សូមស្វែងយល់! អំពី «ក្លស់» របស់ព្រះមហាក្សត្រ ដែលប្រជាជនខ្មែរភាគច្រើនមិនបានដឹង និងភ័ន្តច្រឡំ
Connect with us

គួរដឹង

សូមស្វែងយល់! អំពី «ក្លស់» របស់ព្រះមហាក្សត្រ ដែលប្រជាជនខ្មែរភាគច្រើនមិនបានដឹង និងភ័ន្តច្រឡំ

«ក្លស់» គឺ​ជាប្រភេទឆ័ត្រ​មួយប្រភេទ របស់ព្រះ​មហាក្សត្រ ស្ដេច ព្រះចៅម្ចាស់ផែនដី ព្រះចៅអាណាចក្រ​ និងសម្ដេច​ព្រះ​មហាក្សត្រី​ ជាវត្ថុសម្រាប់ប្រើដើម្បីបាំងថ្វាយព្រះមហាក្សត្រ ឬព្រះមហាក្សត្រី ​ក្នុង​ព្រះ​រាជ​ពិធីនិងរដ្ឋពិធីផ្សេងៗ ឬព្រះរាជ​ពិធីបុណ្យ​ជាតិ​ធំ​ៗ ទៅ​តាម​ព្រះ​រាជបវេណី​ ព្រះ​នគរ​។

ព្រះមហាក្សត្រ ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ​ ប្រោស​ព្រះ​រាជ​ទាន​ សម្ដេច​ព្រះ​មហា​សង្ឃរាជ​ទាំង​ពីរ​គណៈ ឬ សម្ដេចព្រះសង្ឃនាយក ​ប្រើប្រាស់​បាន ទៅ​តាម​ក្បួន​ទ្វាទសមាស ក្នុងរាជពិធី រដ្ឋពិធី និងច្បាប់​របស់​ព្រះ​នគរ​ ។

គួរបញ្ជាក់​ថា:​ ក្លស់​ ជាគ្រឿងវត្ថុនៃ រាជបុព្វសិទ្ធិ អាច​ប្រើប្រាស់​បាន​សម្រាប់​តែ​ ព្រះ​មហាក្សត្រ​ សម្តេច​ព្រះ​មហាក្សត្រី​ ឬ សម្រាប់តែសម្ដេច​ព្រះ​មហា​សង្ឃរាជ សម្ដេចសង្ឃនាយក ដែលមានរាជបុព្វសិទ្ធិ តែប៉ុណ្ណោះ​ ក្រៅអំ​ពី​នេះ​ គ្មានសិទ្ធ និងមិនអាច​ប្រើ​ប្រាស់​បាន​ទេ​ ទោះបីជាព្រះរាជវង្សានុវង្ស មានឋានៈគោរម្យងារជា សម្ដេច ឬព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ណាក៏ដោយ វៀ​លែង​តែ​ព្រះ​មហា​ក្សត្រ ​ស្ដេចសព្វព្រះរាជហឫទ័យប្រោស​ព្រះ​រាជ​ទាន រាជានុញ្ញាតថ្វាយ ប្រគេន​ ទើបអាចប្រើបាន។

ក្លស់ព្រះមហាក្សត្រ មានរាងធំ ពណ៌មាសឆ្អឹងធំ ហើយរឹង ប្រើកំណាត់ជាយ៣ស្រទាប់ កំពូលស្រួចខ្ពស់ ហើយក្លស់ ព្រះមហាក្សត្រី មានពណ៌ប្រាក់។ បើយើងក្រឡេកទៅមើល ក្លស់ខ្មែរពីមុន ធ្លាប់ប្រើប្រាស់ ក្លស់ឆ្អឹងទន់ និងជាយសំពត់ ២ផ្ទាំងក៏មាន៣ផ្ទាំងក៏មាន តែកាលមុនជាទូទៅក្លស់ក្រៅពី ព្រះរាជា គេប្រើកំណាត់សំពត់ជាយ ២ផ្ទាំង ចំណែកឯព្រះសង្ឃរាជ ប្រើកំណាត់ពណ៌សទន់ ព័ទ្ធដោយជាយខ្សែ ពណ៌មាស២ជាយ ឬ អាស្រ័យលើការចាត់តាំង។


រីឯក្លស់ ម្យ៉ាងទៀតគឺក្លស់សំពត់២ផ្ទាំង ប្រើឆ្អឹងតូចទន់ស្រាលងាយ ស្រួលក្នុងការកាន់ ដែលក្លស់ ឬឡង់នេះប្រើប្រាស់នៅក្នុងកម្មវិធីបុណ្យផ្សេងៗ កឋិនឬបំបួសនាគ ។ល។ ជាដើម នៅតាមវត្តអារាម ត្រូវមានលក្ខណៈតូចជាងក្លស់ព្រះរាជា មហាក្សត្រ ដែលប្រើកំណាត់សំពត់ជាយ១ផ្ទាំង ឬអាស្រ័យលើការបង្គាប់ ធ្វើរបស់ព្រះសង្ឃរាជ។

ចំពោះ​ សម្តេច​ព្រះ​សុមេធាធិបតី​ នន្ទ​ ង៉ែត​ សម្តេច​ព្រះ​សង្ឃ​នាយកវិញ សម្តេចធ្លាប់​បដិសេធ​មិន​ទទួល​យក​រាជ​ស័ព្ទ​និង​ ក្លស់​ សម្រាប់ប្រើប្រាស់ឡើយ ចំណែកឯព្រះរាជវង្សានុវង្ស តួយ៉ាងសម្តេចរាជបុត្រីព្រះអនុជ នរោត្តមអរុណរស្មី សម្តេច ក៏ពុំប្រើប្រាស់ក្លស់ឡើយព្រោះ សម្តេច មានព្រះបន្ទូលថា ក្លស់ ជាវត្ថុសម្រាប់ព្រះរាជា ដូច្នេះបុគ្គលធម្មតាពុំគួរសមក្នុង ការប្រើប្រាស់នូវវត្ថុនេះឡើយ វៀលែងតែព្រះរាជពិធីផ្លូវការ ក្នុងព្រះបរមរាជវាំង ឬជាព្រះរាជតំណាងព្រះមហាក្សត្រដែល ពិធីការរៀបចំតែប៉ុណ្ណោះ ដែរអាចប្រើប្រាស់បានតាមក្បួនច្បាប់ទំនៀមជាតិ។ ៚

*បច្ចុប្បន្នភាគច្រើន ទាំងព្រះសង្ឃ ទាំងគ្រហស្ថមានការប្រើ ប្រាស់ ក្លស់ នេះដោយពុំសមស្របឡើយ ប្រើទាំងបំពាន ប្រើទាំងមិនយល់ដឹង ប្រើច្របូកច្របល់គ្នា មិនដឹងថារបស់ ណាគួរ របស់ណាមិនគួរនោះទេ ដូចនេះក្នុងនាមយើងទាំងអស់គ្នា ជាប្រជានុរាស្រ្តដែលគោរពស្រលាញ់ព្រះមហាក្សត្រ គួរគប្បីស្វែងយល់ឲ្យបានច្រើន អំពី ព្រះរាជបវរណី នៃព្រះនគរ និងរបៀបរបបជាតិយើង កុំឲ្យចាញ់បរទេសក្បែរខាង។

*បច្ចុប្បន្ន សម្ដេចព្រះសង្ឃ ដែលមានរាជបុព្វសិទ្ធិប្រើមាន តែ៤អង្គ ប៉ុណ្ណោះ គឺ៖
– សម្ដេចព្រះមហាសង្ឃរាជ ទាំង២គណៈ
– សម្ដេចព្រះសង្ឃនាយក និង
– សម្ដេចព្រះធម្មលិខិត
សម្ដេច ព្រះរាជាគណៈ ក្រៅអំពីនេះមិនមានរាជបុព្វសិទ្ធិទេ។

*ព្រះសង្ឃ មន្ត្រី រាស្ត្រ ដណ្ដើមប្រើរបស់ ស្ដេចព្រះរាជា ព្រោះ ចង់ថ្កើងយស ខ្ពស់មុខ ខ្ពស់មាត់ ប្រើទាំងងងឹត អត់យល់ពី របៀបទំនៀមទម្លាប់នៃការប្រើ៕

អត្ថបទដោយ: លោក ឆន វិបុល
ឯកសារយោង: Royal due Cambodge)
ដាក់ប្រកាសដោយៈ មន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ

មតិយោបល់

Trending

Copyright © 2019 ANARCHAK