លោក José Mujica ប្រធានាធិបតីក្រីក្រជាងគេក្នុងប្រវត្តិសាស្ត្រ
Connect with us

ពួកគេជានរណា

លោក José Mujica ប្រធានាធិបតីក្រីក្រជាងគេក្នុងប្រវត្តិសាស្ត្រ

ជា​​​ប្រធានាធិបតី​​​ទៅ​​​ហើយ ប្រាកដ​​​ជា​​​សល់​​​លុយ​​​វាល់​​​លាន​​​ចាយ​​​មិន​​​អស់ រស់នៅ​​​ក្នុង​​​វិឡា​​​យ៉ាង​​​ធំ​​​ស្កឹមស្កៃ ប៉ុន្តែ​​​លោក​​​អ្នក​​​ប្រហែល​​​ជា​​​មិន​​​ជឿ​​​ទេ​​​ថា​​​អតីត​​​ប្រធានាធិបតី​​​របស់​​​ប្រទេស​​​អ៊ុយ​រុយ​ហ្គាយ José Mujica ចប់​​​អាណត្តិ​​​ក្នុង​​​ជីវិត​​​សាម​ញ្ញ​​​បំផុត គ្មាន​​​ទ្រ​ព្យ គ្មាន​​​លុយ ហើយ​​​ជាប់​​​ឈ្មោះ​​​ជា​​​ប្រធានាធិបតី​​​ក្រ​​​បំផុត​​​លើ​​​លោក​។

ចំពោះ​​​មូលហេតុ​​​ដែល​​​លោក​​​ក្រ​​​បែប​​​នេះ មក​​​ពី​​​លោក​​​គិត​​​ថា ទ្រ​ព្យ​​​សម្បត្តិ​​​មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​សប្បាយ​​​ចិត្ត​​​ឡើយ ហើយ​​​លោក​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​ខែ ៩០​% ដើម្បី​​​ជួយ​​​ប្រជា​ជន​​​រហូត​​​ចប់​​​អាណត្តិ​។​

លោក José Mujica កើត​​​នៅ​​​ថ្ងៃ​​​ទី​២០ ខែ​​​ឧសភា ឆ្នាំ​​១៩៣៥ ដែល​​​បច្ចុប្បន្ន​​​កំពុង​​​រស់នៅ​​​ក្នុង​​​ជីវិត​​​ដ៏​​​សាម​ញ្ញ​​​បំផុត​។ បុរស​​​វ័យ ៨៣​​ឆ្នាំ​​​រូប​​​នេះ កំពុង​​​រស់​​​នៅ​​​យ៉ាង​​​មាន​​​ក្ដី​​​សុខ ក្នុងផ្ទះដ៏​​​តូច​​​មួយ​​​នា​​​តំបន់​​​ជន​​​បទ ដោយ​​​គ្មាន​​​ចិត្ត​​​ច្រណែន នឹងអ្នកណាឡើយ ក្រៅពីសន្សំសុខ និងចង់ឃើញអ្នកដទៃបានសុខ។

​សូមបញ្ជាក់ថា លោក José Mujica​ គាត់បាន​​​ជាប់​​​ឆ្នោត​​​ជា​​​ប្រធានាធិបតី​​​របស់​​​ប្រទេស​​​អ៊ុយ​រុយ​ហ្គាយ កាលពី​​ថ្ងៃ​​​ទី​១ ខែ​​​មីនា ឆ្នាំ​​២០១០ និង​​​កាន់​​​តំណែងវិញ​​​ នៅថ្ងៃ​​​ទី​០១ ខែ​​​មីនា ឆ្នាំ​​២០១៥​។ ក្នុង​​​ពេល​​​កាន់​​​តំណែង​​​កំពូល​​​ដឹក​​​នាំ​​​ប្រទេស​​​នោះ លោក José Mujica បាន​​​បន្សល់​​​ទុក​​​សមិទ្ធផល​​​ជា​​​ច្រើន​​​រាប់​​​មិន​​​អស់ ព្រម​​​ទាំង​​​ការ​​​គោរ​ព​​​ស្រលាញ់​​​ពី​​​ប្រជា​ជន​​​គ្រប់​​​ស្រទាប់​​​វណ្ណៈ​។ លោក​​​មិន​​​ដែល​​​គិត​​​ពី​​​ប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​ឡើយ ហើយ​​​ប្រើ​​​ជីវិត​​​រស់នៅ​​​ដ៏​​​សាម​ញ្ញ​​​បំផុត​។

