វិធីសាស្ត្រជម្រុញចិត្ត​ខ្លួនឯង កុំ​ឱ្យ​បាក់​ទឹក​ចិត្ត​ពាក់​កណ្ដាល​ទី
Connect with us

គួរដឹង

វិធីសាស្ត្រជម្រុញចិត្ត​ខ្លួនឯង កុំ​ឱ្យ​បាក់​ទឹក​ចិត្ត​ពាក់​កណ្ដាល​ទី

ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ ដែ​ល​អាច​នឹង​ជួយ​អ្នក​ឱ្យ​នៅ​តែ​មាន​ទឹក​ចិត្ត​ធ្វើ​ការ​សម្រេច​នូវ​គោល​ដៅ​របស់​ខ្លួន​ដូច​នៅ​ពេល​ ដែលអ្នក​ចាប់​ផ្ដើម​គិត​ពី​គោល​ដៅ​របស់​អ្នក​ដំបូង។

ហើយ​គន្លឹះ​ខាង​ក្រោម​នេះ ត្រូវ​បាន​បែង​ចែក​ចេញ​ជា​បី​ផ្នែក​តាម​ដំណាក់​កាល​នៃ​ការ​សម្រេចគោល​ដៅដែល​មាន​ដូចជា៖ ដំណាក់​កាល​រៀប​ចំផែនការ​ ដំណាក់​កាល​អនុវត្ត និង​ ដំណាក់​កាល​​ពិនិត្យ។

គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​បាន​ដាក់​ចេញនូវ​គោល​ដៅ​ជា​ច្រើន​សម្រាប់​ជីវិត​របស់​ខ្លួន​ឈាន​ទៅ​រក​ជោគជ័យ​ដែល​ខ្លួន​តែង​ប្រាថ្នា​ចង់​បាន។ ​តែ​យ៉ាង​ណាក៏​​ដោយ​ក្នុង​ពេល​ដែល​​ចាប់ផ្ដើម​ដំណើរ​ក្នុង​កា​សម្រេច​នូវ​គោល​ដៅ​ដែល​បាន​ដាក់​ចេញ​នោះ​វា​មាន​ការ​លំបាក​ជាច្រើន​ ដែល​ងាយ​ស្រួល​ឱ្យ​យើង​បាត់​បង់​នូវ​ភាពជឿ​ជាក់​លើ​ខ្លួន​ឯង​ បាក់​ទឹក​ចិត្ត​​ ឬក៏បាត់បង់​ភាពពុះ​កញ្ច្រោល​ដូច​ពេល​នឹក​ឃើញ​ពី​គោល​ដៅ​យើង​ដំបូង។ 

ភាព​ពុះ​កញ្ច្រោល​ដំបូង​ក្នុង​គោល​ដៅ​របស់​យើងគឺ​ខ្លាំង​មែនទែន សឹង​តែ​ថាអ្វី​ក៏អាច​ធ្វើ​បាន​ដែរ។ ប៉ុន្តែ​ពេល​វេលាបាន​ធ្វើ​ឱ្យ​ទឹក​ចិត្ត​មួយ​នោះ​បាត់​បង់​បន្តិច​ម្ដងៗ ធ្វើ​ឱ្យ​យើង​មើល​ឃើញ​ថា​​ផ្លូវ​ទៅ​រក​គោល​ដៅ​មួយ​នោះ​ហាក់​ដូច​ជា​ស្រពិច​ស្រពិលទៅៗ។

មិន​យូរ​ប៉ុន្មាន​យើង​ក៏បោះ​បង់​គោល​ដៅនោះ​ចោល​ដោយ​គិត​ថា​វា​គ្រាន់តែ​ជា​ក្តី​ស្រម៉ៃ​មួយ​ដែល​គ្មាន​ថ្ងៃ​នឹង​កើត​ឡើង ឬ​ក៏​ មក​ពី​យើង​ជាមនុស្ស​បរាជ័យ ស៊យ​ ចោរម្សៀត​ ហូរហែរ។

១. ដំណាក់​កាល​រៀប​ចំផែន​ការ​

ជ្រើ​ស​រើស​បែប​ផែន​នៃ​ជីវិត​របស់​អ្នក

វា​សំខាន់​ណាស់​ដែល​អ្នក​គួរ​តែ​ដឹង​ថា វាសនា​របស់​អ្នក​នៅ​ក្នុង​ដៃ​របស់​អ្នក​តែ​ម្នាក់​ទេ។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្ដូរ​អ្វីមួយ វាស្រេច​តែ​លើ​អ្នក​ទេ ដែល​ត្រូវ​សម្រេច​ចិត្ត​ ហើយ​ធ្វើ​វា​អោយ​ចេញ​ជា​លទ្ធ​ផល។ អ្នក​ជា​មនុស្ស​តែ​ម្នាក់គត់​ ដែល​អាច​គ្រប់​គ្រង​ជីវិត​របស់​អ្នក​បាន។ អ្នក​គួរ​ជ្រើស​រើស​នូវ​ជីវិត​ដែល​ខ្លួន​ឯង​ចង់​បាន។

ដាក់​គោល​ដៅ

ដឹង​ថា​អ្វី​ដែលអ្នក​ត្រូវ​សម្រេច​ ជា​រឿង​ដែល​ចាំបាច់​ក្នុង​ការ​សម្រេច​គោល​ដៅ​អ្វីមួយ។ ចំណាយ​ពេល​វេលា​គិត​ថា​ តើ​អ្នក​ចង់​ធ្វើ​អ្វី​ឱ្យ​ពិត​ប្រាកដ​? នៅពេល​ដែល​មាន​ចម្លើយ​ហើយ​ ចាត់​ទុក​វា​ជា​អាទិភាព​ដែល​អ្នក​ត្រូវ​តម្រង់​ទៅរក។

កំណត់​ជំហាន​តូច​ៗ

ភាគ​ច្រើន​នៃ​គោល​ដៅជា​ច្រើន​នៅ​ក្នុង​ជីវិត​ ជា​គោល​ដៅ​ដែល​ទាម​ទារ​នូវ​ពេល​វេលា​យូរ​ដើម្បី​សម្រេច ដែល​ពេល​វេលា​យូរ​នេះ​អាច​ធ្វើ​ឱ្យអ្នកបាត់​បង់​នូវ​កម្លាំង​ចិត្ត។ ការ​ដែល​ដាក់​គោល​ដៅ​តូចៗជួយសម្រួល​ឱ្យ​ការ​សម្រេច​គោល​ដៅ​របស់​អ្នក​បាន​ស្រួល​ជាងមុន​ ដែល​ធ្វើ​ឱ្យ​អ្នក​មាន​កម្លាំង​ចិត្ត​បន្តរ​ដំណើរ​តទៅទៀត ដោយ​អ្នក​ចេះ​តែ​សម្រេច​នូវ​ជំហានតូចៗ​ដែល​បាន​កំណត់​ទុក។

កត់​ទុក

ការ​ដែល​សរសេរ​នូវ​គោល​ដៅ​របស់​អ្នក​ទុក​នៅ​លើ​ក្រដាស ធ្វើ​អោយ​គោល​ដៅ​ទាំង​នោះ​មាន​លក្ខណៈ​ប្រាកដ​ប្រជា និង​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​មាន​អារម្ម​ណ៍​ចង់​សម្រេច​វា​ឱ្យ​បាន ម្យ៉ាង​ទៀត​វា​ក៏​ជួយ​រំឭក​អ្នក​កុំ​អោយ​ភ្លេច​ផង​ដែរ។

ជីក​ឬស​ជីកគល់

នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ចាប់​ផ្ដើម​កំណត់​គោល​ដៅ​នេះ កុំ​គិត​ត្រឹម​តែ​អ្វី​ដែល​អ្នក​ចង់​សម្រេច គួរ​តែ​គិត​រហូត​ដល់​ថា​តើ​អ្នក​ត្រូវ​សម្រេច​វា​បាន​ដោយ​វិធី​ណា។ អាច​ថា​ស្វែង​រក​វិធី​ដែល​ឈាន​ទៅ​រក​ការ​សម្រេច​នូវ​គោល​ដៅ​នោះ​តាម​រយៈ ការ​ស្រម៉ៃ​ទៅ​រក​លទ្ធ​ផល​ចុង​ក្រោយ ហើយ​គិត​បក​ត្រឡប់​មក​វិញ។

មាន​ពាក្យ​សម្រាប់​លើ​កទឹក​ចិត្តខ្លួ​នឯង

ការ​ដែល​មាន​ឃ្លា​អ្វីមួយ ពាក្យ​ស្លោក ឬ​សុភាសិត​សម្រាប់​ខ្លួន​ឯង​អាច​ជួយ​អោយ​អ្នក​ផ្ដោត​អារម្មណ៍​បាន​ល្អ​ទៅ​លើ​ដំណើរ​ឈាន​ទៅ​សម្រេច​ភាព​ជោគជ័យ​របស់​អ្នក ក៏​ដោយ​ហេតុ​តែ​ពាក្យ​ឬ​ឃ្លា​ទាំង​នោះ​រំឭក​អ្នក​ពី​មូល​ហេតុ​ដែល​អ្នក​ចាប់​ផ្ដើមដំណើរ​របស់​អ្នក​ឡើង។

២. ដំណាក់​កាល​អនុវត្តន៍

ផ្ដល់​រង្វាន់​ចំពោះ​ខ្លួន​ឯង

នៅ​ពេល​ដែល​អ្នក​សម្រេច​គោល​ដៅ​មួយ​បាន​ រាងកាយ​របស់អ្នក​នឹង​ផ្ដល់​រង្វាន់​អោយ​អ្នក​តាម​រយៈ​ការ​បញ្ចេញ​សារធាតុ​ដូហ្វា​ម៉ីន(Dopamine) ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ។ ទោះ​បីជា​យ៉ាង​ណាក៏​ដោយ​ការ​ដែលមាន​រង្វាន់​សម្រាប់​ខ្លួន​ឯង​ពិត​ប្រាកដ​មួយ​ បើ​ទោះ​បីជា​តិច​ក្តី​ ច្រើន​ក្ដី​ វា​នឹង​ជួយ​អោយ​ស្មារ​តី​របស់​អ្នក​កាន់តែ​រឹង​ម៉ាំ​ជាង​មុន ហើយ​អ្នក​កាន់តែ​ចង់​ធ្វើ​កិច្ច​ការ​បន្ត​ទៀត។

ដឹង​ពី​ជំហាន​របស់​ខ្លួន

ពេល​ដែល​អ្នក​រវល់​តែ​ធ្វើ​ការ​ អ្នក​អាច​នឹង​ភ្លេច​ខ្លួន​ថា​ដើរ​មក​ដល់​ទីណា​ហើយ។ បើ​មាន​អារម្មណ៍​ហាក់​ដូចជា​អស់​សង្ឃឹម​ ឈប់​បន្តិច​សម្លឹង​មើល​មក​ជំហាន​ដែល​ខ្លួន​ធ្លាប់​បាន​ដើរ​កាត់ គោល​ដៅ​ដែល​ធ្លាប់​បាន​សម្រេច អ្នក​អាច​នឹង​មាន​កម្លាំង​ចិត្ត​បន្ត​ដំណើរ​ទៅ​ទៀត។

ស្វែង​រក​អ្វី​ដែល​ជម្រុញ​ចិត្ត​អ្នក

ពេល​ខ្លះ​អ្នក​នឹង​ជួប​រឿង​លំបាក បើ​ទោះ​បី​ជា​ខំប្រឹង​យ៉ាង​ណា​ក៏​ដោយ ហេតុ​នេះ​វា​ជារឿង​ល្អ​មួយ​ដែរ​ដែល​ទៅរក​អ្វីដែល​ជួយ​ជម្រុញ​ទឹក​ចិត្ត​អ្នក​ឡើង​វិញ។ អ្នក​អាច​ទៅ​អាន មើល​ ឬ​ស្ដាប់​មនុស្ស​ដែល​មាន​បញ្ហាស្រដៀង​អ្នក​គេចែក​រំលែក​បទពិសោធន៍ ឬក៏អ្វី​ក៏ដោយ​ដែល​អាច​ជួយ​អោយ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។

បង្កើត​ទម្លាប់

បង្កើត​ទម្លាប់​ល្អ​មួយ​ដែល​ជួយ​សម្រេច​គោល​ដៅ​របស់​អ្នក ហើយ​ធ្វើ​ឱ្យ​ទម្លាប់​នោះ​ស្ថិត​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ការ​ដែល​ដឹង​ថា​ខ្លួន​ត្រូវ​ធ្វើ​អី នឹង​ជួយ​ឱ្យ​អ្នកមាន​ទំនួល​ខុស​ត្រូវ និងនៅ​បន្ត​រ​ធ្វើ​ការ​តទៀត​ នៅ​ពេល​ដែល​កម្លាំង​ចិត្ត​របស់​អ្នកកាន់​តែ​អស់​ទៅៗ។

ប្ដេជ្ញា​ចិត្ត

ការ​ដែល​ប្ដេជ្ញា​ចិត្ត​ចំពោះ​អ្វី​មួយ​ដែល​ជា​កត្តា​ក្រៅ​ខ្លួន អាច​ជា​កម្លាំង​មួយ​ដែល​ធ្វើ​ឱ្យ​ចិត្ត​របស់​អ្នក​នៅ​តែចង់​ធ្វើ​ការ​ងារ​ដែល​អ្នក​បាន​ដាក់។ អ្នក​អាច​ប្រាប់មនុស្ស​ដែល​ជិត​ស្និត​នឹង​អ្នក​ពី​អ្វី​ដែលអ្នក​ចង់​ធ្វើ ហើយ​សន្យា​នឹង​ពួក​គេ​ថា​អ្នក​នឹង​ធ្វើ​ឱ្យ​បាន។

ធ្វើឱ្យ​វា​មាន​លក្ខណៈ​សប្បាយៗ

ភាពធុញ​ទ្រាន់អាច​​នឹង​សម្លាប់​ទឹក​ចិត្ត​អ្នក​បន្តិច​ម្ដងៗ។ វា​ជារឿង​ធម្ម​តា​ទេ​ដែល​អ្នក​អាច​នឹង​ធ្វើ​ការ​ងារ​ដដែល​ៗ​ជា​រៀង​រាល់​ថ្ងៃពី​ព្រលឹម​ទល់​ព្រលប់នោះ ប៉ុន្តែក៏​​គួរ​តែ​កុំ​ខ្លាច​នឹង​សាក​ល្បង​វិធី​ថ្មី​ដែល​អាច​ជួយ​ឱ្យ​អ្នក​សប្បាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​ងារ​ដដែល​នោះ​ដែរ។

មុជ​ចូលឱ្យ​ជ្រៅ

ស្វែង​យល់​ពី​ការងារ ឬ​ធ្វើ​អ្វី​ដែល​ទាក់​ទង​នឹង​គោល​ដៅ​របស់​អ្នក​ឱ្យ​កាន់​តែ​ច្រើន វា​នឹង​ជួយ​ឱ្យ​អ្នក​ផ្ដោត​អារម្មណ៍​បាន​ល្អ​ទៅ​លើ​គោល​ដៅ​របស់​អ្នក ហើយ​ក៏​បង្រៀន​អ្នក​ផង​ដែរ។

ស្វែង​រក​អ្នក​ដែល​មាន​គោល​ដៅ​ស្រដៀង​គ្នា

បើ​សិន​ជា​អាច​ស្វែង​រក​មនុស្ស​ដែល​មាន​គោល​ដៅ​ដូច​អ្នក។ ការ​ដែល​មាន​អ្នក​ដែល​យល់​ចិត្ត​ អាចនឹង​ជួយ​បំពេញ​កង្វះ​ខាត​រវាង​គ្នានឹង​គ្នា ជួយ​អ្នក​ពេល​ជួប​ការ​លំបាក​ និងសម្រេច​គោល​ដៅ​បាន​ជាមួ​យ​គ្នា។

កុំ​តូច​ចិត្ត​ចំពោះ​ឧបសគ្គ​ដែល​បាន​ជួប

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​ទោះ​បី​ជា​គោល​ដៅ​តូច​ឬធំវា​តែង​តែ​មាន​ឧប​សគ្គ។​ កុំពិបាក​ចិត្ត​ រៀន​ទទួល​យក​ហើយ​យក​ឧប​សគ្គ​នោះ​ ទៅ​ជា​កត្តា​ជម្រុញ​ចិត្ត​អ្នក​ឱ្យ​បន្ត​ទៅមុខទៀត។

សម្រាក​បន្តិច

ពេល​ខ្លះ​សម្រាក​បន្តិច​ ដើម្បី​រៀប​ចំខ្លួន​ឱ្យ​ផ្ដោត​ទៅ​លើ​គោល​ដៅ​នោះ​ឡើង​វិញ​ ជា​រឿង​មួយ​ដែលល្អសម្រាប់​អ្នក។ នៅ​ពេល​ដែល​អ្នក​ខំប្រឹង​ធ្វើ​ការ​ពេក​ អ្នក​នឹង​អស់​នូវ​កម្លាំង​កាយ និង​ កម្លាំង​ចិត្តអស់​ពី​ខ្លួន។ ប៉ុន្តែ​គ្រាន់​តែ​ឈប់​មួយ​ភ្លែត​ប៉ុណ្ណោះ​ កុំ​ឱ្យ​វា​ទៅ​ជា​ការ​ឈប់​ជា​រៀង​រហូត។

៣. ដំណាក់​កាល​ពិនិត្យ

ត្រូវ​ចាំ​ថា​បរាជ័យ​ ជា​ផ្នែកមួយ​ធ្វើ​ឱ្យ​អ្នក​ឈាន​ទៅ​រក​ភាព​ជោគជ័យ

គ្រប់​គ្នា​ ជួប​នៅ​ការ​លំបាក​ជា​ច្រើន​នៅ​លើ​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​ ហើយ​ជារឿយ​ៗ​ការ​លំបាក​ទាំង​នោះ​នឹង​ធ្វើ​ឱ្យ​ការ​សម្រេច​គោល​ដៅ​របស់​អ្នក​កាន់តែ​មាន​ន័យខ្លាំង​សម្រាប់​អ្នក។ ការ​ដែល​យក​ឈ្នះ​ទៅ​លើ​ការ​លំបាក​នោះ​ ធ្វើ​ឱ្យ​អ្នក​អភិវឌ្ឍខ្លួន​ និង រៀន​មេរៀន​បាន​ច្រើន។ អ្វី​ដែល​ត្រូវ​ចាំ​នោះ​គឺ​កុំ​បោះ​បង់​។

ពិនិត្យ​ទៅលើ​ការងារ​របស់​អ្នក

រឿង​នេះ អាច​ធ្វើ​នៅ​ដំណាក់​កាល​ណាមួយ​ក៏បាន​ដែរ។ នៅ​ពេល​សម្រេច​បាន​គោល​ដៅ​មួយ​គួរ​ចំណាយ​ពេល​ពិនិត្យ​មើល​ឡើង​វិញ ហើយ​កំណត់​នូវ​អ្វី​ដែល​អាច​យក​ជាការ​បាន​ និង អ្វី​ដែល​មិនអាច​យក​ជា​ក​ារបាន ហើយ​ត្រូវ​កែរ​តម្រូវ​យ៉ាង​ណា ហើយ​ត្រូវ​សម្រប​ខ្លួន​យ៉ាង​ណា។

រៀន​ពី​កំហុស

នៅ​ពេល​ដែល​អ្នក​បង្កើត​នូវ​កំហុស​ ត្រូវប្រាកដ​ថា​អ្នក​បាន​រៀន​សូត្រ​ពីវា។ ការ​ដែល​ធ្វើ​កំហុស​ដដែល​ៗ​ជា​ច្រើន​ដង នឹង​ធ្វើ​ឱ្យ​អ្នក​បាត់​បង់​ទឹក​ចិត្ត​យ៉ាង​ឆាប់​រហ័ស។ ហេតុ​នេះ​អ្នក​គួរ​តែ​រៀន​ពី​កំហុស​ ដើម្បី​ឱ្យ​ខ្លួន​ឯង​ប្រសើរ​ជាង​មុន ហើយ​បន្ត​ដំណើរ​ទៅ​ទៀត​ដោយ​មិន​បាត់បង់​ទឹក​ចិត្ត។

អភិវឌ្ឍន៍​ផែន​ការ​របស់​អ្នក

ផែនការ​របស់​អ្នក​មិន​មែន​តែ​ត្រូវ​ធ្វើ​តាម​គ្រប់​រឿង​នោះទេ ពេល​ខ្លះ​វា​នៅ​មាន​ចន្លោះ​ប្រហោង ហេតុ​នេះ​អ្នក​គួរ​តែពិនិត្យ​វា​ហើយកែ​ប្រែ អភិវឌ្ឍន៍ម្ដងបន្តិចៗ ពិនិត្យ​ឡើង​វិញ​ទៅ​លើ​អ្វី​ដែល​ត្រូវ​ធ្វើ​និង អ្វី​ដែល​មិន​គួរ​ធ្វើ៕

ប្រភព៖ denghas.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK