គួរដឹង! តើជនបរទេសអាចទទួលបានសញ្ជាតិខ្មែរតាមរយៈអ្វីខ្លះ?
Connect with us

គួរដឹង

គួរដឹង! តើជនបរទេសអាចទទួលបានសញ្ជាតិខ្មែរតាមរយៈអ្វីខ្លះ?

មាន​ជនជាតិ​ចិន​១១​នាក់ (​ស្រី​ម្នាក់​) បានទទួល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម និង​បាន​ចូលទៅ​ស្បថ​ក្នុង​តុលាការ​កំពូល​រួចហើយ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩​។ មជ្ឈដ្ឋាន​ខ្លះ បានបង្ហាញ​ក្តីបារម្ភ​ថា ជនបរទេស ហាក់ដូចជាមានភាព​ងាយស្រួល ក្នុងការ​សុំចូល​សញ្ជាតិ​ខ្មែរ​។

 

ខាងក្រោម​នេះគឺជា​ខណ្ឌ​ខណ្ឌ លក្ខណ​ស​ម្ប​តិ្ត និង នីតិវិធីនៃ​ការសុំ​ចូលសញ្ជាតិ​ខ្មែរ ដែល​ចែង​ក្នុង​ ច្បាប់​ស្តីពី​សញ្ជាតិ កាលពី​ឆ្នាំ​១៩៩៦ និង​ត្រូវបានធ្វើ​វិសោធនកម្ម កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៨​។​
 ១. នីតិវិធី​
 ​បែបបទ​និង​នីតិវិធី​នៃ​ការសុំ​សញ្ជាតិ​ខ្មែរ គឺ​កំណត់ដោយ​អនុក្រឹត្យ​។ ហើយ​ការផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស គឺ​ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។ បើ​ជនបរទេស​ណា ទទួលបាន​សញ្ជាតិ​ខ្មែរ តាមរយៈ​ព្រះរាជក្រឹត្យ​រួចហើយ ជនបរទេស​នោះ ត្រូវតែ​ចូលទៅ​ស្បថ​ក្នុង​តុលាការ​កំពូល ដែលជា​ដំណាក់កាល​ចុងក្រោយ​។​

​មិន​ថា​ច្បាប់​សញ្ជាតិ​ចាស់ ឬ ច្បាប់​សញ្ជាតិ​ថ្មី​នោះទេ ជនបរទេស មាន​ច្រក​ពីរ ដើម្បី​ទទួលបាន​សញ្ជាតិ​ខ្មែរ គឺ​តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍ និង​តាមរយៈ​សញ្ជាតូបនីយកម្ម​។​

២. ការសុំ​សញ្ជាតិ​ខ្មែរ តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​

មាត្រា​១១ នៃ​ច្បាប់​សញ្ជាតិ​ថ្មី បាន​ចែងថា ជនបរទេស​ណា ដែល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ ហើយ​រស់នៅ​ជាមួយគ្នា​បាន​៣​ឆ្នាំ និង​បានរស់នៅ​ពេញលេញ​រយៈពេល​១​ឆ្នាំ ក្នុងប្រទេស​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ លើសពីនេះ ច្បាប់​សញ្ជាតិ​ថ្មី នៅ​តម្រូវ​ឲ្យ​ជនបរទេស បំពេញ​លក្ខខណ្ឌ​៥​យ៉ាង​ទៀត គឺ ១. មាន​សីលធម៌​, ២. មិនដែល​មានទោស​, ៣. មាន​ទីលំនៅ​ក្នុងប្រទេស​កម្ពុជា​, ៤. ចេះ​និយាយ ចេះអក្សរ និង​យល់ដឹង​ខ្លះៗ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ និង ៥. មាន​បញ្ញា​និង​កាយសម្បទា​ល្អ​។​

