថ្នាក់​ជញ្ជាំង​នោះ​ថា​ជា​ “រតនសម្បត្តិ​មួយ​ក្នុងចំណោម​រតនសម្បត្តិ​ទាំង៧នៅ​លើ​ពិភពលោក​” ដូច​ទៅ​នឹង​ប្រាសាទ​ពីរ៉ាមីត​នៅ​ប្រទេស​អេហ្ស៊ីប​ដែរ​។

តាម​ប្រវត្តិសាស្ត្រ​ ដោយ​មើលឃើញ​ចំណុច​អស្ចារ្យ​របស់​ក្រុង​បា​ប៊ី​ឡូន​ ស្ដេច​ជាច្រើន​អង្គ​គ្រប់ទិសទី​តែងតែ​លើកទ័ព​មក​វាយដណ្ដើម​កាន់កាប់​ក្រុង​បា​ប៊ី​ឡូន​ជា​ញឹកញាប់​ ប៉ុន្តែ​មិនបាន​សម្រេច​នោះ​ទេ​ ព្រោះ​បា​ប៊ី​ឡូ​នមាន​ជញ្ជាំង​ការពារ​យ៉ាង​រឹងមាំ​បំផុត​។ រហូត​មកទល់​ ឆ្នាំ៥៤០​ មុន​ គ.ស​. ក្រុង​បា​ប៊ី​ឡូ​ននៅ​តែ​រក្សា​បាន​ឯករាជ្យ​ភាព​ ដោយ​គ្មាន​សត្រូវ​ណា​វាតទី​បាន​ឡើយ​។

លុះក្រោយមក​មាន​ក្រុម​វាតទី​មួយ​ឈ្មោះ​ សាយ​រ៉ឺស​ (Cyrus​) បាន​វាយ​បំបែក​ជញ្ជាំង​ក្រុង​បា​ប៊ី​ឡូ​នបាន​សម្រេច​ ស្ដេច​បា​ប៊ី​ឡូ​នព្រះ​បាទ​ ណា​ប៊ូ​នី​ដាស់​ បាន​ភៀស​ព្រះ​កាយ​ចេញពី​ទីក្រុង​ ហើយ​ក្រុម​សាយ​រ៉ឺស​ បាន​ចូលលុក​លុយ​ប្រមូល​យក​ទ្រព្យសម្បត្តិ​អស់​គ្មាន​សេសសល់​។

ក្រោយ​ធ្លាក់​អំណាច​ និង​អស់​កិត្យានុភាព​ បា​ប៊ី​ឡូន​ បាន​ធ្លាក់ចុះ​បន្ដិច​ម្ដង​ៗអស់​រយៈពេល​ពីរ​ទៅ​បី​រយ​ឆ្នាំ​បន្តបន្ទាប់​គ្នា​ រហូត​ត្រូវ​គេ​បោះបង់ចោល​ទាំងស្រុង​ ហើយ​ក្លាយទៅជា​ទីក្រុង​វាល​រហោ​ដ្ឋាន​ មានតែ​ខ្យល់បក់​និង​ព្យុះ​ខ្សាច់​។ ទោះបី​ក្រុង​មួយ​នេះ​ ដួល​រលំ​មិន​អាច​ងើបឡើង​វិញ​ពិតមែន​ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ទីក្រុង​នេះ​នៅតែ​ស្ថិតស្ថេរ​ជានិច្ច​ ព្រោះ​ចំណេះដឹង​ដែល​ក្រុង​នេះ​បន្សល់ទុក​ត្រូវ​បាន​គេ​រក្សាទុក​រហូតមកដល់​បច្ចុប្បន្ន​ ហើយ​គេ​ចងក្រង​ទុក​ក្នុង​ឯកសារ​ប្រវត្តិ​សាស្រ្ត​។

បើ​តាម​អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​បាន​យល់ថា​ បា​ប៊ី​ឡូន​ និង​ទីក្រុង​នានា​នៅ​តាម​បណ្ដោយ​ទន្លេ​ អឺ​ហ្រ្វា​ត គឺ​មាន​អាយុកាល​ចាស់​ជាង​ទី​ក្រុង​ផ្សេង​ៗទៀត​ដែល​មាននៅ​ក្នុង​កំណត់ត្រា​ ពោល​គឺ​មាន​អាយុ​ពិតប្រាកដ​តាំងពី៨ពាន់​ឆ្នាំមុន​មក​ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​បា​ប៊ី​ឡូន​ គឺ​ជនជាតិ​ស៊ូ​មើ​៕

 ប្រភព៖ www.interconrooster.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK