តើអ្វីជាការសិក្សាពី SWOT នៃអាជីវកម្ម?
Connect with us

គួរដឹង

តើអ្វីជាការសិក្សាពី SWOT នៃអាជីវកម្ម?

ការវិភាគ SWOT គឺមានសារៈសំខាន់សម្រាប់អាជីវកម្មនីមួយៗព្រោះវាជួយអោយអ្នកដឹងអំពីចំនុចខ្លាំង ចំនុចខ្សោយ ឳកាស និង បញ្ហាដែលអាចប៉ះពាល់ដល់អាជីវកម្មអ្នក។ នៅពេលដែលអ្នកដឹងពីចំនុចទាំងបួនហើយអ្នកនឹងដឹងថាត្រូវធ្វើយ៉ាងណាដើម្បីទាញបានផលប្រយោជន៍ពីវា ឧទាហរណ៍អ្នកដឹងពីចំនុចខ្លាំងរបស់ខ្លួនដូចនេះអ្នកត្រូវចេះផ្សព្វផ្សាយដល់អតិថិជនអោយដឹងពីវា ខណៈដែលចំនុចខ្សោយរបស់ខ្លួនវិញអ្នកត្រូវតែពង្រឹងឬផ្លាស់ប្ដូរវាចេញ។ ខាងក្រោមនេះគឺជាការបកស្រាយពីចំនុចទាំងបួននោះ៖

១. ចំនុចខ្លាំង (Strength)៖ ចំនុចខ្លាំងទាក់ទងនឹងរឿងផ្ទៃក្នុងរបស់អាជីវកម្មអ្នក ឧទាហរណ៍ដូចជា
– អ្នកមានធនធានឬវត្ថុធាតុដើមដែលមានតម្លៃទាបជាងគូរប្រជែង ដែលវានឹងជួយដល់ការចំនេញ ឬ ការប្រកួតប្រជែងខាងតម្លៃ
– តម្លៃរបស់អ្នកទាបជាងគេ ឬ ប្រសិនបើតម្លៃខ្ពស់ជាងគេតែផលិតផលឬសេវាល្អជាងគេវិញ
– សម្ភារៈប្រើប្រាស់ ឬ ជំនាញដែលគេមិនមានជាដើម
– មានជំនាញច្បាស់លាស់ដែលអតិថិជនអោយតម្លៃជាងគូរប្រជែងអ្នក…។

២.ចំនុចខ្សោយ (Weakness)៖ វាក៏ទាក់ទងនឹងរឿងផ្ទៃក្នុងរបស់អាជីវកម្មអ្នកដែរ ឧទាហរណ៍ដូចជា
– អ្នកមិនមានសាខាច្រើនដូចគេ ឬ ទីតាំងនៅឆ្ងាយ
– ខ្វះខាតធនធាន ខ្សោយខាងទីផ្សារ ឬ ខាងការលក់
– ខ្វះបុគ្គលិកដែលមានជំនាញច្បាស់លាស់
– តម្លៃខ្ពស់ជាងគេ ប៉ុន្ដែផលិតផលឬសេវាកម្មប្រហាក់ប្រហែលគេ…។

៣.ឱកាស (Opportunity)៖ កត្តាខាងក្រៅដែលអ្នកគ្មានឥទ្ធិពលទៅលើវា ឧទាហរណ៍ដូចជា
– ការក្ស័យធនឬបិទអាជីវកម្មរបស់ដៃគូរប្រកួតប្រជែង
– ការពេញនិយមថ្មីៗក្នុងសង្គមដែលអ្នកអាចយកមកបញ្ចូលក្នុងសេវាកម្មឬផលិតផលរបស់ខ្លួន
– ការអភិវឌ្ឍខាងបច្ចេកវិទ្យាថ្មីៗដែលកាត់បន្ថយការចំណាយ
– អ្នកស្ថិតនៅក្នុងទីផ្សារមួយដែលមិនសូវមានអាជីវកម្មស្រដៀងគ្នាជាដើម…។

៤.កត្តាដែលអាចប៉ះពាល់ដល់អាជីវកម្ម (Threat)៖ វាក៏ជាកត្តាខាងក្រៅដូចគ្នាដែលអ្នកមិនអាចគ្រប់គ្រងវាបានឡើយ ឧទាហរណ៍
– ការកើនឡើងនូវដៃគូរប្រកួតប្រជែង
– ការផ្លាស់ប្ដូរចំណង់ចំណូលចិត្តក្នុងចំណោមអតិថិជនគោលដៅ
– បញ្ហាសេដ្ឋកិច្ចដែលប៉ះពាល់ដល់អាជីវកម្មទូទៅ
– ច្បាប់អាជីវកម្មថ្មីៗជាពិសេសទាក់ទងនឹងការរឹតបន្តឹងពន្ធដែលកាត់បន្ថយប្រាក់ចំនេញរបស់អាជីវកម្មអ្នក…៕

ប្រភព៖ apamat.com 

មតិយោបល់

Trending

Copyright © 2019 ANARCHAK