២.១. ការសុំ​សញ្ជាតិ​ខ្មែរ ជា​ចង្កោម​គ្រួសារ ដោយ​អាពាហ៍ពិពាហ៍​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​មាត្រា​១១​ដដែល នៃ​ច្បាប់​សញ្ជាតិ​ថ្មី បានចែង​បន្ថែម​នូវ​ចំណុច​មួយ ដោយ​អនុញ្ញាត​ឲ្យ​ជនបរទេស ដែល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខែ្មរ អាច​បញ្ចូល​កូនៗ​របស់​ពួកគេ​ជា​អនីតិជន (​អ្នកមាន​អាយុ​ក្រោម​១៨​ឆ្នាំ​) ទៅក្នុង​សំណើ​តែមួយ ពេល​ស្នើសុំ​សញ្ជាតិ​ខ្មែរ ដែល​ហៅថា «​ការសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ​»​។ នេះ​បង្ហាញថា ជនបរទេស​ជា​អនីតិជន​គ្រប់រូប ដែល​ឪពុក​ឬ​ម្តាយ​របស់​ពួកគេ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ អាច​សុំ​សញ្ជាតិ​ខ្មែរ​ជាមួយ​ឪពុក​ឬ​ម្តាយ​របស់​ពួកគេ ក្នុងពេល​តែមួយ​តែម្តង​។ 

​រីឯ ច្បាប់​សញ្ជាតិ​ចាស់ មិនបាន​ចែង​អ្វី​ច្រើន​នោះទេ ចំពោះ​ជនបរទេស ដែល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ​។ មាត្រា​៥ នៃ​ច្បាប់​សញ្ជាតិ​ចាស់ គ្រាន់តែ​កំណត់ថា ជនបរទេស​ណា ដែល​រៀប​អាពាហ៍ពិពាហ៍​មួយ​ពលរដ្ឋ​ខ្មែរ ហើយ​ក្រោយមក​រស់នៅ​ជាមួយគ្នា​បាន​៣​ឆ្នាំ ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ចំពោះ​ការរស់នៅ​ឲ្យ​បាន​១​ឆ្នាំ​ក្នុងប្រទេស​កម្ពុជា និង​លក្ខខណ្ឌ​ទាំង​៥​យ៉ាង មិន​មានចែង​ក្នុង​ច្បាប់​សញ្ជាតិ​ចាស់​នោះទេ​។ 

​យ៉ាងណាក៏ដោយ បើ​អនុវត្ត​តាមច្បាប់​សញ្ជាតិ​ចាស់ ជនបរទេស មិនអាច​សុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ​ឡើយ ពីព្រោះ​ច្បាប់​សញ្ជាតិ​ចាស់ ពុំ​បានចែង​ត្រង់ចំណុច​នេះ​។ 

៣. ការសុំ​សញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម 

ក្រៅពី​រៀប​អាពាហ៍ពិពាហ៍ ជនបរទេស នៅមាន​មធ្យោបាយ​មួយទៀត ដើម្បី​ទទួលបាន​សញ្ជាតិ​ខ្មែរ គឺ​តាមរយៈ​សញ្ជាតូបនីយកម្ម​។ អាចបែងចែក​ជនបរទេស​ជា​៤​ក្រុម ក្នុងការ​ស្នើសុំ​សញ្ជាតិ​ខ្មែរ តាមរយៈ​សញ្ជាតូបនីយកម្ម គឺ​ជនបរទេស​ទូទៅ ជនបរទេស​ជា​អ្នកជំនួញ ជនបរទេស ដែល​ផ្តល់​ថវិកា ដើម្បី​អភិវឌ្ឍ​វិស័យ​ណាមួយ​នៅ​កម្ពុជា និង ជនបរទេស ដែលមាន​ស្នាដៃ​ពិសេស​សម្រាប់​កម្ពុជា​។ 

