ធ្លាប់តែលឺជនជាតិជ្វីហ្វជាជនជាតិមួយល្អ តើអ្នកដឹងទេថាជនជាតិនេះមានប្រភពមកពីណា​?​
Connect with us

ពួកគេជានរណា

ធ្លាប់តែលឺជនជាតិជ្វីហ្វជាជនជាតិមួយល្អ តើអ្នកដឹងទេថាជនជាតិនេះមានប្រភពមកពីណា​?​

ប្រវត្តិសាស្ត្រ​សង្ខេប​របស់​ជនជាតិ​ជ្វីហ្វ តាម​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ជ្វីហ្វ​ ដែល​ត្រូវ​បាន​សរសេរ​ទុក​នៅ​ក្នុង​គម្ពីរ​ប៊ីប ជនជាតិ​នេះ​មាន​ដើម​កំណើត​ពី​បុព្វបុរស​របស់​ពួកគេ​ឈ្មោះ Abraham។ Abraham គឺ​ជា​មនុស្ស​ដំបូង​គេ​បង្អស់ ដែល​បាន​បំបាត់​ចោល​នូវ​ជំនឿ​ទៅលើ​អាទិទេព​​ជា​ច្រើន ហើយ​បំផុស​ជាតិសាសន៍​របស់​ខ្លួន​ឲ្យ​មាន​ការ​គោរព​ជឿជាក់​ទៅលើ​ព្រះអាទិទេព​តែ​មួយ។

រួម​ទាំង​កូន​ប្រុស​របស់​ Abraham គឺ​ Issac និង​កូន​ប្រុស​របស់​Issac គឺ​Jacob សុទ្ធ​តែ​ត្រូវ​បាន​ជនជាតិ​ជ្វីហ្វ​ចាត់​ទុក​ថា​ជា​បុព្វបុរស​របស់​ពួកគេ។ ប្រវត្តិ​របស់​កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​ទាំង ​១២​នាក់​របស់​Jacob គឺ​Joseph ក៏​ត្រូវ​បាន​ចារឹក​ទុក​នៅ​ក្នុង​គម្ពីរ​ប៊ីប​ដែរ។ Joseph​ត្រូវ​បាន​បង​ប្រុស​បង្កើត​របស់​ខ្លួន​យក​ទៅ​លក់​ជា​ទាសករ​ឲ្យ​ពួក​អេហ្សីុប ក្រោយមក​ដោយសារ​ភាព​អត់​ឃ្លាន សមាជិក​គ្រួសារ​របស់​Joseph​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន នាំ​គ្នា​ប្ដូរ​ទី​លំនៅ​ទៅ​ប្រទេស​អេហ្ស៊ីប​វិញ ហើយ​សាង​ជីវិត​ប្រកប​ដោយ​សុខ​សន្តិភាព​ជា​ច្រើន​ជំនាន់​ត​មក។ ប៉ុន្តែ ក្រោយ​ការ​ឡើង​កាន់​រាជ​បល្ល័ង្ក​ថ្មី​របស់​ស្ដេច​អេហ្ស៊ីបឈ្មោះ​ Pharaoh ទ្រង់​យល់ថា​ជាតិសាសន៍​ខ្លួន​ត្រូវ​បាន​ទទួល​រង​ការ​គំរាម​កំហែង​ពី​ជាតិសាសន៍​ជ្វីហ្វ ព្រមទាំង​ជាតិសាសន៍​ដទៃ​ដែល​បាន​មក​តាំង​ទី​លំនៅ​ក្នុង​ទឹកដី​របស់​ពួកគេ​នោះ ដូច្នេះ​ស្ដេច​ Pharaoh​ក៏​បាន​ធ្វើ​ឲ្យ​ពួកគេ​ទាំងអស់​ក្លាយ​ជា​ទាសករ​របស់​ខ្លួន។

នៅ​ក្នុង​សៀវភៅ ​Exodus ​ក្នុង​គម្ពីរ​ប៊ីប ក៏​បាន​រៀបរាប់​អំពី​ដំណើរ​រឿង​របស់​មេដឹកនាំ​សាសនា Moses និង​អំពី​សេរីភាព​របស់​គាត់​ចំពោះ​ទាសករ​ជនជាតិ​ជ្វីហ្វ ដែល​បាន​ដឹកនាំ​ពួក​ទាសករ​ទាំងនោះ ចាកចេញ​ពី​ទឹកដី​របស់​ប្រទេស​អេហ្សីុប ហើយ​ដំណើរ​ត្រាច់ចរ​គ្មាន​ទិសដៅ​ច្បាស់លាស់​របស់​ពួកគេ​នៅ​វាលខ្សាច់​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ ៤០​ឆ្នាំ។ កំឡុង​ពេល​នៃ​ការ​ត្រាច់ចរ​របស់​ពួកគេ​ក្នុង​តំបន់​វាលខ្សាច់​នោះ​ដែរ គឺ​ជា​ពេល​ដែល​ Moses បាន​ឡើង​ទៅកាន់​កំពូល​ភ្នំ​Sinai និង​បើ​និយាយ​តាម​វប្បធម៌​សាសនា គាត់​បាន​ត្រឡប់​មក​វិញ​ជាមួយ​នឹង​គោលការណ៍​ច្បាប់​ទាំង​ ១០​ពី​ព្រះ​ជា​ម្ចាស់ (Ten Commandments) រួម​ទាំង​ទស្សន​គតិ​របស់​វប្បធម៌​ជនជាតិ​ជ្វីហ្វ​មាន​ឈ្មោះ​ថា ​Torah​ ​ផង​​ដែរ ហើយ​ក៏​ជា​ពេល​ក្រោយ​ពី​ការ​ស្លាប់​បាត់បង់​ជីវិត​របស់ ​Moses​ដែរ ដែល​ជនជាតិ​ជ្វីហ្វ​​ស្វែងរក​ទឹកដី​សម្រាប់​តាំង​ទីលំនៅ​របស់​ខ្លួន​បាន​នៅ​ក្នុង​ប្រទេស​អីុស្រាអែល ជា​ទឹកដី​ដែល​ជា​ការ​សន្យា​របស់​ព្រះ​ជា​ម្ចាស់ ឬ​ហៅ​ថា Promised Land។

ក្រោយ​ពី​ការ​ស្លាប់​របស់ ​Moses ពួក​កុលសម្ព័ន្ធ​ទាំង ​១២​របស់​ជនជាតិ​ជ្វីហ្វ​ ដែល​កុលសម្ព័ន្ធ​នីមួយៗ​មាន​ពូជពង្ស​មក​ពី​កូន​ប្រុស​ម្នាក់ៗ​ទាំង ​១២​នាក់​របស់​ Jacob បាន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់ Joshua ហើយ​ចូល​ទៅ​តាំង​ទីលំនៅ​ក្នុង​ទឹកដី​ជា​ការ​សន្យា​របស់​ព្រះ​ជា​ម្ចាស់​នៅ​អីុស្រាអែល​នោះ ដែល​កន្លង​មក​ត្រូវ​បាន​ពួក​ Canaanites​ តាំង​ទីលំនៅ។ ក្រោយពី​ពួក​ជ្វីហ្វ​បាន​ដណ្ដើម​យក​ទីក្រុង Jericho ​បាន​មក ពួកគេ​ក៏​វាតទី​ដណ្ដើម​យក​ទឹកដី​ទាំងមូល​របស់​អីុស្រាអែល។ ពួក​Canaanites និង​ពួក​Philistines ត្រូវ​ប្រឈម​នឹង​ភាព​លំបាកលំបិន​ពី​ការ​ជម្លៀស​ចេញ ដោយ​ទ្រាំទ្រ​នឹង​ការ​រង​ទុក្ខ​បុក​ម្នេញ​ត​ទៅទៀត​លែង​បាន ចុង​បញ្ចប់​ពួក Philistines​ បាន​ទទួល​រង​នូវ​ភាព​បរាជ័យ​យ៉ាង​ដុនដាប​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់ Samson។ ក្រោយ​ពី​ទទួល​បាន​អំណាច​កាន់កាប់​ទាំង​ស្រុង​លើ​ទឹកដី​នៃ​ប្រទេស​អីុស្រាអែល​ហើយ ពួក​ជ្វីហ្វ​​ក៏​បាន​ស្វែងរក​ជម្រើស​ដោយ​ប្រើប្រាស់​នូវ​អំណាច​នៃ​សាសនា​ចំពោះ​ការ​ដឹកនាំ​ប្រទេស​របស់​ខ្លួន។ ពួកគេ​ក៏​បាន​ជ្រើសរើស ​Samuel ជា​មេដឹកនាំ​ថ្នាក់​ខ្ពស់​ជាង​គេ​របស់​វិហារ​សាសនា មក​ធ្វើ​ជា​បុគ្គល​ដែល​មាន​សិទ្ធិ​អំណាច​ជ្រើស​តែងតាំង​ស្ដេច​មក​គ្រប់គ្រង​ទឹកដី​របស់​ពួកគេ។ ហេតុនេះ ស្ដេច​ដំបូង​របស់​ទឹកដី​អីុស្រាអែល គឺ​ជា​ស្ដេច​ Saul (១០២០-១០០០​មុន​គ.ស) ដែល​ជា​សមាជិក​របស់​កុលសម្ព័ន្ធ Benjamin និង​ដែល​ធ្លាប់​មាន​ជ័យ​ជម្នះ​ទៅលើ​ពួកAmmonites និង​ពួកPhilistines។ យ៉ាងណាមិញ ពេលវេលា​កន្លង​មក Samuel​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹកនាំ​បែប​អំណាច​ផ្ដាច់ការ​របស់​ស្ដេចSaul។

ជំនួស​ឲ្យ​ការ​ផ្ទេរ​បន្ត​នូវ​របៀប​ដឹកនាំ​របស់​ជនជាតិ​ខ្លួន​ទៅកាន់​កូន​ប្រុស​របស់​ស្ដេចSaul ឈ្មោះJonathan Samuel​ក៏​បាន​តែងតាំង​David​ដែល​ជា​សមាជិក​របស់​កុលសម្ព័ន្ធ​Judah ជា​ស្ដេច​ទី​២​នៃ​ប្រទេស​អីុស្រាអែល​ដោយ​ស្ងាត់ៗ​វិញ។ រយៈកាល​មុន​ការ​គ្រង​រាជ្យ​សម្បត្តិ David​ធ្លាប់​ទទួល​បាន​ភាព​ល្បីល្បាញ​សុះសាយ​យ៉ាង​ខ្លាំង គឺ​ជា​អ្នក​ចម្បាំង​ដែល​មាន​ជ័យ​ជម្នះ​ទៅលើ​ការ​សម្លាប់​អ្នក​ចម្បាំង​ដ៏​ធំ​របស់​ពួក​Philistines គឺ​ពួក giant Goliath។ តែ​ទី​បំផុត​ទៅ ស្ដេច​ David​ បាន​ក្ដោបក្ដាប់​និង​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ពេញ​ទី ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ទ្រង់​ក្លាយ​ជា​ស្ដេច​គ្រប់គ្រង​មាន​ឥទ្ធិពល​លើ​ទឹកដី​អីុស្រាអែល​ទាំងមូល។ កំឡុង​ពេល​គ្រង​រាជ្យ​របស់​ស្ដេច​ David​ ផង​ដែរ ពួក​អីុស្រាអែល​ទាំងនេះ ក៏​បាន​ដណ្ដើម​យក​ទឹកដី​នៃ​ទីក្រុង Jerusalem ហើយ​បាន​កែប្រែ​វា​មក​ក្លាយ​ជា​ទាំង​រដ្ឋធានី​នៃ​សាសនា និង​រដ្ឋធានី​ដែល​មិន​ទាក់ទង​នឹង​សាសនា​របស់​ពួកគេ។ អ្នក​បន្ត​រាជ​បល្ល័ង្ក​ពី​ស្ដេច ​David គឺ​ជា​ស្ដេច ​Solomon ជា​កូន​របស់​ស្ដេច​ David និង​នាង​Bath Sheba។ ក្នុង​រាជ្យ​របស់​ស្ដេច ​Solomon (៩៦១-៩២២​មុន​គ.ស) គឺ​ជា​កំឡុង​ពេល​នៃ​ការ​រស់នៅ​ប្រកប​ដោយ​សន្តិភាព​របស់​ប្រជារាស្ត្រ។

ទោះជាយ៉ាងណាក៏ដោយ ទ្រង់​ត្រូវ​បាន​គេ​កត់​សម្គាល់​ទៅលើ​គម្រោង​សាងសង់​ដ៏​ប្រណិត​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​ទាំង​ប្រាសាទ​ដំបូង (the First Temple) ក្នុង​ទីក្រុង Jerusalem​ផង​ដែរ។ ដើម្បី​សម្រេច​នូវ​គោលបំណង​របស់​ខ្លួន​ដែល​ចង់​ស្ថាបនា​ប្រាសាទ​ទី ១​ ចេញ​ជា​រូបរាង​ឡើង ទ្រង់​បាន​ទទួល​រង​នូវ​ការ​មិន​ពេញចិត្ត​ពី​ពួក​ក្រុម​កុលសម្ព័ន្ធ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ចំពោះ​ការ​ប្រមូល​ពន្ធ​ក្នុង​តម្លៃ​ខ្ពស់ និង​គោលនយោបាយ​របស់​ទ្រង់​ទៅលើ​កម្លាំង​ពលកម្ម។ ហេតុ​នេះ​ហើយ នៅ​ក្រោយ​ការ​ចូល​ទិវង្គត​របស់​ទ្រង់ ពួក​ក្រុម​កុលសម្ព័ន្ធ​នៅ​ភាគ​ខាង​ជើង​ទាំង​១០​បាន​បះបោរ និង​បង្កើត​អាណាចក្រ​ឯករាជ្យ​របស់​ខ្លួន ស្រប​ពេល​ដែល​កុលសម្ព័ន្ធ​២​ក្រុម​ទៀត គឺ​ក្រុម​របស់​Judah និង​ក្រុម​របស់​Benjamin នៅ​តែ​បន្ត​ការ​គាំទ្រ​ចំពោះ​អ្នក​បន្ត​រាជ​បល្ល័ង្ក​ថ្មី​ពី​ស្ដេច​Solomon គឺ​ស្ដេច​Rehoboam។ អាណាចក្រ​ខាងជើង​បាន​តាំង​រដ្ឋធានី​របស់​ខ្លួន​នៅ​ទីក្រុង Samaria រីឯ​រដ្ឋធានី​របស់​អាណាចក្រ​ខាង​ត្បូង​ស្ថិត​នៅ​ទីក្រុងJerusalem​ដដែល ហើយ​វា​ក៏​ជា​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​របស់​អាណាចក្រ​Judah​នៃ​ពួក​ខាង​ត្បូង​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ជ្វីហ្វ​​ផង​ដែរ។

ភាព​ចុះ​ខ្សោយ​នៃ​អំណាច​របស់​ប្រវត្តិសាស្ត្រ​ជនជាតិ​ជ្វីហ្វ​​ក៏​បាន​មក​ដល់។ ក្នុង​ឆ្នាំ​៧២២​មុន​គ.ស ទីក្រុង Samaria​ នៃ​អាណាចក្រ​ខាងជើង​ត្រូវ​បាន​ដណ្ដើម​យក​ដោយ​ពួក​Assyrians ប៉ុន្តែ​ដំណឹង​អំពី​ពួកគេ​មិន​ត្រូវ​បាន​លេច​ឮ​នោះ​ឡើយ ដូច្នេះ​ពួក​នេះ​ត្រូវ​បាន​គេ​លើកឡើង​ជា “ការ​បាត់បង់​ក្រុម​កុលសម្ព័ន្ធ​ទាំង​១០​របស់​អីុស្រាអែល“។ បន្ត​ពី​នេះ​ទៀត ឆ្នាំ​៥៩៨​ មុន​គ.ស អាណាចក្រ​ខាងត្បូង​ក៏​ត្រូវ​បាន​ចូល​លុកលុយ​ដោយ​ស្ដេច​ Nebuchadnezzar​នៃ​រដ្ឋ​Babylonia។ ប្រជាជន​មួយ​ភាគ​ធំ ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​រដ្ឋ​ Babylonia ឯ​ទីក្រុង​Jerusalem​របស់​អាណាចក្រ​ Judah​ ត្រូវ​ដួល​រលំ​ក្នុង​ឆ្នាំ​៥៨៦​មុន​គ.ស ចំណែក​ឯ​ប្រាសាទ​ទី១​របស់​ពួកគេ​ត្រូវ​រង​ការ​កម្ទេច​ចោល។ កំឡុង​ពេល​នៃ​ការ​ជម្លៀស​ចេញ​នោះ​ដែរ ពួក​អីុស្រាអែល​ទាំងនោះ​បាន​បន្សាំ​ខ្លួន​នឹង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​សង្គម​ក្នុង​ការ​រស់នៅ​របស់​ពួកគេ​បាន​យ៉ាង​ល្អ​ប្រសើរ​នៅ​លើ​ទឹកដី​ថ្មី​របស់​ខ្លួន​ផង​ដែរ។

ទោះ​ជា​នៅ​ក្រោយ​ការ​វាយ​លុក​របស់​ពួក​Persians​ទៅ​លើ​ទឹកដី​Babylonia​នៅ​ឆ្នាំ​៥៣៨​មុន​គ.ស ដែល​ស្ដេច​របស់​ពួក​Persians គឺ​ស្ដេច​Cyrus បាន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ត្រូវ​បាន​ជម្លៀស​មក វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​ក្នុង​ទឹកដី​របស់​ខ្លួន​វិញ​ក៏​ដោយ ក៏​មាន​ប្រជាជន​អីុស្រាអែល​តែ​៥០,០០០​ប៉ុណ្ណោះ ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​អាណាចក្រ​Judah​របស់​ខ្លួន​វិញ រីឯ​អ្នក​ផ្សេង​ទៀត​ដែល​នៅ​សេសសល់ បាន​តាំង​ទីលំនៅ និង​សាង​ជីវិត​ខ្លួន​យ៉ាង​មាន​សេចក្ដី​សុខ​នៅ​លើ​ទឹកដី​ថ្មី​នេះ​ហើយ។ ក្រោយ​ការ​ពន្យារ​ពេល​ជា​ច្រើន​ទសវត្ស​កន្លង​មក ក្នុង​ឆ្នាំ​៥១៦​មុន​គ.ស ការ​ចាប់​កំណើត​ឡើង និង​ការ​គោរព​បូជា​នៃ​ប្រាសាទ​ទី២​របស់​ពួកគេ​ក៏​មាន​ជា​ថ្មី​ម្ដង​ទៀត។

លង​ផុត​រាប់​សតវត្ស​នៃ​សុខ​សន្តិភាព និង​ភាព​ស្ងប់ស្ងាត់​នៃ​ទឹកដី​អីុស្រាអែល ពួក​Syrians​ក៏​បាន​ដណ្ដើម​អំណាច​គ្រប់គ្រង​ទៅលើ​ទឹកដី​នេះ​ក្នុង​ឆ្នាំ​១៩៨​មុន​គ.ស។ ពី​ដំបូង​ឡើយ​ការ​គ្រប់គ្រង​របស់​ពួក​នេះ មាន​អត្តចរិត​ស្លូតបូត​នោះ​ទេ។ តែ​ក្រោយ​មក នៅ​ក្នុង​រាជ្យ​របស់​ស្ដេច​Antiochus IV Epiphanes ទ្រង់​បាន​បំបិទ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​គោរព​បូជា​ចំពោះ​សាសនា​យូដា (Judaism) របស់​ពួកគេ​នេះ​ឡើយ ព្រម​ទាំង​បង្ខំ​ឲ្យ​គោរព​លើ​សាសនា​Hellenism​របស់​ពួកគេ​វិញ។ មិនតែប៉ុណ្ណោះ ទ្រង់​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​សាងសង់​អាទិទេព​Zeus​របស់​ជនជាតិ​ក្រិក​នៅ​ក្នុង​ប្រាសាទ​ផង​ដែរ ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ពួក​អីុស្រាអែល។

ការ​ប្រយុទ្ធ​ឆ្លើយតប​ចំពោះ​ការ​ប្រឆាំង​នេះ​ក៏​បាន​កើតឡើង ដោយ​មាន​Judah Maccabee​ជា​មេបញ្ជាការ​ទាហាន ហើយ​ក៏​បាន​ដឹកនាំ​យក​ជ័យជម្នះ​ទៅលើ​កម្លាំង​ដ៏​ពូកែៗ​របស់​ពួក​Syrians​ជា​ច្រើន​ដង។ រហូត​ដល់​ជ័យជម្នះ​នេះ បាន​ធ្វើឲ្យ​Judah Maccabee​ចូល​ទៅ​ប្រាសាទ​ម្ដង​ទៀត និង​គោរព​បូជា​សារ​ជា​ថ្មី ហើយ​នេះ​ក៏​ជា​ដើមកំណើត​នៃ​បុណ្យ​Hanukkah​របស់​សាសនា​យូដា ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​អបអរ​ចំពោះ​ជ័យជម្នះ​នេះ​ចាប់​តាំង​ពី​ពេល​នោះ​មក​ដែរ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនា​របស់​ពួក​អីុស្រាអែល​ដែល​មាន​ជ័យជម្នះ​ទៅលើ​ពួក​Syrians មាន​ជីវិត​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ទឹកដី​អីុស្រាអែល​ត្រូវ​បាន​បន្ត​វាតទី​ដោយ​ចក្រភព​រ៉ូមាំុង និង​ត្រូវ​បាន​គេ​ស្គាល់​ជា​ប៉ាឡេស្ទីន​អស់​រយៈកាល​ជិត​៧០០​ឆ្នាំ។ ក្នុង​រាជ្យ​ស្ដេច​Herod (៣៧-៤មុនគ.ស) ការ​គ្រប់គ្រង​ប្រព្រឹត្ត​ទៅ​ដោយ​ប្រើប្រាស់​អំណាច​របស់​ព្រឹទ្ធសភា​រ៉ូមាំុង។ ទ្រង់​មាន​ស្នាដៃ​ដ៏​អស្ចារ្យ​ក្នុង​ការ​សាងសង់​ជា​ច្រើន ដូចជា​ប្រាសាទ អាគារ​សម្រាប់​បម្រើ​សាធារណជន កំពង់ផែ និង​រាជវាំង ហើយ​ស្នាដៃ​មួយ​ចំនួន​រួម​ទាំង​ប្រាសាទ​ទី២ ក៏​នឹង​អាច​មើល​ឃើញ​បាន​មក​ទល់​ពេល​នេះ​ផង​ដែរ។ ការ​ប្រឆាំង​របស់​ជនជាតិ​ជ្វីហ្វ​ទៅលើ​ការ​គ្រប់គ្រង​របស់​ចក្រភព​រ៉ូមាំុង​កើត​មាន​នៅ​ក្នុង​គ.ស​៧០។ នៅ​ក្រោយ​ការ​វាតទី​ដណ្ដើម​អំណាច ប្រាសាទ​ទី២​ត្រូវ​បាន​កម្ទេច​ចោល ហើយ​ការ​ប្រឆាំង​ពី​ពួក​ជ្វីហ្វ​ក៏​បាន​បំផ្លាញ​មិន​ឲ្យ​មាន​បន្ត​ទៀត​ដែរ។ យ៉ាងណាមិញ គំនិត​ប្រឆាំង​របស់​ប្រជាជន​ជ្វីហ្វ​មួយ​ក្រុម ដែល​បាន​កាន់កាប់​លើ​បន្ទាយ​មួយ​នៅ​Masada ក្បែរ​សមុទ្រ​Dead Sea នៅ​តែ​បន្ត​មាន​យ៉ាង​ពុះ​កញ្ជ្រោល។

កងទ័ព​របស់​រ៉ូមាំង​បាន​ចំណាយ​ពេល​អស់​៣​ឆ្នាំ ដើម្បី​បំបាត់​ចោល​នូវ​ការ​ប្រឆាំង​នេះ ប៉ុន្តែ​ដោយ​មិន​អាច​ទប់ទល់​តទៅ​មុខ​ទៀត​បាន ពួកគេ​ក៏​សុខ​ចិត្ត​សម្លាប់​ខ្លួនឯង​ដោយ​ផ្ទាល់​ដៃ ជាជាង​ជ្រើស​យក​ការ​ចុះចាញ់។ ទីក្រុង​Jerusalem​ត្រូវ​បាន​ពួក​រ៉ូមាំងស្ដារ​ឡើង​វិញ​ជា​ទីក្រុង​នៃ​ជំនឿ​ទៅលើ​អាទិទេព​ច្រើន។ នៅ​ស.វ​ទី​៧០ ទឹកដី​ដែល​ត្រូវ​បាន​ហៅ​ថា​ប៉ាឡេស្ទីន ត្រូវ​បាន​ពួក​អារ៉ាប់​ដណ្ដើម​បាន​ជា​បន្ត​ទៅ​ទៀត។ ពួក​ជ្វីហ្វជា​ច្រើន​បាន​ចូល​បម្រើ​ក្នុង​កងទ័ព​អារ៉ាប់ និង​បាន​ជួយ​ពួកគេ​យក​ឈ្នះ​លើ​ឧបទ្វីបIberian រួច​ពួក​ជ្វីហ្វ​ក៏​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ រាប់​សតវត្ស​កន្លង​ផុត​ទៅ ជនជាតិ​ជ្វីហ្វ​កាន់តែ​ច្រើន បាន​រីក​ដុះដាល​ពេញ​ទឹកដី​របស់​អេស្ប៉ាញ រួម​ទាំង​អាហ្វ្រិក​ខាង​ជើង ព្រម​ទាំង​បាន​បង្កើត​នូវ​កំណត់ត្រា​សមិទ្ធផល​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ ឱសថសាស្ត្រ តន្ត្រី ទស្សនវិជ្ជា និង​វប្បធម៌​ផង​ដែរ។ ដំណើរ​ជីវិត​របស់​ជនជាតិ​ជ្វីហ្វ​កំឡុង​ពេល​មជ្ឈិម​សម័យ​មួយ​ផ្នែក​ធំ គឺ​ជា​ភាព​កណ្ដោចកណ្ដែង​ខាង​ផ្នែក​សង្គម និង​ផ្នែក​សេដ្ឋកិច្ច អំពើ​សាហាវ​យង់​ឃ្នង និង​សោកនាដកម្ម​ចំពោះ​ជាតិសាសន៍​ពួកគេ។ ពួក​ជ្វីហ្វ ត្រូវ​បាន​បំបែក​ឲ្យ​ដាច់​ដោយ​ឡែក​ពី​គេ ទាំង​ផ្នែក​រាងកាយ និង​ផ្នែក​សង្គម​តាំង​ពី​ក្នុង​កំឡុង​ពេល​មជ្ឈិម​សម័យ​រហូត​តទៅ​រយៈកាល​ក្រោយ​ពី​មជ្ឈិម​សម័យ​ត​ទៀត៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.remember.org

ដកស្រង់ដោយ៖ www.bizkhmer.com

មតិយោបល់

ពីនេះពីនោះ4 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ4 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK