រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»
Connect with us

បែបផែនជីវិត

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

ការសេពគប់មនុស្ស យើងគួរចេះពិនិត្យមើលខ្លះ ព្រោះមិនគួរចេះតែដើរសេពគប់គ្រប់គ្នាមិនរសើមុខឡើយ។ ពេលខ្លះបើអ្នកសេពគប់ចំប្រភេទបោកប្រាស់ ឬដើរខ្សែលើនោះ ក៏អាចបង្កឱ្យយើងមានបញ្ហា ឬមានគ្រោះថ្នាក់ផ្សេងៗក៏មាន

ដូច្នេះយើងគួរចេះត្រួតពិនិត្យឱ្យដឹង និងចែកឱ្យច្បាស់ពីប្រភេទមនុស្ស ដែលល្អ និងមនុស្សល្អក្លែងក្លាយ ដើម្បីសម្រេចថាគួរបន្តទំនាក់ទំនង ឬក៏អត់។ ខាងក្រោមនេះជាចំណុចមួយចំនួនពីមនុស្សល្អក្លែងក្លាយ ដែលអ្នកគួរតែសង្កេតមើល៖

១. គោរពអ្នកខ្ពង់ខ្ពស់ មើលងាយអ្នកតូចតាច

មនុស្សល្អពិតប្រាកដជាទូទៅគេតែងរាប់អានមនុស្គ្រប់គ្នាជុំវិញខ្លួន ដែលខុសពីអ្នកដែលលាក់ពុត គេតែងរាប់អាន និងគោរពតែអ្នកមានអំណាចតែប៉ុណ្ណោះ ព្រោះមនុស្សទាំងនោះនឹងអាចផ្ដល់ផលប្រយោជន៍ដល់គេ ហើយជារឿយៗ គេតែងមើលស្រាលអ្នកដែលតូចតាចផងដែរ។

២.  មនុស្សហៃអើ តែៗស្ករៗ

ជាធម្មតា មនុស្សល្អតែងតែមានជំហរ ឆន្ទៈផ្ទាល់ខ្លួន ហើយគេនឹងធ្វើតាមអ្វីដែលគេគិតថាត្រូវ ទោះបីពេលខ្លះការនោះ​ មិនបានតម្រូវចិត្តអ្នកដទៃក៏ដោយ ខណៈដែលអ្នកលាក់ពុតតែងខ្វល់ខ្វាយពីអ្នកដទៃ ខ្លាចគេដឹងពីខ្លួន ហើយព្យាយាមធ្វើអ្វីៗដើម្បីឱ្យអ្នកដទៃគិតថាខ្លួនឯងជាមនុស្សល្អ។

៣. និយាយពីមុខផ្សេង ក្រោយខ្នងផ្សេង

មនុស្សដែលគួររាប់អាន ជាមនុស្សដែលចូលចិត្តនិយាយអំពីអ្នកនៅចំពោះមុខដោយមិនលាក់បាំង ព្រោះវាជាសម្ដីស្មោះត្រង់ បែបគិតគូរ ឯអ្នកមិនស្មោះត្រង់តែងនិយាយល្អនៅពីមុខអ្នកគ្រប់ពេល ហើយព្យាយាមលើកពីអ្នកដទៃមិនល្អ មកនិយាយប្រាប់អ្នក តែនៅក្រោយខ្នងអ្នក គេនឹងនិយាយពីអ្នកទៅអ្នកដទៃ ហើយបញ្ចេញបញ្ចូលរឿងជាច្រើនទៀតផង។

៤. ធ្វើអ្វីមិនបាន បានតែលេស

មនុស្សល្អតែងប្រឹងប្រែងធ្វើគ្រប់យ៉ាងឱ្យបានល្អ ជាជាងចំណាយពេលនិយាយ និងលើកសន្យាជាច្រើនលើកច្រើនសារ។ មនុស្សដែលបានតែនិយាយ តែងសន្យា ហើយពេលដែលសន្យានោះមិនអាចធ្វើបាន គេនឹងបន្តសន្យា សន្យាបែបនេះមិនដាច់រាប់រយដង។

៥. ជួយអ្នកដទៃដើម្បីបានមុខមាត់

ការជួយមនុស្សគ្រប់គ្នា ជាធម្មតាមនុស្សល្អតែងជួយគេតាមលទ្ធភាពឥតលក្ខខណ្ឌ ហើយគេក៏មិនចូលចិត្តបង្ហាញឱ្យអ្នកដទៃឃើញដែរ ប៉ុន្តែអ្នកលាក់ពុតវិញ គេតែងព្យាយាមបង្ហាញថាគេបានធ្វើរឿងល្អ ហើយដើរនិយាយប្រាប់គេ ប្រាប់ឯងថាគេបានធ្វើនេះ ធ្វើនោះ ជាដើម។

៦. អួតអាង សម្ញែងពីទ្រព្យសម្បត្តិ

មនុស្សល្អក្លែងក្លាយតែងនិយាយអួតប្រាប់អ្នកដទៃពីអ្វីដែលខ្លួនមានដែលពេលខ្លះវាលើសពីការគិត ដើម្បីឱ្យអ្នកជុំវិញខ្លួនឃើញថាគេមានអ្វីគ្រប់ៗយ៉ាង ហើយស្ងើចសសើរខ្លួន ខណៈដែលមនុស្សល្អពិត គេមិនដែលនិយាយសសើរពីខ្លួនឯង នោះទេ ដែលជានិច្ចកាលគេតែងគិតថាវាគ្មានចំណេញទេ ដែលដើរប្រាប់គេគ្រប់គ្នាពីអ្វីដែលគេមាននោះ។

ប្រភព៖ www.sadlife.me

មតិយោបល់

Trending

Copyright © 2019 ANARCHAK