សូមមកស្គាល់! ប្រវត្តិដើមកំណើតនៃជនជាតិជ្វីហ្វ ឬអុីស្រាអែល
Connect with us

អន្តរជាតិ

សូមមកស្គាល់! ប្រវត្តិដើមកំណើតនៃជនជាតិជ្វីហ្វ ឬអុីស្រាអែល

បើយើងនិយាយដល់ជនជាតិជ្វីហ្វ (Jews) ប្រែលពុំសូវមានអ្នកស្គាល់ប៉ុន្មានទេសព្វថ្ងៃនេះ ព្រោះត្រូវបានគេប្រែឈ្មោះទៅជា «ជនជាតិអុីស្រាអ៊ែល» វិញ។ មានមនុស្សភាគច្រើន មិនដឹងពីប្រវត្តិដ៏ជូរចត់របស់ជនជាតិនេះ​ត្រូវបរទេសធ្វើបាបបន្ដាក់គ្នានោះទេ។

ជនជាតិជ្វីហ្វ​ ក្នុងសម័យបុរាណ​ ថ្វីដ្បិត​តែង​រស់នៅ​ក្បែរឆ្នេរសមុទ្រ ក្នុង​តំបន់​មេឌីទែរ៉ាណេ ក៏ប៉ុន្តែមិនមែន​ជា​អ្នក​ជំនាញ​ខាង​ដើរសមុទ្រ​ ដូចអរិយធម៌​មេឌីទែរ៉ាណេផ្សេងទៀតនោះទេ។ ដូចជា “ក្រិក កោះក្រែត និង​ហ្វេនីស៊ី”។ ជនជាតិ​ជ្វីហ្វ​សម័យដើម គឺ​ជា​ជាជនជាតិ ​ដែល​រស់នៅ​តាម​បែប​កុលសម្ព័ន្ធនៃ​​មនុស្ស​សម័យបុរេប្រវត្តិ ដោយផ្លាស់ទី​ពី​កន្លែងមួយ ទៅកន្លែងមួយ នៅ​ចន្លោះ​​​​ប្រទេស​អេហ្ស៊ីប​ និង​មេសូប៉ូតាមី។

ប្រវត្តិ​នៃ​​​ប្រជាជាតិ​ជ្វីហ្វ ​បាន​ចាប់ផ្តើម​ឡើង កាល​ពី​ជាង ៣ពាន់ឆ្នាំ​មុន។ នៅពេលដែល​ជនជាតិ​ជ្វីហ្វ​ភៀសខ្លួន​ចេញ​ពី​ភាព​ជា​ទាសករ​នៅ​អេហ្ស៊ីប ហើយ​ធ្វើ​ដំណើរ​កាត់តាម​វាលរហោស្ថាន​ ឆ្ពោះទៅកាន់​ទឹកដី​កាណាន (អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បច្ចុប្បន្ន)។

នៅក្នុង​ឆ្នាំ​៦៣​ មុនគ.ស ទឹកដីអ៊ីស្រាអែល​ ក៏​ដូចជា​ទឹកដី​ភាគច្រើន​ផ្សេងទៀតដែរនៅ​ក្នុង​តំបន់ ត្រូវ​បាន​​អាណា​ចក្រ​រ៉ូម​ចូល​កាន់កាប់និង​ត្រួតត្រា។ ​ជនជាតិ​​ជ្វីហ្វ​ មិនសុខចិត្ត​ទ្រាំ​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អាណាចក្រ​រ៉ូម ក៏​​​បាន​នាំគ្នា​ងើបឡើង​​បង្កើត​ជា​ចលនា​បះបោរ​នឹង​អាជ្ញាធរ​នៃ​អាណានិគម​រ៉ូម។ ក៏ប៉ុន្តែចលនាបះបោរ​នេះ​ត្រូវ​បាន​ទាហាន​រ៉ូម​វាយបំបាក់វិញ។ ក្រុង យេរូសាឡឹម​ ត្រូវ​បាន​វាយកម្ទេច​ចោលក្នុង​ពេល​នោះ។ ​

ជនជាតិ​ជ្វីហ្វ​ ទាំងអស់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទឹកដី​កំណើត​សាជាថ្មីម្តងទៀត ហើយ​​ដែនដី​អ៊ីស្រាអែ៊ល​ទាំងមូល​​ក៏ត្រូវ​បាន​អាណាចក្រ​រ៉ូម​ប្តូរ​ឈ្មោះ​​​​ទៅជា “​ដែនដី​ប៉ាឡេស្ទីន” វិញ។ ការ​ដែល​អាណាចក្រ​រ៉ូម​ប្តូរឈ្មោះ​ដែនដី​អ៊ីស្រាអែល​ទៅ​ជា​ប៉ា​ឡេ​ស្ទីន​​នេះ ទំនង​ជា​មាន​បំណង​ចង់​ដាក់ទោស​ដល់​ជនជាតិ​ជ្វីហ្វ ដោយសារ​តែ​ “ប៉ាឡេ​ស្ទីន”​ គឺ​ជា​ឈ្មោះ​ក្លាយ​ពី “ហ្វ៊ីលីស្ទីន” ដែល​​ជា​ជនជាតិ​រស់នៅ​ខាងត្បូង​ជាប់នឹង​ទឹកដី​​អ៊ីស្រាអែ៊ល ហើយ​​ជា​​​សត្រូវ​ចាស់ឆ្នាំ​របស់​ពួក​ជ្វីហ្វ៕

ប្រភព៖ knowledgecambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK