លោក អ៊ុំ ដ​រ៉ា៖ អ្នកជំងឺ​តែង​សុំ​ឲ្យ​គាត់​ច្រៀង ដើម្បី​ពួកគេ​បាន​ឆាប់​ជាសះស្បើយ...
Connect with us

ទាក់ទាញ

លោក អ៊ុំ ដ​រ៉ា៖ អ្នកជំងឺ​តែង​សុំ​ឲ្យ​គាត់​ច្រៀង ដើម្បី​ពួកគេ​បាន​ឆាប់​ជាសះស្បើយ…

ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត សារព័ត៌មាន​ថ្មីៗ សូម​ផ្សាយ​អត្ថបទ​ចំនួន​ពីរ ​ដែល​ត្រូវបាន​បកប្រែ​ក្រៅផ្លូវការ​ ពី​អត្ថបទ​ជា​ភាសា​បារាំង​របស់​កាសែត​ភាសា​បារាំង​ឈ្មោះ Cambodge Soir​

អត្ថបទ​ទាំងពីរ​នេះ​​ ​សរសេរ​ដោយ​អ្នកកាសែត លាង ដឺ​លុច ត្រូវបាន​ចុះផ្សាយ ​តាំងពី​ឆ្នាំ​២០០០​។ អត្ថបទ​ទីមួយ និយាយ​រៀបរាប់​ខ្លះ​ អំពី​ជីវិត​ជា​អ្នកចម្រៀង​របស់លោក ស៊ីន ស៊ី​សាមុត តាមរយៈ​លោក ​អ៊ុំ ដ​រ៉ា ដែលជា​តន្ត្រីរ​វី​យូ​ឡុង និង​បានធ្វើ​ការងារ​ជាមួយ ​លោក ស៊ីន ស៊ី​សាមុត​។ អត្ថបទ​ទី​២ បង្ហាញ​អំពី​តួអង្គលោក អ៊ុំ ដ​រ៉ា ដែល​សព្វថ្ងៃ​កំពុងមាន​បញ្ហា​សុខភាព​។

«​ទេព្តា​ផ្តន្ទា​ឲ្យ​គាត់​មាន​សំឡេង​ល្អ ដើម្បី​ឲ្យ​គាត់​ច្រៀង​បំពេរ​មនុស្ស​»​។ លោក អ៊ុំ ដ​រ៉ា ដែល​អង្គុយ​នៅ​បរិវេណ ​នៃ​វិទ្យុជាតិ (​ទីតាំង​ឆ្នាំ​២០០០) កំពុងនិយាយ​រំឭក​ពី​មិត្ត​ភ​ក្កិ​របស់គាត់ គឺ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ដែល​លោក​ហៅ​ដោយ​ក្តី​គោរព​ថា «​បង​មុត​»​។ តន្ត្រីករ ដ​រ៉ា គឺជា​អ្នក​លេង​ឧបករណ៍​វី​យូ​ឡុង​ នៅក្នុង​បទ​ចម្រៀង​មួយចំនួន​របស់លោក ស៊ីន ស៊ី​សាមុត​។​

​នៅពេលដែល លោក អ៊ុំ ដ​រ៉ា ចាប់ផ្តើម​ស្គាល់​លោក ស៊ីន ស៊ី​សាមុត នៅ​ដើម​ទស្សវត្សរ៍​ឆ្នាំ​១៩៥០ លោក ស៊ីន ស៊ី​សាមុត ដែលជា​គិលានុបដ្ឋាក បាន​ធ្វើជា​អ្នកចម្រៀង​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ឈ្មោះ Simon នៅ​ម្តុំ​ក្បាលថ្នល់​។ នៅពេលនោះ បើតាម​ការអះអាង​រប​ស់លោក ដ​រ៉ា លោក ស៊ី​សាមុត នៅ​ខ្វះ​បទពិសោធន៍​ក្នុង​​ការ​ច្រៀង​នៅឡើយ ប៉ុន្តែ​សំឡេង​របស់លោក ​សាមុត បាន​ទាក់ទាញ​សោ​តិ​ន្ទ្រិ​យារ​ម្មណ៍​មហាជន​រួចទៅហើយ​។​

​ព្រោះតែ​ជាម​នុស្ស​ដែល​យកចិត្តទុកដាក់ ​លើ​ការ​ច្រៀង និង​ការ​តែង​និពន្ធ លោក សាមុត ត្រូវបាន​កត់សម្គាល់​ ដោយ​តន្ត្រីករ​ប្រចាំ​ព្រះបរមរាជវាំងដែល​បាន​ស្តាប់ និង​ចាប់អារម្មណ៍​សំឡេង​យុវជន ស៊ីន ស៊ី​សាមុត​។ ក្រុម​តន្ត្រី​វាំង​នេះហើយ ​ដែល​បាន​បញ្ចេញ​អ្នកចម្រៀង ស៊ីន ស៊ី​សាមុត ឆ្ពោះទៅរក​ភាព​ល្បី​រន្ទឺ​។ ចាប់ពីពេលនោះ​មក លោក ស៊ីន ស៊ី​សាមុត បានបញ្ចប់​ការ​ច្រៀង​នៅតាម​ភោជនីយដ្ឋាន​ទាំងឡាយ ហើយក៏​ត្រូវ​ចាប់ផ្តើម​ច្រៀង​ថត​នៅតាម Studio វិញ​ម្តង​។ ចម្រៀង​រាប់រយ​បទ​ក៏​ត្រូវបាន​ចេញផ្សាយ និង​ដាក់លក់​ពេញ​ប្រទេស ហើយក៏​ជា​ពេលវេលា ​ដែល​អ្នកចម្រៀង ស៊ិន ស៊ី​សាមុត ស្គាល់​ភាពល្បីល្បាញ​នៃ​ឈ្មោះ​របស់​ខ្លួនឯង​។​

«​សំឡេង​របស់គាត់​ពីរោះ​ណាស់ រឿង​អី្វ​មិន​ធ្វើ​ឲ្យ​អ្នក​ស្តាប់​លង់​?»​។ នេះ​ជាការ​អះអាង​របស់​ភរិយា​របស់លោក គ​ង្គ ប៊ុន​ឈឿន ដែលជា​អ្នកនិពន្ធ​បទ​ចម្រៀង​ម្នាក់ ​ឱ្យ​លោក​ស៊ីន ស៊ី​សាមុត ច្រៀង​ដែរ​។​

លោក ស៊ិន ស៊ី​សាមុត គឺជា​មនុស្ស​ស្ងាត់ស្ងៀម និង​មាន​ស្មារតី​យកចិត្តទុកដាក់​។ លោក​ ក៏​ជាម​នុស្ស ដែល ប្រសប់​ក្នុងការ​តែង​និពន្ធ ដោយ​ប្រើប្រាស់​ន័យធៀប និង​«​លេង​ពាក្យ​»​។ បើតាម​ការ​រំឭក​របស់​តន្ត្រី​ករវី​យូ​ឡុង អ៊ុំ ដ​រ៉ា លោក សាមុត ដែលជា​មនុស្ស​ «​មិនសូវ​មាត់ក​» តែង​នៅ​ឆ្ងាយ​ពី​មនុស្សម្នា ហើយ​ចំណាយពេល​ទំនេរ​របស់​លោក​ដែលមាន​បន្តិចបន្តួចជាមួយនឹង​កីឡា ដូចជា​ការលើក​ដុំ​ដែក និង​ការ​វាយ​បាវ​សាក់ ជាដើម​។​
 

អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ដែល​បានទទួល​ការ​ស្ងើ​ច​សរសើរ​ពី ​សម្តេចព្រះ​នរោត្តម សីហនុ និង​អ្នកចម្រៀង​ថៃ​ល្បីៗ​ជាច្រើន​នៅពេលនោះ ត្រូវបាន​សម្តេច ​នាំយក​ទៅតាម​ជាមួយ​ក្នុង​ព្រះរាជដំណើរ​តាម​ខេត្ត និង​នៅ​បរទេស​។ លោក អ៊ុំ ដ​រ៉ា បាន​បញ្ជាក់ថា រាល់​ពេលដែល​«​បង​មុត​» ​ទៅដល់​ទីណា «​បង​មុត​» តែងតែមាន​ចម្រៀង​ដែល​និយាយ​អំពី​ទីកន្លែង​ដែល​លោក​បាន​ទៅដល់​។ លោក ស៊ីន ស៊ី​សាមុត តែង​ទំនុកច្រៀង ដោយ​គ្មាន​លំបាក​អ្វី​បន្តិច​សោះ​។ នេះ​ជាការ​អះអាង​របស់លោក អ៊ុំ ដ​រ៉ា​។​

«​បទ​ចម្រៀង​ខ្លះ គាត់​ក​អាច​តែង​បាន​នៅពេលដែល​គាត់​កំពុង​បើកឡាន​។ បន្ទាប់មក​គាត់​ក៏​ឈប់​ឡាន យក​ម៉​ង់​ដូលី​ន ដែល​គាត់​តែង​យកតាម​ខ្លួន មក​បន្ថែម​។ បទ​ចម្រៀង​ថ្មី​មួយ ក៏​លេចចេញ​រូបរាង​។ គាត់​ចូលចិត្ត​គ្រហឹម​បទ​ចម្រៀង​»​។ នេះ​ជាការ​រៀបរាប់​របស់លោក អ៊ុំ ដ​រ៉ា អំពី​អធិរាជ​សំឡេង​មាស ដោយបាន​បន្ថែម​យ៉ាង​ដូច្នេះ​៖«​កាលពី​គាត់​

នៅ​ធ្វើជា​គិលានុបដ្ឋាក អ្នកជំងឺ​តែង​សុំឱ្យ​គាត់​ច្រៀង ដោយ​ពួកគេ​មាន​អារម្មណ៍​ថា ពេល​បាន​ស្តាប់​គាត់​ច្រៀង ពួកគេ​នឹង​ឆាប់​ជាសះស្បើយ​»​។​
​ជាការ​ពិតណាស់ នារីៗ​គឺជា​អ្នក​លង់​នឹង​សំឡេង​របស់លោក ស៊ីន ស៊ី​សាមុត​។ ប៉ុន្តែ​ក៏មាន​បុរសៗ​ដែរ ដែល​បាន​យល់ថា​សំឡេង​ដ៏​ផ្អែម​ពីរោះ​របស់ លោក ស៊ីន ស៊ី​សាមុត គឺ​​ជា​សំឡេង​ដ៏​កម្រ​៕

លោក អ៊ុំ ដ​រ៉ា​៖«​ខ្ញុំ​ជា​ទាសករ​តន្ត្រី​»

«​ខ្ញុំ​ហាត់ និង​លេងភ្លេង​គ្រប់ពេល និង​គ្រប់កន្លែង​។ ហេតុនេះហើយ​បានជា​ខ្ញុំ​យល់ថា ខ្ញុំ​ជា​ទាសករ​នៃ​តន្ត្រី​។ នៅពេល​ខ្ញុំ​កំពុង​ដេក ហើយ​ប្រពន្ធ​ខ្ញុំ​មក​ដាស់ ខ្ញុំ​ខឹង​គាត់​។ ប៉ុន្តែ​បើ​ខ្ញុំ​កំពុង​ដេក​ដូចគ្នា ហើយ​មាន​ពាក្យពេចន៍ ឬ​អត្ថន័យ​ចម្រៀង​អ្វីមួយ​មក​ដាស់​ខ្ញុំ ខ្ញុំ​សប្បាយចិត្ត​»​។ នេះ​ជាការ​ពិពណ៌នា​របស់លោក អ៊ុំ ដ​រ៉ា អំពី​ទំនាក់ទំនង​ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់​​​​របស់លោក និង​សិល្បៈ​តន្ត្រី​ ដែល​លោក​មាន​រាប់សិប​ឆ្នាំ​មកហើយ​។​
 

​លោក អ៊ុំ ដ​រ៉ា ដែលជា​អ្នកលេង​វី​យូ​ឡុង អ្នក​ផ្លុំ​ឧបករណ៍ trompet អ្នកលេង​ហ្គី​តា ហើយក៏​ជា​អ្នកនិពន្ធ​ទំនុកភ្លេង និង​ទំនុកច្រៀង ​ដ៏​ល្បីល្បាញ​មួយរូប​ដែរ​។ ប៉ុន្តែ គឺ​មិនមែន​ដោយសារតែ​លោក អ៊ុំ ដ​រ៉ា បាន​គិតគូរ​តាំងពី​ដំបូង​ថា លោក​ចង់​ក្លាយជា​តន្ត្រីករ ទើប​លោក​ប្រឡូក​ចូលក្នុង​វិស័យនេះ​នោះឡើយ​។ លោក អ៊ុំ ដ​រ៉ា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ទៅវិញ​ថា​៖«​តាមពិត ខ្ញុំ​ចង់​ក្លាយជា​ជាងគំនូរ​ទេ​។ ប៉ុន្តែ​ដោយសារ​មាន​មិត្តភក្តិ​ខ្ញុំ​ម្នាក់​ បាន​បបួល​ខ្ញុំ​ឲ្យ​ហាត់​លេង​វី​យូ​ឡុង ដើម្បី​ជួយ​លេង​ក្នុង​វង់ភ្លេង​របស់គាត់ ទើប​ខ្ញុំ​ប្រឡូក​ចូលក្នុង​វិស័យ​តន្ត្រី​នេះ​។ អ្វីៗ​បានចាប់ផ្តើម​ពី​ពេលនោះ​តែម្តង​ ហើយ​វា​ក៏​ជា​អ្វី ដែល​ខ្ញុំ​ធ្វើ​ទាំង​លាក់លៀម​ពី​ឪពុក​ខ្ញុំ ដែល​មិន​ចង់​ឲ្យ​ខ្ញុំ​ប្រកប​អាជីព​ជា​អ្នកសិល្បៈ​ដែរ​»​។​

បន្ទាប់ពី​លោក អ៊ុំ ដា​រ៉ា​បាន​ហាត់រៀន​ឧបករណ៍​ភ្លេង​រយៈពេល​៣​ឆ្នាំ​យ៉ាង​ស្ងៀមស្ងាត់ យុវជន អ៊ុំ ដ​រ៉ា ស្រាប់តែ​ក្លាយជា​អ្នក​ពូកែ​ជាងគេ ​នៅក្នុង​ក្រុម​ហាត់ភ្លេង ហើយ​អតិថិជន​ ក៏​មករក​ក្រុម​វង់ភ្លេង​នេះ ​កាន់តែច្រើន​។ ពេលនោះ គឺ​នៅក្នុង​ឆ្នាំ​១៩៦១ វង់ភ្លេង​របស់លោក អ៊ុំ ដ​រ៉ា បានទទួល​រោង​អាពាហ៍ពិពាហ៍ ជា​បន្តបន្ទាប់​។ 
​ភាពល្បីល្បាញ​របស់លោក អ៊ុំ ដ​រ៉ា ក៏​ចាប់​ផ្តើម​ខ្លាំង​ នៅពេល​នោះដែរ​។ បើសិនជា​ពុំមាន​ការប្រគំ​ភ្លេង​នៅតាម​កម្មវិធី​នោះទេ លោក អ៊ុំ ដ​រ៉ា ក៏ត្រូវ​ទៅ​ប្រគំ​ភ្លេង​នៅក្នុង​បន្ទប់​ថត (studio) ឲ្យ​អ្នកចម្រៀង​ល្បីៗ​ នៅក្នុង​ទស្សវត្សរ៍​១៩៦០​នោះ​។ «​បើ​ធៀប​ជាមួយ​បច្ចុប្បន្ន កាល​ពេលនោះ ខ្ញុំ​ធ្វើការ​តិចជាង ប៉ុន្តែ​ខ្ញុំ​បាន​ប្រាក់​ច្រើន​»​។ លោក អ៊ុំ ដ​រ៉ា រំឭក​យ៉ាង​ដូច្នេះ​។​ ​ក្រោយពី​កម្ពុជា​ឆ្លងកាត់​ដំណាក់កាល​សង្គ្រាមស៊ីវិល​ជាង​៣០​ឆ្នាំ នៅ​ដើម​ទស្សវត្សរ៍​ឆ្នាំ​២០០០ ក្តី​ស្រឡាញ់​របស់លោក អ៊ុំ ដ​រ៉ា ចំពោះ​សិល្បៈ​តន្ត្រី នៅតែ​ពុះកញ្ជ្រោល​ដដែល ប៉ុន្តែ​អាជីព​នេះ​ មិនបាន​ចិញ្ចឹម​គ្រួសារ​របស់លោក​ បាន​ដោយ​ងាយស្រួល​ដូច​សម័យមុន​សង្គ្រាម​ឡើយ​។​

ដូច្នេះ លោក​ត្រូវ​ផលិត តែង​និពន្ធ​ ​គ្មាន​ឈប់​។ ម្ចាស់​ផលិតកម្ម និង​ស្ថាប័ន​នានា ​ដែល​ចង់បាន​លោក អ៊ុំ ដ​រ៉ា និពន្ធ​បទ​ភ្លេង ឬ​ចម្រៀង ទិញ​ស្នាដៃ​របស់លោក​៥​ដុល្លារ​ ក្នុង​មួយ​បទ​។ ដូចនេះ ក្នុង​មួយខែៗ លោក​ត្រូវ​តែង​និពន្ធ​រហូត​ជាង​១០​បទ​ចម្រៀង​។ តន្ត្រីករ​ជើងចាស់​បាន​រំឭក​បញ្ជាក់ថា​៖«​វា​មិន​ទៀងទាត់​ទេ ចំនួន​ដែល​គេ​ត្រូវការ​ឲ្យ​ខ្ញុំ​និពន្ធ​នោះ​។ គ្រាន់តែ​ថា មិន​ដែលមាន​ពេលណា ដែល​ខ្ញុំ​អត់​អ្វី​ធ្វើ​នោះទេ​​។​


ពេលខ្លះ អតិថិជន​ដែល​ត្រូវការ​បទ​ចម្រៀង​ច្រើន និង​ចង់បាន​លឿន ក៏​សំដែង​ទឹកចិត្ត​ទូលាយ ដោយបាន​ផ្តល់​កម្រៃ​ច្រើន​ដែរ​។​ បញ្ហា​នៅត្រង់ថា គំនិត ឬ​ពាក្យពេចន៍​ មិនមែន​ចេះតែ​កើតមាន​គ្រប់​ពេល ដែល​យើង​ត្រូវការ​នោះឡើយ​។ សម្រាប់​លោក ដ​រ៉ា ពេលខ្លះ គំនិត​បាន​លេច​នៅពេល​លោក​កំពុង​អង្គុយ​ពិសារ​កាហ្វេ ឬ​ពេលដែល​លោក​ជជែក​លេង​ជាមួយ​មិត្តភក្តិ​។ លោក អ៊ុំ ដ​រ៉ា បញ្ជាក់ថា លោក​ចូលចិត្ត​តែង​និពន្ធ​ចម្រៀង​ដែល​និយាយ​អំពី​ជីវិត​ពិត​ក្នុងសង្គម «​ដែល​ធ្វើ​ឲ្យ​មនុស្ស​គិតពិចារណា ​តាមរយៈ​សាច់ភ្លេង​»​របស់លោក​។ សម្រាប់​លោក អ្នកនិពន្ធ​ពិតប្រាកដ គឺជា​អ្នក​ដែល​បង្កើត​អ្វីដែល​ថ្មី​ជានិច្ច​។ លោក​ពន្យល់ថា ការលួចចម្លង​គំនិត​ពី​អ្នកដទៃ ឬ​ការកែ​កាឡៃ​ស្នាដៃ​អ្នកដទៃ មិន​ចាត់ទុកថា​ជា​អ្នក​ដែលមាន​គំនិត​សិល្បៈ​នោ​ទេ​។​
 ចុះ​រូបលោក​ផ្ទាល់ តើ​លោក អ៊ុំ ដ​រ៉ា គិតថា​ខ្លួនឯង​ជា​អ្នកសិល្បៈ​ដែរឬទេ​? លោក​ឆ្លើយ​យ៉ាង​ដូច្នេះ​ទៅវិញ​ថា​៖«​មិនមែន​ខ្ញុំ ដែលជា​អ្នក​ត្រូវ​តាំងខ្លួន​ថា ជា​អ្នកសិល្បៈ​នោះឡើយ គឺ​សាធារណជន​ដែលជា​អ្នក​វាយតម្លៃថា តើ​អ្នកជា អ្នកសិល្បៈ ឬ​មិនមែន​!»៕

ប្រភព៖ thmeythmey.com

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK