ថ្មីៗនេះ! អ្នកជំនាញ​អះអាង​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​មាន​សញ្ញា​វិជ្ជមាន​រយៈពេល​វែង​បន្ត​ទៀត​
Connect with us

គួរដឹង

ថ្មីៗនេះ! អ្នកជំនាញ​អះអាង​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​មាន​សញ្ញា​វិជ្ជមាន​រយៈពេល​វែង​បន្ត​ទៀត​

ភ្នំ​ពេញៈ​ ទន្ទឹម​នឹង​មនុស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​ ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ជាមួយនឹង​ចិន​ នឹង​ប៉ះ​ពាល់​ដល់​បវិស័យ​អចលនទ្រព្យ​កម្ពុជា​ក្តី​ ប៉ុន្តែ​អ្នកជំនាញ​និង​មានបទពិសោធន៍​ច្រើន​ក្នុង​វិស័យ​នេះ​បាន​អះអាង​ថា​ មិនថា​ពេលនេះ​ឬក្នុងរយៈពេល​ ៣-៤ ឆ្នាំខាងមុខ​ទៀត​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​ដដែល​។

អគ្គនាយក​ក្រុមហ៊ុន​អចន​ទ្រព្យ​អន្តរជាតិ​ Century21​ Imperial​ Realty​ លោក​ Ken​ Lo​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៩នេះ​ថា​ បើ​ទោះជា​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​ប្រទេស​មហាអំណាច​ទាំង២​ នៅតែ​បន្ត​យ៉ាងណាក្ដី​ សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ហាក់​មិន​មានការ​រង​ឥទ្ធិពល​នោះ​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “សង្គ្រាម​ពាណិជ្ជកម្ម​ភាគច្រើន​ សំដៅ​ទៅលើ​ការនាំចេញ​ នាំចូល​នូវ​បណ្តា​ផលិតផល​នានា​ រវាង​ប្រទេស​មហាអំណាច​ទាំង២​ ដែល​វា​មិន​មាន​មែន​ជា​អចលនទ្រព្យ​នោះ​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “និយាយ​ពី​ចំណុច​អវិជ្ជមាន​ ជា​ការពិត​គឺ​តែងតែមាន​ ប៉ុន្តែ​វា​មិន​ទទួលរង​នូវ​ឥទ្ធិពល​ដោយ​ផ្ទាល់​នោះ​ទេ​ ហើយ​បើ​កម្ពុជា​អាច​ទទួលរង​នូវ​ភាពអាក្រក់​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក៏​ត្រូវ​ចំណាយពេល​យូរឆ្នាំ​ទៀត​ដែរ​”។

​លោក​ Ken​ Lo ​បាន​បញ្ជាក់​ថា​ ជា​ធម្មតា​ នៅពេល​ដែល​ក្រុមហ៊ុន​មួយ​មាន​ភាព​ប្រឈម​ទៅ​នឹង​បញ្ហា​កត្តា​ភូមិសាស្ត្រ​ និង​នយោបាយ​ ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​ គឺ​ពួកគេ​រមែង​ស្វែងរក​ដំណោះស្រាយ​ ឬស្វែងរក​ទីតាំង​ផ្សេង​ ដែល​មាន​ភូមិសាស្ត្រ​អំ​ណោ​ យផល​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ ក្នុង​នោះ​កម្ពុជា​ក៏អាច​ទទួល​បាន​ឱកាស​បន្ថែម​ពី​បណ្តា​ក្រុមហ៊ុន​ទាំងអស់​នោះ​ក៏​ថា​បាន​។

បច្ចុប្បន្ន​នេះ​គម្រោ​ងធំៗ​នៅ​កម្ពុជា​ ដែល​មានតម្លៃ​ទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​កំពុងតែ​មាន​សកម្មភាព​ និង​ដំណើរ​ជា​ធម្មតា​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ គម្រោង​របស់​ក្រុមហ៊ុន​ Yuetai​ Group​ របស់​ចិន​ គម្រោង​អភិវឌ្ឍ​ Booyoung​ Town​ របស់​កូរ៉េ​ខាងត្បូង​ ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ១​,១ពាន់​លាន​ដុល្លារ​ គម្រោង​របស់​ក្រុមហ៊ុន​ The​ Prince​ និង​គម្រោង​អភិវឌ្ឍ​សំណង់​អគារ​ភ្លោះ​របស់​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ ដែល​មាន​កម្ពស់​រហូតដល់៥៦៨ម៉ែត្រ​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ជាង៣ពាន់​លាន​ដុល្លារ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​ គម្រោង​អភិវឌ្ឍន៍​ វិស័យ​សំ​ណង់​ធំៗ​នៅ​កម្ពុជា​មួយចំនួន​ធំ​ នៅតែ​បន្ត​មាន​សកម្មភាព​ ហើយ​វា​នៅតែ​ជា​សញ្ញា​វិជ្ជមាន​ដែល​មិនទាន់​មាន​ក្ដី​ព្រួយបារម្ភ​នៅឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​សកម្មភាព​សាងសង់​ ឬផ្អាក​របស់​គម្រោង​មួយចំនួន​ គឺជា​រឿង​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ដែល​កាន់​គម្រោង​ ដោយ​យើង​មិន​អាច​មើលឃើញ​ ឬដឹង​ច្បាស់​នោះ​ទេ​ ព្រោះ​គម្រោង​នី​មួយ​ៗគឺ​ត្រូវ​បាន​ធ្វើឡើង​ទៅតាម​ដំណាក់កាល​ និង​ការកំណត់​របស់​ម្ចាស់​គម្រោង​”។

លោក​បន្ត​ទៀត​ថា​ “ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ក្ដី​ព្រួយបារម្ភ​ ពី​ការ​ធ្លាក់ចុះ​នៃ​វិស័យ​មួយ​នេះ​ វា​នៅ​មិនទាន់​ឃើញ​មាន​ចំណុច​អវិជ្ជមាន​នៅឡើយ​។ លោក​បាន​បន្ត​ទៀត​ថា​ យើង​ទទួលស្គាល់​ថា​ វិស័យ​សំណង់​មួយភាគធំ​នៅ​កម្ពុជា​ ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​ ប៉ុន្តែ​យើង​មិន​ពឹងផ្អែក​ទាំងស្រុង​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “បើ​ទោះជា​វិបត្តិសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅតែ​បន្ត​ ប៉ុន្តែ​កម្ពុជា​នៅតែ​អាច​រក្សា​បាន​នូវ​ស្ថេរ​ភាព​ ក្នុង​វិស័យ​អចលនទ្រព្យ​ដដែល​ ដរាបណា​វិបត្តិសេដ្ឋកិច្ច​លោក​លើក​ទី៣មិនទាន់​កើតមាន​”។ លោក​បន្ថែម​ថា​ “ផ្ទុយទៅវិញ​កម្ពុជា​អាច​មានឱកាស​ទាញ​បាន​ប្រយោជន៍​បន្ថែម​ទៀត​ ពី​ប្រទេស​ចិន​ក៏អាច​ថា​បាន​ដែរ​ នៅពេល​ដែល​ក្រុមហ៊ុន​ចិន​មួយចំនួន​បង្វែរ​គោលដៅ​វិនិយោគ​មកកាន់​តំបន់​អាស៊ី​”។

តាម​របាយការណ៍​ដែល​បង្ហាញ​ ដោយ​អ្នកជំនាញ​ស្រាវជ្រាវ​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ បានឱ្យ​ដឹង​ថា​ ក្រៅពី​គម្រោ​ងធំៗ​ដូចដែល​បាន​លើកឡើង​ខាងលើ​នេះ​ នៅ​មាន​គម្រោង​សំណង់​ R&​F City​ គម្រោង​ Arakawa​ Residence​ គម្រោង​ Urban​ Village​ គម្រោង​ La​ Vista​ One​ គម្រោង​ Park​ Land​ Condo​ និង​គម្រោង​ The​ Peak​ ដោយ​គម្រោង​នី​មួយ​ៗភាគច្រើន​ ត្រូវ​បាន​បែងចែក​ចេញ​ជាច្រើន​ដំណាក់កាល​ក្នុង​ការសាងសង់​។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ជំលោះ​សេដ្ឋកិច្ច​រវាង​ប្រទេស​មហាអំណាច​ទាំង២​ នេះ​ កម្ពុជា​អាច​ទទួលរង​នូវ​ឥទ្ធិពល​ផង​ដែរ​ ប៉ុន្តែ​មានកម្រិត​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

លោក​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​ជា​ប្រទេស​មួយ​ដែល​តូច​ ហើយ​បើ​រង​ឥទ្ធិ​លក៏​មានកម្រិត​តិចតួច​ និង​ដោយប្រយោល​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ គឺ​កំពុងតែ​ស្ថិតនៅ​ក្នុង​ដំណាក់​ដំបូង​ ដែល​ប្រៀបបានទៅ​នឹង​ការ​បុក​គ្រឹះ​យ៉ាង​ដូច្នោះ​ ហើយ​ពេល​បន្ទាប់​គឺ​ស្វែងរក​ទីផ្សារ​គោលដៅ​”។

លោក​ហុង​ វណ្ណៈ​បាន​បន្ត​ទៀត​ថា​ ទីផ្សារ​គោលដៅ​របស់​ពួកគេ​មិនមែន​សំដៅ​តែ​ជនជាតិ​ចិន​នោះ​ទេ​ ដែល​វា​អាច​ជា​ជនជាតិ​ក្នុង​ស្រុក​ និង​អតិថិជន​ដែល​ជា​ជនជាតិ​ដទៃទៀត​។ នៅ​ក្នុង​តំណា​ក់​កាល​នេះ​ ប្រសិនបើ​កម្ពុជា​ចេះ​ឆ្លៀតឱកាស​ គឺ​អាច​ទទួល​បានផល​ពី​វិស័យ​ពាណិជ្ជកម្ម​ ខណៈ​ដែល​បណ្តា​ក្រុមហ៊ុន​ជាច្រើន​របស់​ចិន​ និង​អាមេរិក​ ក៏​កំពុង​សម្លឹង​មើល​ភូមិសាស្ត្រ​គោលដៅ​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​ ធ្វើជា​ទីតាំង​សម្រាប់​កិច្ច​បន្តដំណើរ​ការ​សង្វាក់​ផលិតកម្ម​ ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​ដើម​របស់​ខ្លួន​៕

ប្រភព៖ www.propertyarea.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK