កូនខ្មែរត្រូវយល់ដឹង! ពីប្រវត្តិដ៏ជូរចត់នៃប្រាក់រៀលខ្មែរ
Connect with us

គួរដឹង

កូនខ្មែរត្រូវយល់ដឹង! ពីប្រវត្តិដ៏ជូរចត់នៃប្រាក់រៀលខ្មែរ

ដូចប្រិយមិត្តមួយចំនួនតូចបានដឹងហើយថា រូបិយប័ណ្ណរបស់រដ្ឋកម្ពុជាដំបូង ត្រូវបានបោះពុម្ពប្រើនៅក្នុងសម័យឥណ្ឌូចិនដែលប្រើរួមគ្នាចំនួនបីប្រទេសមានវៀតណាម ឡាវ និងកម្ពុជា ហើយរហូតដល់ប្រទេសយើងទទួលបានឯករាជ្យពេញលេញក្នុងឆ្នាំ១៩៥៣ ឯណោះ ទើបយើងមានរូបិយប័ណ្ណមួយផ្ទាល់ខ្លួន។

ភាពរីកចម្រើន និងសុខសន្តិភាពក្នុងប្រវត្តិសាស្ត្រមិនបានបន្តយូរប៉ុន្មាននោះទេ ពោលរបបប្រល័យពូជសាស្ត្រក៏បានកើតមានឡើង ហើយប្រាក់រៀលក៏ជាជនរងគ្រោះផងដែរ។

បន្ទាប់ពីរបប ប៉ុលពត ត្រូវបានផ្តួលរំលំនៅឆ្នាំ ១៩៧៩ មក នៅថ្ងៃទី២០ ខែមីនាឆ្នាំ១៩៨០ ប្រាក់រៀលត្រូវបានបោះផ្សាយឡើងវិញ និងត្រូវបានដាក់ឲ្យចរាចរណ៍សារជាថ្មី។ នៅទសវត្សរ៍ឆ្នាំ ៩០ នៅពេលដែលប្រទេសកម្ពុជាយើងបានបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួន ប្រាក់ដុល្លារត្រូវបានប្រើប្រាស់ច្រើនលើសលុបក្នុងទីផ្សារហើយរូបិយវត្ថុក្នុងស្រុកបានធ្លាក់ថ្លៃ ដែលនាំឱ្យបាត់បង់ទំនុកចិត្តរបស់ប្រជាជនកម្ពុជា។

ដោយឡែកនៅឆ្នាំ១៩៩២ នៅពេលដែលអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) បាននាំយកជំនួយនិងកម្លាំងសន្តិសុខ ព្រមទាំងចាក់លុយដុល្លារអាមេរិក យ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្ពុជា។ ការស្រាវជ្រាវបង្ហាញថាក្នុងអំឡុងឆ្នាំ១៩៩១ ដល់ ១៩៩២ អ៊ុនតាក់ បានចំណាយប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារអាមេរិក (៧៥ ភាគរយនៃផ.ស.សរបស់កម្ពុជានាពេលនោះ)។

ការណ៍នេះគឺជាដើមចម ដែលនាំឲ្យមានការដាក់ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេសយ៉ាងច្រើន នៅក្នុងប្រព័ន្ធធនាគារកម្ពុជានិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានជាង ៩០ភាគរយ នៃប្រាក់បញ្ញើសរុបនៅកម្ពុជា។ បន្ទាប់មកនៅឆ្នាំ២០០០ ការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារដ៏ធំមួយបានកើតមានឡើង និងបាននាំឱ្យមានការបិទទ្វារធនាគារចំនួន ១៧ ជាថ្មីម្តងទៀតដែលបានធ្វើឱ្យប្រជាជនលែងមានទំនុកចិត្តលើប្រព័ន្ធធនាគារ ព្រោះមនុស្សជាច្រើនបានបាត់បង់ប្រាក់បញ្ញើរបស់ខ្លួន។ ដូច្នេះដោយសារមានកម្រិតហានិភ័យរាប់មិនអស់និងការវាយប្រហារទៅលើប្រព័ន្ធរូបិយវត្ថុ វិស័យធនាគារនិងរូបិយវត្ថុក្នុងស្រុកបានបន្សល់ទុកនូវអារម្មណ៍ជាច្រើនដែលធ្វើប្រជាជនមិនមានជំនឿលើប្រាក់រៀល ក៏ដូចជាវិស័យធនាគារទាំងមូល។

ជាលទ្ធផលធនាគារជាតិនៃកម្ពុជា មិនអាចបញ្ឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារបានភ្លាមៗនោះទេ ពោលមានតែធ្វើការកំណែទម្រង់ទាំងសន្សឹមទាំងវិស័យនយោបាយ និងចិត្តសាស្ត្រ។ មកទល់ឆ្នាំ២០១៩ នេះ ការប្រើប្រាស់ប្រាក់ដុល្លារនៅតែបន្តមានប្រសិទ្ធភាព ព្រោះអីវាមានហេតុផលល្អច្រើនដែរសម្រាប់ប្រទេសកម្ពុជា ដែលធំបំផុតនោះគឺទាក់ទងទៅនឹងការវិនិយោគ និងការនាំចេញ-ចូល។ បើតាមការជម្រាបរបស់ធនាគារជាតិនៃកម្ពុជា ស្ថានភាពប្រើប្រាស់រូបិយប័ណ្ណរៀល និងដុល្លារមានភាពល្អប្រសើរណាស់ ហើយបម្រែបម្រួលនៃការផ្លាស់ប្តូរអត្រាការប្រាក់វិញក៏មានភាពល្អប្រសើរ បើធៀបជាមួយប្រទេសដទៃផងដែរ។ យ៉ាងណាមិញធនាគារជាតិនឹងនៅតែផ្តោតសំខាន់លើកតម្កើងតម្លៃប្រាក់រៀលដដែលមិនអាចបោះបង់បានឡើយ ព្រោះអិវាមានអត្ថប្រយោជន៍ច្រើនទៅកាន់សេដ្ឋកិច្ចជាតិទាំងមូល៕

ប្រភព៖ romdoulnews.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK