សូមកុំអស់សង្ឃឹម! បើដង្ហើមនៅតែដក អ្នកនៅតែអាចមានឱកាសជោគជ័យ
Connect with us

បែបផែនជីវិត

សូមកុំអស់សង្ឃឹម! បើដង្ហើមនៅតែដក អ្នកនៅតែអាចមានឱកាសជោគជ័យ

ដើមឈើមួយដើមៗ ទម្រាំតែវាធំ វាបានឆ្លងកាត់ពីកូនរុក្ខជាតិតូចមួយ ហើយក៏បន្តលូតលាស់ជាមួយឧបសគ្គជាច្រើន ប៉ុន្ដែការតស៊ូលូតលាស់បន្ដិចម្ដងៗ រយៈពេលប៉ុន្មានឆ្នាំក្រោយវាក៏ធំ ហើយវានឹងលែងខ្លាចខ្យល់ភ្លៀងទៀតហើយ ព្រោះជីវិតរបស់វាត្រូវបានរកឃើញថាមពលពិតប្រាកដ ។ កូនរុក្ខជាតិ គឺប្រៀបដូចកូនចិត្ដនៃក្ដីសង្ឃឹមរបស់យើងដែរ ឲ្យតែយើងរក្សាវាក្នុងចិត្ដ មុននឹងក្រោយវាគង់តែក្លាយមកជាការពិតនៅថ្ងៃណាមួយមិនខាន។ 

ឆាកជីវិតមានព្យុះមានភ្លៀងជារឿងគេចមិនផុត ហើយមានតែការតស៊ូទេ ទើបយើងអាចបន្ដជីវិតរបស់យើងនៅលើផែនដីនេះតទៅទៀតបាន។ ពុំមានអ្វីឋិតថេរ ហើយក៏គ្មានរឿងសមបំណងច្រើនដែរ ជីវិតមានតែពាក្យមួយម៉ាត់គត់ គឺតស៊ូ យើងអាចបាត់បង់គ្រប់យ៉ាង តែមិនអាចបាត់បង់ក្ដីសង្ឃឹមបានទេ ។ គ្មាននរណាម្នាក់យកទំនិញមកឲ្យយើងស្រួលៗនោះឡើយ លុះត្រាតែយើងយកលុយទៅទិញ ជីវិតក៏ដូចគ្នា គ្មានជោគជ័យណាបានមកដោយស្រួលៗដោយមិនមានការពលីខ្លះនោះដែរ ។

យើងអាចនឹងឋិតនៅចំណុចមួយដែលកំពុងទន់ខ្សោយ ប៉ុន្ដែប្រសិនបើយើងបន្ដភាពទន់ខ្សោយតទៅទៀត ថ្ងៃក្រោយយើងនឹងដួលងើបលែងរួច ។ បន្លាដែលមុតចូលសាច់ យើងប្រាកដជាដឹងហើយថាឈឺ ប៉ុន្ដែបើយើងមិនដកវាចេញ តើពេលណាទើបយើងអាចបន្ដដំណើរទៅមុខទៀតបាន ? បើយើងមិនដកភាពទន់ជ្រាយចេញពីជីវិត តើធ្វើម៉េចទើបអាចតតាំងជាមួយកម្លាំងខ្យល់ព្យុះនៃជីវិតបានទៅ ?

ញញឹមហើយបន្ដដំណើរទៅមុខជានិច្ច ព្រោះគ្មាននរណាម្នាក់ដែលមិនធ្លាប់ជួបបរឿងអស់កម្មក្នុងជីវិតនោះទេ ជួនកាលយើងថាយើងលំបាក ប៉ុន្ដែយើងពិតជាមិនបានដឹងឡើយ ថានៅមានគេលំបាកជាងយើងរាប់សិបដង ។ ជីវិតដែលរឹងមាំពិតប្រាកដ មិនមែនជាការទ្រាំជាមួយការឈឺចាប់ទេ គឺចេះរស់នៅនិងចេះបត់បែនជាមួយរសជាតិពិតនៃជីវិត ៕

ប្រភពអត្ថបទ៖ ប្រាជ្ញាជីវិត

មតិយោបល់

Trending

Copyright © 2019 ANARCHAK