៣.១. ជនបរទេស​ទូទៅ 

​ដើម្បី​អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម មាត្រា​១៩ នៃ​ច្បាប់​សញ្ជាតិ​ថ្មី ទាមទារ​ឲ្យ​ជនបរទេស ត្រូវ​មានគុណ​ស​ម្ប​តិ្ត​ចំនួន​៥ គឺ ១. បានរស់នៅ​ជាប់​រយៈពេល​៧​ឆ្នាំ ក្នុងប្រទេស​កម្ពុជា​, ២. មាន​សីលធម៌​, ៣. មិនដែល​មានទោស​, ៤. ចេះ​និយាយ ចេះអក្សរ និង​យល់ដឹង​ខ្លះៗ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ទទួលយកបាន​ចំពោះ​ប្រពៃណី​ខ្មែរ​, និង ៥. មាន​បញ្ញា​និង​កាយសម្បទា​ល្អ​។ 

​ខ្លឹមសារ​នៃ​មាត្រា​១៩ ដែល​មានចែង​ក្នុង​ច្បាប់​សញ្ជាតិ​ថ្មី ដូចគ្នា​ទាំងស្រុង​ទៅនឹង​មាត្រា​៨​នៃ​ច្បាប់​សញ្ជាតិ​ចាស់​។ ដូច្នេះ ត្រង់​មាត្រា​១៩ នៃ​ច្បាប់​សញ្ជាតិ​ថ្មី និង​មាត្រា​៨ នៃ​ច្បាប់​សញ្ជាតិ​ចាស់ គេ មិនអាច​វាយតម្លៃថា​មួយណា ផ្តល់​ភាពងាយស្រួល​ជាង ដើម្បី​ឲ្យ​ជនបរទេស ទទួលបាន​សញ្ជាតិ​ខ្មែរ នោះទេ​។ 

មាត្រា​១៩ នៃ​ច្បាប់​សញ្ជាតិ​ថ្មី និង​មាត្រា​៨​នៃ​ច្បាប់​សញ្ជាតិ​ចាស់ និយាយ​ពី​លក្ខខណ្ឌ សម្រាប់​ជនបរទេស​ទូទៅ ដែល​ចង់​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ប៉ុន្តែ សម្រាប់​ជនបរទេស​ជា​អ្នកវិនិយោគ ជនបរទេស ដែល​បាន​បរិច្ចាគ​ថវិកា​ដល់​កម្ពុជា និង​ជនបរទេស ដែលមាន​ស្នាដៃ គឺមាន​លក្ខណៈពិសេស ឬក៏​មាន​ភាព​ងាយ​ស្រួ​ង​ជាង​ជនបរទេស​ទូទៅ ដើម្បី​ទទួលបាន​សញ្ជាតិ​ខ្មែរ​។​

៣.២. ជនបរទេស​ជា​អ្នកជំនួញ​

​មាត្រា​២១ នៃ​ច្បាប់​សញ្ជាតិ​ថ្មី ចែងថា ជនបរទេស​ណា (​អ្នកវិនិយោគ ឬ​អ្នកជំនួញ​) ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​វិនិយោគ ហើយ​បាន​ចំណាយ​ទុន ក្នុងការ​អនុវត្ត​គម្រោង​ជាក់ស្តែង​ក្នុងប្រទេស​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ប៉ុន្តែ នៅមាន​លក្ខខណ្ឌ​៦​យ៉ាង​ទៀត ដែល​ជនបរទេស​ជា​អ្នកវិនិយោគ ត្រូវបំពេញ គឺ ១. បាន​ស្នាក់នៅ​ពេញលេញ​រយៈពេល​១​ឆ្នាំ ក្នុងប្រទេស​កម្ពុជា​, ២. មាន​សីលធម៌​, ៣. មិនដែល​មានទោស​, ៤. មាន​បណ្ណ​ស្នាក់នៅ និង​មាន​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​, ៥. ចេះ​និយាយ ចេះអក្សរ និង​យល់ដឹង​ខ្លះៗ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ទទួលយកបាន​ចំពោះ​ប្រពៃ​ណៃ​ខ្មែរ​, និង ៦. មាន​បញ្ញា និង​កាយសម្បទា​ល្អ​។  

មាត្រា​២១ នៃ​ច្បាប់​សញ្ជាតិ​ថ្មី ពុំ​បានចែង​នោះទេ ថា​ចំនួន​ទឹកប្រាក់​ប៉ុន្មាន ដែល​ត្រូវ​កំណត់ សម្រាប់​ការវិនិយោគ​។ ប៉ុន្តែ​មាត្រា​នេះ បាន​ចែងថា ចំនួន​ទឹកប្រាក់ សម្រាប់​ការវិនិយោគ ត្រូវ​កំណត់ដោយ​រដ្ឋាភិបាល តាមរយៈ​អនុក្រឹត្យ​។ 

​ចំណែក ច្បាប់​សញ្ជាតិ​ចាស់ មិនមាន​លក្ខខណ្ឌ​អ្វី​វែងឆ្ងាយ​ឡើយ​។ មាត្រា​១០ នៃ​ច្បាប់​សញ្ជាតិ​ចាស់ បានចែង​ចំៗ​ថា ជនបរទេស​ណា (​អ្នកវិនិយោគ​) ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​វិនិយោគ ហើយ​បាន​អនុវត្ត​គម្រោង​ជាក់ស្តែង ដោយ​ចំណាយ​ទុន​ចាប់ពី ១,២៥០,០០០,០០០ រៀល ឡើងទៅ ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ឯ រយៈពេល​នៃ​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា ត្រូវបាន​ច្បាប់​សញ្ជាតិ​ចាស់ ចែងថា ត្រូវបាន​លើកលែង ពោលគឺ​ឲ្យ​តែ​ជនបរទេស​ណា ដាក់ទុន​ចាប់ពី​១,២៥០,០០០,០០០ រៀល ឡើងទៅ ចូលទៅក្នុង​គម្រោង​វិនិយោគ ជនបរទេស​នោះ នឹង​អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​តែម្តង​។ 

៣.៣. ជនបរទេស ដែល​បរិច្ចាគ​ថវិកា 

ចំពោះ​ជនបរទេស ដែល​បរិច្ចាគ​ថវិកា​ឲ្យ​ប្រទេស​កម្ពុជា គឺ​រឹត​មាន​ភាពងាយស្រួល​ជាង​ជនបរទេស​ជា​អ្នកវិនិយោគ ទៅទៀត​។ មាត្រា​២២ នៃ​ច្បាប់​សញ្ជាតិ​ថ្មី បាន​ចែងថា ជនបរទេស​ណា ដែល​ផ្តល់​ថវិកា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ឬ​វិស័យ​មនុស្សធម៌​នៅ​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ 

​លក្ខខណ្ឌ​៥​យ៉ាង សម្រាប់​ជនបរទេស ដែល​បានផ្តល់​ថវិកា​ដល់​ប្រទេស​កម្ពុជា ត្រូវបំពេញ គឺ ១. បាន​ស្នាក់នៅ​ពេញលេញ​រយៈពេល​៦​ខែ ក្នុងប្រទេស​កម្ពុជា​, ២. មាន​សីលធម៌​, ៣. មិនដែល​មានទោស​, ៤. បណ្ណ​ស្នាក់នៅ​និង​មាន​ទីលំនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​, និង ៥. មាន​បញ្ញា និង​កាយសម្បទា​ល្អ​។ 

​មាត្រា​២២ នៃ​ច្បាប់​សញ្ជាតិ​ថ្មី ក៏ដូចជា​មាត្រា​២១​ដែរ គឺ​មិន​បានចែង​នោះទេ ថា​ចំនួន​ទឹកប្រាក់​ប៉ុន្មាន ដែល​តម្រូវ​ឲ្យ​ជនបរទេស បរិច្ចាគ មុននឹង​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ចំនួន​ទឹកប្រាក់ ដែល​ត្រូវ​បរិច្ចាគ គឺ​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ 

​ច្បាប់​សញ្ជាតិ​ចាស់ ចែង​ខ្លី​ជាង​ច្បាប់​សញ្ជាតិ​ថ្មី ចំពោះ​ជនបរទេស ដែល​បរិច្ចាគ​ថវិកា​។ ប៉ុន្តែ ច្បាប់​សញ្ជាតិ​ចាស់ បានកំណត់​ចំនួន​ទឹកប្រាក់​តែម្តង ដោយ​ចែង​ក្នុង​មាត្រា​១២​ថា ជនបរទេស​ណា ដែល​បាន​បរិច្ចាគ​ថវិកា ១,០០០,០០០,០០០ រៀល ឡើងទៅ ដើម្បី​ស្តារ​និង​កសាង​សេដ្ឋកិច្ចកម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ ហើយ រយៈពេល​នៃ​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា ត្រូវបាន​លើកលែង​។ 

៣.៤. ជនបរទេស ដែលមាន​ស្នាដៃ​

​ជនបរទេស​ជា​អ្នកមាន​ស្នាដៃ​អស្ចារ្យ​ឬ​ពិសេស​សម្រាប់​កម្ពុជា មាន​ភាពងាយស្រួល​ជាងគេ ដើម្បី​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ មាត្រា​២៣ នៃ​ច្បាប់​សញ្ជាតិ​ថ្មី បាន​ចែងថា ជនបរទេស​ណា ដែល​បានបង្ហាញ​ភស្តុតាង ពី​គុណសម្បត្តិ​ពិសេស​ឬ​ថ្វីដៃ​អ្វីមួយ​របស់ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​។ លក្ខ​ខ​ណ្ខ​តែ​៣​យ៉ាង​ប៉ុណ្ណោះ សម្រាប់​បរទេស​ប្រភេទ​នេះ គឺ ១. មាន​សីលធម៌​, ២. មិនដែល​មានទោស​, និង​៣. មាន​បញ្ញា​និង​កាយសម្បទា​ល្អ​។ 

​សម្រាប់​ច្បាប់​សញ្ជាតិ​ចាស់​វិញ កាន់​តែមាន​នីតិវិធី​ខ្លី សម្រាប់​ជនបរទេស​ដែលមាន​ស្នាដៃ​។ មាត្រា​១៣ នៃ​ច្បាប់​សញ្ជាតិ​ចាស់ បាន​ចែងថា ជនបរទេស​ណា ដែល​បង្ហាញ​ភស្តុតាង​ពី​គុណសម្បត្តិ​ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ​របស់ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា ជនបរទេស​នោះ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​តែម្តង​។ មាត្រា​១៣​នៃ​ច្បាប់​សញ្ជាតិ​ចាស់ មិនមាន​ចែង​ពី​លក្ខ​ខ​ណ្ខ​អ្វី​ឡើយ ចំពោះ​បរទេស​ដែលមាន​ស្នាដៃ​។ 

៣.៥. ការសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ ដោយ​សញ្ជាតូបនីយកម្ម​

​ពិតមែន​ហើយ ថា​ការសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ​តាមរយៈ​អាពាហ៍ពិពាហ៍ មិនមាន​ទេ​ក្នុង​ច្បាប់​សញ្ជាតិ​ចាស់ គឺ​ទើបតែ​នឹងមាន​ក្នុង​ច្បាប់​សញ្ជាតិ​ថ្មី​នេះឯង​។ ប៉ុន្តែ ការសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ តាមរយៈ​សញ្ជាតូបនីយកម្ម គឺមាន​ទាំង​ក្នុង​ច្បាប់​សញ្ជាតិ​ចាស់ និង​ក្នុង​ច្បាប់​សញ្ជាតិ​ថ្មី​។ ​ច្បាប់​សញ្ជាតិ​ថ្មី បាន​រក្សា​ន័យ​ដើម​របស់​ច្បាប់​សញ្ជាតិ​ចាស់​ដដែល ដោយ​សរសេរថា ជនបរទេស ដែលមាន​សហព័ទ្ធ (​ប្តី ឬ​ប្រពន្ធ​) ឬ​កូន​ជា​អ​តី​តិ​ជន អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ជា​ចង្កោម​គ្រួសារ តាមរយៈ​សញ្ជាតូបនីយកម្ម​៕ 

ប្រភព៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK