ត្រៀមខ្លួន! បន្តិច​ទៀត​ផ្ទះពលរដ្ឋ និង​សណ្ឋាគារទាំង​អស់​ក្នុងក្រុង​ព្រះសីហនុ នឹង​ត្រូវ​បង់ថ្លៃ​ទឹក​កខ្វក់
Connect with us

ថ្មីៗ

ត្រៀមខ្លួន! បន្តិច​ទៀត​ផ្ទះពលរដ្ឋ និង​សណ្ឋាគារទាំង​អស់​ក្នុងក្រុង​ព្រះសីហនុ នឹង​ត្រូវ​បង់ថ្លៃ​ទឹក​កខ្វក់

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​បញ្ជាក់ថា តាមផ្ទះ​ពលរដ្ឋ ផ្ទះសំណាក់ និង​សណ្ឋាគារ​ទាំង​អស់ក្នុង​ក្រុង​ព្រះសីហនុ នឹង​ត្រូវ​បង់ថ្លៃ​ទឹក​កខ្វក់​ដែល​ខ្លួន​បាន​ប្រើប្រាស់ ដើម្បី​ក្រសួង​អាច​យក​ថវិកា​នោះ​មក​អភិវឌ្ឍ​និង​ថែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​ក្នុង​ទូទាំង​ក្រុង​​ព្រះសីហនុ។

ក្នុង​សិក្ខាសាលាស្តីពី លទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី ២៣ សីហា ឆ្នាំ ២០១៩ លោក ស៊ុន ចាន់ថុល​ បង្ហើប​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន រួម​នឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ នឹង​ពិភាក្សា​គ្នា​បន្ត​ទៀត ថា​តើ​ការ​យក​ថវិកា​យ៉ាង​ដូចម្តេច​ពីផ្ទះពលរដ្ឋ​ ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ លើ​ការ​ប្រើប្រាស់​ទឹក​កខ្វក់​។

យ៉ាង​ណា​មិញ​លោក​ត្រឹម​អាច​បញ្ជាក់ថា «​ប្រើច្រើន​ បង់លុយ​ច្រើន ប្រើតិច​បង់តិច។» ប៉ុន្តែ​ត្រូវ​បង់ប៉ុន្មាន​លោក​ពុំ​ទាន់អាច​ឆ្លើយ​បាន​នៅឡើយ​ទេ​នៅពេល​នេះ។

ដ្ឋមន្ត្រី​មាន​ប្រជាប្រិយភាព​រូប​នេះអះអាងប​ន្ថែម​ថា ក្រសួង​នឹង​ត្រូវ​ប្រើប្រាស់ថវិកា​ជាង​ ១០០ លានដុល្លារលើ​ការ​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៤០ ០០០ ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ និង​ការ​តប្រព័ន្ធលូ​មេនិង​លូរាយរង​ទៅផ្ទះពលរដ្ឋនិង​សណ្ឋាគារ ដើម្បី​បង្ហូរ​ទឹក​កខ្វក់ទៅកាន់តែ​ស្ថានីយ៍ចម្រោះទឹក​កខ្វក់ មុនពេល​បង្ហូរ​ទឹកដែលចម្រោះរួច ទៅកាន់សមុទ្រ។

បើ​តាមសេចក្តីព្រាងផែនការមេ បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រមាណ ២៥ ៧០០ម៉ែត្រគូបក្នុង​មួយ​ថ្ងៃ នៅឆ្នាំ២០១៨ និងមានបរិមាណប្រមាណ ៤៧ ០០០ម៉ែត្រគូបក្នុង​មួយ​ថ្ងៃនៅឆ្នាំ២០២៣ និងប្រមាណ ៦៤ ០០០ ម៉ែត្រគូបក្នុង​មួយ​ថ្ងៃនៅឆ្នាំ២០៣០។

កន្លង​ទៅ​ ខេត្ត​ព្រះសីហនុ បាន​សាងសង់​ស្ថានីយ៍​ចម្រោះ​ទឹក​កខ្វក់​លើ​ទំហំ​ដី ១៦ ហិកតារួច​មក​ហើយ​កាល​ឆ្នាំ ២០១៦ ដែល​អាច​ចម្រោះ​ទឹក​កខ្វក់បាន ១០០ ម៉ែត្រ​គូប​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដែល​បិរមាណ​នេះពុំ​អាច​ឆ្លើយ​តប​ទៅ​នឹងកំណើន​អគារ​យ៉ាង​គំហុក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ផែនការ​មេ​ដោះស្រាយ​បញ្ហា​ទឹកកខ្វក់ប្រមាណ ៤០ ០០០​ ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​នៅក្នុង​ឆ្នាំ​ ២០២១៕

ផ្តល់សិទ្ធិដោយ៖ angkor post

មតិយោបល់

Trending

Copyright © 2019 ANARCHAK