តំណែង​​​ជា​​​ប្រធានាធិបតី អាច​​​ឲ្យ​​​លោក José Mujica ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ប្រមាណ ១២,០០០​​ដុល្លារ ប៉ុន្តែ​​​មេដឹក នាំ​​​​ចិត្ត​​​សប្បុរស​​​រូប​​​នេះ បាន​​​សម្រេច​​​ចិត្ត​​​បរិច្ចាគ​​​ប្រាក់​​​ខែ ៩០​​ភាគ​​​រ​យ​​​ជា​​​ជំនួយ​​​មនុស្ស​​​ធ​ម៌​​​ដល់​​​ជន​​​ក្រី​​​ក្រ ហើយ​​​លោក​​​ទទួល​​​យក​​​តែ ១២០០​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ ដើម្បី​​​ផ្គ​ត់​​​ផ្គ​ង់​​​ជីវភាព​​​ប្រចាំ​​​ថ្ងៃ​​​ប៉ុណ្ណោះ​។ ជា​​​ទូទៅ ​​ប្រធានាធិបតី​​​ក្នុង​​​តំណែង​​​អាច​​​រស់នៅ​​​ក្នុង​​​ភូមិ​គ្រឹះ​​​យ៉ាង​​​ស្កឹមស្កៃ ប៉ុន្តែ​​​លោក José Mujica បែរ​​​ជា​​​ទៅ​​​រស់នៅ​​​ក្នុង​​​ផ្ទះ​​​តូច​​​របស់​​​លោក ជា​​​មួយ​​​ប្រពន្ធ​​​ទៅ​​​វិញ​។​

​លោក José Mujica គ្មាន​​​យ​ន្ត​ហោះ​​​ផ្ទាល់​​​ខ្លួន គ្មាន​​​រ​ថយ​ន្ត​​​ទំនើប​​​ពិសេស ឬ​​​ទ្រ​ព្យ​​​សម្បត្តិ​​​អស្ចារ្យ​​​អ្វី​​​ឡើយ គឺ​​​មាន​​​តែ​​​រ​ថយ​ន្ត​​​ម៉ាក 1987 Volkswagen Beetle ដែល​​​លោក​​​តែង​​​ជិះ​​​ធ្វើការ​​ ក្នុង​​​តំណែង​​​ជា​​​ប្រធានាធិបតី​​​ទៀត​​​ផង​។ លោក​​​បាន​​​ប្រាប់​​​ឲ្យ​​​ម​ន្ត្រី​​​ទាំង​​​អស់ កុំ​​​ទិញ​​​រ​ថយ​ន្ត​​​ថ្មីៗ​​​ជិះ សុខ​​​ចិត្ត​​​យក​​​លុយ​​​នោះ មក​​​ជួយ​​​ជន​​​ក្រី​​​ក្រ​​​វិញ ទើប​​​ជា​​​រឿង​​​ល្អ​។ ពេល​​​ខ្លះ ប្រធានាធិបតី​​​រូប​​​នេះ ថែម​​​ទាំង​​​ជិះ​​​ម៉ូតូ​​​ទៀត​​​ផង​។​

មុន​​​ក្លាយ​​​ជា​​​ប្រធានាធិបតី លោក José Mujica ធ្លាប់​​​ជា​​​សកម្ម​ជន​​​តស៊ូ​​​យ៉ាង​​​ស្វិតស្វាញ រហូត​​​ត្រូវ​​​គេ​​​បាញ់ ៦​​ដង និង​​​ជាប់​​​ពន្ធនាគារ ១៤​​ឆ្នាំ​។ លោក​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរីភាព​​​ឡើង​​​វិញ ក្នុង​​​ឆ្នាំ​​១៩៨៥ នៅ​​​ពេល​​​ដែល​​​ប្រទេស​​​អ៊ុយ​រុយ​ហ្គាយ ងាក​​​មក​​​រក​​​របប​​​ប្រជាធិបតេយ្យ​​​ឡើង​​​វិញ​។ ក្រោយ​​​មក លោក​​​បាន​​​ព្យាយាម​​​ធ្វើ​​​នយោបាយ និង​​​រក​​​សំឡេង​​​ឆ្នោត រហូត​​​ក្លាយ​​​ជា​​​ប្រធានាធិបតី​​​ក្នុង​​​ឆ្នាំ​​២០១០​។​

សមិទ្ធផល ព្រម​​​ទាំង​​​ការ​​​ដាក់​​​ខ្លួន​​​របស់​​​លោក José Mujica ក្នុង​​​ការ​​​​គិត​​​ប្រជា​ជន​​​ជា​​​ធំ ធ្វើ​​​ឲ្យ​​​គ្រប់​​​គ្នា​​​ស្រលាញ់​​​និង​​​ចង​​​ចាំ​​​ជា​​​និច្ច​។ ប៉ុន្តែ​​​ប្រទេស​​​អ៊ុយ​រុយ​ហ្គាយ បាន​​​កំណត់​​​ប្រធានាធិបតី​​​អាច​​​កាន់​​​តំណែង​​​ត្រឹម​​​មួយ​​​អាណត្តិ​​​ប៉ុណ្ណោះ ស្មើ​​​នឹង ៥​ឆ្នាំ​។ នៅ​​​ថ្ងៃ​​​ទី​១ ខែ​​​មីនា ឆ្នាំ​​២០១៥ លោក​​ José Mujica​ បាន​​​លើក​​​ដៃ​​​លា​​​ប្រជា​ជន​​​អ៊ុយ​រុយ​ហ្គាយ ទៅ​​​រស់នៅ​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ជាមួយ​​​ប្រពន្ធ ក្រោម​​​ការ​​​អា​ឡោះ​​​អា​ល័យ​​​បំផុត​។​

​ក្រោយ​​​ពេល​​​ចប់​​​អាណត្តិ លោក​​​បាន​​​និយាយ​​​ថា គ្រប់​​​គ្នា​​​តែង​​​ហៅ​​​លោក ថា​​​ប្រធានាធិបតី​​​ក្រ​​​បំផុត ប៉ុន្តែ​​​លោក​​​មិន​​​ដែល​​​មាន​​​អារម្មណ៍​​​ថា​​​ក្រ​​​ទេ ព្រោះ​​​អ្នក​​​ក្រ គឺ​​​ជា​​​មនុស្ស​​​ដែល​​​​ប្រឹង​​​ធ្វើ​​​ការ ដើម្បី​​​ជីវិត​​​ស៊ី​វិល័យ ហើយ​​​ចង់​​​បាន​​​គ្មាន​​​ទី​​​បញ្ចប់​។ ចំណែក​​​លោក​​​វិញ តែង​​​ពេញ​​​ចិត្ត​​​អ្វី​​​ដែល​​​ខ្លួន​​​មាន ហើយ​​​ព្យាយាម​​​រស់នៅ​​​ដោយ​​​សាម​ញ្ញ​​​បំផុត នោះ​​​ហើយ​​​ជា​​​សុភម​ង្គ​ល​​​ពិត​​​នៃ​​​ជីវិត​៕ ​​

ប្រភព៖ Angkor Fresh

ដកស្រង់ដោយ៖ knowledgecambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK