ការអាន មានឥទ្ធិពល និងសារប្រយោជន៍អាចផ្លាស់ប្តូរជីវិតអ្នកបាន
Connect with us

គួរដឹង

ការអាន មានឥទ្ធិពល និងសារប្រយោជន៍អាចផ្លាស់ប្តូរជីវិតអ្នកបាន

បើនិយាយពីការអាន តាមពិតទៅ មនុស្សចាប់ផ្តើមមានទម្លាប់អានតាំងពីថ្ងៃដំបូងដែលពួកគេចេះប្រកបអក្សរមកម្លេះ គ្រាន់តែពេលខ្លះពួកគេមិនបានចាប់អារម្មណ៍។ ជាក់ស្ដែង ក្រោយពីអ្នកយល់ដឹងពីរបៀបប្រកបតួអក្សររួច អ្នកនឹងព្យាយាមអានគ្រប់ទីកន្លែង និងគ្រប់ពេលដែលអ្នកឃើញតួអក្សរដែលអាចប្រកបបាន

ឧទាហរណ៍ នៅពេលអ្នកមើលផ្ទាំងឃោសនាពាណិជ្ជកម្មនៅតាមដងផ្លូវ ស្លាកយីហោហាងធំៗ ខ្លោងទ្វារមន្ទីរពេទ្យ សាលារៀន វត្តអារាម ខិតបណ្ណផ្សព្វផ្សាយផ្សេងៗ។ ល។ការអានព័ត៌មាននៅលើកាសែត ទស្សនាវដ្ដី សៀវភៅ ឬអត្ថបទនានានៅលើទំព័រអនឡាញ គឺជាទម្លាប់ដ៏ល្អមួយក្នុងការស្រូបយកចំណេះ និងជាវិធីដើម្បីកែប្រែការគិត ព្រមទាំងរបៀបរស់នៅឱ្យស្របទៅតាមបម្រែបម្រួលនៃសង្គមផងដែរ។ ប៉ុន្តែ មនុស្សមួយចំនួននៅពុំទាន់យល់ច្បាស់ពីសារសំខាន់នេះនៅឡើយទេ។

គុណសម្បត្តិនៃការអាន

ក្រៅពីចំណេះដឹង និងដំណឹងថ្មីៗទាន់ហេតុការណ៍ដែលបានមកពីការអានព័ត៌មាន អត្ថបទអនឡាញ ឬសៀវភៅ ការអានក៏មានសារប្រយោជន៍មួយចំនួនទៀតផងដែរដូចជា កាត់បន្ថយភាពតប់ប្រមល់ក្រោយពីបំពេញការងារ ជួយឱ្យរាងកាយបានសម្រាក បង្កើនការគិត និងភាពច្នៃប្រឌិត ងាយស្រួលគេងលក់ ពង្រឹងការចងចាំ និងភាពវៃឆ្លាត។ ជាងនេះទៅទៀត ការអានច្រើនក៏ជាចំណែកមួយជួយឱ្យអ្នកមានប្រធានបទច្រើនដើម្បីជជែកកម្សាន្តជាមួយមិត្តភក្ដិនិងមនុស្សដទៃជុំវិញខ្លួន បន្ថែមភាពជឿជាក់និងក្តីសង្ឃឹមដល់ក្តីស្រមៃរបស់អ្នក និងពង្រីកទស្សនទានផងដែរ។

ទោះយ៉ាងណា ការបណ្ដុះឱ្យមានទម្លាប់អានជាប្រចាំមិនមែនជារឿងដែលអាចធ្វើបានក្នុងមួយថ្ងៃនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកអាចចំណាយពេលមួយម៉ោង ឬពីរម៉ោងក្នុងមួយថ្ងៃដើម្បីអានសៀវភៅ ឬព័ត៌មានរយៈពេលបីសប្ដាហ៍ជាប់គ្នា នោះអ្នកនឹងឃើញថា ការអានមានគុណតម្លៃចាំបាច់យ៉ាងណាខ្លះចំពោះជីវិតរស់នៅរបស់អ្នក ហើយអ្នកក៏នឹងមានទម្លាប់អានដោយស្វ័យប្រវត្តិ។

ដើម្បីឱ្យការអានកាន់តែមានរបៀបរៀបរយ បង្កើនភាពរីករាយ និងផ្តល់អត្ថប្រយោជន៍ខ្លាំងជាងមុន អ្នកអាចអនុវត្តន៍តាមវិធី ៥ ខាងក្រោម៖

១/ ជ្រើសរើសសៀវភៅ ឬអត្ថបទ មិនមែនត្រឹមតែជាទីចាប់អារម្មណ៍

និយាយឱ្យងាយទៅ ការអានសៀវភៅ អត្ថបទ ឬព័ត៌មាន ក៏មិនខុសអ្វីពីការតាមដានខ្សែភាពយន្តភាគប៉ុន្មានដែរ។ ក្រៅពីការទស្សនាភាពយន្តដែលអ្នកចូលចិត្ត អ្នកក៏ត្រូវពិនិត្យមើលថាតើរឿងដែលអ្នកបានចំណាយពេលតាមដាននោះ មានឥទ្ធិពលបែបណាខ្លះចំពោះស្ថានភាពរស់នៅបច្ចុប្បន្នរបស់អ្នក។ លើសពីការកម្សាន្ត ការអានសៀវភៅគួរតែជាគោលដៅមួយ។ អ្នកគប្បីជ្រើសរើសសៀវភៅណាដែលផ្តល់គន្លឹះ និងចំណេះដឹងបន្ថែមទាក់ទងនឹងមុខវិជ្ជាដែលអ្នករៀន ការងារដែលអ្នកធ្វើ ឬមុខរបរដែលអ្នករកស៊ី។ ឧទាហរណ៍ អ្នកចង់បង្កើតមុខជំនួញថ្មីមួយ ប៉ុន្តែមិនទាន់មានគំនិតថាចង់រកស៊ីអ្វី ដូចនេះអ្នកគួរអានសៀវភៅពាក់ព័ន្ធនឹងការគាស់គំនិតផ្តួចផ្តើមអាជីវកម្ម ការកសាងក្រុម ការប្រមូលដើមទុន ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ យុទ្ធសាស្ត្រទីផ្សារ និងវិធីសាស្ត្រទាក់ទាញចិត្តអតិថិជនជាដើម។

២/ ចាប់ផ្តើមអានតាមពេលវេលា

បើត្រឹមតែអានដើម្បីជាការលំហែរអារម្មណ៍ អ្នកពុំចាំបាច់ដាក់កំហិតខ្លាំងចំពោះការជ្រើសរើសសៀវភៅ ឬពេលវេលាអានពេកនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកចង់អានដូចតាមដានរឿងភាគទៅលើប្រធានបទជាក់លាក់ណាមួយដែលជួយពង្រឹងសមត្ថភាពរបស់អ្នក អ្នកគប្បីអានដោយមានកាលវិភាគច្បាស់លាស់។ អ្នកអាចចាប់ផ្តើមដោយការអាននៅវេលាសម្រាកពីការសិក្សានៅសាលា ចន្លោះពេលសម្រាកពីការងារ ឬក្រោយពេលបំពេញកិច្ចការប្រចាំថ្ងៃរួចរាល់។ ម្យ៉ាងវិញទៀត អ្នកគប្បីកំណត់ពេលវេលាអានឱ្យបានត្រឹមត្រូវ និងទៀងទាត់ សម្រាប់ថេរវេលាពីមួយទៅពីរម៉ោងក្នុងមួយថ្ងៃ ប្រាំថ្ងៃក្នុងមួយសប្ដាហ៍ ឬច្រើនជាងនេះតាមដែលអ្នកអាចធ្វើបាន។ ជំហានបន្ទាប់ អ្នកគួរកំណត់ពេលមួយថ្ងៃទៀតដើម្បីស្រង់យកគោលគំនិតសំខាន់ៗដែលអ្នកបានអានរួច។ ជាយោបល់ ដើម្បីឱ្យខួរក្បាលរបស់អ្នកងាយស្រូបយកចំណេះដឹងពីក្នុងសៀវភៅដែលអ្នកអាន អ្នកគប្បីអាននៅពេលព្រឹកក្រោយពីភ្ញាក់ពីដំណេក។

៣/ អានតាមបរិយាកាស

ទោះបីជាធ្វើអ្វីក៏ដោយ បរិយាកាសតែងតែជាផ្នែកមួយដែលជះឥទ្ធិពលក្នុងការផ្តោតអារម្មណ៍។ បន្ទាប់ពីអ្នកដឹងថាគួរអានសៀវភៅបែបណា និងក្នុងពេលវេលាបែបណាហើយនោះ អ្នកក៏ត្រូវដឹងពីទីកន្លែងដែលជួយអ្នកឱ្យអានឆាប់យល់ និងចងចាំបានល្អ។ បន្ថែមពីនេះ អ្នកគួរអាននៅទីតាំងដែលមានមនុស្សតិច មិនសូវមានសម្លេងរំខាន ស្របជាមួយនឹងបរិយាកាសមានសោភណភាព និងផាសុខភាព ហើយមិនប៉ះទង្គិចដល់ការផ្ចង់អារម្មណ៍របស់អ្នកក្នុងការអាន។ យ៉ាងណាមិញ នៅពេលកំពុងយកចិត្តទុកដាក់អាន អ្នកគប្បីដាក់សម្ភារៈមួយចំនួនឆ្ងាយពីខ្លួនដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ បិទទូរទស្សន៍ វិទ្យុ ឧបករណ៍ឌីជីថលដទៃផ្សេងទៀត ឬនំចំណីជាដើម។ ធ្វើបែបនេះ អ្នកនឹងកាន់តែអានបានយ៉ាងជក់ចិត្ត បង្កើនការយល់ដឹង និងការចងចាំក្នុងប្រសិទ្ធភាពខ្ពស់។

៤/ ឱ្យរង្វាន់ខ្លួនឯង

ត្រង់នេះចង់បញ្ជាក់អ្នកដោយភ្ជាប់ពីចំណុចទីពីរបន្តិចទៀតថា ការកំណត់គោលដៅក្នុងការអាន គឺអាស្រ័យទៅលើអ្នកជាអ្នកកំណត់ខ្លួនឯង។ មានន័យថា អ្នកអាចកំណត់គោលដៅក្នុងការអានជាជំហ៊ានៗដូចជា តាមថេរវេលា ចំនួនទំព័រ ចំនួនមេរៀន និងចំនួនថ្ងៃ ខែ ឆ្នាំ។ បន្ទាប់ពីសម្រេចគោលដៅក្នុងការអានតាមការកំណត់នីមួយៗ អ្នកក៏ត្រូវចេះលើកទឹកចិត្ត ឬឱ្យរង្វាន់ខ្លួនឯង ឧទាហរណ៍ និយាយពាក្យអបអរសាទរ សម្រាក ដើរកម្សាន្តនៅកន្លែងដែលអ្នកចូលចិត្ត ជួបជុំមិត្តភក្តិផឹកកាហ្វេជជែកលេង លេងកីឡា ធ្វើសមាធិ ឬសកម្មភាពដែលផ្តល់ផលវិជ្ជមានដល់អ្នកផ្សេងទៀត។

៥/ អនុវត្តន៍អ្វីដែលអ្នកបានរៀន

ចំណុចចុងក្រោយ ដើម្បីស្ទាបស្ទង់ថាតើអ្នកបានយល់ និងចេះចាំមេរៀនដែលអ្នកបានអានរួចបានប៉ុណ្ណា អ្នកត្រូវតែយកមេរៀនទាំងនោះមកអនុវត្តន៍ស្ថានភាពជាក់ស្ដែង សង្ខេបខ្លឹមសារសំខាន់ៗឡើងវិញ ឬអភិវឌ្ឍន៍ទ្រឹះស្តីដែលមានតម្លៃបន្ត។

បច្ចុប្បន្ន មានបច្ចេកទេសបង្រៀន ក៏ដូចជាវិធីសាស្ត្ររៀនគ្រប់បែបយ៉ាងត្រូវបានបង្កើតឡើង ដែលជួយជំរុញឱ្យមនុស្សរៀនរហ័សយល់ ប៉ុន្តែអំណាននៅតែជារបៀបរៀនដែលមិនអាចបោះបង់បាន និងនៅតែផ្តល់គុណភាពខ្ពស់បំផុត។ ហេតុនេះ បើចង់មានគំនិតច្រើន និងផ្លាស់ប្តូរជីវិតឱ្យប្រសើរជាងមុន អ្នកគួរពង្រឹងទម្លាប់អានរបស់អ្នកឡើងវិញ តាមពេលវេលាជាប់លាប់ និងអានឱ្យបានទូលំទូលាយជាងមុន៕

ប្រភព៖ apamat.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK